33 C
Phnom Penh

អ្នក​​​ការទូត​​​ជប៉ុន​​​ប្រកាស​​​ពី​​​​​​សេចក្តី​​​រំពឹង​​​ចំពោះ​​​ប្រទេស​​​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅពេល​​​ដែល​​​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន​​​ ​​​កំពុង​​​ទទួល​​​ស្វាគមន៍​​​លោក​​​ សីុនហ្សូ អាបេ នាយក​​​​រដ្ឋ​​​មន្ត្រី​​​ជប៉ុន​​​នៅ​​​ឯ​​​ពិធី​​​ជប់​​​លៀង​​​មួយ​​​នៅ​​​វិមាន​​​សន្តិ​​​ភាព​​​ កាល​​​ពី​​​ល្ងាច​​​ថ្ងៃ​​​សៅរ៍ អ្នក​​​ការទូត​​​ជប៉ុន​​​បាន​​​អង្គុយ​​​បរិភោគ​​​អាហារ​​​ជាមួយ​​​អ្នក​​​កាសែត​​​នៅ​​​ឯ​​​សណ្ឋាគារ​​​ឡឺរ៉ូយ៉ាល់​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ ដើម្បី​​​ប្រាប់​​​អ្នក​​​កាសែត​​​អំពី​​​ស្ថាន​​​ភាព​​​ទំនាក់​​​ទំនង​​​រវាង​​​ប្រទេស​​​ទាំងពីរ​​​។

លោកនាយករដ្ឋមន្ត្រីជប៉ុន សីុនហ្សូ អាបេ អញ្ជើញ​ត្រួតពល​ពេល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ កាល​ពីចុង​សប្តាហ៍​កន្លង​មក​នេះ​។ ជប៉ុន​យល់​ព្រម​ជួយធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធបោះឆ្នោត​នៅកម្ពុជា​តាមសំណើរបស់លោក ហ៊ុន សែន។ សីុវ ចាន់ណា​
លោកនាយករដ្ឋមន្ត្រីជប៉ុន សីុនហ្សូ អាបេ អញ្ជើញ​ត្រួតពល​ពេល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ កាល​ពីចុង​សប្តាហ៍​កន្លង​មក​នេះ​។ ជប៉ុន​យល់​ព្រម​ជួយធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធបោះឆ្នោត​នៅកម្ពុជា​តាមសំណើរបស់លោក ហ៊ុន សែន។ សីុវ ចាន់ណា​

ទោះ​​បីជា​​​​​​លោក អាបេ បាន​​​ចេញ​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​រួម​​​មួយ​​​ជាមួយ​​​លោក ហ៊ុន សែន ដើម្បី​​​សម្តែង​​​នូវ​​​សុទិដ្ឋិនិយម​​​អំពី​​​ការ​​​ពង្រីក​​​ទំនាក់​​​ទំនង​​​ទ្វេ​​​ភាគី​​​បន្ថែម​​​ទៀត​​​ជាមួយ​​​ប្រទេស​​​​​​កម្ពុជាក៏​​​ដោយ​​​ ក៏អ្នក​​​ការទូត​​​ជប៉ុន​​​បាន​​​ធ្វើ​​​ការ​​​វាយ​​​តម្លៃ​​​បែប​​​រិះ​​​គន់​​​​​ចំពោះ​​​អ្វី​​​ដែល​​​ជប៉ុន​​​រំពឹង​​​ថា   នឹង​​​ទទួល​​​​​​បាន​​​ពី​​​រដ្ឋា​​​ភិបាល​​​របស់​​​លោក ហ៊ុន  សែន។ គួរ​​​រំឭកថា ​​​ប្រទេស​​​ជប៉ុន​​​បាន​​​ផ្តល់​​​ជំនួយ​​​អភិវឌ្ឍន៍​​​ជាង ២,២៥​​​ពាន់​​​លានដុល្លារ​​​ដល់​​​កម្ពុជា ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​១៩៩២​​​មក។

អំឡុង​​​ពេលសន្ទនា​​​​​​រយៈ​​​ពេល​​​ពីរ​​​ម៉ោង​​​មន្ត្រី​​​មក​​​ពី​​​​​​ការិយាល័យ​​​របស់​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ជប៉ុន និង​​​ក្រសួង​​​ការបរទេស​​​ខ្មែរ​​​បាន​​​និយាយ​​​ថា ក្រុង​​​តូក្យូ​​​ចង់​​​ឃើញ​​​រដ្ឋា​​​ភិបាល​​​របស់​​​លោក​​​ ហ៊ុន សែន បង្ហាញ​​​នូវ​​​ឯក​​​ភាព​​​ទូលំ​​​ទូលាយ​​​ថែម​​​ទៀត​​​ជាមួយ​​​ប្រទេស​​​ជា​​​សមាជិក​​​អាស៊ាន​​​ផ្សេងៗ​​​ទៀត បង្កើន​​​កិច្ច​​​ប្រឹង​​​ប្រែង​​​របស់​​​ខ្លួន​​​ដើម្បី លើក​​​កម្ពស់​​​សិទ្ធិ​​​មនុស្ស​​​ និង​​​លទ្ធិ​​​ប្រជា​​​ធិប​​​តេយ្យ ព្រមទាំង​​​បំពេញ​​​កាតព្វ​​​កិច្ច​​​របស់​​​ខ្លួន​​​ក្នុង​​​ការ​​​ផ្តល់​​​មូល​​​និធិ​​​ដល់​​​​​​ភាគី​​ជាតិ​​​នៅ​​​សាលា​​​ក្តី​​​ខ្មែរ​​​ក្រហម។

លោក តូម៉ូហីុកូ តាណាហ្គូជី  ប្រធាន​​​ខុទ្ទកាល័យ​​​​​​​​​ និង​​​ជា​​​អ្នក​​​សរសេរ​​​សុន្ទរកថា​​​ឲ្យ​​​លោក​​​​​​អាបេ ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ប្រទេស​​​ជប៉ុន​​​សង្ឃឹម​​​ថា នឹង​​​ជំរុញ​​​ឲ្យ​​​រដ្ឋា​​​ភិបាល​​​កម្ពុជា​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​វិវត្ត​​​ល្អ​​​នៅ​​​ក្នុង​​​វិស័យ​​​ដូចជា លទ្ធិ​​​ប្រជា​​​ធិបតេយ្យ នីតិ​​​រដ្ឋ​​​ និង​​​ការ​​​ការពារ​​​សិទ្ធិ​​​មនុស្ស​​​។

លោក តាណាហ្គូជី បាន​​​មាន​​​ប្រសាសន៍​​​ថា “អ្វី​​​ដែល​​​យើង​​​កំពុង​​​ធ្វើ​​​គឺជំរុញ​​​​​រដ្ឋា​​​ភិបាល​​​ដែល​​​ហាក់​​​​​​បីដូច​​​ជា​​​កំពុង​​​ដើរ​​​ថយ​​​ក្រោយ​​​។ នេះ​​​ហើយ​​​គឺ​​​ជា​​​អ្វី​​​ដែល​​​ប្រទេស​​​ជប៉ុន​​​កំពុង​​​ធ្វើ​​​​​​ពាក់​​​ព័ន្ធនឹង​​​ប្រទេស​​​កម្ពុជា”។

ពេល​​​សួរ​​​ថា តើ​​​រដ្ឋា​​​ភិបាល​​​របស់​​​លោក ហ៊ុន សែន កំពុង​​​ដើរ​​​ថយ​​​ក្រោយ​​​ដោយ​​​វិធី​​​ណា​​​ខ្លះ​​​នោះ លោក តាណាហ្គូជី បាន​​​មាន​​​ប្រសា​​​សន៍​​​ថា លោក​​​មិន​​​ចង់​​​​​​និយាយ​​​​​​​​​ថា កម្ពុជា​​​ប្រទេស​​​ផ្សេងៗ​​​ទៀត ​​​​​​កំពុង​​​ដើរ​​​ថយ​​​ក្រោយ​​​នោះ​​​ទេ​​​។

លោក តាណាហ្គូជី បាន​​​បន្ថែម​​​ថា អង្គការ​​​សិទ្ធិ​​​មនុស្ស​​​នៅ​​​ប្រទេស​​​ជប៉ុន​​​បាន​​​បញ្ចុះ​​​បញ្ចូល​​​លោក អាបេ មិន​​​ឲ្យ​​​មក​​​ជួប​​​លោក ហ៊ុន​​​ សែន ហើយ​​​បាន​​​និយាយ​​​ថា ការ​​​ចំណាយ​​​របស់​​​ជប៉ុន​​​ទៅ​​​លើ​​​ជំនួយ​​​បរទេស​​​ ជាពិសេស​​​ជំនួយ​​​ដល់​​​រដ្ឋា​​​ភិបាល​​​ដែល​​​មាន​​​​​​កំណត់​​​ត្រា​​​​​​មិន​​​ល្អ​​​នៅ​​​ក្នុង​​​ការ​​​គ្រប់​​​គ្រង​​​ហិរញ្ញ​​​វត្ថុ​​​នោះ កំពុង​​​ស្ថិត​​​ក្រោម​​​ការ​​​ពិនិត្យ​​​ពិច័យ​​​យ៉ាង​​​ខ្លាំង​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ រដ្ឋា​​​ភិបាល​​​ជប៉ុន​​​ខ្លួ​​​ន​​​ឯង​​​ត្រូវ​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ប្រជា​​​ពល​​​រដ្ឋ​​​របស់​​​ខ្លួន​​​។ ប្រសិ​​ន​​​បើ​​​យើង​​​ឲ្យ​​​លុយ​​​​ពន្ធ​​​របស់​​​យើង​​​ទៅ​​​រដ្ឋា​​​ភិបាល​​​ពុក​​​រលួយ​​​ យើង​​​ត្រូវ​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​រឿង​​​នេះ​​​។ រដ្ឋា​​​ភិបាល​​​ជប៉ុន​​​កំពុង​​​ស្ថិត​​​នៅ​​​ក្រោម​​​ការ​​​ពិនិត្យ​​​ពិច័យ​​​យ៉ាង​​​ខ្លាំង​​​ពី​​​ប្រជា​​​ពល​​​រដ្ឋ​​​របស់​​​ខ្លួន​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “ មាន​​​អង្គការ​​​រដ្ឋា​​​ភិបាល​​​ជា​​​ច្រើន​​​ប្រាប់​​​យើង​​​មិន​​​ឲ្យ​​​មក​​​ប្រទេស​​​កម្ពុជា​​​” ។
នៅពេល​​​ដែល​​​ជម្លោះ​​​របស់​​​ជប៉ុន​​​​​​ជាមួយ​​​ចិន​​​អំពី​​​កោះ​​​សែនកាគូ ដែល​​​ចិន​​​ហៅ​​​ថា កោះ​​​ដាយអូយូ​​​ មាន​​​ភាព​​​ក្តៅ​​​គគុក​​​នោះ លោកស្រី​​​ គូនី សាតូ អ្នក​​​នាំ​​​ពាក្យ​​​​​​ក្រសួង​​​ការ​​​បរទេស​​​បាន​​​និយាយ​​​ថា លោក អាបេ បាន​​​ស្នើ​​​​​​ជា​​​គំនិត​​​ដល់​​​លោក ហ៊ុន សែន ថា កម្ពុជា​​​គួរ​​​ចូល​​​​​​រួម​​​ជាមួយ​​​ប្លុក​​​អាស៊ាន​​​នៅ​​​ក្នុង​​​ការ​​​ចរចា​​​អំពី​​​ជម្លោះ​​​ទឹក​​​ដី​​​​​​​​​ នៅ​​​សមុទ្រ​​​ចិន​​​ខាង​​​ត្បូង​​​របស់​​​​​​រដ្ឋ​​​ជា​​​សមាជិក។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​អំពី​​​បំណង​​​ប្រាថ្នា​​​របស់​​​ប្រទេស​​​ជប៉ុន​​​ដែល​​​ចង់​​​ឲ្យ​​​ប្រទេស​​​ជា​​​សមាជិក​​​អាស៊ាន​​​​​​រួម​​​កម្លាំង​​​គ្នា​​​​​​នៅ​​​ក្នុង​​​ការ​​​ចរចា​​​ជាមួយ​​​ប្រទេស​​​ចិន​​​ថា “ នាយក​​​រដ្ឋ​​​មន្ត្រី អាបេ គួរ​​​សម​​​ពេកមិនហ៊ាន​​​និយាយ​​​ចំៗថា បញ្ហា​​​នេះ​​​ត្រូវ​​​ដោះស្រាយ​​​តាម​​​វិធី​​​នេះ ឬតាម​​​វិធ​​​ី​​​នោះទេ ប៉ុន្តែ​​​លោក​​​បាន​​​យក​​​គំនិត​​​របស់​​​លោក​​​ទៅ​​​ពិភាក្សា​​​គ្នា​​​​​”។

ចាប់​​​តាំង​​​ពី​​​កម្ពុជា​​​ត្រូវ​​​បាន​​​បញ្ចុះ​​​បញ្ចូល​​​មិន​​​ឲ្យ​​​បញ្ចូល​​​បញ្ហា​​​សមុទ្រ​​​ចិន​​​ខាង​​​ត្បូង​​​នៅ​​​ក្នុង​​​របៀប​​​វារៈនៃ​​​កិច្ច​​​ប្រជំុ​​​កំពូល​​​អាស៊ាន​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​នោះ រដ្ឋា​​​ភិបាល​របស់​​​លោក ហ៊ុន សែន ត្រូវ​​​បាន​​​រិះ​​​គន់​​​ពីសំណាក់​​​ប្រទេស​​​ជិត​​​ខាង​​​​​​នៅ​​​ក្នុង​​​តំបន់​​​ចំពោះ​​​ការ​​​គាំទ្រ​​​គោល​​​ជំហរ​​​របស់​​​ចិន​​​ ដែល​​​ចង់​​​ឲ្យ​​​មាន​​​ការ​​​ដោះ​​​ស្រាយ​​​ជម្លោះ​​​ទឹក​​​ដី​​​ទ្វេ​​​ភាគី​​​ ជាជា​​ង​​​តាមរយៈ​​​​​​កិច្ច​​​ពិភាក្សា​​​ជា​​​លក្ខណៈ​​​អន្តរ​​​ជាតិ​​​ដូច​​​ដែល​​​ប្រទេស​​​ផ្សេងៗ​​​ទៀត​​​ចង់​​​បាន​​​​​រួម​​​ទាំង​​​វៀត​​​ណាម​​​ និង​​​ហ្វីលីពីន។

លោក​​​ស្រី បាន​​​មាន​​​ប្រសាសន៍​​​ថា ក្នុង​​​នាម​​​ជា​​​ប្រទេស​​​ផ្តល់​​​ជំនួយ​​​ធំ​​​ជាង​​​គេ​​​ដល់​​​ភាគី​​​អន្តរ​​​ជាតិ​​​នៅ​​​សាលា​​​ក្តី​​​ខ្មែរ​​​ក្រហម​​​ ប្រទេស​​​ជប៉ុន​​​កំពុង​​​ត្រៀម​​​បន្ត​​​ផ្តល់​​​មូល​​​និធិ​​​ដល់​​​តុលាការ​​​នេះ​​​ នៅពេល​​​ដែល​​​តុលាការ​​​នេះ​​​បន្ត​​​រឿង​​​ក្តី​​​ក្រៅពី​​​សវនាការ​​​លើក​​​ដំបូង​​​នៅ​​​ក្នុង​​​សំណំុ​​​រឿង​​​០០២។

លោក យូស៊ីហីុរ៉ូ អាបេ លេខា​​​ទី២​​​នៅ​​​ស្ថានទូត​​​ជប៉ុន​​​ប្រចាំ​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ទោះជា​​​យ៉ាង​​​ណា ​​​ប្រទេស​​​ជប៉ុន​​​រំពឹង​​​ថា រដ្ឋា​​​ភិបាល​​​កម្ពុជា​​​នឹង​​​ធ្វើ​​​ការ​​​ប្តេជ្ញា​​​ស្រដៀង​​​គ្នា​​​នេះ​​​ចំពោះ​​​ការ​​​ផ្តល់​​​មូល​​​និធិ​​​ដល់​​​ភាគី​​​ជាតិនៅ​​​តុលាការ​​​នេះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ រដ្ឋា​​​ភិបាល​​​កម្ពុជា​​​គួរ​​​តែ​​​បើក​​​ប្រាក់ខែ​​​ឲ្យ​​​បុគ្គលិកជាតិ។ យើង​​​រំពឹង​​​ថា ភាគី​​​កម្ពុជា​​​នឹង​​​ផ្តល់​​​មូល​​​និធិ​​​ទៅ​​​តាម​​​ការ​​​រំពឹង​​​ទុក​​​”។

លោក តាណា​​​ហ្គូជី បាន​​​មាន​​​ប្រសាសន៍​​​ថាពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ប្រឹង​​​ប្រែង​​​រយៈ​​​ពេល​​​ពីរ​​​ទសវត្សរ៍​​​​​​របស់​​​​ប្រទេស​​​ជប៉ុន​​​ដើម្បី​​​លើក​​​កម្ពស់​​​លទ្ធិ​​​ប្រជាធិប​​​តេយ្យ និង​​​នីតិ​​​រដ្ឋ​​​នៅ​​​កម្ពុជា “ជប៉ុន​​​បាន​​​ដឹ​​​ង​​​ថា យើង​​​ត្រូវ​​​ធ្វើ​​ជា​​​អ្នក​​​ប្រើ​​​ពេល​​​យូរ​​​”។ លោក​​​បានបន្ថែម​​​ថា ការ​​​ផ្លាស់​​​ប្តូរ​​​លឿនៗ​​​នៅ​​​ក្នុង​​​ប្រទេស​​​ផ្សេង​​​ទៀត​​​ក្នុង​​​តំបន់​​​នេះ រួម​​​ទាំង​​​ប្រទេស​​​ភូមា និង​​​ប្រទេស​​​សិង្ហ​​​បុរី​​​ ធ្វើ​​​ឲ្យ​​​ជប៉ុន​​​មាន​​​សុទិដ្ឋិនិយមអំពី​​​ការ​​​កែ​​​ទម្រង់​​​ដ៏​​​សំខាន់​​​នៅ​​​កម្ពុជា​​​។

នៅពេលសួរ​​​ថា តើ​​​លោក​​​គិត​​​ថា កម្ពុជា​​​បាន​​​ក្លាយជា​​​ប្រទេស​​​លទ្ធិ​​​ប្រជា​​​ធិប​​​តេយ្យ​​​​​​ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​១៩៩៣​​​ ​​​ពេល​​​ដែល​​​​​​ប្រទេស​​​នេះ​​​ទទួល​​​បាន​​​សន្តិ​​​ភាព​​​ទាំង​​​ស្រុង​​​ និង​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ឧត្ថម្ភ​​​ដល់​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​សេរី​​​​​​ ឬយ៉ាង​​​ណា​​​នោះ លោក តាណា​​​ហ្គូជី មិន​​​និយាយ​​​ទេ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ចម្លើយ​​​របស់​​​ខ្ញុំ​​​នឹង​​​ធ្វើ​​​ឲ្យ​​​​​​មាន​​​​​​ការ​​​ចុះ​​​ផ្សាយ​​​ព័ត៌​​​មាន​​​ក្នុង​​​ស្រុក​​​​​​ ដូច្នេះ​​​ខ្ញុំ​​​មិន​​​និយាយ​​​ទេ៕ គឹមហឿន

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស