28 C
Phnom Penh

អភិបាល​ខេត្ត​បន្ទាយមាន​ជ័យ​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​បាន​និយាយ​ថា លោក​ ទ្រី ណារិន​ អាយុ​៣៦​ឆ្នាំ​ អភិបាល​ខេត្ត​​បន្ទាយ​មាន​ជ័យ​បាន​ស្លាប់​​ក្នុង​គ្រោះថ្នាក់់​ចរា​ចរ​ណ៍​​មួយ​កាល​ពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ម្សិលមិញ​នៅ​ពេល​រថ​យន្ត​​ដែល​​​គាត់​កំពុង​ជិះ​នោះ​បាន​បុក​ពី​ក្រោយ​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ក្នុង​ខេត្ត​បាត់​ដំបង​។

លោក​ សាត គឹមសាន នាយ​នគរ​បាល​ចរាចរ​ខេត្ត​បាត់​ដំបង​បាន​មាន​ប្រសា​សន៍​ថា​ លោក ទ្រី ណារិន បាន​ធ្វើ​ដំណើរ​មក​កាន់​រាជ​ធានីភ្នំពេញ​ដើម្បី​ចូល​រួម​ប្រជុំ​ តែ​ពេល​នោះ​អ្នក​បើក​បរ​រថយន្ត​​បាន​ព្យា​យាម​បើក​ជែង​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ក្នុង​ល្បឿន​ប្រហែល​១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ លោក​ គឹមសាន បាន​ថ្លែង​ថា “ អ្នក​បើក​បរ​បាន​ព្យាយាម​បើក​ជែង​រថ​យន្ត​ធុន​ធំ​នោះ​ ប៉ុន្តែ​ពេល​នោះ​មាន​រថ​យន្ត​នៅ​ខាង​មុខ​ អ្នក​បើក​បរ​បាន​បង្ខំ​ចិត្ត​បើក​​ចូល​​ចំណែក​ផ្លូវ​​របស់​ខ្លួន​វិញ​ ហើយ​រថយន្ត​នេះ​បាន​ជ្រុល​ទៅ​បុក​ពី​ក្រោយ​រថ​យន្ត​ធុន​ធំ​នោះ​តែ​ម្ដង​”។

លោក​បាន​មាន​ប្រសាសន៍​ថា លោក​ ទ្រី ណារិន ដែល​អង្គុយ​នៅ​កៅអី​ក្រោយ​ផ្នែក​ខាង​ស្ដាំ​នៃ​រថយន្ត​តូយូ៉តា​របស់​លោក​​ ដោយ​មិន​បាន​ពាក់​ខ្សែ​ក្រវាត់​ការពារ​សុវត្ថិភាព​នោះ​ បាន​រង​របួស​ធ្ងន់​ ហើយ​បាន​ស្លាប់​នៅ​តាម​ផ្លូវ​​ពេល​បញ្ជូន​​​ចេញ​ពី​កន្លែ​ង​កើត​ហេតុ​​នៅ​ក្នុង​ស្រុក​មោង​ប្ញស្សី​ទៅ​កាន់​មន្ទីរ​ពេទ្យ​​ក្នុង​ក្រុង​បាត់​ដំបង​។ លោក​បាន​បន្ថែម​ថា អ្នក​បើក​បរ​រថយន្ត​​ដែល​បាន​ពាក់​ខ្សែ​ក្រវាត់​ការ​ពារ​សុវត្ថិភាព​បាន​រង​របួស​ស្រាល​តែ​ប៉ុណ្ណោះ​នៅ​ក្នុង​គ្រោះ​​​ថ្នាក់​នោះ។

ឧត្តមសេនីយ៍​ឯ​ក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រសា​សន៍​ថា គេ​កំពុង​ដំណើរ​ការ​ជ្រើសរើ​ស​អ្នក​ជំនួស​តំណែង​​​​លោក​ ទ្រី ណារិន​។
លោក​បាន​មានប្រសាសន៍​ថា យើង​កំពុង​ពិចារណា​ជ្រើសរើស​បេក្ខជន​​ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​ខ្ញុំ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។ យោង​តាម​លទ្ធផល​បឋម​ដែល​ទទួល​បាន​​​ពី​នគរបាល​ចរាចរ​កាលពី​ម្សិលមិញ​​បាន​ឲ្យ​ដឹង​ថា មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​៣.៣០៦​ករណី​នៅ​ក្នុង​រយៈ​ពេល​ប្រាំបួន​ខែ​ដំបូង​ឆ្នាំ​នេះ​ ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស​៥.៤៩១​នាក់​រង​របួស​ និង​​​១.៥១៩​នាក់​ស្លាប់​។ ទិន្នន័យ​នេះ​បង្ហាញ​ថា មាន​ការ​ធ្លាក់​ចុះ​៣​ភាគ​​រយ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​នេះ កាល​ពី​ឆ្នាំ​២០១២។

ស្ថិតិ​នេះ​បាន​បង្ហាញ​ឲ្យ​ដឹង​ទៀត​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​​៤៩​ភាគរយ​កើត​ឡើង​ដោយ​សារ​ការ​បើក​បរ​ហួស​ល្បឿន​កំណត់​ រី​ឯ​១៣​ភាគរយ​កើត​ឡើង​​ដោយ​សារ​​ការ​បើក​បរ​ទាំង​​ស្រវឹង​ និង​១០​ភាគ​រយទៀត​​ដោយ​សារ​ការ​​បើក​បរ​ធ្វេស​ប្រហែស​ ដោយ​ព្យាយាម​បើក​ជែង​រថយន្ត​ដទៃទៀត​​នៅ​លើដង​ផ្លូវ​ដ៏​តូច​ចង្អៀត​​ក្នុង​ប្រទេស​កម្ពុជា​។

លោក​ សៅ សុវណ្ណរតនៈ មន្ត្រី​អាជីព​ថ្នាក់​​ជាតិ​នៅ​អង្គការ​សុខភាព​ពិភព​លោក​ទទួល​បន្ទុក​សុវត្ថិភាព​ផ្លូវ​គោក​ និង​ការទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​រង​របួសនោះ​​បាន​មានប្រសាសន៍​ថា ​ការ​ស្លាប់​ដោយ​សារគ្រោះ​ថ្នាក់​ចរាចរណ៍​​​​បង្ហាញ​ឲ្យ​ឃើញ​ថា ត្រូវ​គោរព​ច្បាប់​ និង​អនុ​វត្ត​​​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្លាំង​ក្លា​ថែមទៀត​។
កាលពី​ខែ​ឧសភា​ ឆ្នាំ​មុន​ លោក​ ខាំ ភឿន ដែល​ពេល​នោះ​ជា​អភិបាល​ខេត្ត​ក្រចេះ​ បាន​​​ស្លាប់ដោយសារ​​រថយន្ត​របស់​លោក​បាន​ក្រឡាប់​​​ពេល​លោក​ធ្វើ​ដំណើរ​ចេញ​ពី​ប្រជុំ​ត្រឡប់​មក​​​ផ្ទះ​វិញនោះ ក៏បម្រើការ​ងារ​នៅ​ក្រសួង​មហា​​​ផ្ទៃដែរ។ លោកក៏​មិន​បាន​ពាក់​ខ្សែ​ក្រវាត់​ការពារ​សុវត្ថិភាព​ផង​ដែរ​៕សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស