ទាល់តែឃើញទើបជឿ ជាពិសេសនៅក្នុងប្រទេសមួយដែលរដ្ឋាភិបាលគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានផ្សាយតាមបណ្ដាស្ថានីយទូរទស្សន៍ និងវិទ្យុសុទ្ធគាំទ្ររដ្ឋាភិបាល ដែលជាញឹកញាប់មានការខ្វែងគំនិតគ្នាជាមួយនឹងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅក្នុងប្រទេសកម្ពុជា។

ប៉ុន្តែក្រោយពីហេតុការណ៍ប៉ះទង្គិចគ្នាដ៏ហិង្សាមួយរវាងក្រុមកម្មករកាត់ដេរនៅរោងចក្រអេសអិល និងនគរបាលបង្ក្រាបកុបកម្មនៅជិតស្ពានស្ទឹងមានជ័យ ក្នុងខណ្ឌមានជ័យកាលពីថ្ងៃអង្គារ ធ្វើឲ្យអ្នកឈរមើលម្នាក់បាត់បង់ជីវិតនោះ ការរៀបរាប់ផ្លូវការរបស់រដ្ឋាភិបាលនូវហេតុការណ៍នោះត្រូវបានច្រានចោលដោយវីដេអូ ដែលត្រូវបានបង្ហោះតាមអ៊ីនធើណិត ហើយផ្សាយពាសពេញគេហទំព័របណ្ដាញទំនាក់ទំនងសង្គម។
នៅក្នុងយុគសម័យមួយ ដែលទូរស័ព្ទប្រភេទស្មាតហ្វូននិងអ៊ីនធើណិតមានគ្រប់កន្លែង រដ្ឋាភិបាលមិនអាចគ្រប់គ្រងរូបភាពដែលប្រជាជនចង់មើលបានឡើយ។ សាក្សីនិយាយថា នៅក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ស្ថានីយទូរទស្សន៍មួយចំនួនក្នុងចំណោមស្ថានីយទូរទស្សន៍ទាំងប្រាំបួនបានធ្វើសេចក្ដីរាយការណ៍អំពីហេតុការណ៍ប៉ះទង្គិចគ្នានៅក្នុងខណ្ឌមានជ័យ ដែលបង្ហាញពីទិដ្ឋភាពនគរបាលក្លាយជាជនរងគ្រោះ ដោយសារត្រូវក្រុមបាតុករគប់ដុំថ្មដាក់ ប៉ុន្តែមិនបានបង្ហាញពីទិដ្ឋភាពមន្ត្រីនគរបាលបាញ់គ្រាប់កាំភ្លើងពិតទៅលើបាតុករឡើយ ដោយនៅក្នុងហេតុការណ៍នោះស្ត្រីអ្នកលក់អាហារតាមចិញ្ចើមផ្លូវម្នាក់ឈ្មោះ អេង សុុខុំ អាយុ៤៩ឆ្នាំបានត្រូវគ្រាប់ស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួស។
ចំណែកឯខាងនគរបាលវិញ ពួកគេបានបដិសេធថា មិនបានបាញ់គ្រាប់ពិតទេ ហើយនិយាយថា ពួកគេបានប្រើប្រាស់តែឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រប៉ុណ្ណោះ។នៅក្នុងវីដេអូមួយ ដែលអង្គការសិទ្ធិមនុស្សក្នុងស្រុកលីកាដូ បានបង្ហាញកាលពីថ្ងៃពុធ រូបភាពបង្ហាញយ៉ាងច្បាស់ពីទិដ្ឋភាពនគរបាលបង្ក្រាបកុបកម្មយ៉ាងហោចណាស់ពីរនាក់បែរមុខទៅបាតុករ ហើយបាញ់កាំភ្លើងខ្លីរបស់ខ្លួនជាច្រើនគ្រាប់ទៅ លើបាតុករទាំងនោះ។
នៅក្នុងឈុតឆាកមួយទៀតក្នុងវីដេអូរបស់អង្គការលីកាដូ នគរបាលបានស្រែកគំហកគំរាមយុវជនម្នាក់ដែលអះអាងថា រូបគេជានិស្សិត ដោយសួរថា ហេតុអ្វីបានជាយុវជនរូបនោះនៅកន្លែងតវ៉ា។ នគរបាលម្នាក់បាននិយាយទៅកាន់យុវជននោះថា “អញនឹងបាញ់សម្លាប់ហ្អែងហើយយកខ្មោចហ្អែងបោះចោល”។
ការអះអាងរបស់រដ្ឋាភិបាលដែលថា នគរបាលគ្រាន់តែការពារខ្លួននោះ ក៏ត្រូវបានលាតត្រដាងការពិតដែរ ដោយសារវីដេអូបង្ហោះពេញហ្វេសប៊ុកបង្ហាញពីភាពសាហាវព្រៃផ្សៃហួសហេតុ ដែលកងកម្លាំងនគរបាល និងកងរាជអាវុធហត្ថធ្វើទៅលើជនស៊ីវិលគ្មានអាវុធនៅក្នុងដៃរួមទាំងព្រះសង្ឃផង។ វីដេអូមួយ មានចំណងជើងថា “វ៉ៃ វ៉ៃ វ៉ៃ” ដែលត្រូវបានបង្ហោះតាមគេហទំព័រយូធូប បង្ហាញពីសកម្មភាពនគរបាលបង្ក្រាបកុបកម្ម និងកងរាជអាវុធហត្ថវាយដំដោយគ្មានធម៌មេត្តាទៅលើយុវជន ដែលមិនតតាំង។ អ្នកខ្លះបានរងរបួសជាំខ្លួនប្រាណ និងបាក់ឆ្អឹង។
វីដេអូនោះមានអមដោយបទចម្រៀងមួយបទដែលមានចំណងជើងថា “ដើរវ៉ៃគេ”។ តារាចម្រៀងរូបនោះបានសួរកងកម្លាំងសន្ដិសុខថា “បងប្រុសហេតុអ្វីបានជាបងធ្វើបែបនោះ? គ្មានអ្នកណាស្រលាញ់ចូលចិត្តបងទេ។ បងគួរតែធ្វើរឿងល្អវិញទើបជាការប្រសើរ”។
យុវតី គឹម មួយលីង ជាសិស្សវិទ្យាល័យថ្នាក់ទី១១នៅក្នុងខេត្តកំពង់ចាម បាននិយាយកាលពីម្សិលមិញថា នាងតក់ស្លុតយ៉ាងខ្លាំងនៅពេលនាងបើកវីដេអូយូធូបតាមទូរស័ព្ទអាយហ្វូនហ្វ័ររបស់នាងកាលពីថ្ងៃពុធ ហើយឃើញអ្វីដែលបានកើតឡើងនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នាងបាននិយាយបន្ថែមទៀតថា “វាគួរឲ្យតក់ស្លុតយ៉ាងខ្លាំង ពីព្រោះពួកគេវាយដំមនុស្សគ្រប់គ្នាខ្លាំងៗនឹងដំបងនិងទាត់ធាក់ពួកគេដោយគ្មានមេត្តាធម៌”។
លោក ផៃ សីុផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា រូបភាពអ៊ីនធើណិតបង្ហាញពីប្រតិបត្តិការរបស់នគរបាលគឺគ្រាន់តែជាទិដ្ឋភាពមួយជ្រុងប៉ុណ្ណោះ ហើយមិនបានបង្ហាញពីទង្វើហិង្សារបស់បាតុករឡើយ។ លោកបានមានប្រសាសន៍ថា រដ្ឋាភិបាលមិនខ្វល់នឹងសេចក្ដីរាយការណ៍រិះគន់តាមប្រព័ន្ធផ្សព្វផ្សាយសង្គមឡើយ ពីព្រោះគណបក្សកាន់អំណាចមាន “ប្រព័ន្ធផ្ទាល់ខ្លួនរបស់យើងសម្រាប់ពន្យល់បកស្រាយប្រាប់ប្រជាពលរដ្ឋ [ពីអ្វីដែលបានកើតឡើងពិតប្រាកដ]។ យើងមានបណ្ដាញផ្ទាល់របស់យើង។ ប្រសិនបើប្រព័ន្ធផ្សព្វផ្សាយនិយាយមិនល្អពីរដ្ឋាភិបាល វាជាជម្រើសរបស់ពួកគេ”។
ជាការពិតណាស់ មានរូបភាព និងវីដេអូជាច្រើនផ្សាយតាមអីុនធើណិត ដែលបង្ហាញពីបាតុករដុតបំផ្លាញរថយន្តនគរបាល ហើយព្រះសង្ឃគង់នៅវត្តស្ទឹងមានជ័យគប់ដុំថ្ម និងដុំឥដ្ឋធំៗដាក់នគរបាល។
លោក អំ សំអាត មន្ត្រីឃ្លាំមើលជាន់ខ្ពស់ នៅអង្គការសិទ្ធិមនុស្សក្នុងស្រុកលីកាដូ បានមានប្រសាសន៍ថា វីដេអូចែករំលែកតៗគ្នាតាមប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ខំឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ទទួលខុសត្រូវចំពោះទង្វើរបស់ពួកគេ។ លោកមានប្រសាសន៍ថា “ពួកគេត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់ចំពោះឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយសង្គម ពីព្រោះរូបថត និងរូបភាពវីដេអូបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម នឹងបង្ហាញការពិតគ្រប់យ៉ាង ទាំងល្អ ទាំងអាក្រក់ ពីទង្វើរបស់ភាគីទាំងនោះ”។
លោកបានបន្ថែមទៀតថា អ្នកដែលទទួលបានអត្ថប្រយោជន៍ពីបណ្ដាញព័ត៌មានថ្មីទាំងនេះ មិនមែនមានតែយុវជននៅក្នុងទីក្រុងទេ។ លោក អំ សំអាត បានមានប្រសាសន៍បន្តថា “មនុស្សចាស់ភាគច្រើននៅតាមខេត្តក៏ចេះប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមដែរ ពីព្រោះកូនៗបង្រៀនពួកគាត់ឲ្យចេះប្រើប្រាស់ [ទូរស័ព្ទស្មាតហ្វូន] និងមើលវីដេអូ”។
តែទោះជាយ៉ាងណា លោក ឆាយ ធី មន្ត្រីឃ្លាំមើលនៃអង្គការសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តរតនគិរីបានមានប្រសាសន៍ថា ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅមានកម្រិតនៅឡើយនៅក្នុងតំបន់ជនបទជាច្រើន។ លោកបានមានប្រសាសន៍ថា “ប្រជាពលរដ្ឋភាគច្រើននៅក្នុងខេត្តដាច់ស្រយាលនេះ [រតនគិរី] មិនអាចប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីតាមដានព្រឹតិ្តការណ៍បច្ចុប្បន្នបានទេ”។
តែទោះជាយ៉ាងណា ប្រព័ន្ធផ្សព្វផ្សាយសង្គមមានប្រសិទ្ធភាពខ្លាំងណាស់ហើយសង្គមស៊ីវិលមានការព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចរដ្ឋាភិបាលព្យាយាមរឹតបន្ដឹងសេវាប្រព័ន្ធផ្សព្វផ្សាយសង្គម នេះបើតាមប្រសាសន៍របស់លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា។ លោកបានមានប្រសាសន៍ថា “ប្រជាពលរដ្ឋកាន់តែច្រើនប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រជាពលរដ្ឋកាន់តែច្រើនក្លាយជាអ្នកកាសែត គណបក្សប្រជាជនកម្ពុជានឹងប្រឈមបញ្ហាជាច្រើនក្នុងការគ្រប់គ្រងព័ត៌មាន”។
លោក ខៀវ បុរី ដែលបម្រើការងារឲ្យទីភ្នាក់ងារទេសចរមួយនៅតាមបណ្ដោយព្រំដែនថៃ ក្នុងក្រុងប៉ោយប៉ែតបាននិយាយថា ទូរស័ព្ទប្រភេទស្មាតហ្វូន ម៉ូដែលសាំស៊ុង កាឡាក់ស៊ី របស់គាត់ ធ្វើឲ្យគាត់អាចតាមដានព្រឹត្តិការណ៍បានភ្លាមៗនូវអ្វីដែលបានកើតឡើងនៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារ។
គាត់បាននិយាយថា “ប្រជាពលរដ្ឋនៅក្នុងក្រុងនេះប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន ដើម្បីមើលរូបភាពវីដេអូតាមយូធូប ហ្វេសបុក និងបណ្ដាញទំនាក់ទំនងសង្គមផ្សេងៗទៀត។ ប្រព័ន្ធផ្សព្វផ្សាយសង្គមកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រាប់យើងថា អ្វីជាស្ថានភាពពិតប្រាកដ ដែលកំពុងកើតមានឡើងនៅទូទាំងពិភពលោក ជាពិសេសអំពើអយុត្តិធម៌ក្នុងសង្គមនៅក្នុងប្រទេសកម្ពុជា ដែលមិនដែលចាក់ផ្សាយតាមទូរទស្សន៍ក្នុងស្រុក”៕ សុខុម