28 C
Phnom Penh

សាលារាជ​ធានី​ភ្នំពេញ​មាន​គម្រោង​បង្កើត​ខណ្ឌ​ថ្មី​​ប្រាំ​បន្ថែមទៀត​មុន​ការ​បោះឆ្នោត​ខែ​ឧសភា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជ​ធានីភ្នំពេញ​បាន​មានប្រសាសន៍​កាល​ពី​ម្សិល​មិញថា សាលា​រាជធានី​មាន​គម្រោង​​បង្កើត​ខណ្ឌថ្មី​ចំនួន​ប្រាំ​ទៀត​ក្នុង​រាជ​ធានី​នៅ​មុន​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ​ធានី​ ​ខេត្ត​   ក្រុង​  ស្រុក​ ខណ្ឌ  នៅ​ខែ​ឧសភា ឆ្នាំ​ក្រោយ​។

​លោក​ ឡុង ឌីម៉ង់ បាន​មាន​ប្រសា​សន៍​ថា សាលា​រាជធានី​មិន​ទាន់​សម្រេច​អំពី​ផែន​ការ​លម្អិត​នៅ​ឡើយ​ទេ​ ហើយ​ថា សាលា​រាជ​ធាន​ី​នឹង​​ជ្រើស​រើស​អ្នក​ជំនាញ​ ដើម្បីសម្រេច​ថា តើ​តំបន់​ណា​ខ្លះនៅ​ក្នុង​រាជ​ធានី​នឹង​ត្រូវ​ជ្រើស​​រើស​សម្រាប់​ខណ្ឌ​ថ្មី​​ទាំងប្រាំ​នោះ​។

លោក​បាន​មានប្រសាសន៍​ថា“ ខ្ញុំ​ដឹង​ត្រឹម​តែ​ថា ខណ្ឌ​ថ្មី​ទាំង​នេះ​នឹង​ត្រូវ​បង្កើត​ឡើង​នៅ​ខែ​ឧសភា មុន​ពេល​បោះ​ឆ្នោត​​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី​ ខេត្ត​  ក្រុង​  ស្រុក ​ ខណ្ឌ​ នៅ​ឆ្នាំក្រោយ”។
ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស​​នឹង​បោះឆ្នោត​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ដើម្បី​    ជ្រើស​​​រើស​​​ក្រុម​ប្រឹក្សា​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ សម្រាប់​រយៈ​ពេល​ប្រាំ​ឆ្នាំ​ក្រោយ​​។

លោក​ ឡុង​ ឌីម៉ង់ បាន​មានប្រសាសន៍​ថា កាលពី​សប្ដាហ៍​មុន ​មន្ត្រី​មក​ពី​ក្រសួង​មហា​ផ្ទៃ​ត្រូវ​បាន​កោះ​ហៅ​ឲ្យមក​ចូល​រួម​ប្រជុំ​នៅ​សាលារាជធានី​ គឺ​ដើម្បី​ស្នើ​ឲ្យ​មន្ត្រី​សាលា​រាជ​ធានី​បង្កើត​ខណ្ឌ​ថ្មី​ទាំង​នេះ​មុន​ពេល​បោះ​ឆ្នោត​។
ប៉ុន្តែ​លោក ឡុង ឌីម៉ង់ ​បាន​បញ្ជាក់​ឡើង​វិញ​ថា ឈ្មោះ​ខណ្ឌ​ថ្មី​ទាំង​ប្រាំ​នោះ​មិន​ទាន់​ជ្រើស​រើស​នៅ​ឡើយ​​ទេ ហើយ​ថា មិន​​មាន​ព័ត៌​មាន​​អំពី​ថា តើ​ខណ្ឌ​ដែល​មាន​ស្រាប់​ណា ខ្លះ​នឹង​ត្រូវ​បំបែក​នោះ​ទេ។
លោក​បានមានប្រសាសន៍​ថា “ យើង​កំពុង​​ សិក្សាពី​ស្ថាន​​​ភាព​​​​​នៅ​ក្នុង​ខណ្ឌ​នីមួយ​ៗ​​​មុន​ពេលយើង​​បំបែក​ទៅ​ជា​ខណ្ឌ​ថ្មី​”។

លោក​ ឃួង​ ស្រេង អភិបាល​រង​រាជ​ធានី​ភ្នំពេញ​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​អំពី​​​​រឿង​​​នេះ​ទេ​។

បច្ចុប្បន្ន​នេះ​រាជធានី​ភ្នំពេញ​មាន​ខណ្ឌ​ចំនួន​ប្រាំបួន​ ដោយ​ខណ្ឌ​តូច​ៗ​មាន​ខណ្ឌ​ទួល​គោក​ ខណ្ឌ​ដូន​ពេញ​ ខណ្ឌ​៧មករា​ និង​ខណ្ឌ​ចំការមន​ ជាខណ្ឌ​ស្ថិត​ក្នុង​កណ្ដាល​រាជធានី​។

ខណ្ឌ​ធំៗ​មាន​ខណ្ឌ​ប្ញស្សីកែវ​ ខណ្ឌ​សែន​សុខ​ ខណ្ឌ​ពោធិ៍​សែនជ័យ​ ខណ្ឌ​ដង្កោ​ និង​ខណ្ឌ​ មាន​ជ័យ​ ដែល​​​ស្ថិតនៅ​ជុំវិញ​​​​​​​ទី​​​ក្រុង​។

លោក​ ពេជ្រ​ កែវមុនី អភិបាល​រង​ខណ្ឌ​ទួល​គោក​ បាន​មានប្រសាសន៍​ថា លោក​មិន​ទាន់​ទទួល​បាន​ការ​បញ្ជាក់​ថា តើ​ខណ្ឌ​របស់​លោក​នឹង​ត្រូវ​បំបែក​ឬ​យ៉ាង​ណា​នោះ​ទេ​ ប៉ុន្តែ​លោក​បាន​មាន​ប្រសា​សន៍​ថា ​លោក​យល់​​ ស្រប​នឹង​គំនិត​នេះ​។

លោក កែវមុនី បាន​មានប្រសាសន៍​ថា រដ្ឋបាល​ខណ្ឌ​​នឹង​ធ្វើការ​មាន​ប្រសិទ្ធ​ភាព​ជា​ង​មុន​​​ព្រោះ​​​មាន​​​ប្រជាពលរដ្ឋ​​​​តិច​​​​​នៅក្នុង​ខណ្ឌ​នី​មួយ​ៗ។លោកបាន​មានប្រសាសន៍​ថា“ ខ្ញុំ​ គិត​ថា វា​កាន់​តែ​ងាយស្រួល​ក្នុង​ការ​រក្សា​សន្ដិសុខ​ និង​​ផ្ដល់​សេវា​កម្ម​ជូន​​ដល់​ប្រជា​ពល​រដ្ឋ​”៕​សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស