28 C
Phnom Penh

​ក្រសួង​សុខាភិបាល​ច្រានចោល​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ករណី​សូកប៉ាន់​​ក្នុង​បណ្តាញ​របស់​ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិល​មិញ ​ក្រសួង​សុខាភិបា​ល​បាន​បដិសេធ​ថា មិនបាន​ដឹង​ថា អតីត​មន្ត្រី​ដែល​ត្រូវបាន​លាត​ត្រដាង នៅ​ក្នុង​របាយ​​ការណ៍​ថ្មីមួយ បាន​សម្រ​ប​សម្រួល​ក្នុងគ​ម្រោ​ង​​ជំនួ​យ​ឥតសំណង​ ដែលត្រូវ​ចំណា​យ​ប្រាក់​ជាង​១២​លានដុល្លារ​ក្នុង​វិស័យ​សុ​ខាភិបាល​ ឬបាន​យក​ប្រាក់​សំណូក​រាប់មឺុ​ន​ដុ​ល្លា​រ​ ហើយ​បាន​លើក ឡើង​ថា ​ភាគី​ទាំ​ង​អស់​ដែល​ពាក់ព័ន្ធ​ក្នុង​កិច្ច​សន្យា​ទាំងអស់​​ត្រូវទទួលខុសត្រូវ លើក​លែង​តែ​ក្រសួង​​នេះ​ចេញ​។

​កាលពីថ្ងៃសុក្រ ​អង្គការ​មូលនិធិ​ពិភព​លោក​ដើម្បីប្រយុទ្ធប្រឆាំង​ជំងឺអេដស៍ ​រ​បេង​ ​​និងជំងឺគ្រុនចាញ់ ​បាន​បង្ហាញ​លទ្ធផ​ល​មិនល្អ​ បន្ទាប់ពីមានការ​សុើបអង្កេត​អ​ស់​រយៈ​ពេល​ជាច្រើន​ខែ​ ដោយ​មិន​បង្ហាញ​ឈ្មោះ​មន្ត្រី​សុខាភិបាល​ ដែល​បាន​ទទួល​ប្រាក់​សំណូក​​​៤០០.០០០​ដុល្លារ​ ក្នុង​ការ​ស​ម្របសម្រួល​កិច្ចសន្យា​ដែល​មានចំនួន​ទឹ​ក​ប្រា​ក់​ដ៏ច្រើន​ទាំង​​នេះ។ គួរ​បញ្ជាក់ថា ​ភា​គ​ច្រើន​ក្នុង​ចំណោម​កិច្ច​សន្យា​ទាំងនេះ​ គឺ​កិ​ច្ចសន្យាផ្គត់ផ្គង់​មុង​។

​ទោះបីជា​របាយការណ៍​នេះមិនបាន​​ប​ញ្ចេញ​ឈ្មោះ​មន្ត្រី​សុខាភិបាល ​ដែល​បាន​​ប្រព្រឹត្តិ​ទទួលប្រាក់​សំណូក​ទាំង​នោះក៏ដោយ​ ក៏​របាយ​ការណ៍​នេះ​ បង្ហាញ​អត្តសញ្ញាណថា មន្ត្រី​រូប​នោះ​ កាលពីមុនជា​នាយក​មជ្ឈ​ម​ណ្ឌ​ល​ជាតិ​ប្រយុទ្ធនឹង​ជំងឺ​គ្រុនចាញ់ ​បា៉ារ៉ា​ស៊ីត​សាស្ត្រ បាណក​សាស្ត្រ (CNM)​ គឺ​លោ​ក ដួង សុជាតិ។ ​មន្ត្រីផ្សេង​ៗ​ទៀត​រួម​មា​ន​អតីត​នាយករង មជ្ឈ​ម​ណ្ឌ​ល​ជាតិ​ប្រ​យុទ្ធនឹង​ជំងឺ​គ្រុនចាញ់ ​បា៉ារ៉ា​ស៊ីត​សាស្ត្រ បា​ណក​សាស្ត្រ​ ​និង​អតីត​មន្ត្រី​លទ្ធកម្ម​នៅ​ម​ជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹងជំងឺ​អេដស៍​ សើ​ស្បែក ​និងជំងឺ​កាមរោគ​ (NCHADS)។​

នៅក្នុង​សេចក្តីថ្លែង​ការណ៍​គ្មាន​ហត្ថ​លេខា​ចេញ​ផ្សាយ​កាល​ពី​ម្សិ​ល​មិញ​ ក្រសួង​សុខា​ភិបាល​បាន​លើក​ឡើង​ថា ខ្លួន​ “ មិន​បាន​ដឹង​/​ទទួល​ដំណឹង​អំពី​សកម្ម​ភាព​បុគ្គល​ដែល​ទាក់​ទង​នឹង​បញ្ហា​​លើក​ឡើង​នៅ​ក្នុង​របាយ​ការណ៍​របស់​ [អង្គការ​មូល​និធិ​ពិភព​លោក] អំឡុង​ពេល​អនុវត្ត​គម្រោង​ក្រោម​មូល​និធិ​ឥត​សំណង​​ទេ ទោះ​បីជា​មាន​ប្រព័ន្ធ​យ៉ាង​តឹង​រឹុង​ក្នុង​ការ​ត្រួត​ពិនិត្យ​/ផ្ទៀង​ផ្ទាត់​យ៉ាង​ទៀត​ទាត់​ដោយ​ស្ថាប័ន​ឯក​រាជ្យ​នានា រួម​ទាំង​ [ភ្នាក់​ងារ​មូល​និធិ​ក្នុង​ស្រុក] ផង​ដែរ”។

ទីភ្នាក់​ងារ​មូល​និធិ​ក្នុង​ស្រុក​ ដែល​ត្រួត​ពិនិត្យ​ផ្ទៀងផ្ទាត់ និង​រាយ​ការណ៍​អំពី​ស្ថាន​ភាព​ជំនួយ​ឥត​សំណង​របស់​អង្គការ​មូល​និធិ​ពិភព​លោក​នៅក្នុង​ប្រទេស​នីមួយៗ​នោះ គឺ​ក្រុម​ហ៊ុន​ ខេភីអឹមជី (KPMG) ដែល​ជា​ក្រុម​ហ៊ុន​ផ្តល់​សេវា​ហិរញ្ញ​វត្ថុ​ធំ​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ បើ​គិត​រហូត​មក​ដល់​ឆ្នាំ​២០០៨ ហើយ​បច្ចុប្បន្ន​ភ្នាក់​ងារ​នោះ​គឺ​ស្ថាប័ន​សុខា​ភិបាល​ត្រូពិក​ និង​សាធារណៈ​ស្វីស​ (Swiss Tropical and Public Health)។

ក្រសួង​សុខា​ភិបាល​ដែល​គ្រប់​គ្រងមជ្ឈ​មណ្ឌល​ជាតិ​​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ ប៉ារ៉ា​សីុតសាស្ត្រ និងបាណក​សាស្ត្រ និង​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើស្បែក និង​កាមរោគ ជា​ស្ថាប័ន​មេ​ដែល​ទទួល​ជំនួយ​ឥត​សំណង​ទាំង​នេះ​នោះ​បាន​លើក​ឡើង​ថា ខ្លួន​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ពុក​រលួយ​នេះ​ទេ។ សេចក្តី​ថ្លែង​ការណ៍​ដដែល​នេះ​មាន​ខ្លឹម​សារ​ថា “ ផ្អែក​លើ​រចនា​សម្ពន្ធ​របស់​អង្គការ​ [មូលនិធិ​ពិភព​លោក] [ក្រសួង​សុខា​ភិបាល​] មិន​មាន​សិទ្ធិ​ជ្រើស​រើស​ [អ្នក​ទទួល​ជំនួយ​មេ] និង​/ឬ [ក៏​អ្នក​ទទួល​ជំនួយ​រង] ប្រកប​ដោយ​គណ​នេយ្យ​ភាព​ និង​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​គ្រប់​គ្រង​/អនុវត្ត​គម្រោង​ក្រោម​មូល​និធិ​របស់​អង្គការ​មូល​និធិ​ពិភព​លោក​ទេ ហើយ​កិច្ច​ព្រម​ព្រៀង​ក្រោម​មូល​និធិ​ទាំង​នេះ​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​ដោយ​ផ្ទាល់​រវាង [អ្នក​ទទួល​ជំនួយ​មេ] ដែល​ត្រូវ​បាន​ជ្រើស​រើស និង [អង្គការ​មូល​និធិ​ពិភព​លោក] ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​គណៈ​កម្មា​ធិការ​សម្រប​សម្រួល​ប្រចាំ​ប្រទេស​…និង​អង្គការ​សង្គម​ស៊ីវិល​នានា​”។

គណៈ​កម្មា​ធិការ​សម្រប​សម្រួល​ប្រចាំ​ប្រទេស​រួម​មាន តំណាង​មក​ពី​ក្រសួង​សុខា​ភិបាល​ អង្គការ​សុខភាព​ពិភព​លោក និង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​។ គណៈ​កម្មា​ធិការ​នេះ​ដាក់​សំណើ​សំុ​ជំនួយ​ឥត​សំណង​បញ្ចូល​គ្នា​ ហើយ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​តាម​ដាន​ឲ្យ​ដឹង​ថា តើមូល​និធិ​ទាំង​​នោះ​ត្រូវ​បាន​ចំណាយ​ដោយ​របៀប​ណា​។

ក្រសួង​សុខា​ភិបាល​បាន​លើ​ក​ឡើង​នៅ ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ថា ភាគី​ទាំង​អស់​នេះ “ និង​អ្នក​ផ្គត់​ផ្គង់​/អ្នកម៉ៅការ/ក្រុម​ហ៊ុន​ដែល​មាន​ឈ្មោះ​នៅក្នុង​របាយការណ៍​របស់​អង្គការ​ [មូល​និធិ​ពិភព​លោក] ត្រូវ​ទទួល​ខុស​ត្រូវ​​ពេញ​លេញ​​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ​”។

សេចក្តី​ថ្លែង​ការណ៍​នេះ​មាន​ខ្លឹម​សារ​បន្ត​ទៀត​ថា “ យើង​មិន​អាច​ឯក​ភាព​ និង​របក​គំហើញ​ទាំង​អស់​របស់​អង្គការ​ [មូល​និធិ​ពិភព​លោក] និង​ការ​បក​ស្រាយ​របស់​ពួក​គេ​បាន​ទេ​” ក៏​ប៉ុន្តែ​​ សេចក្តី​ថ្លែង​ការណ៍​នេះ​មិន​បាន​បក​ស្រាយ​លម្អិត​ទេ​។

អង្គការ​មូល​និធិ​ពិភព​លោក​បាន​ចោទ​ប្រកាន់​លោក​ ដួង សុជាតិ អតីត​នាយក​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ ប៉ារ៉ា​ស៊ីតសាស្ត្រ និងបាណកសាស្ត្រ និង​​នាយក​រង​របស់​លោក​ម្នាក់​ទៀត​ថា បានទទួល​​យក​ប្រាក់​​សំណូក​សរុបរួម​គ្នា​ចំនួន​៤១០.០០០​ដុល្លារ និង​អំណោយ​​គិត​ជា​ប្រាក់​ចំនួន​២០.០០០​ដុល្លារ​ ដើម្បី​ធានា​កិច្ច​សន្យា​ជា​ច្រើន​លាន​ដុល្លារ​សម្រាប់​ក្រុម​ហ៊ុន​ស្វ៊ីស​ឈ្មោះ​ Vester-​gaard Frandsen និង​ក្រុម​ហ៊ុន​​ Sumitomo Chemical Singapore ក្នុង​ការ​ផ្គត់​ផ្គង់​មុង​ឲ្យ​ប្រទេស​កម្ពុជា​។ អង្គការ​នេះ​ក៏​បាន​ចោទ​ប្រកាន់​​មន្ត្រី​លទ្ធកម្ម​​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ សើ​ស្បែក​ និង​កាមរោគថា​ បាន​នាំ​គម្រោង​ជំនួយ​ឥត​សំណង​ដែលមាន​​ទឹក​ប្រាក់​៣១៧.០០០​ដុល្លារ​ឲ្យ​ទៅ​ក្រុមហ៊ុន​នានា ដែល​យល់​ព្រម​ផ្តល់​ប្រាក់​ទឹក​តែ​ឲ្យ​មន្ត្រី​រូប​នេះ​ រហូត​ដល់​ទៅ​១៥​ភាគ​រយ។

លោក ម៉ម ប៊ុនហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល​ និង​លោក ដួង សុជាតិ​ ដែល​បាន​​ចូល​និវត្តកាល​ពី​ឆ្នាំ​២០១១​ មិន​អាច​ទំនាក់​ទំនង​សំុ​ធ្វើ​សេចក្តី​អត្ថា​ធិប្បាយ​បាន​ទេ​។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ លោក​ ចា ម៉េងជួ នាយក​បច្ចុ​ប្បន្ន​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ ប៉ារ៉ា​ស៊ីតសាស្ត្រ និងបាណក​សាស្ត្រ​ បាន​អះ​អាង​ថា ប្រាក់​សំណូក​ខុស​ច្បាប់​ទាំង​នេះ​ “ មិន​មាន​​ឥទ្ធិ​ពល​ខុស​ទំនង​ទៅ​លើ​ដំណើរ​ការ​នៃ​ការ​ដេញ​ថ្លៃ​ទេ​” ដោយ​សារ​តែ​មិន​មាន​ចំណុច​បញ្ជាក់​ថា មុង​ទាំង​នោះ​ត្រូវ​បាន​ទិញ​ក្នុង​តម្លៃ​ខ្ពស់​ជាង​តម្លៃ​ទីផ្សារ​ទេ។

លោក ទៀ ផល្លា នាយក​រង​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ របស់​រដ្ឋា​ភិបាល​ និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​សម្រប​សម្រួលប្រចាំប្រទេស​ សម្រាប់​ជំនួយ​ឥត​សំណង​របស់​អង្គការ​មូល​និធិ​ពិភព​លោក​ ក៏​បាន​និយាយ​សម្រាល​កម្រិត​អំពើ​សូក​ប៉ាន់​រង​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ផង​ដែរ​។ លោក​បាន​លើក​សំណួរ​ចំពោះ​សេចក្តី​អះ​អាង​របស់​អង្គការ​មូល​និធិ​ពិភព​លោក ដោយ​លើក​ឡើង​​ថា តើអំពើ​សូក​ប៉ាន់​ទាំងនោះ​ធំប៉ុនណាទៅ​ ក៏​ប៉ុន្តែ​ លោក​បាន​បដិសេធ​មិន​ផ្តល់​តួលេខ​ផ្សេង​ទេ។

លោក​ ទៀ ផល្លា បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​គិត​ថា បញ្ហា​នេះ​វា​មិន​សូវ​ធំដុំទេ។ វាគឺ​ជា​វិធី​ដែល​គេ​កំណត់​បញ្ហា​ខូច​ខាត​… និង​របៀប​ដែល​អ្នក​ប្រៀប​ធៀប​ទៅ​នឹង​មូល​និធិ​សរុប​” ទទួលបាន​ពី​អង្គការ​មូល​និធិ​ពិភព​លោក​ ដែល​បាន​កើន​ឡើង​ដល់​២២០​លាន​ដុល្លារនៅ​​ក្នុង​ចន្លោ​ះ​ពី​ឆ្នាំ​២០០៣​ដល់​ឆ្នាំ​២០១០”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ ក្នុង​ករណី​ខ្លះ​យើង​បាន​ត្រៀម​វិធី​គណនា​ទំហំ​ខូច​ខាត​សរុប​ហើយ​…។ កិច្ច​ការ​នេះ​ត្រូវ​ធ្វើ​ម្តង​ទៀត​”។ លោក​ ផល្លា បាន​ទទួល​ស្គាល់​ថា កំហុស​ឆ្គង​នោះ​បាន​កើត​ឡើង​ ហើយ​គណៈ​កម្មា​ធិការ​សម្រប​សម្រួល​ទទួល​ខុស​ត្រូវ​ខ្លះដែរ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ យើង​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​ការ​ងារ​ជាមួយ​​ [អ្នក​ទទួល​ជំនួយ​មេ] ជាមួយ​ក្រសួង​សុខាភិបាល។ យើង​ទាំង​អស់​គ្នា​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​ដែល​បាន​កើត​ឡើង។ ក៏​ប៉ុន្តែ អ្នក​ប្រើ​ល្បិច​មួយ​ចំនួន​បាន​រត់​គេច​ចេញ​ពី​កិច្ច​ការ​ប្រចាំ​របស់​យើង​… ហើយ​អ្នក​ផ្គត់​ផ្គង់​មួយ​ចំនួន​ក៏​លេង​ល្បិច​ខ្លះ​ដែរ​”។

លោក ផល្លា បាន​កំណត់​អត្ត​សញ្ញាណ​របស់​នាយក​រង​មជ្ឈ​មណ្ឌល​​​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​ ប៉ារ៉ាស៊ីតសាស្ត្រ និង​បាណក​សាស្ត្រ ថា ជា​លោកស្រី ខេង ស៊ីម។ យោង​តាម​របាយ​ការណ៍​របស់​អង្គការ​មូល​និធិ​ពិភព​លោក​បាន​ឲ្យ​ដឹង​ទៀត​ថា លោក​ស្រី ខេង ស៊ីម ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​កាលពីខែ​កញ្ញា​ បន្ទាប់​ពី​លទ្ធ​ផល​នៃ​ការ​សើុប​អង្កេត​ត្រូវ​បាន​លាត​ត្រដាង​។ លោកស្រី​មិន​អាច​ទំនាក់​ទំនង​សំុ​ធ្វើ​សេចក្តី​អត្ថា​ធិប្បាយ​បាន​ទេ។

លោក ផល្លា បាន​លើក​ឡើង​បន្ថែម​ទៀត​ថា លោ​ក​មិន​បាន​ដឹង​អត្ត​សញ្ញាណ​របស់​មន្ត្រី​លទ្ធកម្ម​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​សើស្បែក និងជំងឺ​កាម​រោគទេ។ យោង​តាម​របាយ​ការណ៍​ដដែល​នេះ បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា មន្ត្រី​រូប​នោះ​គឺ​ជា​បុរស​ដែលបាន​លា​ឈប់​ពីការ​ងារ​កាល​ពី​ឆ្នាំ​មុន​។

នៅ​ក្នុង​សារ​មួយ​អម​របាយការណ៍​នេះ លោក​ ម៉ាក ឌីប៊ុល (Mark Dybul) នាយក​ប្រតិ​បត្តិ​អង្គការ​មូល​និធិ​​ពិភព​លោក​ បាន​លើក​ឡើង​ថា អង្គការ​នេះ​កំពុង​ចាត់​វិធានការ​ដើម្បី​ប្រមូល​មូល​និធិ​ពាក់​ព័ន្ធ​មក​វិញ​ ក៏​ប៉ុន្តែ​មិន​បាន​​អត្ថា​ធិប្បាយ​លម្អិត​ទេ​។

លោក​ ទៀ ផល្លា បាន​លើក​ឡើង​ផង​ដែរ​ថា លោក​មិន​បាន​ដឹង​អ្វី​ទេ​ទាក់​ទង​នឹង​រឿង​នេះ ប៉ុន្តែ​លោក​គាំទ្រ​គំនិត​ដែល​ចង់​ឲ្យ​មាន​ការ​សើុប​អង្កេត​ក្នុង​ស្រុក​មួយ​ទៅ​លើ​អតីត​មន្ត្រី​សុខា​ភិបាល​ទាំង​នោះ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ ប្រសិន​បើ​មាន​ភ័ស្តុតាង​ ប្រសិន​បើ​វា​ជា​ការ​ពិត​…វា​គឺ​ជា​វិធី​មួយ​ដែល​អាច​ពង្រឹង​អភិបាល​កិច្ច​ល្អ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ យើង​មាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​” ដែល​ជា​ស្ថាប័ន​របស់​រដ្ឋា​ភិបាល​។ លោក​បាន​បន្ត​ថា “ យើង​មាន​ទីភ្នាក់ងារ​អនុត្ត​ច្បាប់់​ ដើម្បី​ចាត់​វិធានការ​ទៅ​តាម​បទ​ចោទ​ប្រកាន់​នានា​”។

លោក សូ ផន អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​មហា​ផ្ទៃ​ បានឲ្យ​ដឹង​ថា របាយ​ការណ៍​របស់​អង្គការ​ម​ូល​និធិ​ពិភព​លោក​​ កំពុង​ត្រូវ​បាន​ពិនិត្យ។ លោក​បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​ទទួល​បាន​ព័ត៌​មាន​នេះ​ ប៉ុន្តែ​ក្រសួង​មហា​ផ្ទៃ​មិនទាន់​ចាត់​វិធាន​ការ​ទេ​ ហើយ​ការ​ដែល​និយាយ​ថា តើ​ក្រសួង​​នឹង​ចាត់​វិធានការ​នោះ គឺ​ជា​រឿង​មួយ​ឆាប់​កើត​ឡើង​ពេក​ ពីព្រោះ​របាយការណ៍​ទើប​តែ​មក​ដល់​”។

លោក​ នេត សាវឿន អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​​ និង​លោក កែវ រ៉េមី អ្ន​ក​នាំ​ពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​បដិសេធ​មិន​ធ្វើ​សេចក្តី​អត្ថា​ធិប្បាយ​ទេ​។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ ក្រុម​ហ៊ុន​Vestergaard Frandsen ​ជា​ក្រុម​ហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំងពីរ​ដែល​ផ្គត់​ផ្គង់​មុង​បាន​ដាក់​ការ​ស្តី​បន្ទោស​អំពី​ករណី​សូក​ប៉ាន់​ទាំង​នេះ​ទៅលើ​បុគ្គលិក​ពីរ​រូប​របស់​ខ្លួន​ ដែល​នៅ​ខាង​ក្រៅ​ការិយាល័យ​នៅ​ប្រទេស​ឥណ្ឌា​របស់​ខ្លួន​។

សេចក្តី​ថ្លែង​ការណ៍​នេះ​មាន​ខ្លឹម​សារ​ថា “ រឿង​នេះ​មិន​ត្រូវ​បាន​ដឹង​ ឬ​ក៏​អនុម័ត​ដោយ​គណៈ​គ្រប់​គ្រង​របស់​យើង​​នៅ​ប្រទេសស​្វីស។ ក៏​ប៉ុន្តែ​ក្រុមហ៊ុន​ Vestergaard នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​នេះ​ និង​សកម្មភាព​នៅ​ក្នុង​បុត្រ​សម្ពន្ធ​របស់​ក្រុម​ហ៊ុន​នេះ​។ យើង​បាន​អនុវត្ត​ចំណាត់​ការ​កែ​តម្រូវ​ដែល​រួម​មាន​ការ​ត្រួត​ពិនិត្យ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ជាង​មុន និង​ការ​កែ​លម្អ​របៀប​របប​ធ្វើ​ការ​​នៅ​ក្នុង​ប្រតិ​បត្តិការ​ទាំង​អស់​របស់​យើង​ជាដើម។ យើង​ប្តេជ្ញា​ធ្វើ​ប្រតិបត្តិ​ការ​ប្រកប​ដោយ​ស្មារតី​​ក្រម​សីលធម៌​អាជីវកម្ម​ខ្ពស់​បំផុត​”។

ក្រុម​ហ៊ុន​ Sumitomo Chemical Singapore ដែល​ជា​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​មុង​មួយ​ផ្សេង​ទៀត​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណើ​សំុ​ឲ្យ​ធ្វើ​សេចក្តី​អត្ថា​ធិប្បាយ​ទេ។

អង្គការ​មូល​និធិ​ពិភព​លោក​បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​ព្យួ​រកិច្ច​សន្យា​ទាំង​អស់​ជាមួយ​ក្រុម​ហ៊ុន​ទាំងពីរនេះ​។ក្នុង​ឆ្នាំ​២០១១​ អង្គការ​នេះ​បានប្រគល់​ការ​ទទួល​ខុស​ត្រូវ​លើ​ជំនួយ​ឥត​សំណង​បច្ចុ​ប្បន្ន​ និង​អនាគត​សម្រាប់​ប្រទេស​កម្ពុជា​ ទៅ​ឲ្យ​ការិយាល័យ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សេវា​កម្ម​គម្រោង​៕ សុធា

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស