31 C
Phnom Penh

មេធាវី​កាណាដា​ថ្កោល​ទោស​នគរបាល​ចំពោះ​ការ​បាញ់​ប្រហារ​​កម្មករ​កាត់ដេរ​​រោង​ចក្រអេស​អិល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេធាវីកាណាដា​មួយ​ក្រុម​បាន​សម្តែង​ក្តី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រើ​គ្រាប់​កាំ​ភ្លើង​ពិត​របស់​នគរបាល​ក្នុង​រាជធានី​ភ្នំពេញ អំឡុង​ការ​តវ៉ា​របស់​កម្មករកាត់​ដេរ​ កាលពី​ថ្ងៃ​អង្គារ​ ដោយ​បណ្តាលឲ្យ​អ្នក​លក់​អាហារ​​តាម​ចញ្ចើម​​ផ្លូវម្នាក់​​ស្លាប់​ ហើយ​ក្រុម​មេធាវី​កាណាដានេះ ក៏បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ និង​មន្ត្រី​យោធា​គោរព​គោល​ការណ៍​មូល​ដ្ឋាន​របស់​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ការ​ប្រើ​ប្រាស់​អាវុធ​ដោយ​នគរបាល​ផង​ដែរ។

​អង្គការ​​ឃ្លាំ​មើ​លសិទ្ធិមនុស្ស​មេធាវី​កាណាដា​ហៅកាត់​ថា (LRWC) ជា​គណៈ​កម្មា​ធិការ​នៃ​មេធាវី​កាណាដា​ដែល​លើក​កម្ពស់​សិទ្ធិមនុស្ស​ និង​ច្បាប់​អន្តរជាតិ​ បាន​សម្តែង​ក្តី​ព្រួយ​បារម្ភ​របស់​ខ្លួន​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឧបនាយក​រដ្ឋមន្ត្រី​ ស ខេង  ឧបនាយករដ្ឋមន្ត្រី​ សុខ អាន លោក អង្គ វង្ស​វឌ្ឍានា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោកឧត្តម​សេនីយ៍ ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ និង​លោក សៅ សុខា មេបញ្ជាការ​កង​រាជអាវុធ​ហត្ថលើ​ផ្ទៃ​ប្រទេស​។

លោក ស្រី​ ហ្គេល ដាវីដសុន (Gail Davidson)  នាយិកាប្រតិបត្តិ​​អង្គការ​ LRWC  បាន​សរសេរ​នៅ​ក្នុង​លិខិត​មួយ​ថា “ អង្គការ​ ​ LRWC  មាន​ក្តី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​​​អំពើ​ហិង្សា​ ដែល​បាន​កើត​ឡើង​នៅ​ខណ្ឌមានជ័យ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៣ ​រវាង​នគរបាល​ និង​ប្រជាពលរដ្ឋ​រួម​ទាំង​កម្មករ​កាត់​ដេរ​ដែល​ធ្វើ​កូដកម្ម​ផង​ដែរ។ អំពើ​ហិង្សា​នេះ​បាន​បណ្តាល​ឲ្យ​អ្នក​លក់​អាហារ​តាម​ចញ្ចើម​​​ផ្លូវម្នាក់​ត្រូវ​គ្រាប់​ស្លាប់​ និង​យ៉ាង​ហោច​​​ណាស់​មនុស្ស​ប្រាំពីរនាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់”។

លិខិត​នេះ​បាន​លើក​ឡើងបន្ត​​ថា “ អង្គការ​  LRWC  សូម​ថ្កោល​ទោស​ចំពោះ​ការប្រើ​អំពើ​ហិង្សា​ដោយ​អ្នក​តវ៉ា​ និង​អាជ្ញាធរ​។ អាជ្ញាធរ​មាន​តួនាទី​ផ្តល់​សិទ្ធិ​សេរី​ភាព​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើការ​តវ៉ា​ដោយ​សន្តិ​វិធី​។ ការ​ប្រើ​កម្លាំង​ប្រឆាំង​អ្នក​តវ៉ា​ត្រូវ​តែ​ដាក់​កំហិត​ឲ្យ​បាន​តឹង​រឹុង ដើម្បី​ធានាសុវត្ថិភាព​សាធារណៈ”។​

លោកស្រី ដាវីដសុន បាន​លើក​ឡើង​ថា ការ​បាញ់​សម្លាប់​អ្នកស្រី អេង សុខុំ អាយុ​៤៩​ឆ្នាំ គឺ​វា​ស្រដៀង​ទៅ​នឹង​ការ​បាញ់​សម្លាប់​អ្នក​ឈរមើល​តាម​ផ្លូវ​ម្នាក់ឈ្មោះ ម៉ៅ សុខច័ន្ទ ដោយ​នគរបាលកាល​ពីថ្ងៃទី​១៥ ​ខែកញ្ញា បន្ទាប់​ពី​នគរបាល​បើកការ​បាញ់​ប្រហារ​អំឡុង​ការប៉ះ​ទង្គិច​គ្នា​ក្បែរ​ស្ពាន​ព្រះ​មុនី​វង្ស​ ក្រោយ​​ពេល​គណបក្ស​ប្រឆាំង​ធ្វើ​មហា​បាតុ​កម្ម​​បាន​មួយ​ថ្ងៃ​។

លិខិត​នេះ​បាន​លើក​ឡើង​បន្ត​ថា “ អង្គការ​  LRWC  សូម​ទាញ​ចំណាប់​អារម្មណ៍​ឲ្យ​ផ្តោត​លើ​គោល​ការ​ណ៍​មូលដ្ឋាន​របស់​អង្គការ​សហ​​ប្រជា​ជាតិ​ស្តី​ពី​ការ​ប្រើ​កង​កម្លាំង​ និ​ង​អាវុធ​ដោយ​​មន្ត្រី​អនុវត្ត​ន៍​ច្បាប់​ ដែល​បញ្ជាក់​ពី​តួនាទី​ដ៏​សំខាន់​របស់​មន្ត្រី​អនុវត្ត​ន៍​ច្បាប់​នៅ​ក្នុង​ការ​ការ​ពារ​សិទ្ធិ​រស់​រាន សេរីភាព​ និង​សន្តិសុខ​បុគ្គល​ ដូច​ដែល​មាន​ការ​ធានា​នៅ​ក្នុង​ការ​ប្រកាស​ជា​​សាកល​ស្តី​អំពី​សិទ្ធិមនុស្ស​ និង​ត្រូវ​បាន​បញ្ជាក់​ម្តង​ទៀត​នៅ​ក្នុង​​អនុសញ្ញាអន្តរជាតិ​ស្តី​ពី​សិទ្ធិ​នយោបាយ​ និង​សិទ្ធិ​ប្រជាពលរដ្ឋ​ស៊ីវិល”។

ក្រុម​មេធាវី​កាណាដា​ បាន​លើក​ឡើង​ដោយ​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​លើ​ការ​ប្រើ​គ្រាប់​កាំភ្លើង​ពិត​ក្បែរ​ស្ពាន​ព្រះ​មុនី​វង្ស​ និង​នៅ​ខណ្ឌមានជ័យ​ថា អាជ្ញាធរ​ត្រូវ​តែ​រក្សា​សុវត្ថិភាព និង​សន្តិភាព​​ប៉ុន្តែ ប្រសិន​បើ​ប្រើ​កម្លាំង​ “ លុះ​ត្រា​តែ​នៅ​ពេល​វេលា​មួយ​ដ៏​ចាំ​បាច់” ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​លើកឡើង​ថា ការ​ផ្តល់​អនុសាសន៍​នេះ​ជា​គំនិត​មួយ​ដ៏​ប្រសើរ​។ លោក​បានប្រសាសន៍​ថា “ រដ្ឋាភិបាល​នឹង​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន​”៕ ស៊ុយឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស