នគរបាលបានឲ្យដឹងកាលពីម្សិលមិញថា កាលពីថ្ងៃពុធ នគរបាលប្រឆាំងការជួញដូរមនុស្ស បានចាប់ខ្លួនបុរសម្នាក់ និងប្រពន្ធពីបទប៉ុនប៉ងឆ្លងកាត់ប៉ុស្ដិ៍ត្រួតពិនិត្យព្រំដែនប៉ោយប៉ែតក្នុងខេត្តបន្ទាយមានជ័យ ជាមួយទារិកាអាយុ៦ខែម្នាក់ ដែលពួកគេបានទិញក្នុងរាជធានីភ្នំពេញ ដើម្បីទុកយកទៅសុំទានជាមួយខ្លួននៅប្រទេសម៉ាឡេស៊ី។
ឧត្តមសេនីយ៍ត្រី ព្រំ សន្ធរ នាយរងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សបានឲ្យដឹងថា ជនសង្ស័យ ហេង ឈុន អាយុ៤៨ឆ្នាំ និងប្រពន្ធរបស់ខ្លួនឈ្មោះ សំ ណា អាយុ៣៨ឆ្នាំ ត្រូវបានចាប់ខ្លួននៅប៉ុស្ដិ៍ត្រួតពិនិត្យជាមួយទារិកា និងបុរសពិការពីរនាក់ផ្សេងទៀត ដែលប្ដីប្រពន្ធទាំងពីរនាក់នេះមានបំណងយកទៅប្រទេសម៉ាឡេស៊ី ដើម្បីឲ្យសុំទានតាមផ្លូវ។
ឧត្តមសេនីយ៍ត្រី ព្រំ សន្ធរ មានប្រសាសន៍អំឡុងសន្និសីទកាសែតនៅការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញថា “យើងបានទទួលព័ត៌មានពីអង្គភាពនគរបាលសម្ងាត់របស់យើងថា ទារិកាម្នាក់កំពុងត្រូវបានគេជួញដូរទៅប្រទេសម៉ាឡេសីុ ដោយឆ្លងកាត់ប្រទេសថៃ”។
លោកបានមានប្រសាសន៍បន្ថែមថា “[ជនសង្ស័យឈ្មោះ ឈុន និងប្រពន្ធឈ្មោះ ណា] បានទិញទារិកានេះក្នុងតម្លៃ៤០០ដុល្លារក្នុងរាជធានីភ្នំពេញ”។
នគរបាលបានបដិសេធមិនផ្ដល់ព័ត៌មានលម្អិតថា តើទារិកានេះត្រូវបានទិញពីនរណា ឬនៅពេលណាឡើយ។ ប្ដីប្រពន្ធទាំងពីរនាក់នេះ កូនស្រីអាយុ២០ឆ្នាំរបស់ពួកគេ បុរសពិការចំនួនពីរនាក់ និងទារិកានេះ សុទ្ធតែមានវត្តមាននៅសន្និសីទកាសែត។
វរសេនីយ៍ទោ កែវ ធា នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សបានឲ្យដឹងថា ជនសង្ស័យទាំងនេះនឹងត្រូវបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃស្អែក ហើយត្រូវបានចោទប្រកាន់ពីបទ “ទិញមនុស្ស ដើម្បីបញ្ជូនឆ្លងកាត់ព្រំដែន” ដែលនឹងត្រូវផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររហូតដល់ទៅ១៥ឆ្នាំ។ វរសេនីយ៍ទោ កែវ ធា បានមានប្រសាសន៍ថា “តើអ្វីទៅនឹងកើតឡើងចំពោះទារិកានេះ? ប្រហែលជាពួកគេនឹងដាក់ថ្នាំសណ្ដំ រួចកាត់ដៃជើង ដើម្បីធ្វើឲ្យគេអាណិត”។ តែទោះជាយ៉ាងណាជនសង្ស័យឈ្មោះ ឈុន នេះបានតវ៉ាថា ខ្លួនគ្មានទោសកំហុសឡើយ។
ជនសង្ស័យរូបនេះនិយាយថា “ខ្ញុំក្រណាស់ ខ្ញុំគឺជាអ្នកសុំទាន ហើយខ្ញុំមិនដឹងថា អ្វីដែលខ្ញុំធ្វើនេះខុសច្បាប់ឡើយ”។ ជនសង្ស័យរូបនេះបន្តថា ខ្លួនបានទៅសុំទាននៅប្រទេសម៉ាឡេសីុតាំងពីខែកក្កដា មកម៉េ្លះ ហើយខ្លួនសុំទានបានប្រហែលពី១០ដុល្លារ ទៅ១២,៥០ដុល្លារក្នុងមួយថ្ងៃ។
លោក យី ម៉ូដែន អនុប្រធានក្រុមការងារចុះអនុវត្តន៍ផ្ទាល់នៅអង្គការសកម្មភាព ដើម្បីកុមារ ជាអង្គការក្រៅរដ្ឋាភិបាលប្រឆាំងជនរួមភេទជាមួយកុមារ ដែលបានជួយនគរបាលក្នុងការស៊ើបអង្កេត បានលើកឡើងថា បុរសពិការជើងចំនួនពីរនាក់ដែលបានយល់ព្រមទៅប្រទេសម៉ាឡេស៊ីដើម្បីសុំទាននោះ គឺដោយសារជឿតាមការបញ្ចុះបញ្ចូលរបស់ប្ដីប្រពន្ធទាំងពីរនាក់នេះ។
លោក យី ម៉ូដែន បានមានប្រសាសន៍ថា “ ពួកគេ [បុរសពិការជើងទាំងពីរនាក់] ក្រខ្លាំងណាស់។ ពួកគេគ្មានការអប់រំឡើយ ហើយពួកគេជឿតាមការបញ្ចុះបញ្ចូល”។ លោកបានមានប្រសាសន៍បន្ថែមថា ប្ដីប្រពន្ធទាំងពីរនាក់នេះបានសន្យាផ្ដល់អាហារ និងកន្លែងស្នាក់នៅដល់បុរសពិការទាំងពីរនាក់នេះសម្រាប់ខែដំបូងនៅប្រទេសម៉ាឡេស៊ី។ ប៉ុន្តែបុរសពិការទាំងពីរនាក់នេះ ត្រូវតែបង់ប្រាក់មកឲ្យប្ដីប្រពន្ធទាំងពីរនាក់ចំនួនប្រហែល១.៥០០ដុល្លារ បន្ទាប់ពីទទួលបានប្រាក់ពីការសុំទាន៕ ស៊ុយឈាង