29 C
Phnom Penh

​ មេដឹកនាំគណបក្ស​ប្រឆាំង​​រិះគន់​ចំពោះ​ការ​រំលោភ​យក​ដី​នៅព្រះវិហារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​ទើប​តែ​វិល​ត្រឡប់​មក​ពី​ប្រទេស​ហ្វីលីពីន​ថ្មីៗនេះ​ លោក​ សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​ធ្វើ​​ដំណើរ​ទៅ​ខេត្ត​ព្រះវិហារ​កាលពី​ម្សិល​មិញ​ ដែល​នៅ​ទីនោះ​លោក​បាន​ថ្លែង​ទៅ​កាន់​អ្នក​គំាទ្រ​គណបក្ស​ ហើយ​បាន​ចោទ​ប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា​ថា បានប្លន់យក​​ដី​​ប្រជាជន​ ហើយ​ប្រគល់​ឲ្យ​ជន​បរទេស​។

ការ​​ធ្វើ​ដំណើរ​រ​បស់​លោក​ទៅ​កាន់​ខេត្ត​នេះកើតឡើង​​​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​តុលាការ​អង្គការ​សហប្រជាជាតិ​បាន​សម្រេច​​​​​អំពី​ទឹកដី​ដែល​មាន​ជម្លោះ​នៅ​ក្បែរ​ប្រសាទ​ព្រះវិហារ​ ហើយ លោក​ យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ​មាន​ប្រសា​សន៍​ថា លោក​ សម រង្ស៊ី បាន​សម្រេច​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​ព្រះវិហារ​ ពីព្រោះខេត្ត​នេះ​នៅ​​​ជាប់​នឹង​ខេត្ត​សៀម​រាប​ ​បន្ទាប់​ពី​​បាន​វិល​​ត្រឡប់​​មកពី​ប្រទេស​ហ្វីលីពីន​។

លោក​ យឹម សុវណ្ណ បាន​មាន​ប្រសា​សន៍​ថា លោក​ សម រង្ស៊ី​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​ព្រះវិហារ​ ដើម្បី​សំណេះ​សំណាល​ជាមួយ​ប្រជាពល​រដ្ឋ​ និងសកម្ម​ជន​នៅ​ក្នុង​សហគមន៍​មួយ​ចំនួន​ ដែល​ពួក​គាត់​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​​ជាតិ​។ លោក​ សម រង្ស៊ី បាន​លើក​ឡើង​យ៉ាង​​ច្រើន​អំពី​ការ​បាត់​ទឹក​ដី​ខ្មែរ។

យោង​តាមអត្ថបទក្នុង​​គេហទំព័រ​របស់​គណបក្ស​នេះ​បាន​ឲ្យ​ដឹង​ថា “លោក​ សម រង្ស៊ី បាន​​លើក​ឡើង​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​ ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជា​ជនកម្ពុជា​បាន​ប្លន់​យក​ដី​ពីប្រជា​ពល​រដ្ឋ​​​ បាន​លក់​ទ្រព្យ​សម្បត្តិ​ជាតិ​ និង​បាន​បណ្តោយ​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ”។ ខ្លឹមសារ​អត្ថបទនៅក្នុង​គេហទំព័រ​នេះ​​បាន​​លើក​ឡើងទៀត​​ថា “ លោក​ សម រង្ស៊ី បាន​បន្ត​​ថា យើង​ត្រូវ​រួប​រួម​គ្នា​ការពារ​ធន​ធាន​ធម្ម​ជាតិ​​របស់​ប្រទេស​យើង​កុំ​ឲ្យ​បរទេស​​ឈ្លាន​ពាន​”។

ប្រធាន​បទ​នេះ​បាន​លើក​ឡើង​យ៉ាង​​ច្បាស់​​នៅ​ក្នុង​កម្ម​វិធី​នយោបាយ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ចាប់​តាំង​ពី​មុន​ពេល​​និង​​ក្រោយ​​​​ពេល​បោះឆ្នោត​ជាតិ​កាលពី​ខែ​កក្កដា ដែល​គណ​​បក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​​៦៨​អាសនៈ​ និង​គណបក្ស​សង្គ្រោះ​​ជាតិ​ទទួល​បាន​៥៥​អាសនៈ។ គណបក្ស​ប្រឆាំង​អះអាង​ថា លទ្ធផល​នៃ​ការ​បោះឆ្នោតត្រូវ​បាន​រិះ​គន់​យ៉ាង​ខ្លាំង​ថា​មាន​​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ដែល​ប្រព្រឹត្ត​ដោយ​អ្នក​គាំ​ទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​ កឹម សុខា អនុប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដែលលោក​​ទើប​តែ​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​អូស្ត្រាលី​​ ដើម្បី​ជួប​ជាមួយ​អ្នក​គាំទ្រ​ជា​ជន​ជាតិ​ខ្មែរ​រស់​នៅ​ទីនោះកាល​ពី​ថ្ងៃ​​អង្គារនោះ បាន​ទៅ​ចូល​រួម​បុណ្យ​កឋិន​​ទាន​មួយ​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​​កាល​ពី​ម្សិល​មិញ។ នៅ​ពេល​ទាក់​ទង​ក្រោយ​មក​ លោក​ កឹម សុខា បាន​មានប្រសាសន៍​ថា លោក​បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ ដែល​បាន​មក​ជួប​ជុំ​គ្នា​យ៉ាង​ច្រើន​កុះករ​នៅ​ក្នុង​វត្ត​មួយ​​ថា គណបក្ស​ប្រឆាំង​នៅ​តែ​គ្មាន​គម្រោង​​ចូល​រួម​ប្រជុំ​សភា​ដដែល​សមាជិក​សភា​ជាប់​ឆ្នោត​ទាំង​៥៥​រូ​ប​របស់​ខ្លួន​​បាន​ធ្វើ​ពហិការ​​ចាប់​តាំង​ពី​សភា​បាន​កោះ​ប្រជុំ​ដំបូង​​កាល​ពី​ខែ​កញ្ញា។ លោក​បា​ន​មាន​ប្រសាសន៍​ថា “ខ្ញុំ​បាន​​ប្រាប់​​​ប្រជា​ពលរដ្ឋ​ថា យើង​មាន​ជំហរ​​​ដដែល​ ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ទាក់​ទង​​នឹង​​ការ​បោះឆ្នោត”។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​មហា​បាតុ​កម្ម​ជា​ច្រើន​លើក​​ប្រឆាំង​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោ​ត ហើយគណបក្ស​​មាន​គម្រោង​ធ្វើ​មហាបាតុកម្ម​ធំជាង​នេះ​នៅ​ដើម​ឆ្នាំ​ក្រោយ​ ប្រសិន​បើ​ភាព​ជាប់​គាំ​ង​នយោបាយ​ជាមួយ​គណបក្ស​ប្រជា​ជន​កម្ពុជា​មិន​ត្រូវ​​បាន​ដោះ​​ស្រាយ​​ទេ​នោះ​។ ចំពោះ​បញ្ហា​នេះ​ គណបក្ស​ប្រជា​ជន​កម្ពុជា​​​បាន​គំរាម​យក​អាសនៈ​សភា​របស់​គណបក្ស​ប្រឆាំង​ប្រសិន​បើ​គណបក្ស​នេះ​មិន​ចូល​រួម​ប្រជុំ​​​សភា​នៅ​ដំណាច់​ឆ្នាំ​នេះ​ទេ​​ ជា​​ទង្វើ​​ ដែល​​ច្បាប់​​ទំនង​ជា​​មិន​អនុញ្ញាត​​​​ឡើយ៕សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស