កាលពីថ្ងៃអង្គារ លោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម បានចេញបទបញ្ជាឲ្យអាជ្ញាធរខិតខំកាត់បន្ថយការរត់ពន្ធជ័រកៅស៊ូមិនទាន់កែច្នៃពីខេត្តកំពង់ចាមចូលទៅក្នុងប្រទេសវៀតណាម។
លោកបានលើកឡើងនៅក្នុងកិច្ចប្រជុំមួយនៅសាលាខេត្តថា អ្នកដែលរត់ពន្ធជ័រកៅស៊ូឆ្លងកាត់ព្រំដែនយកទៅលក់ឲ្យរោងចក្រកែច្នៃ គួរតែត្រូវបានតាមចាប់យ៉ាងសកម្ម ហើយត្រូវបង្ខំឲ្យពួកគេលក់ជ័រកៅស៊ូនេះទៅឲ្យរោងចក្រកែច្នៃជ័រកៅស៊ូក្នុងស្រុកវិញ ព្រោះការរត់ពន្ធឆ្លងកាត់ព្រំដែននេះធ្វើឲ្យបាត់បង់មុខរបរក្នុងស្រុក។
លោកបានមានប្រសាសន៍ថា “ វិធានការរបស់យើងគឺដើម្បីធ្វើឲ្យអ្នករត់ពន្ធងាកមកលក់ជ័រកៅស៊ូរបស់ខ្លួនតាមរយៈប៉ុស្តិ៍ត្រួតពិនិត្យផ្លូវការវិញ”។ លោកបានពន្យល់ថា រោងចក្រកែច្នៃនៅក្នុងប្រទេសកម្ពុជាកំពុងតែខ្វះខាតជ័រកៅស៊ូដោយសារតែអ្នករត់ពន្ធឆ្លងកាត់ព្រំដែន។ លោកបានមានប្រសាសន៍ថា “ប្រសិនបើពួកគេបន្តរត់ពន្ធជ័រកៅស៊ូ រោងចក្រកែច្នៃជ័រកៅស៊ូស្របច្បាប់ និងរោងចក្រកែច្នៃតូចៗ និងគ្មានជ័រកៅស៊ូសម្រាប់កែច្នៃឡើយ ហើយធ្វើឲ្យប្រជាពលរដ្ឋអត់ការងារធ្វើ”។
លោក លឹម ថៃ បានបន្ថែមថា លោកនឹងចាត់វិធានការដាក់វិន័យចំពោះអាជ្ញាធរខេត្តណាដែលបន្តសម្រួល ឬក៏បិទភ្នែកចំពោះការរត់ពន្ធនេះ។ លោកបានមានប្រសាសន៍ថា “ ពួកគេនឹងត្រូវដកចេញពីតំណែងរបស់ខ្លួន ប្រសិនបើមិនបានអនុវត្តតាមវិន័យនេះ”។ លោក សៀង ប៉េងស៊្រាង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម ដែលបានទៅចូលរួមក្នុងកិច្ចប្រជុំនេះបានលើកឡើងថា លោក គិតថា ការរត់ពន្ធជ័រកៅស៊ូនេះមិនមែនជាបញ្ហាធំដុំនោះទេ ប៉ុន្តែទោះជាយ៉ាងណាលោកមិនគាំទ្រទង្វើនេះឡើយ។ លោកបានមានប្រសាសន៍ថា “ការរត់ពន្ធនេះមិនកើតឡើងច្រើននោះទេ ប៉ុន្តែរដ្ឋាភិបាលបានចេញបទបញ្ជាឲ្យយើងទប់ស្កាត់ពីព្រោះវាប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការងារ និងចំណូលពន្ធ”។
លោក ម៉ក់ គឹមហុង ប្រធានសមាគមសម្រាប់ការអភិវឌ្ឍន៍ជ័រកៅស៊ូកម្ពុជា បានលើកឡើងថា វិធានការនេះនឹងជួយដល់ឧស្សាហកម្មក្នុងស្រុកនៅពេលខ្វះជ័រកៅស៊ូ។ លោកមានប្រសាសន៍ថា “មិនមានតម្រូវការខ្ពស់ឡើយនៅលើទីផ្សារអន្តរជាតិ ដោយសារវិបត្តិសេដ្ឋកិច្ចនៅតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក” ។ លោកបានពន្យល់ថា តម្លៃជ័រកៅស៊ូលើពិភពលោកបានធ្លាក់ចុះយ៉ាងខ្លាំងពី៥.០០០ដុល្លារមកត្រឹម២.២០០ដុល្លារក្នុងមួយតោន ចាប់តាំងពីឆ្នាំ២០១១មក។
លោក ហ្វីលីព ម៉ុននីន (Philippe Monnin) អ្នកផ្ដល់ប្រឹក្សាគម្រោង និងជាអ្នកជំនាញខាងជ័រកៅស៊ូនៅក្រុមហ៊ុន Groupe Agriculturel Francais de Developpement បានលើកឡើងថា លោកមានការសង្ស័យថា កិច្ចខិតខំប្រឹងប្រែងចុងក្រោយដើម្បីទប់ស្កាត់ការរត់ពន្ធនេះនឹងមិនមានអ្វីខុសប្លែកពីលើកមុនៗឡើយ។ លោកបានឲ្យដឹងថា បញ្ហានេះបានបង្កឲ្យមានបញ្ហាជាច្រើនដល់រោងចក្រកែច្នៃជ័រកៅស៊ូនៅក្នុងខេត្តកំពង់ចាម អស់រយៈពេលជាច្រើនឆ្នាំមកហើយ។
លោកបានមានប្រសាសន៍ថា “បញ្ហានេះមិនមែនជារឿងថ្មីនោះទេ។ មនុស្សគ្រប់គ្នាបានដឹងពីបញ្ហានេះជាយូរឆ្នាំមកហើយ”។ លោកបានបញ្ជាក់ថា ការរត់ពន្ធនេះបានបង្កឲ្យមានបញ្ហាដល់រោងចក្រកែច្នៃជ័រកៅស៊ូ ដែលកំពុងជួបការខ្វះខាត់ជ័រកៅស៊ូមិនទាន់កែច្នៃស្រាប់នោះ។លោកបានបន្ថែមថា“ នៅក្នុងខេត្តកំពង់ចាមមានរោងចក្រកែច្នៃជ័រកៅស៊ូជាង៣០ ហេតុដូច្នេះមានតែរោងចក្រច្រើនប៉ុន្តែខ្វះជ័រកៅស៊ូសម្រាប់កែច្នៃ”។
ចំពោះចំណុចនេះ លោក លឹម ថៃ បានលើកឡើងថា ដោយសារតែមានទីផ្សារងងឹតសម្រាប់រត់ពន្ធជ័រកៅស៊ូនេះ ហេតុដូច្នេះលោកមិនអាចដឹងច្បាស់ថា តើជ័រកៅស៊ូចំនួនប៉ុន្មាននឹងបានមកលើរោងចក្រកែច្នៃជ័រកៅស៊ូក្នុងស្រុកឡើយ ប្រសិនបើការរត់ពន្ធត្រូវបានបញ្ឈប់ ឬក៏ថាតើលុយចំនួនប៉ុន្មាននឹងត្រូវបាត់បង់នោះទេ។
លោកបានមានប្រសាសន៍ថា“ យើងត្រូវតែដឹងថា មានបញ្ហាជាច្រើនបានកើតឡើងនៅតាមព្រំដែន ជាទីដែលទំនិញគ្រប់ប្រភេទត្រូវបានរត់ពន្ធ។ ច្រករបៀងទាំងនេះហាក់បីដូចជាស្រមោលអ៊ីចឹង”៕ ស៊ុយឈាង
(ប្រែសម្រួលដោយ Alex Willemyns)