មួយសប្តាហ៍បន្ទាប់ពីនគរបាលបានបាញ់ទៅលើក្រុមអ្នកតវ៉ាដែលគប់ដុំថ្ម មកពីរោងចក្រកាត់ដេរ អេសអិល (SL Garment Factory) នោះ កាលពីម្សិលមិញប្រធានរោងចក្រនេះ បានឲ្យដឹងថា លោកនឹងអនុវត្តតាមបទបញ្ជារបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីកោះហៅសកម្មជនសហជីព១៩នាក់ ដែលត្រូវបានរោងចក្រនេះបញ្ឈប់ពីការងារកាលពីមុននោះ ឲ្យចូលធ្វើការវិញ។

លោក ចូសិប លី (Joseph Lee) ប្រធានរោងចក្រ អេសអិល បានឲ្យដឹងថា រោងចក្រមិនមានជម្រើសអ្វី ក្រៅពីអនុវត្តតាមបទបញ្ជារបស់រដ្ឋាភិបាល ដែលត្រូវបានផ្សព្វផ្សាយ លើគេហទំព័ររបស់ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃសុក្រសប្តាហ៍មុន និងត្រូវបានចុះហត្ថលេខាដោយលោក ឃុន ជិនខេន អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។ លោកបានមានប្រសាសន៍ អំពីបទបញ្ជានេះថា “ប្រសិនបើវាជាបទបញ្ជា ពីរដ្ឋាភិបាលនោះយើងត្រូវតែអនុវត្តតាម វា។ យើងត្រូវតែគោរពតាមច្បាប់កម្ពុជា”។
លោក លី បានមានប្រសាសន៍សំដៅទៅលើកម្មករដែលជាសមាជិក នៅក្នុងសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ដែលបានរៀបចំកូដកម្ម និងការតវ៉ាអស់រយៈពេលបីខែកន្លងមកនេះថា “ប្រសិន បើពួកគេ [មេដឹកនាំសហជីព] ត្រឡប់មកធ្វើការវិញ ខ្ញុំនឹងចាត់ទុកពួកគេជាកម្មករ។ ខ្ញុំមិនខ្វល់អំពីម្ខាងទៀតទេ”។
លោក ហួន សឿ អនុប្រធាននាយកដ្ឋានវិវាទនៃក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានលើកឡើងផងដែរថា ក្រុមហ៊ុននៅក្រៅប្រទេសដែលទិញទំនិញ ពីរោងចក្រ អេសអិល នឹងជួយចំណាយប្រាក់៥០ភាគរយនៃចំនួនប្រាក់ឈ្នួល ដែលកម្មករបានបាត់បង់ ដោយសារតែសកម្មភាពកូដកម្មរយៈពេលជាច្រើនខែរបស់ខ្លួន ហើយប្រាក់ ឈ្នួលទាំងនេះ ក៏ជាលក្ខខណ្ឌទាមទារមួយផ្សេងទៀតរបស់សហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ដើម្បីបញ្ចប់សកម្មភាពតវ៉ារបស់ខ្លួន។
លោក ហួន សឿ បានមានប្រសាសន៍ថា “អតិថិជននឹងជួយបង់ប្រាក់៥០ភាគរយនៃចំនួនទឹកប្រាក់ដែលត្រូវទូទាត់ឲ្យកម្មករ”។ លោកបានឲ្យដឹងបន្ថែមថា ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ នឹងចាត់វិធានការព្រមានចំពោះរោងចក្រនេះ ប្រសិនបើបទបញ្ជាឲ្យកោះហៅមេដឹកនាំសហជីពទាំង១៩រូបឲ្យធ្វើការវិញនេះ មិនត្រូវបានអនុវត្តក្នុងរយៈពេល១៥ថ្ងៃទេ។
ក្នុងចំណោមចំណុចទាមទារសំខាន់ៗរបស់កម្មករ គឺកម្មករទាមទារឲ្យរោងចក្រដកលោក មាស សុថា ជាអ្នករដ្ឋបាល និងជាសមាជិកភាគហ៊ុននៅក្នុងរោងចក្រនេះ។កម្មករបាននិយាយថា លោក សុថា ត្រូវទទួលខុសត្រូវ ចំពោះការនាំបុគ្គលិកសន្តិសុខប្រដាប់អាវុធ នៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកថ្មីៗនេះ ដើម្បីគំរាមកម្មករមិនឲ្យចូលរួមក្នុងសកម្មភាពរបស់សហជីព។ លោក សុថា បានលើកឡើងថា លោកមិនមានបំណងលាលែង ពីការងាររបស់លោកទេ។
លោក ហួន សឿ បានមានប្រសាសន៍ថា “រដ្ឋមន្ត្រីនឹងជួបពិភាក្សាដោយផ្ទាល់ជាមួយ [លោក សុថា] និងដោះស្រាយបញ្ហាជាមួយគាត់”។ ក៏ប៉ុន្តែ លោកមិនបានផ្តល់ព័ត៌មានលម្អិតទាក់ទងនឹងរឿងនេះទេ”។ លោកបានមានប្រសាសន៍បន្តថា “ត្រូវតែមានដំណោះស្រាយ ហើយយើងត្រូវតែយល់អំពីគ្នាទៅវិញទៅមក ហើយយើងសង្ឃឹមថា បញ្ហានឹងត្រូវបញ្ចប់”។
ទោះជាយ៉ាងណា លោក អាត់ ធន់ ប្រធានសហព័ន្ធ សហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា មិនបានសន្យាថា កម្មករនឹងត្រឡប់ចូលធ្វើការវិញទេ ពីព្រោះលោកមិនទាន់ទទួលបានសេចក្តីធានាជាផ្លូវការថា ក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់នេះនឹងផ្តល់ប្រាក់ឈ្នួលដល់សមាជិករបស់លោកវិញនៅឡើយទេ។ លោកបានមានប្រសាសន៍ថា “យើងមិនដឹងនៅឡើយទេថា តើអតិថិជនណាខ្លះនឹងបង់ប្រាក់ឈ្នួលដល់កម្មករ។ កម្មករនឹងត្រឡប់ ចូលធ្វើការជាធម្មតាវិញ នៅពេលពួកគេទទួល បានប្រាក់ទូទាត់របស់ខ្លួន៥០ភាគរយ”។
លោក ដេវ វ៉េល (Dave Welsh) ប្រធានមជ្ឈមណ្ឌលសាមគ្គីភាព ដែលជាអង្គការតស៊ូមតិផ្នែកការងារ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងជាអ្នកមានវត្តមាននៅក្នុងកិច្ចចរចារវាងគណៈគ្រប់គ្រងរោងចក្រ អេសអិល និងមេដឹកនាំសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា កាលពីសប្តាហ៍មុនបានលើកឡើងថា លោកនៅតែមានសុទិដ្ឋិ និយមថា រោងចក្រ អេសអិល មានឆន្ទៈអនុវត្តតាមបទបញ្ជារបស់រដ្ឋាភិបាល ដើម្បីកោះហៅមេដឹកនាំសហជីពដែលត្រូវបានបញ្ឈប់ ពីការងារនោះឲ្យត្រឡប់ចូលធ្វើការវិញ។
លោកបានមានប្រសាសន៍ថា “ដោយផ្តល់នូវចំនួនទឹកប្រាក់ដែលកម្មករបានបាត់បង់ [ដោយសារតែកូដកម្ម ] [គណៈគ្រប់គ្រងរោងចក្រអេសអិល] បានធ្វើឲ្យមានចំណាប់អារម្មណ៍ [អំឡុងពេលចរចា]ថា ខ្លួនចង់ឲ្យក្រុមហ៊ុនដំណើរការទៅមុខ មិនមែនត្រឹមតែកោះហៅ [មេដឹកនាំសហជីព] ទាំង១៩នាក់ឲ្យចូលធ្វើការវិញប៉ុណ្ណោះទេ”។ លោកបានឲ្យដឹងបន្ថែមទៀតថា ប្រាក់សំណងសម្រាប់កម្មករដែលធ្វើកូដកម្មនៅតែជា “ចំណុចសំខាន់នៃកិច្ចព្រមព្រៀង”៕សុធា