38 C
Phnom Penh

រដ្ឋសភា​គណបក្ស​ប្រជា​ជន​​​អនុម័ត​បំបែក​ក្រសួង​​ឧស្សាហកម្ម​ រ៉ែ និង​ថាម​ពល​ តែ​រដ្ឋមន្ត្រី​​មិន​ច្បាស់​​លាស់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ​ រដ្ឋសភា​ដែល​មាន​​សមា​ជិក​សុទ្ធតែ​មក​ពី​គណបក្ស​ប្រជាជ​នកម្ពុជា​​បាន​​​អនុម័ត​ច្បាប់​​បំបែកក្រសួង​ឧស្សាហ​កម្ម​ រ៉ែ និង​​​ថាម​ពលជាពីរ​ ប៉ុន្តែ មិន​​ទាន់​​សម្រេច  ​ថា នរណា​​​​នឹង​​​ដឹកនាំ​​ក្រសួង​ថ្មីទាំង​ពី​រនេះ​នៅ​ឡើយទេ​។

លោក ជាម​ យៀប សមាជិក​សភា​គណ​បក្ស​​ប្រជាជន​កម្ពុជា និង​ជាអ្នក​នាំពាក្យ​គណ​ប​ក្ស​នេះ​បាន​មាន​ប្រសាសន៍​ថា សមាជិក​សភា​​​៦៨​រូបមកពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អនុម័ត​ជាឯកច្ឆន្ទ​​លើ​​ការ​បង្កើត​​ក្រសួងថ្មីពីរគឺ​ក្រសួង​​រ៉ែ និង​ថាម​ពល​ និង​ក្រសួង​ឧស្សាហ​កម្ម​ និង​សិប្បកម្ម​។ លោក ជាម យៀប បាន​មាន​ប្រសាសន៍​ថា ​ថវិកា​ចំនួន​៦,៣​លាន​ដុល្លារ​សម្រាប់​ក្រសួង​ដើម​ ​ដែល​ត្រូវបាន​លៃទុក​នៅ​ក្នុង​ថវិកា​ជាតិ​ឆ្នាំ​២០១៤​ និងត្រូវ​បាន​អនុម័ត​កាល​ពី​ដើម​​សប្តាហ៍​នេះ ​ត្រូវ​បែង​ចែក​ជា​​ពីរ​សម្រាប់​ចាយ​​​វាយនៅ​ក្នុង​ក្រសួង​ទាំ​ង​ពីរ​នេះ​។

លោក ជាម យៀប បាន​មាន​ប្រសាសន៍​ថា “ការ​ចាយ​វាយ​ថវិកា​សម្រាប់​ឆ្នាំ​២០១៤​ ដែល​រដ្ឋសភា​​បាន​អនុម័ត​សម្រាប់​ក្រសួ​ង​ឧស្សា​ហកម្ម រ៉ែ និង​ថាម​ពល​ នឹង​ត្រូវ​បែង​ចែក​ជាពីរ”។ ​ទោះបី​ជា ការ​លើកឡើង​​ពីមុន​របស់​​លោក ជាម យៀប​ ​ថា ការ​បំបែក​ក្រសួង​នេះ​​​ជាពីរ​ជាការ​ចាំបាច់​ ​ពីព្រោះ​មាន​ការងារ​ច្រើន​​​ពេក​ ដែល​ក្រសួង​មួយ​មិន​អាច​ធ្វើ​តែ​ឯង​បាន​​ក៏ដោយ ក៏កាលពី​ម្សិលមិញលោក​បាន​មាន​ប្រសាសន៍ថា ​​មិន​ទាន់មាន​ការ​​ជ្រើស​​រើស​បុគ្គលិក​ថ្មី​ឲ្យ​ចូល​បម្រើ​ការ​ងារក្នុង​ក្រសួងថ្មី​ទាំង​ពីរ​ដែល​ទើប​តែបង្កើតឡើង​នៅ​ឡើយ​ទេ។

លោក​​មាន​ប្រសាសន៍ថា “មាន​បុគ្គ​លិក​​​ច្រើន​បម្រើ​ការ​នៅ​ក្រសួង​ឧស្សាហ​កម្ម​ រ៉ែ​ និង​​​ថាម​ពល​ ដូច្នេះ​មន្ត្រី​មួយ​ចំនួន​នឹង​ត្រូវ​បែង​ចែក​ជាពីរ​ឲ្យ​បម្រើ​ការងារ​នៅ​ក្រសួង​ថ្មី​ ទាំង​​ពីរ​ផ្អែក​តាម​​ជំនាញ និង​វិជ្ជាជីវៈ​របស់​ខ្លួន​”។ ទោះបីលោក ជាម យៀប បាន​បដិសេធ​មិន​បញ្ជាក់​អំពី​សេចក្តី​រាយការណ៍​របស់​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ដែល​ថា លោក ស៊ុយ សែម ​​រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាម​ពល​ ដែល​ត្រូវ​បាន​ដក​ចេញ​​កាល​ពីពេល​ថ្មី​ៗ​នេះ ​នឹង​ត្រូវ​យក​មកដឹក​នាំ​ក្រសួង​រ៉ែ​ និង​ថាម​ពល​ វិញក៏ដោយ ក៏​លោក​បាន​មាន​ប្រសាសន៍ថា លោក​គិតថា លោក ស៊ុយ សែម ស័ក្តិសម​នឹង​កាន់​ការងារចាស់​របស់​លោកណាស់។ លោកបាន​បន្ថែម​​ថា “ប្រសិន​បើ​លោក​ត្រឡប់​មក​កាន់​តួនាទី​ជារដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាម​ពលវិញ​នោះ​ វា​គ្មាន​បញ្ហា​ឡើយ​ពីព្រោះលោក​មាន​បទ​ពិសោធ​ច្រើន​”។

លោក ជាម យៀប​ បានមាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មិន​ទាន់​សម្រេច​អំពី​ជោគ​វាសនា​របស់​លោក ចម ប្រសិទ្ធ​ នៅ​ឡើយ​ទេ​ ដែល​បន្ទាប់​ពីការ​បោះឆ្នោត​កាល​ពីខែ​កក្កដា លោក​ត្រូវ​បាន​ផ្លាស់ប្តូរ​​​ពី​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ឲ្យទៅ​​​ធ្វើ​​ជា​រដ្ឋ​មន្ត្រី​ក្រសួង​​ឧស្សាហកម្ម​ រ៉ែ និង​ថាម​ពល​នោះ​​។ ឥឡូវ​នេះ​ ដោយ​មានការ​​បំបែក​ក្រសួង​នេះ​​ជាពីរនោះ​ គេ​មិន​ទាន់​ដឹង​ថា តើ​លោក​នឹង​ដឹក​នាំ​ក្រសួង​មួ​យណា​នោះ​ឡើយ​។ លោក​​ ជាម យៀប បាន​ពន្យល់ថា ប្រភេទ​​សិប្បកម្ម​ទាំង​អស់ដែល​សំដៅ​ដល់​ក្រសួង​ថ្មី​នេះ​រួមមាន​ផលិតផល​ធ្វើ​ដោយដៃ​ដូច​ជា​សូត្រ ដែល​តាំង​ពី​បុរាណ​ត្រូវ​គេ​ត្បាញធ្វើ​ជា​​សម្លៀក​បំពាក់​ ក្រមា មួក ចម្លាក់​បុរាណ រូប​អប្សរា និង​វត្ថុអនុស្សាវរីយ៍ផ្សេងៗទៀត​ជាដើម។
លោក ផៃ​ ស៊ីផាន អ្នក​នាំពាក្យ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍ថា​ សេចក្តី​សម្រេច​បំបែកក្រសួង​នេះ​ជាពីរ​ធ្វើ​ឡើង​តាម​អនុសាសន៍របស់លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ដើម្បី​បែង​ចែក​ភារកិច្ច​ និង​ការ​ទទួលខុសត្រូវ​ក្នុង​ការ​អនុវត្ត​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​។លោកបាន​មាន​ប្រសាសន៍ថា “ជា​ពិសេស​ គោល​នយោបាយ​ក្នុង​ការ​ជំរុញ​វិស័យ​​​សិប្ប​កម្ម​ឲ្យ​ក្លាយ​ជា​សហគ្រាស​ខ្នាត​​តូច និង​ធ្វើ​ឲ្យ​ក្រសួង​នេះ​កាន់​តែ​ប្រសើរ​ឡើង ដូច្នេះ​​សិប្ប​កម្ម​ទាំងនេះ​អាច​ក្លាយ​ជា​សហគ្រាស​ខ្នាត​មធ្យម”៕ សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស