ជនជាតិភាគតិចឡាវជាង១០០គ្រួសារដែលរស់នៅក្នុងស្រុកលំផាត់ ខេត្តរតនគិរីបានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរមូលដ្ឋាន និងអង្គការសិទ្ធិមនុស្សអាដហុកកាលពីសប្តាហ៍មុន ដោយចោទប្រកាន់ក្រុមហ៊ុនកសិ-ឧស្សា ហកម្មឯកជនមួយថាបានកាប់ឈើខុសច្បាប់នៅក្នុងដែនជម្រកសត្វព្រៃលំផាត់។
មន្ត្រីស្រុកនិងឃុំបានបញ្ជាក់កាលពីម្សិលមិញថា សកម្មភាពកាប់ឈើខុសច្បាប់ បានកើតឡើងនៅក្នុងដែនជម្រកសត្វព្រៃនេះ ក៏ប៉ុន្តែមន្ត្រីទាំងនោះបានឲ្យដឹងទៀតថា ខ្លួនមិនមានអំណាចអ្វីសម្រាប់ទប់ស្កាត់សកម្មភាពទាំងនេះទេ ហើយថា មានតែមន្ទីរបរិស្ថានខេត្តប៉ុណ្ណោះទើបអាចធ្វើដូច្នោះបាន។
លោក ឆាយ ធី អ្នកសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្សអាដហុកប្រចាំនៅក្នុងខេត្តរតនគិរីបានឲ្យដឹងថា កាលពីថ្ងៃអង្គារ ជនជាតិភាគតិចចំនួន១២៤គ្រួសារមកពីភូមិស្រែឈូក ឃុំជ័យឧត្តម បានដាក់ពាក្យបណ្តឹងដោយអះអាងថា បុគ្គលិកក្រុមហ៊ុនដូនពេញ អាហ្គ្រីកូ (Daun Penh Agrico) ដែលគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ចទំហំ៨.៨០០ហិកតានៅក្នុងឃុំជ័យឧត្តម បាននិងកំពុងតែឃុបឃិតជាមួយមន្ត្រីមូលដ្ឋានក្នុងការកាប់ឈើនៅក្នុងដែនជម្រកសត្វព្រៃដែលមានទំហំ២៥០.០០០ហិកតានេះ។
លោក ឆាយ ធី បានឲ្យដឹងបន្ថែមទៀតថា លោកបាននាំអ្នកភូមិចំនួន២០នាក់ទៅកាន់ទីស្នាក់ការរបស់ក្រុមហ៊ុន ដូនពេញ អាហ្គ្រីកូកាលពីថ្ងៃពុធសប្តាហ៍មុន។នៅទីនោះ អ្នកភូមិទាំងនោះបានរកឃើញ “ ឈើជាច្រើនពាន់កំណាត់ ដែលត្រូវបានទុកនៅកន្លែងផ្សេងៗគ្នា”។
អ្នកភូមិដែលបានចាកចេញមកវិញកាលពីថ្ងៃសៅរ៍ បានរាប់ឈើឃើញថាមានឈើអារកំណាត់ៗចំនួន២.០១២កំណាត់ ហើយក្នុងមួយកំណាត់មានប្រវែង៣ម៉ែត្រ មុខកាត់២០សង់ទីម៉ែត្រ។
លោក ឆាយ ធី ថ្លែងថា“ យើងនឹងដាក់ពាក្យបណ្តឹងទៅក្រសួងបរិស្ថាន ក្រោយបុណ្យអំុទូក ព្រោះយើងលែងជឿហើយថា អាជ្ញាធរមូលដ្ឋាននឹងដោះស្រាយបញ្ហានេះ”។
លោក គង់ ស្រ៊ុន អភិបាលស្រុកលំផាត់បានបញ្ជាក់ថា លោកបានទទួលពាក្យបណ្តឹងពីប្រជាជនជាតិឡាវ កាលពីថ្ងៃអង្គារសប្តាហ៍មុន ហើយកាលពីថ្ងៃពុធសប្តាហ៍មុនផងដែរ ប្រជាជនទាំងនោះ បានទៅកាន់ទីស្នាក់ការ
ក្រុមហ៊ុន ដូនពេញ អាហ្គ្រីកូ ជាមួយលោកជឹម ផាក់ មេឃុំ ជ័យឧត្តម។ នៅទីនោះប្រជាជនទាំងនោះ ក៏បានរកឃើញភស្តុតាងដែលបញ្ជាក់ថា ក្រុមហ៊ុននេះបានកាប់ឈើខុសច្បាប់។ លោក គង់ ស្រ៊ុន បានមានប្រសាសន៍ថា “ខ្ញុំទទួលស្គាល់ថា បច្ចុប្បន្ន ឈើនៅក្នុងដែនជម្រកសត្វព្រៃនេះកំពុងត្រូវបានកាប់ដោយក្រុមហ៊ុននេះ ក៏ប៉ុន្តែខ្ញុំមិនមានសិទ្ធិបញ្ឈប់សកម្មភាព[កាប់ឈើ] នេះទេ ពីព្រោះ[ដែនជម្រក]នេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្ត។ គួរបញ្ជាក់ថា លោក គង់ ស្រ៊ុន ស្ថិតក្នុងចំណោមមន្ត្រី ដែលមានឈ្មោះនៅក្នុងពាក្យបណ្តឹង ដែលត្រូវបានដាក់ទៅអង្គការអាដហុកកាលពីថ្ងៃអង្គារសប្តាហ៍មុន ប៉ុន្តែលោកបានបដិសេធថា លោក មិនមានការពាក់ព័ន្ធក្នុងសកម្មភាពខុសច្បាប់របស់ក្រុមហ៊ុន ដូនពេញ អាហ្គ្រីកូ ទេ។
លោក ជឹម ផាក់ មេឃុំជ័យឧត្តម បានបញ្ជាក់ផងដែរថា ក្រុមហ៊ុន ដូនពេញ អាហ្គ្រីកូ បាន
និងកំពុងកាប់ឈើនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ចាប់តាំងពីដើមឆ្នាំនេះ ហើយបានដឹកជញ្ជូនឈើទាំងនេះទៅប្រទេសវៀតណាម។ លោកមានប្រសាសន៍ថា “ សកម្មភាពកាប់ឈើទាំងនេះ បានចាប់ផ្តើមកាលពីដើមឆ្នាំនេះ។ គ្មានអាជ្ញាធរណាមកបញ្ឈប់សកម្មភាព នេះទេ”។
លោកបានមានប្រសាសន៍បែបនេះ ក្នុងន័យលើកឡើងវិញនូវសេចក្តីអះអាងរបស់ លោក គង់ស្រ៊ុន ដែលថា មានតែមន្ត្រីបរិស្ថាន ប៉ុណ្ណោះទើបមានសិទ្ធិបញ្ឈប់សកម្មភាពកាប់ឈើទាំងនេះបាន។ លោក ជូ សុភ័ក្រ ប្រធាន មន្ទីរបរិស្ថានខេត្តរតនគិរី បានបដិសេធមិនធ្វើសេចក្តីអត្ថាធិប្បាយ។ក្រុមហ៊ុន ដូនពេញ អាហ្គ្រីកូ មិនអាចទំនាក់ទំនងសុំសេចក្តីអធិប្បាយបានទេ៕សុធា
(រាយការណ៍បន្ថែមដោយ Ben Woods)