27 C
Phnom Penh

ប្តីប្រពន្ធ​ជនជាតិ​ចារ៉ាយ​ដែល​គេ​ចោទថា ចេះ​អាបធ្មប់រង​ការគំរាម​កំហែង​ដល់​អាយុជីវិត​​ជាថ្មី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈ​ពេល​ជិត​បីខែ​កន្លះ​មក​ហើយ បន្ទាប់​ពី​ត្រូវ​បាន​បណ្តេញ​ចេញពី​ភូមិ​របស់​ខ្លួ​ន​តាម​ការ​ចោទ​ប្រកាន់​ថា ចេះ​អំពើ​អាប​ធ្មប់​នោះ ប្តី​ប្រពន្ធ​ជន​ជាតិ​ចារ៉ាយ​ពីរ​នាក់​ត្រូវ​អ្នក​ភូមិ​បង្ខំ​​ឲ្យ​ចាក​ចេញ​ពី​ផ្ទះ​ថ្មី​របស់​ខ្លួន​ម្តង​ទៀត ដោយ​ភ័យខ្លាច​ថា ប្តី​ប្រពន្ធ​នេះ​ធ្វើ​អំពើ​អាប​ធ្មប់។

លោក រម៉ាស វេម អាយុ​៨០​ឆ្នាំ និង​ប្រពន្ធ​​របស់​គាត់ឈ្មោះ សេវ សយ អាយុ​៥០​ឆ្នាំ ដែលអ្នក​ភូមិចោទប្រកាន់ថា ចេះ​អំពើ​អាប​ធ្មប់​នោះ ត្រូវ​បាន​អ្នក​ជិត​ខាង​របស់​គាត់​ដែល​​មាន​កំហឹង​រាប់​រយ​នាក់​ បណ្តេញ​គាត់​ចេញ​ពី​ភូមិ ដោយ​សារ​មនុស្ស​មួយ​ចំនួន​រស់​នៅក្នុង​ភូមិ​សោម​ត្រក​​ថ្មី ក្នុង​​ស្រុក​អូរយ៉ាដាវ បាន​ធ្លាក់​ខ្លួន​ឈឺ​​កាល​ពីខែ​សីហា។ ឥឡូវ​នេះ ប្តី​ប្រពន្ធ​នេះ​ត្រូវ​គេ​គំរាម​ដល់​អាយុជីវិត​ ហើយ​បង្ខំ​ឲ្យ​ចាក​ចេញ​ពីភូមិ​សោម​​ត្រក​ចាស់ ​នៅក្បែរ​នោះ។

លោក ម៉ា វិចិត្រ អធិការ​នគរ​បាល​ស្រុក​អូរ​យ៉ា​ដាវ បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិ​ល​មិញ​ថា “ចាប់​តាំង​ពី​ពួក​គាត់​ទាំង​ពីរ​បាន​មក​រស់​នៅ​ក្នុង​ផ្ទះ​បណ្តោះ​អាសន្ន​នៅភូមិ​មួយ​ទៀត​មក ពួក​គាត់​ប្រឈម​នឹង​ការ​គំរាម​កំហែង​​ជាថ្មី​ដល់​អាយុ​ជីវិត​ទៀត​ ដោយ​សារ​អ្នក​ភូមិ​រស់​នៅទី​នោះ​មិន​ស្វាគមន៍វត​្តមាន​របស់​ពួក​គាត់​​ដោយ​ភ័យ​ខ្លាច​ថា ប្តី​ប្រពន្ធ​នេះ​នឹង​ធ្វើ​អំពើ​អាប​ធ្មប់​ឲ្យ​ពួក​គាត់​ធ្លាក់​ខ្លួន​ឈឺ ឬ​ស្លាប់​​ទៀត”។

លោក ម៉ា វិចិត្រ បាន​មាន​ប្រសាសន៍​ថា នគរ​បាល​ស្រុក​គ្រោង​ជួប​ប្រជំុ​នៅ​ថ្ងៃ​នេះ​ជា​លើកទី​៤នៅ​សាលា​ឃុំ​សោម​ធំ​ជាមួយ​អាជ្ញាធរ​​មូល​ដ្ឋាន និង​ចាស់​ទុំជន​ជាតិ​ចារ៉ាយ ដែល​មាន​ឥទ្ធិ​ពល​នៅ​ក្នុង​សហគមន៍ ដើម្បី​ព្យាយាម​​ការ​ពារសុវត្ថិ​ភាព​ដល់​ប្តី​ប្រពន្ធ​នេះ។ លោក​បាន​មាន​ប្រសាសន៍ថា “នៅ​ពេល​​ជួប​ប្រជុំ​នោះ យើង​សម្រេច​បង្កើត​អនុ​គ​ណៈ​កម្មាធិការ​មួយ​​ដើម្បី​ដោះ​ស្រាយ​​បញ្ហា​គំរាម​កំហែង​​ដល់​អាយុ​ជីវិត​របស់ប្រជា​ពល​រដ្ឋ​ដែល​ត្រូវ​បាន​​ចោទ​ប្រកាន់​ថា ចេះ​អំពើ​អាប​ធ្មប់”។

លោក វិចិត្រ​ ​បន្ថែម​ថា “ជំនឿ និង​ទំនៀម​​ទម្លាប់​មួយ​ចំនួន​ ដែលជន​ជាតិ​ដើម​ភាគ​​តិច​បាន​អនុវត្ត​កន្លង​មក​គួរ​ត្រូវ​លុប​បំបាត់​ចោល​ដូចជាករណី​អំពើ​អាប​ធ្មប់​នេះ​ជា​ដើម”។ លោក រម៉ាស ឈឿន ជា​ចៅ​ប្រុស​របស់​ប្តី​ប្រពន្ធ​នេះ​បាន​និយាយ​ថា លោក​សង្ឃឹម​ថា ជីតា​របស់​ខ្លួន​​អាច​រក​ផ្ទះ​ស្នាក់​នៅ​​​ដោយ​​សុវត្ថិ​ភាព​។
គាត់​បាន​និយាយ​ថា “ យើង​មិន​ចង់​ឲ្យ​គេ​បណ្តេញ​ពួក​គាត់​ចេញ​ពី​កន្លែង​មួយ​ទៅ​កន្លែង​​មួយ​នោះ​ទេ។ ពួក​គាត់​មាន​ដី​ស្រប​ច្បាប់​សម្រាប់​​​សាង​សង់​ផ្ទះ​នៅក្នុង​ភូមិរបស់ខ្លួន​ ដូច្នេះ​ពួក​គាត់​មាន​សិទ្ធិ​ស្រប​ច្បាប់​ក្នុង​ការ​រស់​នៅ​ទី​នោះ ប៉ុន្តែ ពួក​គាត់​បែរ​ជា​រង​ការ​បំភិត​បំភ័យ និង​ការ​គំរាម​កាប់​សម្លាប់​ទៅ​វិញ​”៕ សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស