យោងតាមសាក្សីបានឲ្យដឹងថា កាលពីម្សិលមិញ អ្នកតវ៉ាម្នាក់ដែលបានជាប់ពាក់ព័ន្ធក្នុងការប៉ះទង្គិចគ្នាកាលពីថ្ងៃអង្គារ រវាងកម្មកររោងចក្រ អេសអិល និងកងកម្លាំងប្រដាប់អាវុធ បានប្តឹងស្នងការនគរបាល និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានី ដោយចោទប្រកាន់ពួកគេថា ជាអ្នកទទួលខុសត្រូវចំពោះការស្លាប់អ្នកលក់អាហារអាយុ៤៩ឆ្នាំម្នាក់ ដោយសារគ្រាប់កាំភ្លើងរបស់នគរបាល។
ក្មេងប្រុសវ័យជំទង់ពីរនាក់អាយុ១៤ឆ្នាំ ម្នាក់ និង១៧ឆ្នាំម្នាក់ ក៏ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់កាលពីម្សិលមិញពីបទជាប់ពាក់ព័ន្ធនៅក្នុងការប្រើអំពើហិង្សានេះដែរ ហើយត្រូវបានឃុំខ្លួននៅមណ្ឌលកែប្រែ២ ក្នុងពន្ធនាគារព្រៃស។ ក្នុងចំណោមជនឝស៊ីវិល៣១នាក់ និងព្រះសង្ឃ៧អង្គដែលត្រូវបានឃាត់ខ្លួនពីដំបូងយកមកសាកសួរនោះ មានតែក្មេងជំទង់ទាំងពីរនេះប៉ុណ្ណោះ ត្រូវបានចោទប្រកាន់ រីឯអ្នកផ្សេងទៀតត្រូវបានដោះលែងវិញហើយ។
និស្សិតច្បាប់រៀនឆ្នាំទី២ អាយុ២៥ឆ្នាំម្នាក់ឈ្មោះ នាង សុគន្ធ ដែលបានអះអាងថា គាត់ត្រូវបាននគរបាលវាយអំឡុងពេលប៉ះទង្គិចគ្នានេះ បាននិយាយថា គាត់បានធ្វើពាក្យប្តឹងទៅតុលាការ “ តាងនាមឲ្យប្រជាពលរដ្ឋខ្មែរ” ដើម្បីប្តឹងលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានី និងឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីពីបទមនុស្សឃាត តាមមាត្រា២០៤នៃក្រមព្រហ្មទណ្ឌ។
មាត្រា២០៤ ចែងថា “ឃាតកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១៥ឆ្នាំទៅ៣០ឆ្នាំ កាលបើអំពើនេះត្រូវបានប្រព្រឹត្តដោយ អ្នករាជការសាធារណៈនៅក្នុងក្របខណ្ឌនៃមុខងារ ឬនៅក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួន”។
លោក សុគន្ធ បាននិយាយថា “ខ្ញុំបានធ្វើពាក្យបណ្តឹងប្តឹងពួកគេ ពីព្រោះខ្ញុំឃើញទង្វើរបស់ពួកគេពេលបង្ក្រាបជនស្លូតត្រង់ ដូចជា កម្មករ និងអ្នកលក់ដូរនៅក្បែរនោះ។ ខ្ញុំបានស្ថិតនៅក្នុងហេតុការណ៍ដែលពួកគេបានប្រព្រឹត្តនេះ ហើយខ្ញុំបានរួចផុតពីការស្លាប់”។ គាត់បាននិយាយថា “ពេលហេតុការណ៍នេះកើតឡើង ខ្ញុំបានឃើញការបង្ក្រាបដ៏ឃោរឃៅរបស់ពួកគេ ដែលបានធ្វើឲ្យប្រជាជនស្លាប់ និងរងរបួស ហើយចាប់ខ្លួនមនុស្សជាច្រើនទៀត”។
លោក ប្រាក់ សាវុធ ប្រធានក្រឡាបញ្ជីនៅសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា បានទទួលពាក្យបណ្តឹងនោះហើយ ហើយថា លោក សុគន្ធ បានចោទលោក ជួន សុវណ្ណ និងឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ពីបទបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនបាញ់កម្មករ និងជនស្លូតត្រង់ ដែលបណ្តាលឲ្យអ្នកស្រី អេង សុខុម អ្នកលក់ម្ហូបអាហារនៅក្បែរនោះត្រូវគ្រាប់កាំភ្លើងស្លាប់។ លោក សាវុធ បាននិយាយថា “ យើងបានទទួលពាក្យបណ្តឹងនេះហើយ ហើយយើងនឹងអនុវត្តទៅតាមនីតិវិធីច្បាប់”។
ការប៉ះទង្គិចគ្នានេះបានផ្ទុះឡើងកាលពីថ្ងៃអង្គារ បន្ទាប់ពីកម្មកររោងចក្រ អេសអិល ប៉ុនប៉ងហែក្បួនទៅកាន់ផ្ទះរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីផ្សព្វផ្សាយពីបញ្ហារបស់ខ្លួន ប៉ុន្តែត្រូវបាននគរបាលរារាំងនៅស្ពានស្ទឹងមានជ័យ។ នៅក្នុងអំពើហិង្សានេះ រថយន្ត និងម៉ូតូនគរបាលពីរគ្រឿងត្រូវបានដុតបំផ្លាញ ហើយក្រុមមនុស្ស ដែលភាគច្រើនជាយុវជនបានគប់ដុំថ្មដាក់នគរបាល ដែលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក បាញ់កាំភ្លើងគ្រាប់ជ័រ និងគ្រាប់ពិត។
ឧត្តមសេនីយ៍ត្រី ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថបានមានប្រសាសន៍តាមទូរស័ព្ទថា លោកដឹងអំពីពាក្យបណ្តឹងដែលគេបានប្តឹងលោក រ័ត្ន ស៊្រាង។
លោកបានមានប្រសាសន៍ថា “ ខ្ញុំបានឮអំពីរឿងនេះ ប៉ុន្តែវាជាសិទ្ធិរបស់ប្រជាជនក្នុងការប្តឹងនរណាម្នាក់។ វាអាស្រ័យលើតុលាការ”។ លោកបានមានប្រសាសន៍ថា កងរាជអាវុធហត្ថមានភារកិច្ចរក្សាសណ្តាប់ធ្នាប់ “ នៅពេលមានអំពើហិង្សា និងសកម្មភាពខុសច្បាប់ យើងត្រូវតែបង្ក្រាប”។ លោកបានឲ្យដឹងថា “បាតុករទាំងនោះបានប្រើអំពើហិង្សាមកលើយើង ដូចជាដុតរថយន្ត និងម៉ូតូដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ”។
គេមិនអាចទាក់ទងលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីដើម្បីសុំការអត្ថាធិប្បាយបានទេ ហើយលោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិបានបដិសេធមិនធ្វើអត្ថាធិប្បាយ។ កាលពីម្សិលមិញនេះដែរ មាស ណុន អាយុ១៤ឆ្នាំ និង វ៉ាន់នី វ៉ាន់ណន អាយុ១៧ឆ្នាំត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទបង្ករបួសស្នាមដោយចេតនា បំផ្លាញទ្រព្យសម្បត្តិសាធារណៈ ប្រមាថមន្ត្រីសាធារណៈ និងរារាំងមន្ត្រីសាធារណៈមិនឲ្យបំពេញតួនាទីរបស់ខ្លួននៅក្នុងការប៉ះទង្គិចគ្នានេះ។
នៅខាងក្រៅតុលាការកាលពីម្សិលមិញ មាស ណុន បានប្រាប់ថា ខ្លួនគ្មានទោសទេ ហើយបាននិយាយថា រូបគេត្រូវបានគេភ្ជាប់ដោយមិនត្រឹមត្រូវទៅនឹងការដុតរថយន្តមួយគ្រឿងរបស់នគរបាល។ ក្មេងប្រុសរូបនេះបាននិយាយថា “គេចោទខ្ញុំថា បានដុតរថយន្តនគរបាល ប៉ុន្តែ ខ្ញុំមិនបានដុតទេ។ ខ្ញុំបានវាយបំបែកបង្អួចរថយន្តនោះមែន ពីព្រោះរថយន្តនោះប៉ះខ្ញុំ ដូច្នេះខ្ញុំក៏បានវាយបំបែកបង្អួចនោះទៅ”។
ក្មេងប្រុសរូបនេះបាននិយាយទៀតថា គេបានចាក់វីដេអូឲ្យរូបគេមើល ដែលនៅក្នុងវីដេអូនោះ រូបគេកំពុងព្យាយាមទាញម៉ូតូមួយគ្រឿងដែលកំពុងឆេះចេញពីភ្លើង ប៉ុន្តែបានអះអាងថា ខ្លួនគេមិនមែនជាអ្នកដុតរថយន្តនោះទេ គឺគ្រាន់តែចង់បានបំណែកម៉ូតូដែលគេដុតនោះប៉ុណ្ណោះ។
វ៉ាន់នី វ៉ាន់ណន ជាក្មេងជំទង់ដែលត្រូវបានចោទប្រកាន់ម្នាក់ទៀត បាននិយាយថា រូបគេមិនបានចូលរួមនៅក្នុងការតវ៉ានេះទេ ហើយគ្រាន់តែបានឈប់នៅកន្លែងកើតហេតុដើម្បីមើលហេតុការណ៍ដែលកំពុងកើតឡើងប៉ុណ្ណោះ។ វ៉ាន់ណន បាននិយាយថា “ខ្ញុំគ្រាន់តែដើរទៅឈប់មើលហេតុការណ៍នេះ ពីព្រោះមានមនុស្សច្រើន។ នៅពេលខ្ញុំដើរទៅដល់ទីនោះរថយន្តមួយគ្រឿងត្រូវបានគេដុត ឆេះរួចទៅហើយ ហើយនគរបាលបានចាប់ខ្លួនខ្ញុំតែម្តង។ គេចោទខ្ញុំថា បានដុតរថយន្តនោះ និងគប់ដុំថ្ម ប៉ុន្តែខ្ញុំមិនបានដឹងរឿងអីទាំងអស់”។
នៅឯពិធីបុណ្យសព អ្នកស្រី អេង សុខុម កាលពីម្សិលមិញ ប្តីរបស់អ្នកស្រីឈ្មោះ ង៉ែត វង្ស អាយុ៥១ឆ្នាំបាននិយាយថា គាត់ចង់បានយុត្តិធម៌។ គាត់បាននិយាយថា “យើងចង់ឲ្យរដ្ឋាភិបាលរកយុត្តិធម៌ឲ្យប្រពន្ធខ្ញុំ ពីព្រោះគាត់មិនបានធ្វើអ្វីខុសទេ។ វាមិនយុត្តិធម៌នោះទេ ពីព្រោះយើងមិនបានធ្វើអ្វីខុសឡើយ”។ គាត់បានបន្ថែមថា គាត់ក៏កំពុងរៀបចំគម្រោងប្តឹងកងកម្លាំងប្រដាប់អាវុធដែលទទួលខុសត្រូវចំពោះការបាញ់ប្រពន្ធរបស់ខ្ញុំដែរ។
ឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិបានបដិសេធកាលពីថ្ងៃពុធថា នគរបាលមិនទទួលខុសត្រូវចំពោះការស្លាប់របស់អ្នកស្រី អេង សុខុម នោះទេ ប៉ុន្តែនគរបាលនឹងធ្វើការស៊ើបអង្កេតដោយផ្ទាល់។
ឧត្តមសេនីយ៍ត្រី ខេង ទីតូ បានមានប្រសាសន៍កាលពីម្សិលមិញថា ត្រូវមានការស៊ើបអង្កេតដើម្បីចង់ដឹងថា នរណាជាអ្នកបាញ់ និងប្រើប្រាស់គ្រាប់កាំភ្លើងប្រភេទណាមួយ។ លោកបានមានប្រសាសន៍ថា “នៅពេលយើងគ្រាន់តែឃើញសាកសព យើងមិនអាចនិយាយថា ថា នគរបាលជាអ្នកបាញ់គាត់ទេ។ តើនរណាឃើញនគរបាលបាញ់គាត់? នគរបាលមួយណា?”៕ គឹមហឿន
(រាយការណ៍បន្ថែមដោយ Lauren Crothers និង អូន ភាព)