រយៈពេលពីរថ្ងៃ មុនពេលជនសង្ស័យជនជាតិរុស្ស៊ីឈ្មោះ សេរហ្គេ ប៉ូឡុនស្គី (Sergei Polonsky) ត្រូវបានចាប់ខ្លួនកាលពីថ្ងៃច័ន្ទ តាមសំណើរបស់អាជ្ញាធរទីក្រុងមូស្គូ ជនសង្ស័យរូបនេះបានបង្ហោះវីដេអូលើទំព័រគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ហើយវីដេអូនោះហាក់ដូចជាបង្ហាញថា មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយរូបប៉ន់ប៉ងទារប្រាក់មួយលានដុល្លារ ពីអតីតសេដ្ឋីរុស្ស៊ីរូបនេះ ជាថ្នូរនឹងសេរីភាពរបស់លោក។
ជនសង្ស័យឈ្មោះ ប៉ូឡុនស្គី ដែលធ្លាប់ស្ថិតនៅក្នុងចំណោមបុរសអ្នកមានទ្រព្យសម្បត្តិច្រើនបំផុតនៅប្រទេសរុស្ស៊ី ត្រូវបានតុលាការទីក្រុងមូស្គូ ចោទប្រកាន់កំបាំងមុខ កាលពីខែកក្កដា ពីបទបន្លំលួចប្រាក់ចំនួន១៧៦លានដុល្លារ ពីវិនិយោគិនផ្សេងៗទៀត នៅក្នុងគម្រោងអភិវឌ្ឍន៍និវេសនដ្ឋានមិនចប់មួយ។
នៅក្នុងវីដេអូរយៈពេលប្រាំបីនាទីដែលត្រូវបានបង្ហោះលើទំព័រហ្វេប៊ុក កាលពីថ្ងៃទី៩ខែវិច្ឆិកា ជនសង្ស័យឈ្មោះ ប៉ូឡុនស្គីព្រមទាំងមេធាវី ជនជាតិរុស្ស៊ី របស់ខ្លួនឈ្មោះ អេឡិចសានដឺ ការ៉ាបូណូវ (Alexander Karabo-nov) កំពុងព្យាយាមចរចាជាលើកចុងក្រោយមួយតាមទូរស័ព្ទ ដើម្បីចៀសផុតពីការចាប់ខ្លួនជនសង្ស័យជនជាតិរុស្ស៊ីរូបនេះ ពីសំណាក់ក្រុមមន្ត្រីកម្ពុជាដែលកាលពីពេលថ្មីៗនេះ បានកំណត់ថា ត្រូវចាប់ឲ្យបាន។
លោក ការ៉ាបូណូវ បាននិយាយនៅចំណុចចាប់ផ្តើមនៃវីដេអូ ដែលហាក់ដូចជាត្រូវបានថតតាមកាមេរ៉ាអ៊ីនធើណិត នៅក្នុងលំនៅដ្ឋានរបស់ជនសង្ស័យឈ្មោះ ប៉ូឡុនស្គី នៅកោះដែកគោល ដែលជាកោះឯកជនរបស់ខ្លួន នៅក្បែរកោះរ៉ុង។ មន្ត្រីមួយរូបដែលបាននិយាយ នៅខ្សែទូរស័ព្ទម្ខាងទៀត ជាភាសារុស្ស៊ីផងដែរនោះ បាននិយាយថា “ លក្ខខណ្ឌនានាត្រូវបានពិភាក្សា…។”
មន្ត្រីរូបនោះបាននិយាយបន្ថែមទៀតថា “ប្រសិនបើមិនអាចបំពេញលក្ខខណ្ឌទាំងនេះបានទេ យើងមិនគួរទំនាក់ទំនងគ្នាទៀតទេ និងខាតពេលវេលារបស់យើង”។ មន្ត្រីដែលត្រូវបានដាក់ឈ្មោះ នៅក្នុងវីដេអូនោះ និងត្រូវបានបង្ហាញថា មានឋានៈជាឧត្តមសេនីយ៍ មិនអាចទំនាក់ទំនងធ្វើសេចក្តីអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ។ នៅពេលលោក ការ៉ាបាណូវ និងលោកឧត្តមសេនីយ៍រូបនោះកំពុងបន្តកិច្ចចរចាជាមួយគ្នា ជនសង្ស័យឈ្មោះ ប៉ូឡុនស្គី បានបង្ហាញខ្លួននៅក្នុងរូបភាពវីដេអូនោះ ដោយគ្រាន់តែស្លៀកកន្សែងពោះគោនៅនឹងចង្កេះរបស់ខ្លួនប៉ុណ្ណោះ និងចុងក្រោយបានស៊កសម្តីចូល។ សម្តីនោះមានខ្លឹមសារថា “ យើងរកលុយមិនបានទេនៅពេលឥឡូវនេះ”។
លោក ការ៉ាបាណូវ និយាយបន្ថែមទៀតថា “ យើងត្រូវការពេលវេលាបន្ថែមទៀត ដើម្បីរកលុយពីទីក្រុងមូស្គូ។ ប្រហែលជាយើងអាចប្រើរបៀបទូទាត់ និងលក្ខខណ្ឌផ្សេងៗទៀតបានទេ? ឧទាហរណ៍ តើយើងអាចផ្តល់ទ្រព្យធានាបានទេ?”។ លោកឧត្តមសេនីយ៍ក៏បានបដិសេធនូវជម្រើសនេះ ដោយបាននិយាយថា “ ទេ យើងមិនទាន់គិតពិចារណាអំពីជម្រើសនេះទេ…។ ប្រាប់ខ្ញុំមកថា តើអ្នកត្រូវការពេលប៉ុន្មាន មួយថ្ងៃឬក៏ពីរថ្ងៃ?” ក៏ប៉ុន្តែ ប្រាប់ខ្ញុំឲ្យច្បាស់ កុំលែងសើចជាមួយខ្ញុំ។ ខ្ញុំសូមព្រមានអ្នកថា ខ្ញុំមិនលែងសើចទេ។
ជនសង្ស័យឈ្មោះ ប៉ូឡុនស្គី បាននិយាយ ដោយតំឡើងសំឡេងថា “លោកឧត្តមសេនីយ៍ចាំមើលណា ខ្ញុំបានយល់ព្រមរួចហើយកាលពីម្សិលមិញថា នឹងផ្តល់ប្រាក់មួយលានដុល្លារ… ប៉ុន្តែខ្ញុំបានប្រាប់ថា មិនមានជម្រើសនេះទេ ពីព្រោះទ្រព្យសម្បត្តិសំខាន់ៗទាំងអស់ត្រូវរឹបអូសអស់ហើយ…។” ជនសង្ស័យរូបនេះបាននិយាយបន្តទៀតថា “ខ្ញុំបានប្រាប់លោកថា ខ្ញុំអាចផ្តល់ឲ្យទាំងអស់ដោយប្រើកោះនេះ ឬក៏រថយន្ត រ៉ូលរ៉យ (Rolls-Royce) របស់ខ្ញុំ ក៏ប៉ុន្តែ ខ្ញុំមិនមានលុយសុទ្ធទេ”។
ជនសង្ស័យរូបនេះបាននិយាយបន្តនៅចំណុចបញ្ចប់នៃវីដេអូថា “ខ្ញុំនឹងឲ្យលុយមួយលានដុល្លារ។ ខ្ញុំរក្សាពាក្យសម្តីរបស់ខ្ញុំ។ សូមគិតអំពីចំណុចនេះ។ យើងបានការឯកភាពគ្នាមួយ និងបានចាប់ដៃគ្នា…។” ជនសង្ស័យជនជាតិរុស្ស៊ីរូបនេះបាននិយាយបន្ថែមទៀតថា “សូមគិតអំពីចំណុចនេះ។ ខ្ញុំនឹងហៅទូរស័ព្ទទៅលោក ក្នុងរយៈពេល៣០នាទីខាងមុខ។ អរគុណ”។
កាលពីថ្ងៃច័ន្ទ ជនសង្ស័យឈ្មោះ ប៉ូឡុនស្គី ត្រូវបានចាប់ខ្លួននៅលើកោះរ៉ុង និងត្រូវបានបញ្ជូនទៅពន្ធនាគារប៉េហ្ស៊ី ក្នុងរាជធានីភ្នំពេញ ហើយបច្ចុប្បន្នជនសង្ស័យរូបនេះកំពុងរង់ចាំការធ្វើបត្យាប័នទៅកាន់ប្រទេសរុស្ស៊ី។
លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ សុទ្ធតែមិនអាចទំនាក់ទំនងធ្វើសេចក្តីអត្ថាធិប្បាយបាន កាលពីម្សិលមិញ។
លោក រស់ ស៊ីថា មេធាវីខ្មែរ ការពារក្តីជនសង្ស័យឈ្មោះ ប៉ូឡុនស្គី បានបដិសេធមិនធ្វើសេចក្តីអត្ថាធិប្បាយ អំពីខ្លឹមសារនៅក្នុងវីដេអូនេះ ដោយសារតែព្រួយបារម្ភអំពីការផ្តន្ទាទោស៕ សុធា