27 C
Phnom Penh

​រោងចក្រ​អេសអិល​អំពាវ​នាវ​ឲ្យ​គេ​ស្ដាប់​ការ​លំបាករបស់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រោង​ចក្រ​កាត់​ដេរ​អេសអិល​គឺ​ជា​រោង​ចក្រ​តែ​មួយ​គត់​ដែល​ពោរ​ពេញ​ទៅ​ដោយ​ការ​តវ៉ា​ និង​ការ​ធ្វើ​កូដកម្ម​នៅ​ក្នុង​វិស័យ​កាត់​ដេរ​ ដែល​មាន​​កម្មករ​ កម្មការិនី​រាប់​មឺុន​នាក់​។

កម្មករ កម្មការិនី​កាត់​ដេរ​រាប់​ពាន់​នាក់​បាន​​មាន​ជម្លោះ​ជាមួយ​អ្នក​គ្រប់​គ្រង​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ​ ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​ប្រាក់​បន្ថែម​សម្រាប់​អាហារ​ថ្ងៃ​ត្រង់ និង​ដក​ម្ចាស់​ភាគ​ហ៊ុន​ម្នាក់​ក្នុង​ចំណោម​ម្ចាស់​ភាគហ៊ុន​ទាំង​អស់​របស់​រោងចក្រ​កាត់​ដេរ​នេះ​ គឺលោក មាស​ សុធា។

កាលពី​ថ្ងៃ​អង្គារ ការ​តវ៉ា​ចុង​ក្រោយ​របស់​កម្មករកាត់​ដេរ​​​រោង​ចក្រ​អេស​អិល​ ​​បណ្តាល​​​ឲ្យមាន​អ្នក​ស្លាប់​អំឡុង​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​អ្នក​តវ៉ា និង​នគរបាល​នៅ​ក្នុង​ខណ្ឌ​មាន​ជ័យ​ក្នុង​រាជធានី​ភ្នំពេញ​។ នគរបាល​បាន​បាញ់​គ្រាប់​កាំភ្លើង​ពិត​លើ​យុវជន​ប្រដាប់​ដោយ​ដុំ​ថ្ម​ជាការ​ឆ្លើយ​តប​ ហើយ​អ្នក​លក់​អាហារ​តាម​ចិញ្ចើ​ម​ផ្លូវ​ម្នាក់​ត្រូវ​គ្រាប់​ស្លាប់​ និង​មនុស្ស​​​មួយ​ចំនួន​ទៀត​រង​របួស​។

នៅ​ក្នុង​រោង​ចក្រ​កាលពី​ថ្ងៃ​សុក្រ លោក ជូសេហ្វ គី ឡឹង​លី (Joseph Kee Leung) កើត​នៅ​​ទីក្រុង​ហុង​កុង​ ជា​នាយក​រោងចក្រ​កាត់​ដេរ​អេសអិលបាន​លើក​ឡើង​ថា លោក​មាន​អារម្មណ៍​មិនសូវ​ជា​សប្បាយ​នោះ​ទេ។ លោក​​បាន​មាន​ប្រសាសន៍​ថា “ យើង​ចង់​ឲ្យប្រជា​ពលរដ្ឋ​ស្តាប់​រឿង​របស់​យើង​វិញ​ម្តង​”។

យោង​តាម​លោក កោះ ចុង​ហូ (Koh Chong) ជន​ជាតិ​សិង្ហបុរី ជាអ្នក​គ្រប់​គ្រង​ទូទៅនៅ​រោង​ចក្រ​អេស​អិល​​បាន​លើក​ឡើង​ថា “ យើង​ជា​ជន​រង​គ្រោះ​”។

លោក ឡឹងលី ​​មាន​ប្រសាសន៍​ពាក់​ព័ន្ធ​​នឹង​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​​​កម្ពុជា​ហៅកាត់​ថា ស៊ីខៅ​ឌូ ​នៅ​ខាង​ក្រៅ​​ច្រក​ទ្វារ​រោង​ចក្រ​ក្រោម​ឆត្រ​មួយ​នៅ​លើ​ផ្លូវ​​ជង្ហុក​​ និង​មាន​ភក់​ថា “វា​ជាការ​ងាយ​ទេ​សម្រាប់​ប្រជា​​ពលរដ្ឋ​ក្នុង​ការ​​រក​រោង​ចក្រ​អេសអិល​។ នៅ​​ពេល​គេ​ឃើញ​មាន​ការ​បិទ​ផ្លូវ​ ​នោះហើយ​គឺ​រោងចក្រ​អេសអិល! កម្មករ​​កាត់​ដេរ​ធ្វើការ​តវ៉ា​​អស់​រយៈ​ពេល​បី​ខែ​មក​ហើយ​”។

រោងចក្រនេះ​មាន​កម្មករ​ប្រហែល​៥.០០០​​នាក់​បើគិត​នៅគ្រប់​​ផ្នែកទាំងអ​ស​់​ ប៉ុន្តែ អំឡុង​រោង​ចក្រនេះ​នៅ​តែ​បន្ត​ដំណើរ​ការ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃនេះ មាន​តែ​កម្មករ​កម្មការិនី​ប្រហែល​២.០០០នាក់​ប៉ុណ្ណោះ បាន​ឆ្លង​កាត់​រោង​ចក្រ​ជារៀង​រាល់​ថ្ងៃ។

លោក ឡឹងលី បានមាន​ប្រសាសន៍​ថា “ ការ​​​ខាត​បង់​ជាក់​ស្តែង​ពីការ​ធ្វើកូដកម​្ម​គឺ​​ប្រហែល​៥០លាន​ដុល្លារ​”។
ភាព​តាន​តឹង​បានកើត​មាន​រវាង​កម្មករ​ និង​អ្នក​គ្រប់​គ្រង​ជាច្រើន​លើក​ច្រើន​សាហើយ​ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្សេង​ៗគ្នា។

លោក ឡឹង​លី បាន​លើក​ឡើង​ថា រោង​ចក្រ​​បាន​ផ្តល់​អាហារ​ថ្ងៃ​ត្រង់​តម្លៃ​​០,២៥​ដុល្លារ​ដោយ​ឥត​គិត​ថ្លៃដល់​កម្មករ​។ ហើយ​នៅ​ពេល​ពួកគេ​បោះ​​ចោល​អាហារ​ថ្ងៃ​ត្រង់​ដោយ​ឥតគិត​ថ្លៃ​នេះទៅ​លើ​ដី​ ដើម្បី​តវ៉ា​ពីគុណភាព​អាហារ​ថ្ងៃត្រង់​នោះ អ្នក​គ្រប់​គ្រង​រោងចក្រ​បាន​អញ្ជើញ​តំណាង​កម្មករ​ និង​តំណាង​សហជីព​ឲ្យ​​ត្រៀមបញ្ជី​​មុខ​ម្ហូប​ប្រចាំ​សប្តាហ៍​។

លោក ឡឹងលី បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​បាន​ដោះ​ស្រាយ​បញ្ហា​ ហើយ​អប់រំ​ពួកគាត់​។ នេះ​ជាវិធីសាស្ត្រ​ដែល​ខ្ញុំ​ធ្វើ​នៅ​ទីនេះ​”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា “ អំឡុង​ការ​ធ្វើ​កូដកម្ម​កាលពីខែ​ឧសភា ឆ្នាំ​មុន ដែល​បាន​បន្ត​អស់​រយៈពេល​ប្រហែល​បី​សប្តាហ៍​ កម្មករ​បាន​ដុត​បំផ្លាញម៉ូតូ​អស់​៥០​គ្រឿង។ ហើយ​បន្ទាប់​ពី​កូដកម្ម​នេះ​ យើង​បាន​ចរចា​ជាច្រើន​លើ​ក​ច្រើន​សា​​ជាមួយ​សហ​​ជីព​ ហើយ​ពួកគេ​បាន​សន្យាថា នឹង​មិន​ធ្វើ​កូដ​កម្ម​បន្ត​ទៀត​ទេ ប្រសិន​បើ​យើង​យល់​ព្រម​សម្រួល​លើ​ចំណុច​មួយ​ចំនួន​”។

លោក​បាន​លើក​ឡើង​ថា អ្នក​គ្រប់​គ្រង​មាន​ទំនាក់​ទំនង​យ៉ាង​ល្អ​ជាមួយ​សហជីព​ទាំង​បី​នៅ​ក្នុង​រោង​ចក្រ​។
យោង​តាម​លោក ឡឹងលី បាន​ឲ្យ​ដឹង​ថា សហជីព​​​ស៊ីខៅឌូគឺ​ជា​សហជីព​តែ​មួយគត់​ដែល​ដោះស្រាយ​បញ្ហាសំណើ​ពាក់​​ព័ន្ធ​នឹង​ការ​គ្រប់​គ្រង​ ដើម្បី​ឲ្យ​មាន​ការ​កែ​ប្រែ​វេន​ធ្វើការ​ពី​បី​វេន​ទៅ ពីរវេន ​​ជា​ចំណាត់​ការ​មួយ​ដែល​គណៈគ្រប់គ្រង​អះអាង​ថា នឹង​អាច​ធ្វើ​ឲ្យ​កម្ម​ករ​​ទទួល​ប្រាក់​បន្ថែម​ម៉ោង​ច្រើន។

លោក ឡឹងលី ក៏​បាន​អះអាង​ដែរថា  ប្រាក​​់​ខែ​របស់​កម្មករ​ត្រូវ​បាន​ដំឡើង​ពី​៦១​ដុល្លារ​ទៅ​៩៧ដុល្លារ​ហើយបើ​​បូក​ថែម​ការ​ងារ​បន្ថែម​ម៉ោងទៀត​ កម្មករ​អាច​ទទួល​បាន​ប្រហែល​១៣០ដុល្លារ​ក្នុង​មួយ​ខែ​។ លោក​បាន​បន្ថែម​ថា “ ការ​ទាមទារ​ឲ្យ​ដំឡើង​ប្រាក់​ខែ​ដល​់​១៥០ដុល្លារ​របស់​សហជីព​ នឹង​ធ្វើ​ឲ្យ​រោង​ចក្រ​ក្ស័យ​ធន​”។

នៅ​ពេល​ត្រូវ​បាន​សួរ​ថា តើ​ប្អូនស្រី​របស់​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន គឺអ្នកស្រី ហ៊ុន សេងនី ជា​អ្នក​បោះ​ទុន​នៅ​ក្នុង​រោង​ចក្រ​​អេស​អិលម្នាក់​ដែរ​ឬ លោក ឡឹង​លី បាន​បដិសេធ​មិន​ឆ្លើយ​តប​ឡើយ​ដោយ​បាន​លើក​ឡើង​តែ​ពី​កិច្ច​សន្យា​ជាមួយ​ក្រុម​ហ៊ុន​សន្តិសុខ​ Garuda របស់​អ្នកស្រី​ប៉ុណ្ណោះ​។

លោក ឡឹងលី មិន​បាន​ឆ្លើយ​សំណួរ​ឡើយ​​ នៅ​ពេល​ត្រូវ​បាន​សួរ​ថា តើ​ការ​ទាម​ទារ​ជា​យូរ​​មក​ហើយ​របស់​កម្មករ​ឲ្យ​ដក​លោក មាស សុធា ជា​អ្នក​មាន​ភាគហ៊ុនម្នាក់នៅ​ក្នុង​រោង​ចក្រ​​​ចេញ ត្រូវ​បានដោះ​ស្រាយ​​​ហើយ​ឬនៅ​នោះ​។
ទោះបី​ជា​ការប្រឈម​ដាក់​គ្នា​រវាង​កម្មករ​និងអ្នក​គ្រប់​គ្រង​នៅ​ក្នុង​រោង​ចក្រ​ទំនង​ជា​មិន​អាច​បញ្ចប់​ក៏​ដោយ ក៏​លោក ឡឹងលី នៅ​តែ​មាន​សុទិដ្ឋិនិយម​អំពី​អនាគតនៃ​​រោង​ចក្រ​នេះ​ដែលផលិត​សម្លៀក​បំពាក់​ឲ្យ​ក្រុម​ហ៊ុ​ន​លក់​សម្លៀក​បំពាក់​យីហោ​ Gap និង H&M។

លោក​បាន​មាន​ប្រសាសន៍​ថា“ វា​តែង​តែ​មាន​ភាព​ងងឹត​ខ្លាំង​មុន​ពេល​​​មេឃភ្លឺ”។

លោក អាត់ ធន់ ប្រធានសហជីព​​ស៊ីខៅឌូ​បាន​លើក​ឡើង​ថា លោក​មិន​ជឿ​ថា រោង​ចក្រ​ទទួល​រង​​ការ​លំបាក​ច្រើន​ជាង​កម្មករ​នោះ​ទេ។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ កម្មករ​ជួប​ការ​លំបាក​ ពីព្រោះ​ក្រុម​ហ៊ុន​មិន​ព្រម​ចរចា​”៕ស៊ុយឈាង​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស