ខេត្តចំបា៉សាក់, ឡាវ-អស់រយៈពេលបីថ្ងៃក្នុងសប្ដាហ៍នេះ រដ្ឋាភិបាលឡាវ និងក្រុមហ៊ុនម៉ាឡេស៊ីមួយដែលស្ថិតនៅក្រោយគម្រោងស្ថាបនាទំនប់វារីអគ្គិសនីដនសាហុងកម្លាំង២៤០មេហ្គាវ៉ាត់ បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបញ្ចុះបញ្ចូលមន្ត្រីពោរពេញដោយមន្ទិលសង្ស័យមួយក្រុមមកពីប្រទេសកម្ពុជា និងវៀតណាម ឲ្យទទួលយកគម្រោងនេះ។
មន្ត្រីទាំងនេះត្រូវបានគេរៀបចំអាហារទទួលយ៉ាងបរិបូរណ៍នៅសណ្ឋាគារផ្កាយប្រាំមួយកន្លែងក្នុងក្រុងប៉ាកសេ ក្នុងនោះគឺមានទាំងស៊ុបព្រុយត្រីឆ្លាមនិងទាខ្វៃផង។ របៀបវារៈសម្រាប់ជំនួបនៅយប់ថ្ងៃច័ន្ទ គឺរួមមាន អាហារពេលល្ងាចអមជាមួយនឹងស្រាបៀរ និងស្រាវីស្គី សម្រាប់ភ្ញៀវ ដែលត្រូវបានរាំកំដរដោយស្ត្រីរបាំប្រពៃណីឡាវមួយក្រុម។
អំឡុងពេលចុះពិនិត្យរយៈពេលមួយថ្ងៃពេញនៅឯទន្លេមេគង្គលើក្បែរកន្លែងសាងសង់ទំនប់វារីអគ្គិសនីនេះ ប្រជាជនមូលដ្ឋាន និងសិស្សសាលាក្នុងឯកសណ្ឋានថ្មីបានឈរតម្រង់ជួរគ្នាតាមផ្លូវលំមួយដើម្បីញញឹមរាក់ទាក់ និងលើកដៃសំពះគណៈប្រតិភូដែលធ្វើដំណើរឆ្លងកាត់។
វាជាការរៀបចំយ៉ាងសម្រិតសម្រាំងមួយក្នុងបំណងបញ្ចុះបញ្ចូលគណៈប្រតិភូ។ ក៏ប៉ុន្តែ ទោះបីជាមានការទទួលស្វាគមន៍ដ៏គគ្រឹកគ្រេងយ៉ាងណាក៏ដោយចុះ ក៏គណៈប្រតិភូចូលរួមក្នុង“ទស្សនកិច្ចសិក្សា” ដែលរួមមានអ្នកបរិស្ថាននិងប្រទេសម្ចាស់ជំនួយ ដូចជា អាមេរិក និងស្វីស ព្រមទាំងមន្ត្រីរដ្ឋាភិបាលកម្ពុជា និងវៀតណាម និងអ្នកកាសែតមួយចំនួនទៀតមិនបានជឿការបញ្ចុះបញ្ចូលរបស់ក្រុមហ៊ុននេះទេ។
លោក ឡេ ដឹក ទ្រុង (Le Duc Trung) អគ្គនាយកនៃគណៈកម្មាធិការទន្លេមេគង្គជាតិវៀតណាម បានមានប្រសាសន៍នៅថ្ងៃបញ្ចប់ទស្សនកិច្ចសិក្សារយៈពេលបីថ្ងៃនេះថា “ ខ្ញុំអាចមើលឃើញថា នៅមានការកែសម្រួល ការងារចំាបាច់ និងព័ត៌មាន ព្រមទាំងការវាស់ស្ទង់ជាច្រើនទៀតដែលត្រូវធ្វើមុនការសាងសង់ទំនប់នេះចាប់ផ្តើម”។
លោក ដឹក ទ្រុង បានបញ្ជាក់ថា ខ្លួននៅតែមានការ “ ខកចិត្ត” ចំពោះអំណះអំណាងមួយចំនួនក្នុងចំណោមអំណះអំណាងរបស់រដ្ឋាភិបាលឡាវ និងក្រុមហ៊ុនម៉ាឡេស៊ី គឺក្រុមហ៊ុន Mega First Corporation ដែលថា ទំនប់នេះនឹងមិនបង្កផលប៉ះពាល់ដល់ទន្លេមេគង្គ។
លាតសន្ធឹងកាត់ផ្លូវទឹកហ៊ូ សាហុង លើទន្លេមេគង្គ គម្រោងសាងសង់ទំនប់វារីអគ្គិសនី ដន សាហុង នេះបានរងការរិះគន់យ៉ាងខ្លាំងចាប់តាំងពីរដ្ឋាភិបាលឡាវបានប្រកាសអំពីការចាប់ផ្ដើមគម្រោងនេះនៅដើមខែតុលា មក។
ក្រុមអ្នកការពារបរិស្ថានបានលើកឡើងថា ទំនប់នេះគឺនឹងកាត់ផ្ដាច់ផ្លូវមួយនៅក្នុងចំណោមផ្លូវបម្លាស់ទីយា៉ងសំខាន់បំផុតរបស់មច្ឆជាតិនៅឯអាងទន្លេមេគង្គក្រោម ដោយនឹងធ្វើឲ្យប៉ះពាល់ខ្លាំងដល់សន្តិសុខស្បៀងអាហារសម្រាប់ប្រជាពលរដ្ឋរាប់លាននាក់ក្នុងតំបន់នេះ ភាគច្រើនរស់នៅក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាម នៅឯខ្សែទឹកខាងក្រោម។
ជាអ្នកចុះកិច្ចសន្យាសាងសង់ទំនប់នេះឲ្យរដ្ឋាភិបាលឡាវ តំណាងក្រុមហ៊ុន Mega First បានលើកឡើងថា ខ្លួនមិនជឿក្រុមអ្នកបរិស្ថានទេ។
អំឡុងការធ្វើបទបង្ហាញមួយនៅសណ្ឋាគារ ហ្គ្រែន ចំបា៉សាក់ (Champasak Grand Hotel) ក្នុងក្រុងប៉ាកសេ កាលពីថ្ងៃអាទិត្យ តំណាងក្រុមហ៊ុន Mega First បានលើកឡើងថា ខ្លួននឹង “ លុបបំបាត់ការភាន់ច្រឡំ” ពីទំនប់វារីអគ្គិសនីនេះក្នុងចំណោមអ្នកបរិស្ថាន។
ក៏ប៉ុន្តែ ប្រសិនបើអ្វីដែលធ្វើឲ្យក្រុមអ្នកបរិស្ថានមានការព្រួយបារម្ភ ក្លាយជាការពិតហើយធនធានជលផលរងការប៉ះពាល់មែននោះ តើនរណាជាអ្នកទទួលខុសត្រូវ?
នេះជាសំណួរដែលលោក តែ ណាវុធ អគ្គលេខាធិការគណៈកម្មាធិការទន្លេមេគង្គជាតិកម្ពុជា បានចោទសួរលោក Peter Hawkins អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកបរិស្ថាននៅក្រុមហ៊ុន Mega First ។
លោក ណាវុធ បានចោទសួរថា “ ប្រសិនបើវិធានការ [ការពារធនធានជលផល] មិនមានប្រសិទ្ធភាពទេនោះ តើនឹងមានអ្វីកើតឡើង? យើងពុំអាចធានាបានថា វានឹងមានប្រសិទ្ធភាពដូចការរំពឹងទេ”។
លោក Peter Hawkins បានឆ្លើយតបថា ខ្លួនមានទំនុកចិត្តថា “ ការភាន់ច្រឡំ” របស់ក្រុមអ្នកបរិស្ថាននឹងមិនក្លាយជាការពិតឡើយ។ ប៉ុន្តែ លោកបានបញ្ជាក់ថា ប្រសិនបើវាក្លាយជាការពិតមែននោះ វាគឺជាបញ្ហាដែលរដ្ឋាភិបាលឡាវត្រូវដោះស្រាយ។
លោកបានប្រាប់លោក ណាវុធ ថា “ ឥឡូវ យើងមានទំនុកចិត្តមុតមាំថា យើងអាចធ្វើ [ការបញ្ចៀសផលប៉ះពាល់លើធនធានជលផល] បាន ក៏ប៉ុន្តែ…ប្រសិនបើការភាន់ច្រឡំក្លាយជាការពិតមែននោះ រដ្ឋាភិបាលឡាវ គឺជាអ្នកដែលត្រូវធ្វើការសម្រេចចិត្ត”។
លោក ណាវុធ បានមានប្រសាសន៍ក្នុងថ្ងៃដដែលនោះថា ខណៈរដ្ឋាភិបាលឡាវ ទទូចថាទំនប់វារីអគ្គិសនីដន សាហុង គ្រាន់តែជា “ ទំនប់លើដៃទន្លេ” នោះ កម្ពុជា ជឿថា វាស្ថិតនៅទន្លេមេគង្គខ្សែទឹកខាងលើ។
យោងលើនីតិវិធីដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងទន្លេមេគង្គឆ្នាំ១៩៩៥ រាល់គម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅលើខ្សែទឹកមេរបស់ទន្លមេគង្គ ដាច់ខាតត្រូវឆ្លងកាត់ដំណើរការពិគ្រោះយោបល់ក្នុងចំណោមប្រទេសជាសមាជិកជាមុនសិន។ គួរបញ្ជាក់ថា កិច្ចព្រមព្រៀងមិនភ្ជាប់កាតព្វកិច្ចនេះគឺត្រូវបានចុះហត្ថលេខាដោយបណ្តាប្រទេសជាសមាជិកគណៈកម្មាធិការទន្លេមេគង្គ ហៅកាត់ថា MRC ក្នុងនោះមានប្រទេស កម្ពុជា ឡាវ វៀតណាម និងថៃ។ កិច្ចព្រមព្រៀងនេះគឺសំដៅគ្រប់គ្រងរាល់ការអភិវឌ្ឍន៍នៅលើទន្លេមេគង្គ។
កិច្ចព្រមព្រៀងដែលគេហៅថា ដំណើរការពិគ្រោះយោបល់ជាមុននេះ តាមទ្រឹស្តីគឺថា រដ្ឋាភិបាលនៃប្រទេសជាសមាជិកទាំងអស់ដាច់ខាតត្រូវមានការព្រមព្រៀងគ្នាមុនពេលប្រទេសណាមួយចាប់ផ្ដើមការសាងសង់លើខ្សែទឹកមេរបស់ទន្លេនេះ។ ចំណែកឯទំនប់វារីអគ្គិសនីនៅលើដៃទន្លេមេគង្គវិញគឺគ្រាន់តែឆ្លងកាត់នូវ “ ដំណើរការជូនដំណឹង” ទៅប្រទេសជាសមាជិកប៉ុណ្ណោះ គឺមិនសូវតឹងតែងដូចការសាងសង់លើខ្សែទឹកមេទេ។
លោក តែ ណាវុធ បានមានប្រសាសន៍ថា “ រដ្ឋាភិបាលឡាវ គឺគ្រាន់តែបានជូនដំណឹងអំពីគម្រោងសាងសង់ទំនប់វារីអគ្គិសនី ដន សាហុង នេះតែប៉ុណ្ណោះ [ដោយសម្អាងថា វាស្ថិតនៅលើដៃទន្លេមេគង្គ] ខណៈតាមពិតទីតាំងនៃទំនប់នេះស្ថិតនៅលើខ្សែទឹកមេនៃទន្លេមេគង្គ ទោះបីជាវា [ គ្រាន់តែជា] ផ្លូវទឹកមួយក្នុងចំណោមផ្លូវទឹកដ៏សំខាន់ទាំងប្រាំពីរក៏ដោយចុះ”។
លោកមានប្រសាសន៍បន្តថា “ វាស្ថិតនៅលើខ្សែទឹកមេ មិនមែនដៃទន្លេទេ” ដោយបន្ថែមថា គេមិនអាចនិយាយអំពីការសាងសង់ទំនប់វារីអគ្គិសនីមុនពេលប្រទេសជាសមាជិកទាំងអស់ព្រមព្រៀងគ្នាឡើយ។
លោកបានមានប្រសាសន៍ថា “ [ ការវាយតម្លៃពីផលប៉ះពាល់បរិស្ថានរបស់ពួកគេ] ពុំមានការបញ្ជាក់អ្វីសោះពាក់ព័ន្ធនឹងផលប៉ះពាល់របស់វាលើប្រទេសកម្ពុជា ដែលស្ថិតនៅយ៉ាងកៀក” នឹងទំនប់នេះ។
លោកបានពន្យល់ថា ទំនប់វារីអគ្គិសនីដែលបានស្នើឡើងនេះ គឺស្ថិតនៅចម្ងាយត្រឹមតែ១,៥គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនកម្ពុជា ក្នុងខេត្តស្ទឹងត្រែង។
លោកបានថ្លែងថា“ ដូច្នេះ យើងចង់ឲ្យរបាយការណ៍វាយតម្លៃនេះរាប់បញ្ចូលទាំងកម្ពុជាផង ដើម្បីឲ្យបានយល់ពីផលប៉ះពាល់ឆ្លងព្រំដែន”។
បើទោះជាមានការរៀបចំពិធីស្វាគមន៍យ៉ាងគគ្រឹកគគ្រេងដោយមានការផ្ដល់ជូនស្រាបៀរហូរហៀរ និងការព្យាយាមបញ្ចុះបញ្ចូលថា មានការ “ ភាន់ច្រឡំ” ពីសំណាក់តំណាងក្រុមហ៊ុន Mega First នេះយ៉ាងណាក៏ដោយ ក៏គណៈប្រតិភូនៅតែមានការលំបាកណាស់ក្នុងការទទួលយកការអះអាងដែលថា ទំនប់នេះនឹងធ្វើឲ្យធនធានជលផលនៅក្នុងតំបន់នេះមានភាពប្រសើរឡើងនោះ។
ការលើកអំណះអំណាងផ្ទុយពីការយល់ឃើញរបស់មជ្ឈដ្ឋានទូទៅនេះ គឺធ្វើឡើងដោយលោក វីរ៉ាផន វីរ៉ាវង្ស (Viraphonh V-iravong) អនុរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលនៃប្រទេសឡាវ។
អំឡុងទស្សនកិច្ចនៅឯកោះតូចមួយលើទន្លេ ហ៊ូ សាដាំ (Hou Sadam River) លោកវីរ៉ាវង្ស បានពន្យល់ថា អ្នកភូមិនៅក្នុងមូលដ្ឋានតាមពិតទៅ បានត្អូញត្អែរពីការធ្លាក់ចុះផលនេសាទជារៀងរាល់ឆ្នាំនៅលើផ្នែកនៃទន្លេមេគង្គនេះស្រាប់ទៅហើយ ទោះបីជាពុំមានទំនប់វារីអគ្គិសនីសូម្បីតែមួយក៏ដោយចុះ។
លោកថ្លែងថា “ យើងមិនទាន់បានសាងសង់ទំនប់ណាមួយនៅទីនេះទេ។ យើងមិនទាន់បានរាំងខ្ទប់ទន្លេណាមួយទេ ក៏ប៉ុន្តែធនធានត្រីនៅតែមានការធ្លាក់ចុះ គឺវាធ្លាក់ចុះរាល់ឆ្នាំស្រាប់ទៅហើយ”។
លោកបានបន្ថែមថា ទំនប់ដន សាហុង គឺនឹងជួយធ្វើឲ្យស្ថានភាពនេះប្រសើរឡើងព្រោះថា “ ផ្លូវត្រីជាជម្រើសផ្សេង” ដែលក្រុមហ៊ុន Mega First បានស្នើឡើង នឹងផ្ដល់ផ្លូវផ្សេងៗទៀត សម្រាប់ការបម្លាស់ទីរបស់មច្ឆជាតិក្នុងប្រទេសពាក់ព័ន្ធ។
គណៈប្រតិភូរបស់រដ្ឋាភិបាលវៀតណាម ដែលបានធ្វើការរិះគន់ចំៗអំពីផលប៉ះពាល់របស់ទំនប់នេះលើមច្ឆជាតិនោះ បានចោទសួរពីភាពសមហេតុផលនៃអំណះអំណាងរបស់លោក វីរ៉ាវង្ស។
លោក ង្វៀន វ៉ាន់ បាង (Nguyen Van Bang) អ្នកជំនាញផ្នែកជលផលនៃគណៈកម្មាធិការទន្លេមេគង្គជាតិវៀតណាម បានចោទសួរថា “ ជាមួយនឹងការយល់ដឹងតិចតួចពីឥរិយាបថរបស់ត្រី និងស្ថានភាពមិនច្បាស់លាស់ [ជុំវិញផ្លូវទឹករបស់ទន្លេ] តើលោកអាចធានាបានថា [ផលប៉ះពាល់] លើការបម្លាស់ទីរបស់ត្រីនឹងអាចបញ្ចៀសបានដោយរបៀបណា?”។
ដោយមិនខ្ចីខ្វល់ លោក វីរ៉ាវង្ស បានធ្វើការធានាអះអាងនៅចំពោះមុខគណៈប្រតិភូថា ឡាវ គឺជាប្រទេសទី១ ដែលនឹងរងផលប៉ះពាល់អវិជ្ជមានពីទំនប់នេះ។
លោកបានលើកឡើងថា “ ប្រសិនបើវាបង្កផលប៉ះពាល់លើប្រជាពលរដ្ឋកម្ពុជាមែននោះ ប្រជាពលរដ្ឋឡាវនឹងរងផលប៉ះពាល់មុន។ ដូច្នេះយើងនឹងធ្វើឲ្យប្រាកដថា វាមិនបង្កការលំបាកដល់ប្រជាពលរដ្ឋរបស់យើង។ ប្រសិនបើមានអ្វីមួយកើតឡើងនោះ វាជារឿងងាយស្រួលទេ គឺគ្រាន់តែកម្ទេចទំនប់នេះចោលទៅ វាក្លាយជាទឹកធ្លាក់ធម្មជាតិមួយវិញបាត់ទៅហើយ”។
គណៈប្រតិភូនេះឧស្សាហ៍ឃើញប្រកែកគ្នាជាមួយជំនាញការរបស់ក្រុមហ៊ុន Mega First ណាស់ពាក់ព័ន្ធនឹងវិធីសាស្ត្រមួយចំនួនដែលពួកគេគ្រោងនឹងប្រើ ដើម្បីបញ្ចៀសផលប៉ះពាល់ ក្នុងនោះគឺមានដូចជាការប្រើតួប៊ីន “ ពុំបង្កការប៉ះពាល់ដល់ត្រី” ក្នុងទំនប់វារីអគ្គិសនីនេះ និងការធ្វើផ្លូវទឹកភ្លោះនៅឯទន្លេក្បែរនោះដើម្បីឲ្យវាមានលក្ខណៈដូចគ្នានឹងទន្លេ ហ៊ូ សាហុង។គួរបញ្ជាក់ថា តួប៊ីននេះ មានដំណើរការយឺតជាងតួប៊ីនធម្មតា។
ខណៈគណៈកម្មការទន្លេមេគង្គ MRC បានប្រកាសពីដំបូងថា ការសាងសង់ទំនប់ ដន សាហុង នឹងចាប់ផ្ដើមនៅក្នុងខែនេះនោះ លោក វីរ៉ាវង្ស បានបញ្ជាក់ថា ទំនប់នេះគឺមិនទំនងថា នឹងអាចចាប់ផ្ដើមដូចការគ្រោងទុកទេ គឺត្រូវរង់ចាំរហូតដល់ចុងឆ្នាំ២០១៤។
លោកមានប្រសាសន៍ថា “ វានឹងត្រូវប្រើពេលជាង១ឆ្នាំទម្រាំយើងចាប់ផ្ដើមប៉ះពាល់ទន្លេមេគង្គ” ដោយលោកបានសង្កត់ធ្ងន់ថា ឡាវស្វាគមន៍ការផ្ដល់យោបល់ពីប្រទេសជិតខាងរបស់ខ្លួន។ប៉ុន្តែគំនិតនេះមើលទៅមិនស្របនឹងគំនិតរបស់ក្រុមហ៊ុន Mega First ដែលបានវិនិយោគទឹកប្រាក់ចំនួន១០លានដុល្លារលើគម្រោងនេះរួចហើយនោះទេ។
លោក Yeong Chee Neng នាយកគ្រប់គ្រងទំនប់វារីអគ្គិសនី ដន សាហុង របស់ក្រុមហ៊ុន Mega First បានមានប្រសាសន៍ថា “ ប្រសិនបើយើងអាចចាប់ផ្ដើមសាងសង់ទំនប់នេះបានតាំងពីម្សិលមិញនោះ វាពិតជាប្រសើរខ្លាំងណាស់”៕ សេរីវុធ