មន្ត្រីកងរាជអាវុធហត្ថម្នាក់បាននិយាយកាលពីម្សិលមិញថា មនុស្សបីនាក់ត្រូវបានចាប់ខ្លួនក្នុងខេត្តស្ទឹងត្រែងកាលពីថ្ងៃពុធ បន្ទាប់ពីពួកគេបានចាប់ជំរិតក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ ប៉ុនប៉ងគំរាមទារប្រាក់ពីឪពុកម្តាយក្មេងប្រុសនេះចំនួន៥.០០០ដុល្លារ។
លោក អ៊ឹង វណ្ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថា ឆាយ ឡេង អាយុ៤០ឆ្នាំ ត្រូវបានចាប់ខ្លួនជាមួយឈ្មោះ ស សុវណ្ណ អាយុ៣០ឆ្នាំ និងឈ្មោះ អ៊ឹម ចរិយា អាយុ២២ឆ្នាំ ត្រូវជាមិត្តស្រីរបស់ខ្លួនដោយអាជ្ញាធរបន្លំខ្លួនស្លៀកពាក់ជាស៊ីវិលរង់ចាំនៅវត្តមួយក្នុងមូលដ្ឋាន នៅម៉ោងប្រហែល៤ល្ងាច។
លោកវរសេនីយ៍ឯក អ៊ឹង វណ្ឌី បានមានប្រសាសន៍ថា “យើងបានចំណាយពេល៤ម៉ោង ដើម្បីស្វែងរកជនសង្ស័យទាំងនេះ បន្ទាប់ពីឪពុកម្តាយជនរងគ្រោះបានប្តឹងមកមន្ត្រីកងរាជអាវុធហត្ថក្រុងស្ទឹងត្រែង”។ ជនចាប់ជំរិតបានចាប់ក្មេងប្រុសនេះពីសាលាបឋមសិក្សាមួយក្នុងក្រុងស្ទឹងត្រែងនៅម៉ោងប្រហែល១១ និង៣០នាទីថ្ងៃត្រង់ ហើយពីដំបូងពួកគេបានទាមទារប្រាក់ពីឪពុកម្តាយក្មេងប្រុសនេះចំនួន ៥០.០០០ដុល្លារ។
លោក អ៊ឹង វណ្ឌី បានពន្យល់ថា បន្ទាប់ពីមានការផ្តល់យោបល់ពីកងរាជអាវុធហត្ថមក ឪពុកម្តាយក្មេងប្រុសនេះនិយាយជាមួយជនចាប់ជំរិតសុំឲ្យបញ្ចុះប្រាក់លោះមកត្រឹម៥.៥០០ដុល្លារ ហើយបន្ទាប់មកបានរៀបចំយកលុយទៅទម្លាក់ទុកនៅក្បែរវត្តមួយក្នុងសង្កាត់ស្រះឫស្សី។ មេបញ្ជាការកងរាជអាវុធហត្ថរូបនេះបានមានប្រសាសន៍ថា មន្ត្រីរបស់លោកដែលស្លៀកពាក់ជាស៊ីវិលបានរង់ចាំនៅវត្តនោះ ហើយបានចាប់ខ្លួនអ្នកចាប់ជំរិតពីរនាក់ អំឡុងការដោះដូរថ្នូរជាលុយនោះ។
ក្រោយមក កងរាជអាវុធហត្ថបានរកឃើញក្មេងប្រុសដែលត្រូវបានចាប់ជំរិតនោះគឺឈ្មោះ ចរិយា បានយកទៅលាក់ទុកនៅក្នុងព្រៃក្បែរនោះ ហើយបានប្រគល់ក្មេងប្រុសនេះទៅឲ្យឪពុកម្តាយរបស់វាវិញ ដោយគ្មានរងរបួសអ្វីឡើយ។ ជនចាប់ជំរិតទាំងនោះកំពុងត្រូវបានឃុំខ្លួន ហើយនឹងត្រូវធ្វើការចោទប្រកាន់នៅសាលាដំបូងខេត្តស្ទឹងត្រែងនៅថ្ងៃនេះ៕ ខុម