29 C
Phnom Penh

ជិត​ដល់​ថ្ងៃ​កំណត់​ទៅ​ហើយ​ ប៉ុន្តែ​​ការ​កាត់​បន្ថយ​កម្ពស់​អគារ​​​មិន​ទាន់​មាន​សញ្ញា​ណាមួយ​នៅ​ឡើយ​ទេ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ​វា​មាន​សញ្ញា​តិច​តួច​ណាស់​​ដែល​ថា អគារ​ចំនួន​ពីរ​សាង​សង់​ក្បែរ​ព្រះ​បរម​​​រាជវាំង​ក្នុង​រាជាធានីភ្នំពេញ ដែល​រដ្ឋា​ភិបាល​​បាន​ចេញ​បទ​បញ្ជា​ឲ្យ​កាត់​បន្ថយ​កម្ពស់​នឹង​ត្រូវ​កាត់​បន្ថយ​កម្ពស់​នោះ​ ទោះ​បីជា​ពេល​កំណត់​រយៈពេល​​មួយ​ខែ​ពី​សាលា​រាជធា​នី​ភ្នំពេញ​ជិ​ត​មក​ដល់​ក្ដី​​​។

មន្ត្រី​សាលា​រាជធានីភ្នំពេញ​បាន​លើក​ឡើង​កាលពី​សប្ដាហ៍​មុន​ថា អគារ​ចំនួន​ពីរ​​នេះ​ត្រូវ​បាន​​សាង​សង់​លើស​កម្ពស់​​​​​កំណត់​​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ច​សន្យា​សាង​សង់​។​សេចក្ដីជូន​ដំណឹង​​ត្រូវ​បាន​ចេញ​ទៅ​ឲ្យ​ម្ចាស់​អគារ​ទាំង​ពីរ​នេះ​កាលពី​ខែ​តុលា ដោយ​ដាក់​ពេល​កំណត់​ឲ្យ​កាត់​បន្ថយ​កម្ពស់​មិន​ឲ្យលើស​ពី​ថ្ងៃទី​២១ ខែ​វិច្ឆិកាឡើយ​។ សេចក្ដី​ជូន​ដំណឹង​នេះ​បាន​ណែនាំ​ឲ្យ​ម្ចាស់​អគារ​កាត់​បន្ថយ​កម្ពស់​អគារ​របស់​ខ្លួន​ បើ​ពុំ​ដូច្នោះ​ទេ​សាលា​រាជធានី​នឹង​ធ្វើ​កិច្ច​ការ​នេះ​ជំនួស​។

លោក ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជ​ធានី​ កាលពី​ម្សិលមិញ​​បដិសេធ​​មិន​និយាយ​ថា តើ​​បទ​បញ្ជា​​ឲ្យ​កាត់​បន្ថយ​កម្ពស់​នេះ​នឹង​ត្រូវ​អនុវត្ត​ឬយ៉ាង​ណានោះ​ទេ ប្រសិន​បើ​ម្ចាស់​អគារ​មិន​បាន​ធ្វើ​តាម​បទ​បញ្ជា​នោះ​។ លោក​បាន​មាន​​ប្រសាសន៍​ថា “នេះ​គឺ​ជា​សេចក្ដី​សម្រេច​​របស់​ថ្នាក់​លើ​” ។ អគារ​ទាំង​ពីរ​នេះ​គឺ​ស្ថិត​នៅ​ក្នុង​ប្លុក​នៃ​បរិវេណ​ព្រះ​បរម​រាជវាំង​។

អគារ​មួយ​ដែល​គ្រប់​គ្រង​ដោយ​ក្រុម​ហ៊ុន​​​អចលនទ្រព្យ​វឌ្ឍនៈ​ គឺ​ស្ថិត​នៅ​​តាម​បណ្ដោយ​តីរវិថី​ស៊ីសុវត្ថិ​ ហើយ​អគារ​មួយ​​ផ្សេង​ទៀត​​ជា​អគារ​មាន​កម្ពស់​ជា​ច្រើន​ជាន់​ដែល​គ្រប់​​គ្រង​ដោយ​ម្ចាស់​​​ឯក​ជន​ម្នាក់​ គឺ​​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៩ ខាង​ក្រោយ​សាកល​វិទ្យាល័យ​ភូមិ​ន្ទ​​វិចិត្រ​សិល្បៈ​។ អគា​រវឌ្ឍនៈ​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​សាង​សង់​ត្រឹម​កម្ពស់​១៤​ម៉ែត្រ​ប៉ុណ្ណោះ​ ប៉ុន្តែ​ឥឡូវ​នេះ​​បាន​សាង​សង់​លើ​ស​ដល់​កម្ពស់​២០​ម៉ែត្រ​ទៅ​ទៀត​ ហើយ​អគារ​មួយ​ផ្សេង​ទៀត​ដែល​ត្រូវ​សាង​សង់​ដើម្បី​ធ្វើ​ជា​សណ្ឋាគារ​ ត្រូវ​បាន​អនុ​​ញ្ញាត​​​ឲ្យ​សាង​សង់​ត្រឹម​តែ​កម្ពស់​២៤​,៥​ ម៉ែត្រ​​ប៉ុណ្ណោះ  ប៉ុន្តែ​ឥឡូវ​នេះ​បាន​សាង​សង់​លើស​កម្ពស់​​ដល់​ទៅ​ជាង​៣៤​,​៥ម៉ែត្រ​ឯណោះ​។

លោក ស៊ិន គឹមហេង ម្ចាស់​អគារ​ដែល​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៩​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា លោក​មិន​បាន​ទទួ​ល​សេចក្ដី​ជូន​ដំណឹង​ណាមួយ​ពី​សាលា​រាជ​ធានី​ឲ្យ​លោក​​កាត់​បន្ថយ​កម្ពស់​អគា​រ​របស់​លោក​ឡើយ​ ប៉ុន្តែ​ទោះ​ជាយ៉ាង​ណា​លោក​បាន​​ផ្អាក​​​ការ​សាង​សង់​នេះមួយ​រយៈ​រួច​ទៅ​ហើយ​។
លោក​បាន​និយាយ​ថា “យើង​បាន​ផ្អាក​ការ​សាង​សង់​ជិត​មួយ​ខែ​មក​ហើយ​ ប៉ុន្តែ​ឥឡូវ​នេះ​យើ់ង​កំពុង​តែ​តុប​តែង​នៅ​ផ្នែក​ខាង​ក្នុង​អគារ​”។

នៅ​កន្លែង​អគារ​នោះ​កាលពី​ម្សិលមិញ​​គេ​​​ឮសំឡេង​ស្វាន​ ហើយ​​មាន​កម្មករ​​ប្រហែល​ជា​១០​​​​នាក់​បាន​ដើរ​ចេញ​ចូល​អគារ​នេះ​។​ រីឯ​នៅ​កន្លែង​អគារ​វឌ្ឍនៈ​វិញ ជា​ទី​ដែល​ការ​សាង​សង់​ត្រូវ​បាន​ផ្អាក​តាំង​ពី​ថ្ងៃ​ទី​១ ខែ​តុលា​​មក តាម​បទ​បញ្ជា​លោក​ ប៉ា សុជាតិ​វង្ស អភិបាល​រាជធានីភ្នំពេញ មាន​សំណាញ់​ពណ៌​បៃតង​គ្រប​ពី​លើ​អគារ​នេះ​ទាំង​មូល​។

​ ហើយ​គ្មាន​សញ្ញា​ណាមួយ​បង្ហាញ​ថា អគារ​នេះ​នឹង​ត្រូវ​កាត់​បន្ថយ​កម្ពស់​ដែល​លើស​នោះឡើយ​។ នៅ​ពេល​ទាក់​ទង​កាល​ពី​ម្សិលមិញ​អ្នក​ស្រី​ ឈុន លៀង ជាម្ចាស់​ក្រុម​ហ៊ុន​អចលន​ទ្រព្យ​វឌ្ឍនៈ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ឡើយ​ នៅ​ពេល​ត្រូវ​បាន​សួរ​ថា តើ​អ្នក​ស្រី​មាន​បាន​ទទួល​សេចក្ដី​ជូន​ដំណឹង​ឲ្យ​កាត់​បន្ថយ​អគារ​ពី​សាលា​រាជ​ធាី​ ឬ​ក៏អត់​នោះ។ អ្នក​ស្រី​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​គ្មាន​ចម្លើយ​សម្រាប់​អ្នក​ឡើយ”​៕ ស៊ុយ​ឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស