29 C
Phnom Penh

គណបក្ស​សង្គ្រោះ​ជាតិ​​នឹង​ធ្វើ​បាតុកម្ម​​​​រួម​​​គ្នា​​​ជា​​​មួយ​​​​កម្ម​ករ​​​កម្ម​​​ការិនី​រោង​ចក្រ​កាត់​ដេរអេសអិល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹក​នាំគណបក្ស​សង្គ្រោះ​ជាតិ​បាន​និយាយ​កាល​ពី​ម្សិលមិញ​ថា គណបក្ស​នេះ​​នឹង​​​​​ធ្វើ​បាតុកម្ម​នៅ​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ដើម្បី​ទាមទារ​ឲ្យ​សើុប​អង្កេត​​​លើ​​​ការ​​​​​ប្រើ​​​ប្រាស់​គ្រាប់​កំាភ្លើង​ពិត​ពី​សំណាក់​នគរ​​បាល​អំឡុង​ការ​តវ៉ា​របស់​កម្មករ​រោងចក្រ​កាត់​ដេរ​អេស​អិល ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​សប្ដាហ៍​មុន​។

លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​​​​ជាតិ​បាន​មាន​​ប្រសាសន៍​ថា បាតុ​កម្ម​នេះ​នឹង​ស្វែង​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​ ដោយ​សារ​ការ​ប្រើ​អំពើ​ហិង្សា​ពីសំណាក់នគរ​បាល​ទៅ​លើ​​​​ការ​តវ៉ា​របស់​កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​អេសអិល​ កាល​ពី​ថ្ងៃ​អង្គារ​ ​រួម​​​ទាំង​​​​អ្នក​ស្រី​ អេង​ សុខុំ អាយុ​៤៩​ឆ្នាំ​ ជាអ្នក​លក់់​ម្ហូប​​​​អាហារ​នៅក្បែរនោះ ដែល​​​បាន​​​​ត្រូវ​គ្រាប់​កំាភ្លើង​ស្លាប់នោះ​​​ផង​​​ដែរ​​​​។

លោក​ សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា “នឹង​មាន​ការ​ទាមទារឲ្យ​សើុប​អង្កេត​​​លើ​​​​​​​​​អំពើ​​​​ហិង្សា​នេះ ហើយ​​ក៏មាន​ការ​ទាមទារ​ឲ្យ​ស៊ើុប​អង្កេត​​ស្វែង​រក​ជន​ដៃ​ដល់​ផង​ដែរ​”។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា ថ្នាក់ដឹក​នាំ​គណ​បក្ស​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​នេះ​ ដើម្បី​ពិភា​ក្សា​អំពី​​​​ផែន​​​ការ​​​​លម្អិត​​​នៃ​​​​​​ការ​ធ្វើ​បាតុកម្ម​នោះ ហើយ​​នឹង​អាច​​​​មាន​បាតុកម្ម​នៅ​តាម​ក្រុង​មួយ​ចំនួន​ទូទាំង​​ប្រទេស​ផង​ដែរ​។

ប៉ុន្តែ​ លោក​បានបញ្ជាក់​​​ថា បាតុកម្ម​​​​នេះ​​​នឹង​មិន​​​ធ្វើ​​​​​តែ​ក្នុង​រាជធានីភ្នំពេញ​នោះទេ។ លោក​បាន​មានប្រសាសន៍​ថា “ មាន​ការ​ទាម​​​ទារ​ពី​សំណាក់​ប្រជាពល​រដ្ឋ​នៅ​ទូទាំង​ប្រទេស​ឲ្យ​ធ្វើ​បាតុកម្ម​នៅ​តាម​បណ្ដា​ខេត្ត​​​ផង​ ដូច្នេះ​បាតុកម្ម​នេះ​ នឹង​ធ្វើ​ឡើង​យ៉ាង​ហោច​ណាស់​ក៏​តាម​កន្លែង​មួយ​ចំនួន​ដែរ​”។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​មហា​បាតុ​កម្ម​រយៈ​ពេល​បី​ថ្ងៃ​ពីរ​លើក​រួច​មក​ហើយ​នៅ​​រាជធានីភ្នំពេញ​ចាប់​តាំង​ពី​ការ​បោះ​​​ឆ្នោត​​​​ជាតិ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា​ ដ៏​ចម្រូង​ចម្រាស ដោយ​ប្រជាពល​រដ្ឋ​ប្រមាណ​២៥.០០០​នាក់​ បាន​ហែក្បួន​ក្នុង​​រាជធានី​នៅ​​​ពេល​​​ធ្វើ​​​មហា​​​បាតុកម្ម​លើក​ទី​២ កាល​ពី​ខែ​មុន​។

លោក​ស្រី​ មូរ សុខហួរ ប្រធាន​កិច្ច​ការ​សាធារណៈ​និង​ជា​អ្នក​រៀប​ចំ​ការ​ហែ​ក្បួន​កាល​ពី​ខែ​មុន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មានប្រសាសន៍​ថា គណបក្ស​បាន​ជ្រើស​រើស​យក​ថ្ងៃ​ទី​១០ ខែ​ធ្នូ គឺ​ដំណាល​គ្នា​នឹង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​។

លោក​ស្រី​បាន​បញ្ជាក់​​​​ថា ព័ត៌មាន​លម្អិត​អំពី​​​​ការ​​​ធ្វើ​​​បាតុកម្ម​ដែល​បាន​គ្រោង​ទុក​​​នេះ ​ក្រៅ​​ពី​កាល​បរិច្ឆេទ​ ​មិន​ទាន់​កំណត់​​​នៅ​ឡើយ​​​​ទេ​។

លោក​ស្រី មូរ សុខហួរ បាន​មាន​ប្រសា​សន៍ ​ថា “ គម្រោង​របស់​យើង​គឺ​នឹង​ធ្វើ​នៅ​ទូទាំង​ប្រទេស​ ប៉ុន្តែ​យើង​មិន​ទាន់​​​​​បង្កើត​​​​ផែន​​​ការ​​​​ផ្លូវ​ការ​នៅ​ឡើយ​ទេ​”៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស