33 C
Phnom Penh

មូល​​​និធិ​​​ពិភព​​​លោក លាត​​​ត្រដាង​​​​​​បណ្តាញ​​​ប្រព្រឹត្ត​​​អំពើ​​​ពុក​​​រលួយ​​​​​​​​នៅក្នុង​​​ក្រសួង​​​សុខា​ភិបាល​​​កម្ពុជា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

របាយ​​​ការណ៍​​​មួយ​​​​​​ចេញ​​​ដោយ​​​មូល​​​និធិ​​​ពិភពលោក​​​ ដើម្បី​​​ប្រយុទ្ធ​​​​​​ប្រ​​ឆាំង​​​ជំងឺ​​​អេដស៍​​​ជំងឺ​​​របេង​​​ និង​​​ជំងឺ​​​គ្រុន​​​ចាញ់​​​ បាន​​​រក​​​ឃើញ​​​ថា  មន្ត្រី​​​ដែល​​​ធ្វើ​​​ការ​​​​​​ឲ្យ​​​ក្រសួង​​​សុខាភិបាល​​​បាន​​​​​ ​​​បង្កើត​​​គណ​​​នី​ធនាគារ​​​ក្លែង​​​ក្លាយ​​​ដើម្បី​​​ទទួល​​​បាន​​​ប្រាក់​​​សូក​​​ប៉ាន់​​​រាប់​សែន​ដុល្លារ​​​ ហើយ​​​បាន​​​ប្រាប់​​​ក្រុម​​​ហ៊ុន​​​សហ​​​គ្រាស​​​នានាដោយ​​​ផ្ទាល់​​​​​​ថា ដើម្បី​ទទួលបាន​កិច្ច​​​សន្យា​​​របស់រដ្ឋា​​​ភិបាល​​​​ ​លុះ​​​ត្រាតែ​​​​​​បង់​​​ប្រាក់​​មួយ​​​ចំនួនធំ​​​​ឲ្យ​​​ទៅ​​​​មន្ត្រី​​។

របាយ​​​ការណ៍​​​ចេញ​ផ្សាយ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​នេះ​​​ បង្ហាញ​​​ថា​​​ មន្ត្រី​​​ជាន់​​​ខ្ពស់​​​នៃ​​​មជ្ឈ​​​មណ្ឌល​​​ជាតិ​​​ប្រ​​​យុទ្ធ​​​នឹង​​​ជំងឺ​​​គ្រុន​​​ចាញ់ ប៉ារ៉ាស៊ីត​​​សាស្ត្រ បាណក​​​សាស្ត្រ (CNM)និង​​​មជ្ឈ​មណ្ឌល​​​​​ជាតិ​​​​​​ប្រយុទ្ធ​​​​​​​នឹង​​​ជំងឺ​​​អេដស៍ ​​​សើ​​​ស្បែក​ ​និង​​​កាម​រោគ​(NCHARDS) ដែល​​​សុទ្ធ​​​តែ​​​​​​ស្ថិត​​​​​​ក្រោម​​ចំណុះ​​​ក្រសួង​សុខាភិបាល ​​​ព្រម​​​ទាំង​​​​​​អង្គ​​​​​​ការ​​​មេឌីខាំ​ ជា​​​​​បណ្តាញ​​​អង្គ​​​ការ​​​ក្រៅ​​​រដ្ឋាភិបាល​​​ដ៏​​​ធំ​​​មួយ​​​​​បានចូល​​​រួម​​​​​​​ក្នុង​​​បណ្តាញ​​​ប្រព្រឹត្ត​​អំពើ​​​ពុក​​​រលួយ​​​​​​មួយ ថែម​​​ទាំង​​​​​​ទាម​​​ទារ​​​​​​លើស​​​ការ​ចំណាយ​​​​​​ជាក់​ស្តែង​​​ដល់​​​ទៅ​​​ពីរ ឬបីដង​​​ទៀត​​​ផង។

ការិយាល័យ​​​​​​អគ្គ​​​អធិការកិច្ច (OIG) ​​​របស់​​​មូល​​​និធិ​​​ពិភពលោក បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​របាយ​​​ការណ៍​​​នេះ​​​ថា “ ការ​​​ស៊ើប​​​អង្កេត​​​បាន​​​​​​រក​​​ឃើញ​​​ភ័ស្តុតាង​​​សំខាន់ៗ និង​​​គួរ​​​ជឿ​​​ទុក​​​ចិត្ត​​​បាន​​​​ជា​​​ច្រើន​​​ ដែល​​​បង្ហាញ​​​​​ថា​​​មាន​​​អំពើ​​​ពុក​​​រលួយ​​​ ភាព​​​មិន​​​ប្រក្រតី​​​​​​​​ផ្នែក​​​លទ្ធ​​​កម្ម​​​ និង​​​​​ការ​​​បន្លំ​​​កឹប​​​កេង​​​​​​និង​​​ការ​​​ប្រើ​​​​​ប្រាស់​​​​​​មិន​​​ត្រឹម​​​ត្រូវ​​​​​​នូវ​​​ជំនួយ​​​មូលនិធិ”។

“ OIG រក​​​ឃើញ​​​ថា ការ​​​ចំណាយ​​​ជំនួយ​​​មូល​​​និធិ​​​​​​ដែល​​​​​​មាន​​​ចំនួន​​​ទឹក​​​ប្រាក់​​​ស្មើ​​​នឹង​​​១២.១០៤.៧៦១ដុល្លារ​​​សហ​​​រដ្ឋ​​​អាមេរិក​ត្រូវបានសម្រប​​​សម្រួល​​​” តាម​​​រយៈ​​​​​​ការ​​​អនុ​​​វត្ត​​​នានា​​​ដូច​​​ជា​​​​​​ការ​​​បង់​​​ប្រាក់​​​សម្រួល​​​ដើម្បី​​​ទទួល​​​បាន​​​កិច្ច​​​សន្យា ភាព​​​មិន​​​ប្រក្រតី​​​ផ្នែក​​​លទ្ធ​​​កម្ម​​​ផ្សេង​​​ៗ​​​​​​ទៀត និង​​​ការ​​​កឹប​​​កេងបន្្លំ​​​ទាំង​​​ស្រុង​​​តែ​​​ម្តង។

យោង​​​តាម OIG ​​​បាន​​​ឲ្យ​​​ដឹង​​​ថា អ្នក​​​ទទួល​​​បាន​​​​​ច្រើន​​​ជាង​​​គេ​​​នូវ​​​មូល​​​និធិ​​​ជាង​​​១២​​​លាន​​​ដុល្លារ គឺ​​​ក្រសួង​​​សុខាភិបាល​​​ និង​​​ NCHARDS និង CNM ​​​ដែល​​​ជា​​ស្ថាប័ន​​​ចំណុះ​​​របស់​​​ខ្លួន។

របាយ​​​ការណ៍នេះ​​​ក៏​​​បាន​​​រក​​​ឃើញ​​​ដែរ​​​នូវ​​​​​​សំណុំ​​​ឯកសារ​​​លទ្ធ​​​កម្ម​​​មិន​​​ពេញ​​​លេញ ឬ​​​បាត់​​​របស់​​​រដ្ឋាភិបាល ​​​​​​របាយការណ៍​​​ធនាគារ​​​ដែល​​​បាត់​​​ពី​​​គណនី​​​ ព័ត៌​​​មាន​​​ត្រូវបាន​​​ផ្អឹប​​​ទុក​​​ដោយ​​​​​​ធនាគារ​​​អេស៊ីលីដា ​​​និង​​​ធនាគារ​​​ពាណិជ្ជ​​​កម្ម​​​ក្រៅ​​​ប្រទេស​​​នៃ​​​កម្ពុជា (FTB) ពាក់​​​ព័ន្ធ​​​នឹង​​​​​​ការ​​​ប្រើ​​​ប្រាស់​​​​​​មូល​​​និធិ​​​​មិន​​​ត្រឹម​​ត្រូវ​​​ដែល​​​អាច​​​កើត​​​​មាន​​​ និង​​​ការ​​​កត់​​​ត្រា​​​​​​ការ​​​ចំណាយ​​​ផ្សេងៗ​​​ទៀត​​​ដែល​​​បាត់ ឬមិន​​​ច្បាស់​​​លាស់។

យោង​​​តាម​​​របាយ​​​​​​ការណ៍​​​នេះ​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា “ ជា​​​លទ្ធ​​​ផល ក្នុង​​​ចំណោម​​​ការ​​​ចំណាយ​​​[ក្នុង​​​ប្រទេស​​​កម្ពុជា] ប្រមាណ​​​២២០,៣លាន​​​ដុល្លារ​​​ ​OIGទទួលបាន៨៦,៩លាន​​​ដុល្លារ​​​សហរដ្ឋអាមេរិក​​​​​ហើយ​ឯកសារ​ពាក់​ព័ន្ធនឹង​ថវិកានេះ​ត្រូវបាន​​​​ពិនិត្យ​​​ផ្ទៀង​​​ផ្ទាត់​​​ឡើង​​​វិញ​​​តាម​​​ក្រោយ​​​”។

របាយការណ៍​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា ​បែប​​​នេះ​​​មាន​​​ន័យ​​​ថា ថវិកា​​​ជាង​​​១៣៣​​​លាន​​​ដុល្លារ​​​នៅក្នុង​​មូលនិធិ​​​សម្រាប់​​​ក្រសួង​​​សុខា​​​ភិបាល​​​ មិន​​​ត្រូវ​​​បាន​​​ពិនិត្យ​​​ផ្ទៀង​​​ផ្ទាត់​​​ឲ្យ​​​បាន​​​ត្រឹម​​​ត្រូវ​​​ទេ​​។របាយ​​​ការណ៍​​នេះ​​មិន​​​បញ្ចេញ​​​ឈ្មោះ​​​មន្ត្រី​​​ណា​​​ម្នាក់​​​ដែល​​​ពាក់​​​ព័ន្ធ​​​ក្នុង​​ករណី​​​អំពើ​​​ពុករលួយ​​​នេះ​​​ឲ្យ​​​ចំៗ​​​​ទេ។

ប៉ុន្តែ វា​​​ពិត​​​ជាបាន​​​លើក​​​ឡើង​​​ថា អ្នក​​​ដែល​​​ទទួល​​​បាន​​​ប្រាក់​​​សំណូក​​​ច្រើន​​​ជាង​​​គេ​​​រហូត​​​ដល់​​​ទៅ​​​រាប់​​​សែន​​​ដុល្លារ​​​​ពី​ក្រុម​​​ហ៊ុន​​​ចំនួន​​​ពីរ​​​ដែល​ផ្គត់​ផ្គង់​​​មុង​​​ដល់​​​ក្រសួង​​​សុខា​ភិបាល​​​គឺ​​​លោក ដួង សុជាតិ ប្រធាន​​​ CNM ដែល​​​បាន​​​ចូល​​​និវត្ត​​​កាលពី​​​ថ្ងៃ​​​ទី​​​១ ខែ​​​ឧសភា ឆ្នាំ​​​២០១១​អនុប្រធាន​​​ម្នាក់​​​របស់​​​ CNM ដែល​​​គេ​​​បញ្ជាក់​​​អត្តសញ្ញាណ​​​ត្រឹម​​​ជា​​​ស្ត្រី​​​ម្នាក់​​​ ​​​​ដែល​​​បាន​​​លា​​​ឈប់​​​ពីមុខ​​​តំណែង​​​របស់​​​ខ្លួន​​​ កាលពី​​​ខែ​​​កញ្ញា និង​​​មន្ត្រី​​​មិន​​​បញ្ចេញ​​​ឈ្មោះ​​​ម្នាក់​​​នៅ ​​​NCHARDS ដែ​​ល​​​ជា​​​មន្ត្រីលទ្ធកម្ម​​​ជាន់​​​ខ្ពស់​​​រហូត​​​ដល់​​​គាត់​​​បាន​​​លា​​​ឈប់​​​ពី​​​មុខ​​​តំណែង​​​របស់​​​ខ្លួន​​​កាល
ពី​​​ឆ្នាំមុន​​​។

យោង​​​តាម​​​របាយការណ៍​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា លោក ដួង សុជាតិ អតីត​​​ប្រធាន​​​ CNM និង​​​អនុ​​​ប្រធាន​​​របស់​​​គាត់​​​បាន​​​ធ្វើ​​​ប្រតិបត្តិការ​​​​​​គម្រោង​​​មួយ​ក្នុង​​​នោះ​​​ក្រុម​​​ហ៊ុន​​​ Vestergaard Frandsen របស់​​​ប្រទេស​​​ស្វីស និង​​​ក្រុមហ៊ុន​Sumitomo Chemical Singapore  ដែល​​​សុទ្ធ​​​តែ​​​ជា​​​ក្រុមហ៊ុន​​​ផ្គត់​​​ផ្គង់​​​មុង​​​ បាន​​​បង់​​​ “ ប្រាក​់​​​​សគុណ​​​” ដើម្បី​​​ទទួល​​​បាន​​​កិច្ច​​​សន្យាពី​ក្រសួង​​​សុខាភិបាល​​​។

យោង​​​តាម​​​របាយការណ៍​​​របស់​​​ OIG បាន​​​ឲ្យ​​​ដឹ​​​ង​​​ថា ប្រាក់​​​សំណូក​​​ដែល​​​បង់​​​ឲ្យ​​​លោក ​​​ដួង សុជាតិ និង​​​អនុប្រធាន​​​របស់​​​គាត់​​​មាន​​​​​ជាង​​​៤១០.០០០​​​ដុល្លារ​​​។

របាយការណ៍​​​នេះ​​​បញ្ជាក់​​​ថា “ ការ​​​រៀប​​​ចំ ​ការ​​​ពិគ្រោះ​​​យោបល់​​​ក្នុង​​​ស្រុក​​​ក្លែង​​​ក្លាយ​​​មួយ​​​ត្រូវ​​​បាន​រៀប​ចំឡើង​​​ដើម្បី​​​​​កុំឲ្យ​​​គេ​​​ចាប់​​​អារម្មណ៍​​​រឿងប្រាក់​​​​សគុណ​​​ និង​​​អ្នក​​​ទទួល​​​ផល​​​​ចុង​​​ក្រោយ​​​របស់​​​ពួកគេ​​​។ ប្រាក់គុណ​សម្រួល​​​​ការ​​​ងារ​​​ទាំង​​​នេះ​​​​​​ត្រូវ​​​​បាន​ផ្ទេ​​​​​​​រពីធនាគារ​​​អន្តរ​ជាតិ​​​​​​​ឲ្យ​​​មកមន្ត្រី​​​ទាំង​​​នេះ​​​ដោយ​​​ផ្ទាល់​​​ ឬ​​​មនុស្ស​​​របស់​​​ពួកគេ​​​”។ ​​​​​​​​​​​​​​​

​ក្រុម​ហ៊ុន​ Sumitomo បាន​បង់​ប្រាក់​សំណូក​ឲ្យ​ទាំង​លោក​ ដួង សុជាតិ ទាំង​អនុ​ប្រធាន​​ CNM ​ចំណែក​ឯក្រុមហ៊ុន​ Vestergaard Framsen របស់​ប្រទេស​ស្វីស​​បង់​ប្រាក់​សំណូក​ឲ្យ​​តែ​លោក​ ដួង សុជាតិ ម្នាក់​ឯង​ប៉ុណ្ណោះ។

IOG បាន​លើក​ឡើង​ថា “ ភ័ស្តុ​តាង​បង្ហាញ​​​ថា ​​ ប្រធាន​ CNM ទទួល​បាន​ប្រាក់​សំណូកសរុប​ចំនួន​​ ៣៥០​.៩០៤​ដុល្លារ​សហរដ្ឋ​អាមេរិក​ ហើយ​អនុ​ប្រធាន​របស់​គាត​់​ទទួល​បាន​ចំនួន​៥៩​.៨០៩​ដុល្លារ​សហរដ្ឋអាេមរិក​​ពីក្រុម​ហ៊ុន​ផ្គត់​ផ្គង​់មុងទាំង​នេះ​ [ ក្រុម​ហ៊ុន Sumitomo និង​ក្រុម​ហ៊ុន​ Vestegaard Framsen ]”។

ក្រុមហ៊ុន​ទាំងពីរ​នេះ​បាន​ចំណាយ​ប្រាក់​២០.០០០​ដុល្លារ​បន្ថែម​ទៀត​សម្រាប់​ទិញ​អំណោយ​ផ្សេង​ៗ​​​ជូន​លោក​ ដួង សុជាតិ សមាជិក​គ្រួសារ​របស់​គាត់​ និង​មន្ត្រី​មិន​បញ្ជាក់​អត្ត​សញ្ញាណ​ផ្សេងៗ​ទៀត​នៅ​ CNM ។

OIG បាន​លើក​ឡើង​ថា ​ប្រាក់​ និង​អំណោ​យ​​​ទាំង​នេះ​​បាន​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​ទាំង​ពីរ​នេះ​ទទួល​​​បាន​កិច្ច​សន្យា​ផ្គត់​ផ្គង់​មុង​។

ភាគ​ច្រើន​នៃ​ប្រាក់​សំណូក​ទាំង​នេះ​បាន​ផ្ទេរ​ចូល​ក្នុង​គណនីធនាគារមួយ​​របស់​អ្នក​ប្រឹក្សា​យោបល់​ម្នាក់​ ឬ​ភ្នាក់​ងារ​​ម្នាក់​ដែល​ OIG ​​ស្វែង​រក​ភ័ស្តុតាងមិន​​ឃើញ។ ភ័ស្តុ​តាង​បង្ហាញ​យ៉ាង​ច្បាស់​ថា ភ្នាក់​ងារ​នេះ​បាន​ដើរ​តួជា​អ្នក​ទាក់​ទង​សម្រាប​់​ប្រាក់សគុណ​មិន​ត្រឹមត្រូវ​ដើម្បី​បិទ​បាំង​អ្នក​ទទួ​ល​ប្រាក់​នេះ​ពិត​ប្រាកដ​ គឺ​ប្រធាន​ និង​អនុ​ប្រធាន​របស់​ CNM” ។

របាយការណ៍​នេះ​បញ្ជាក់​ថា ស្ត្រីអនុ​ប្រធាន​ ​CNM ​ត្រូវ​បាន​ដក​ចេញ​ពី​មុ​ខ​តំណែង​ ដោយ​សារ​តែ​​លទ្ធផល​ផ្ទាល់​នៃ​​ការ​ស៊ើប​អង្កេត​​អំពើ​ពុក​រលួយ​ដោយ​មូ​ល​និធិ​ពិភព​លោក​កាលពី​ខែកញ្ញា​ ហើយ​បាន​ចង្អុល​បង្ហាញ​ថា លោក ច ម៉េង​ជួរ ប្រធាន​បច្ចុប្បន្ន​របស់​ CNM មិន​ពាក់​ព័ន្ធនឹង​ការ​ប្រព្រឹត្ត​ខុស​នេះ​ទេ។

លោក ច ម៉េង​ជួរ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បានទេ​ ប៉ុន្តែ​បាន​លើក​ឡើង​នៅ​ក្នុង​សេច​ក្ដី​ថ្លែង​ការណ៍​​មួយ​កាលពីថ្ងៃ​​សុក្រថា ទោះ​បី​ជា​ការ​ប្រព្រឹត្ត​អំពើពុក​រលួយ​ល្មើស​នឹង​ច្បាប់​ក៏ដោយ​​ ក៏​លោក​បាន​អះអាង​ថា មន្ត្រី​រាជ​ការ​ដែល​​​ទទួល​បាន​ប្រាក់​សំណូក​យ៉ាង​ច្រើន​ជា​​ថ្នូរ​នឹង​ការ​ទទួល​បាន​កិច្ច​សន្យា​របស់​រដ្ឋាភិបាល​ទាំង​នេះ​បាន​ប្រព្រឹត្ត​ទង្វើ​​នេះ​ដោយ​គ្មាន​ទោស​ពៃ​រ៍​ឡើយ​។

លោក​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែង​​​ការណ៍​មួយ​ថា “ ការ​ស៊ើប​អង្កេត​មិន​សឹង​តែ​ថា តម្លៃ​មុង​ទាំង​អស់​នោះ​ត្រូវ​បាន​យក​ថ្លៃ​ខ្ពស់​លើ​តម្លៃ​ទីផ្សារ​នោះទេ។ ដូច្នេះ​ខ្ញុំគិត​ថា ប្រាក់​ទឹក​តែ​មិន​ត្រឹម​ត្រូវ​ដែល​ OIG បាន​បង្ហាញ​មិន​មាន​ឥទ្ធិពល​លើ​​ដំណើរ​ការ​ដេញ​ថ្លៃ​របស់​ភាគី​ពាក់​ព័ន្ធទេ”។

លោក ដួង សុជាតិ មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​ ចំណែក​ឯ​មន្ត្រី​រដ្ឋាភិបាល​ផ្សេង​ៗ​ទៀត​បាន​បដិសេធ​មិន​ឆ្លើយ​បំភ្លឺ​តែ​ម្ដង​ ឬ​បង្វែ​រសំណួរ​ទៅ​លោក ម៉ម ប៊ុនហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល ដែល​មិន​អាច​ទាក់​ទង​បាន​ដូចគ្នា​។

យោង​តាម​របាយការណ៍លម្អិត​នេះ​បាន​ឲ្យ​ដឹង​ថា មន្ត្រី​ជាន់​ខ្ពស់​​ម្នាក់​ទៀត​នៅ​ NCHARDS ប្រើប្រាស់​​កិច្ចសន្យា​លទ្ធកម្ម​មានតម្លៃ​ជា​ទឹក​ប្រាក់​ប្រហែល​ ៣១៧​.០០០​ដុល្លារ​ដើម្បី​ទទួល​បាន​ប្រយោជន៍​ផ្ទាល់​ខ្លួន​។ មន្ត្រី​រូប​​​នោះ​​បាន​ទាម​ទារ​ប្រាក់​សគុណ​​រហូត​ដល់​ទៅ​​១៥​ភាគ​រយនៃ​តម្លៃសរុប​ជា​ថ្នូរ​នឹង​ការ​ទទួល​​បាន​កិច្ច​សន្យា​​សម្រាប់​ក្រុម​ហ៊ុន​ដែល​ចង​់​បាន​វា​​។

“ មន្ត្រី​លទ្ធកម្ម​រូប​នោះ បាន​សារភាព​ថា គាត់​បាន​ទាមទារ​​ប្រាក់​សំណូក​ទាំង​នេះ​ពី​​ក្រុម​ហ៊ុន​ជាថ្នូរនឹងការ​ទទួល​បាន​កិច្ច​សន្យា​ ហើយ​បានចំណាយ​ប្រាក់​ទាំង​នោះ​ទិញ​រថយន្ត​ និង​គ្រឿង​​​ប្រើ​ប្រាស​់​ផ្ទាល​់​ខ្លួន​​ផ្សេង​ៗ​ទៀត​”  ខណៈ​ពេល​​​គាត់​​ជា​អ្នក​គ្រប់គ្រង​លទ្ធកម្ម​ដែល​មិនពាក់​ព័ន្ធ​នឹ​ង​មូលនិធ​ិពិភព​លោក​។

OIG ក៏បាន​រក​ឃើញ​ដែរ​ថា ក្រុម​ហ៊ុន​ជា​ភាគី​ទី៣​ដែល​បាន​ដាក់​ពាក្យ​ដេញ​ថ្លៃ​ ក៏​បាន​កែ​ប្រែ​តម្លៃ​ផង​ដែរ​ដើម្បី​ធ្វើ​ឲ្យ​មន្ត្រី​លទ្ធកម្ម​រូប​នោះ​ជ្រើស​រើស​​ក្រុម​ហ៊ុន​ដែល​គាត់​បាន​​​​ទាក់​ទង​ជាមួយ​​។

OIG បាន​លើកឡើង​ថា “ រឿង​នេះ​​​ធ្វើ​ឡើង​ដោយ​សង្ឃឹម​ថា នឹង​ទទួល​បាន​កិច្ច​សន្យា​​នាពេល​អនាគត់​ និងការ​​គាំទ្រ​នៅ​ក្នុង​លទ្ធកម្ម​របស​់​ NCHARDS”។

OIG ក៏បាន​រក​ឃើញ​ផង​ដែរ​ថា អង្គការ​មេឌីខាំ បាន​ជួ​ល​បុគ្គលិក​ពីរ​នាក់​ ជា​ជំនួយការ​បណ្ដុះ​បណ្ដាល​ម្នាក់​ និង​អ្នក​សម្រប​សម្រួ​ល​ផ្នែក​ជំងឺ​អេដស៍​ម្នាក់​ ដោយ​ប្រើ​ជំនួយ​របស់​មូលនិធិពិភពលោក​ ដែល​ផ្ដល់​តាម​រយៈ​ NCHARDS ​តែភាព​ជាក់​ស្ដែង​អត់​មាន​សោះ​ ប៉ុន្តែ​ត្រូវបាន​រាប់​បញ្ចូល​នៅ​ក្នុង​ឯកសារ​ក្លែង​ក្លាយ​ផ្ញើ​ទៅ​ OIG ។ អង្គការ​មេឌីខាំ ក៏ទទួល​បាន​ប្រាក់​​ខែ​បុគ្គលិក​ក្លែង​ក្លាយ​ដូច​គ្នា​នេះ​ដែរ​​ពី​ម្ចាស់​ជំនួយ​ផ្សេងៗ​ទៀត។

របាយការណ៍​នេះ​លើក​ឡើង​ថា “ ​ដោយ​​សារ​តែ​​ទង្វើ​របស់​អង្គការ​មេឌីខាំ ជំនួយ​មូលនិធិ​របស់​មូល​និធិពិភពលោក​ត្រូវ​បាន​​ចំណាយ​​ដោយ​មិន​​ត្រឹម​ត្រូវ​ចំនួន​២០.៧២៥​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​មុខ​តំណែង​បុគ្គលិក​ដែលតាម​ពិត​​មិនដែល​​​បាន​បំពេញ​​​សោះ​”។

កាលពីខែ​តុលា ឆ្នាំ​២០១២ អង្គការ​មេឌី​ខាំ បាន​ប្រាប់​ OIG នៅ​ក្នុង​លិខិត​មួយ​ផ្ញើទៅ​បុគ្គលិក​ពីរនាក់​នោះ ដែល​ម្នាក់​មាន​តួនាទី​ជា​ជំនួយ​ការ​ផ្នែក​បណ្ដុះ​បណ្ដាល​ និង​ម្នាក់​ទៀត​ជ​ាអ្នក​ពិគ្រោះ​យោបល់​​ ត្រូវ​បាន​ជួល​ដោយ​ប្រើ​ជំនួយ​មូលនិធិ​របស់​មូល​និធិពិភព​លោក​។ តែ​ទោះជាយ៉ា​ង​ណា កាលពី​ខែកក្កដា អង្គការ​​នេះ​បាន​លើក​ឡើង​ថា ខ្លួន​មិន​បាន​ជួល​ជំនួយ​​​ការ​បណ្ដុះ​បណ្ដាល​ និង​បុគ្គលិក​ម្នាក់​ទៀត​ដែល​មាន​មុខ​តំណែង​ជា​អ្នក​ពិគ្រោះ​យោ​បល់​នោះទេ។

របាយការណ៍​នេះ​បន្ត​ថា “ ដោយ​មាន​ភ័ស្តុតាង​ និង​ការ​ពន្យល​់​បក​ស្រាយ​ក្លែង​ក្លាយ​​ និង​បញ្ច្រាស់​គ្នារបស់​អង្គការមេឌីខាំ និង​ភ័ស្តុ​តាង​ដែល​មាន​ការ​កត់​ត្រាទុក ដែល​ OIG យល់​ថា វា​មាន​ការ​ពិបាក​ក្នុង​ការ​ទទួល​ស្គាល់​ថា ទង្វើ​របស់​អង្គការ​មេឌីខាំ” ។

លោក សុិន សុមុនី នាយក​ប្រតិបត្តិ​អង្គការ​មេឌីខាំ​បាន​លើក​ឡើង​ថា បុគ្គលិក​របស់​លោក​​បាន​ផ្ញើ​ឯកសារខុស​ដោយ​ចៃដន្យ​ទៅ​ឲ្យ​ OIG។ លោក​បាន​មាន​ប្រសា​សន៍​ថា “ ទេ​គ្មាន​បំណង​​ទេ​ វាមិន​មែនជា​ការ​រៀប​ចំ​ឡើយ​ គឺ​គ្រាន់​តែការ​ច្រឡំ​របស់​បុគ្គលិកម្នាក់របស់​យើង​តែ​ប៉ុណ្ណោះ​។ នាង​រវល់​ខ្លាំង​ណាស់​ ហេតុ​ដូច្នេះ​ហើយ​ទើប​ច្រឡំ​ឯកសារ​”។ លោក​បន្ថែមថា អង្គការ​មេឌីខាំ​បាន​ពន្យល​់​ការ​ច្រឡំ​នេះ​ដល់ ​OIG ហើយ ហើយ​លោក​មិន​ដឹងឡើយ​​ថា ហេតុ​​អ្វី​បាន​ជា​អង្គការ​របស់​លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​សារ​ការ​ច្រឡំ​ឯកសារ​នោះ​។
លោក សុមុនី បាន​បន្ថែម​ទៀត​ថា “ យើង​មាន​​ខ្ទង់​ចំណាយ​លើ​ថវិកាដែល​បាន​មក​​ពី​មូលនិធិ​ពិភពលោក​។ មូលនិធិ​ដែល​ទទួល​បាន​ ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​ជួល​ជំនួយ​ការ​បណ្តុះ​បណ្តាល​។ នៅ​ពេល​យើង​ជួល​បុគ្គលិក​យើង​បាន​ជួល​ពួកគេ​ឲ្យ​ធ្វើ​ជា​អ្នកស​ម្រប​សម្រួល​ផ្នែក​តស៊ូ​មតិ។ ហើយ​បញ្ហានេះ​បាន​ធ្វើ​ឲ្យ​ពួកគេ​ [OIG] យល់​ច្រឡំ”។

លោក​បាន​លើក​ឡើង​ថា បុគ្គលិក​ផ្សេង​ត្រូវ​​បាន​ដំឡើង​តំណែង ហើយ​ប្រាក់ខែ​របស់​បុគ្គលិក​មួយ​ចំនួន​គឺ​ម្ចាស់​ជំនួយ​ទាំង​ពីរ​ជាអ្នក​ចេញ​ ពី​ព្រោះ​ការ​ចំណាយ​​លើ​ប្រាក់​ខែ​មិន​អាច​​ពឹង​ផ្អែក​លើ​ម្ចាស់​ជំនួយ​តែមួយ​បាន​ឡើយ។
លោក​បាន​មានប្រសាសន៍​ថា “ ឧទាហរណ៍​ប្រាក់​ខែ​របស់​នាង​គឺ​៨០០ដុល្លារ​ យើង​បាន​យក​៥៧៥ដុល្លារ​ពី​មូលនិធិ​របស់​លោក ហើយ​យើង​បាន​យក​២២៥ដុល្លារ​ផ្សេង​ទៀត​​ពី​ម្ចាស់​ជំនួយ​ផ្សេង​ទៀត​ ដើម្បី​បង្គ្រប់​​ប្រាក់ខែ​របស់​​​៨០០ដុល្លារ​​របស់​នាង”។

មុនពេល​ចេញ​របាយការណ៍​ មូលនិធិ​ពិភពលោក​បាន​លើក​ឡើង​ថា ខ្លួន​បាន​ផ្អាក​កិច្ច​សន្យាទាំង​អស់​ជាមួយ​ក្រុម​ហ៊ុន​ផ្គត់ផ្គង់​មុង Sumitomo និង​ក្រុម​ហ៊ុន Vestergaard Frandsen។ ក្រុម​ហ៊ុន​ទាំង​ពីរនេះ​មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​​ការ​បំភ្លឺ​ឡើយ។

យោង​តាម​របាយការណ៍នេះ​បាន​ឲ្យ​ដឹង​ថា ទោះ​ជាយ៉ាង​ណា​ ក្រុម​ហ៊ុន​ទាំង​ពីរ​បាន​លើក​ឡើង​ថា ខ្លួន​បដិសេធ​មិន​ទទួលខុស​ត្រូវ​​ចំពោះ​ប្រាក់សគុណទាំងនេះឡើយ​ ព្រោះ​នេះ​ជា​រឿង​បុគ្គលិក​។

មន្ត្រី​រដ្ឋាភិបាល​បាន​លើក​ឡើង​កាលពី​ឆ្នាំមុន​ថា មូលនិធិ​ពិភពលោក​បាន​ប្រគល់​ការ​គ្រប់​គ្រង​ជំនួយ​មូលនិធ​ិរបស់​ខ្លួនសម្រាប់​​ប្រទេស​កម្ពុជា​ដែលមាន​ចំនួន​សរុប​២០០​លាន​ដុល្លារ​ចាប់​ពី​ឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០១០​ឲ្យ​ទៅ UNDP ។

កាលពី​ថ្ងៃសុក្រ​ UNDP បាន​បដិសេធ​ថា ខ្លួន​មិន​បាន​គ្រប់​គ្រង​មូលនិធិ​ណាមួយ​ក្នុង​ចំណោម​មូលនិធិ​ទាំង​នេះ​ទេ៕ សុខុម

(រាយការណ៍​បន្ថែម​ដោយ គុច ណារ៉េន)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស