26 C
Phnom Penh

នាយករដ្ឋ​មន្ត្រី​ជប៉ុន​ សីុនហ្សូ  អាបេ យល់​ព្រម​ជួយ​​​ធ្វើ​​​​កំណែទម្រង់​ប្រព័ន្ធបោះ​ឆ្នោត​នៅ​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក មក​កាន់​រាជ​ធានី​ភ្នំពេញ​កាល​ពី​ចុង​សប្តាហ៍​​​​នេះ ដែល​​​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី១​របស់​មេ​ដឹក​នាំ​ជប៉ុន​ ក្នុង​រយៈពេល​១៣​ឆ្នាំ​​​មក​​​នេះ​ លោក សីុន​​​ហ្សូ អាបេ នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​បាន​​​​មាន​ប្រសា​​​សន៍​ថា ​ប្រទេស​ជប៉ុន​បាន​យល់​ព្រម​តាម​​​សំណើ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​​​ធ្វើ​​​កំណែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោតនៅ​ប្រទេស​កម្ពុ​ជា​ ហើយ​ទន្ទឹម​នោះ ក៏​បាន​សន្យា​ពង្រឹង​ទំនាក់​ទំនង​ក្នុង​វិស័យ​​​​មួយ​ចំនួន​ដូចជា សុខភាព សន្តិ​សុខ វិនិ​យោគទុន និង​ហេដ្ឋា​រចនា​សម័្ពន្ធផង​ដែរ ។

នៅ​មុន​ដំណើរ​ទស្ស​នកិច្ច​របស់​លោក អាបេ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​ចេញ​លិខិត​មួយ​ច្បាប់​អំពាវ​នាវ​ឲ្យ​លោក​ប្រើ​ប្រាស​​​់​ឥទ្ធិ​ពល​របស់​លោក​ជំរុញ​ឲ្យ​លោក ហ៊ុន សែន ដោះ​ស្រាយ​ភាព​ទាល់​ច្រក​នយោ​បាយ​ ដែល​បាន​កើត​ឡើង​បន្ទាប់​ពី​ការ​បោះ​ឆ្នោតជាតិកាលពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ដ៏ចម្រូង​ចម្រាស ដែល​គណ​បក្ស​ប្រឆាំង​អះ​អាង​ថា មាន​ការ​លួច​បន្លំ​។

នៅឯ​សន្និសីទ​សារព័ត៌​មាន​នៅ​វិមាន​សន្តិ​ភាព​កាល​ពី​ថ្ងៃ​សៅរ៍ លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា លោក​បាន​ស្នើ​សំុ​ជំនួយ​ពី​ប្រទេស​ជប៉ុន​ ពាក់​ព័ន្ធ​​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត ហើយ​បានស្នើ​​​​សំុ​ឲ្យ​លោក អាបេ ពិចា​​​រ​​​ណា​បញ្ជូន​អ្នក​ជំនាញ​បច្ចេកទេស​មក​ចូល​រួម​ក្នុង​ដំណើរ​ការ​នេះ។

លោក ហ៊ុន សែន បាន​មាន​ប្រសា​សន៍​ថា “ [ប្រទេស​ជប៉ុន] គឺ​ជា​ប្រទេស​ទី១​ដែល​ប្រទេស​​​​កម្ពុជា​បាន​ស្នើ​សំុ​ជំនួយ​ ពីព្រោះ​យើង​យល់​ថា ប្រទេស​ជប៉ុន​គឺ​ជា​ប្រទេស​ប្រជា​ធិប​​​តេយ្យ​ ចាស់​ទំុ​ ដែល​មាន​បទ​ពិសោធច្រើន​ទាក់​ទង​នឹង​​ការ​​​ងារ​​​បោះ​ឆ្នោត”។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​ដែល​បាន​ចេញ​ផ្សាយ​បន្តិច​ក្រោយ​មក​ ប្រទេស​ជប៉ុន​បាន​លើក​ឡើង​ថា ខ្លួន​មាន​ឆន្ទៈជួយ​នៅ​​​ក្នុង​​​ដំណើរ​ការ​កែ​ទម្រង់​នេះ។
សេចក្តី​ថ្លែង​ការណ៍​ដដែល​នេះ​លើក​ឡើង​​​​ថា “ លោក​នាយក​រដ្ឋ​មន្ត្រី អាបេ បាន​សំដែងនូវ​​ការ​រំពឹង​ទុករបស់លោក​ថា ស្ថាន​​​ភាព​​​​ក្រោយ​ការ​បោះ​ឆ្នោត​នឹង​វិល​ទៅ​រក​ភាព​​​​ធម្មតា​ឡើង​វិញ តាម​រយៈ​ការ​ចរចានិង​កិច្ច​សហ​​​​ប្រតិបត្តិ​ការ​ក្នុង​ចំ​ណោម​​​ភាគី​ពាក់​ព័ន្ធ”។

នៅពិធី​បរិភោគ​អាហារពេល​ល្ងាច​កាល​​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ​នៅ​សណ្ឋា​គារ​ឡឺ​រ៉ូយ៉ាល់​ លោក តូម៉ូហីុកូ តានីហ្គូជី ប្រធានខុទ្ទកាល័យ​របស់​លោក អាបេ បាន​មាន​​ប្រសាសន៍​ថា ប្រទេស​ជប៉ុន​ទំនង​ជា​នឹង​បញ្ជូន​អ្នក​ជំនាញ​ផ្នែក​បោះ​ឆ្នោត។
លោក​បាន​មាន​ប្រសាសន៍​ថា  “ ឱកាស​​​គឺថា អ្នក​នឹង​ឃើញ​អ្នក​ជំនាញ​ជា​ច្រើន​នាក់​មក​កាន់​ប្រទេស​កម្ពុជា”។

លោក អាបេ ក៏​បាន​ទៅ​ទស្សន​កិច្ច​មជ្ឈ​មណ្ឌល​ជាតិ​គាំពារ​សុខ​ភាព​មាតា​ និង​ទារក​ ដែល​ផ្តល់មូលនិធិ​ដោយប្រទេស​​ជប៉ុន ជា​មន្ទីរ​ពេទ្យ​សម្ភព​ដ៏ធំ​បំផុត​នៅ​ប្រទេស​កម្ពុជា​ ហើយ​បាន​ប្រកាស​អំពីគម្រោង​របស់​​​​​​ជប៉ុន​​​​ក្នុង​ការ​សាង​សង់​មន្ទីរ​ពេទ្យ​សង្គ្រោះ​បន្ទាន់​ថ្មី​ដ៏​ទំនើ​​​ប​​​​មួយ​​​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ដែល​គ្រោង​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​ឆ្នាំ​២០១៥​​​ផងដែរ។

មន្ទីរ​ពេទ្យ​នេះ​នឹង​ត្រូវ​សាង​សង់​ដោយ​មាន​ជំនួយ​ពី​រដ្ឋា​ភិបាល​ជប៉ុន​ ប៉ុន្តែ​ផ្តល់​មូល​និធិ​ដោយ​វិនិយោគិន​ឯក​ជន​។

លោកស្រី គូនី សាតូ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ជប៉ុន​បាន​មាន​ប្រសាសន៍​ថា មន្ទីរ​​​​ពេទ្យ​នេះ​នឹង​បំពាក់​ឧបករណ៍​ទំនើប ប៉ុន្តែ​ថា សេវា​កម្ម​ដែល​មន្ទីរ​ពេទ្យ​នេះ​ផ្តល់​ឲ្យ​នឹង​មាន​​​​តម្លៃ​ថ្លៃ​ណាស់​ដែល​ប្រជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មិនមាន​លទ្ធ​ភាព​។

លោក ម៉ម ប៊ុនហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា មិន​ទាន់​មាន​ព័ត៌​មាន​លម្អិត​អំពី​គម្រោង​សាង​សង់​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់​នេះ​នៅ​ឡើយ​ទេ ចំណែក​ឯ​លោក តាកាយូស៊ី គូរ៉ូមី​​​យ៉ា ទីប្រឹក្សា​​​នៅ​​​ស្ថាន​ទូត​ជប៉ុន​បាន​មាន​ប្រសា​​​សន៍​ថា ដោយ​សារគំនិត​ផ្តួច​ផ្តើម​នេះ​មាន​ការ​ចូល​រួម​ពី​ក្រុមហ៊ុន​ឯក​ជននោះ​ លោក​​​មិន​អាច​ផ្តល់​ព័ត៌​មាន​បន្ថែម​បាន​ឡើយ។

ដំណើរ​ទស្សន​កិច្ច​របស់​លោក អាបេ មក​កាន់​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​​​នៅ​​​​ក្នុង​​នោះ​លោក​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឡាវ​ផង​ដែរ គឺ​​​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ប្រទេស​ជប៉ុន​ដើម្បីបង្កើន​ឥទ្ធិ​ពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់ ចំ​​​ពេល​ដែល​មាន​ភាព​ធ្ងន់​ធ្ងរ​នៃ​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​ចិន​ជំុវិញ​ដែនកោះ​ដែល​មាន​ជម្លោះ និង​​ការ​អះអាង​កាន់កាប់​របស់​ចិន​លើ​ធន​ធាន​សមុទ្រ​នៅក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

កាល​ពី​ថ្ងៃ​សៅរ៍ លោក អាបេ និង​លោក ហ៊ុន សែន បាន​យល់​ស្រប​អំពី​សារៈ​សំខាន់​នៃ​ការ​ដោះ​ស្រាយ​ជម្លោះ​ដែន​ទឹក​ដោយ​សន្តិ​វិធី “ ដើម្បី​បង្កើត​គោល​ការណ៍​នីតិ​រដ្ឋ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក” ហើយទន្ទឹម​នឹង​នោះ​ដែរ ក៏​ប្រកាស​អំពី​កិច្ច​សហ​ប្រតិបត្តិ​ការ​បន្ថែម​ទៀត​លើ​វិស័យ​យោធា និង​សកម្ម​ភាព​រក្សា​សន្តិ​ភាព​ផង​ដែរ។

ប្រទេស​កម្ពុជា​ត្រូវ​បាន​​​ចាត់​​​ទុក​​​ថា ជា​សម្ពន្ធ​​​​មិត្ត​ជិត​ស្និទ​្ធ​របស់​ចិន​នៅក្នុង​តំបន់ ហើយ​ទទួល​បាន​ផល​ប្រយោជន៍​គិត​ជា​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ ជា​ប្រាក់​កម្ចី​ពី​ចិន ប៉ុន្តែ ប្រទេស​ជប៉ុន​នៅ​តែ​បន្ត​​​​ធ្វើ​​​ជា​ប្រទេស​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​​​​ដ៏​ធំ​បំផុត​ដល់​កម្ពុជា។

កាល​ពី​ថ្ងៃ​សៅរ៍ លោក អាបេ បាន​សន្យា​បន្ត​ការ​គាំទ្រដដែល ដោយ​រួម​មាន​ការ​ផ្តល់​មូលនិធិ​បន្ថែម​ដល់​សាលាក្តី​ខ្មែរ​ក្រហម និង​សកម្ម​ភាព​បោសស​ម្អាត​មីនជាដើម។

ចំពោះ​ភាគី​កម្ពុជា​វិញ លោក ហ៊ុន សែន បាន​សន្យា​ធ្វើ​ឲ្យ​បរិយាកាស​វិនិ​យោគ​បរ​ទេស​ប្រសើរ​ឡើង និង​បាន​កោត​សរសើរ​​​ចំពោះ​​​ការ​កើន​ឡើង​នូវ​ក្រុម​ហ៊ុន​ជប៉ុន​ជាច្រើន​​​ដែល​មក​ដាក់​ទុន​ក្នុង​ប្រទេស​កម្ពុជា។

មេ​ដឹក​នាំ​ទាំងពីរ​ក៏​បាន​ពិភាក្សា​​អំពី​ការ​បង្កើត​​​​ជើង​ហោះ​ហើរ​ដោយ​ផ្ទាល់​​រវាង​ប្រទេស​​​​​​​ជប៉ុន និង​ប្រទេស​កម្ពុជា​ ដើម្បី​​លើក​កម្ពស់​វិស័យ​ទេសចរណ៍ផង​ដែរ ៕ សារុន

(រាយការណ៍​បន្ថែម​ដោយ Colin Meyn)​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស