កាលពីម្សិលមិញ អភិបាលខេត្តរតនគិរីបានលាតត្រដាងថា ក្រុមហ៊ុនកសិឧស្សាហកម្មមួយដែលជាប់ចោទថា កំពុងកាប់ឈើប្រណីតហាមឃាត់ទ្រង់ទ្រាយធំនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ក្នុងខេត្តរតនគិរី ទទួលបាន “ដីសម្បទានក្រៅផ្លូវការ” នៅក្នុងតំបន់ការពារនេះ។

កាលពីសប្ដាហ៍មុន មន្ត្រីមូលដ្ឋាន និងអ្នកភូមិជនជាតិភាគតិចឡាវ ដែលរស់នៅក្នុងឃុំជ័យឧត្តម ស្រុកលំផាត់ បានប្រទះឃើញឈើប្រណីតមានបង់លេខ និងមានទំហំប៉ុនៗគ្នារាប់ពាន់ដុំគរទុកនៅក្នុងរោងម៉ាស៊ីនអារឈើមួយកន្លែង របស់ក្រុមហ៊ុនដូនពេញ អាហ្គ្រីកូ ខូលអិលធីឌី ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចទំហំ៨.៨២៥ហិកតានៅក្នុងដែនជម្រកសត្វព្រៃ ដែលមានទំហំ២៥០.០០០ហិកតានេះក្នុងឆ្នាំ២០១១។
ទោះជាយ៉ាងណា លោក ជីម ផាក់ មេឃុំជ័យឧត្តមបានអះអាងកាលពីម្សិលមិញថា ឈើដែលភាគច្រើនជាប្រភេទឈើគ្រញូងិងមានសរសេរអក្សរ “AH” ត្រូវបានកាប់នៅខាងក្រៅតំបន់សម្បទានសេដ្ឋកិច្ចផ្លូវការឆ្នាំ២០១១របស់ក្រុមហ៊ុននេះនៅទីតាំងមួយទៀតក្នុងដែនជម្រកសត្វព្រៃលំផាត់។
លោក គង់ ស្រ៊ុន អភិបាលស្រុកលំផាត់បានគាំទ្រការអះអាងរបស់មេឃុំរូបនេះកាលពីម្សិលមិញ ដោយលោកមានប្រសាសន៍ថា លោកគ្មានសិទ្ធិអំណាច ដើម្បីបញ្ឈប់អ្វីដែលលោកចាត់ទុកថា ជាការកាប់ឈើខុសច្បាប់នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាននោះឡើយ។
ពេលស្នើសុំការបំភ្លឺជុំវិញការកាប់ឈើនៅក្នុងដែនជម្រកសត្វព្រៃនេះ លោក ប៉ាវ ហមផាន អភិបាលខេត្តរតនគិរីបានមានប្រសាសន៍ថា ក្នុងពេលថ្មីៗនេះក្រុមហ៊ុនដូនពេញ អាហ្គ្រីកូ ទទួលបានដីសម្បទានក្រៅផ្លូវការជាលើកទី២ នៅក្នុងដែនជម្រកសត្វព្រៃនេះ ហើយការកាប់ឈើហាត់គឺគ្រាន់តែជាការរានព្រៃតាមធម្មតាដើម្បីត្រៀមសម្រាប់ដំាដំណាំកសិកម្មប៉ុណ្ណោះ។
លោក ប៉ាវ ហមផាន បានមានប្រសាសន៍ថា “នេះមិនមែនជាដ៏សម្បទានផ្លូវការទេ។ រដ្ឋាភិបាលបានផ្ដល់មួយផ្នែកនៃដែនជម្រកសត្វព្រៃនេះឲ្យទៅក្រុមហ៊ុនសម្រាប់ធ្វើការវិនិយោគ”។ លោកបានបដិសេធមិនបញ្ជាក់ថា មន្ត្រីណាម្នាក់នៅក្នុងជួររដ្ឋាភិបាល ជាអ្នកអនុញ្ញាតឲ្យក្រុមហ៊ុននេះកាប់ព្រៃការពារនោះឡើយ ហើយក៏មិនបញ្ជាក់ថា វាមានទីតាំងនៅត្រង់ណា ឬគ្របដណ្ដប់លើផ្ទៃដីទំហំប៉ុន្មាននោះដែរ។ អភិបាលខេត្តរូបនេះបានបន្តថា “ក្រុមហ៊ុននេះត្រូវកាប់ដើមឈើនិងរានដីសម្រាប់ដាំដំឡូងមី និងដើមកៅស៊ូ”។ លោកបានបន្ថែមថា ដរាបណាក្រុមហ៊ុននេះបង់ពន្ធលើឈើដែលខ្លួនកាប់ សកម្មភាពរបស់ក្រុមហ៊ុននេះគឺស្របច្បាប់។
យោងតាមច្បាប់រដ្ឋបាលព្រៃឈើរបស់ព្រះរាជាណាចក្រកម្ពុជាចែងថា ការកាប់ឈើនៅក្នុងតំបន់ព្រៃការពារ គឺសុទ្ធតែខុសច្បាប់ទាំងអស់។ លោកស្រី គឹម អៀង តំណាងក្រុមហ៊ុនដូនពេញ អាហ្គ្រីកូ ដែលមិនព្រមបង្ហាញប័ណ្ណកម្មសិទ្ធិផ្លូវការរបស់ខ្លួនបានបញ្ជាក់អះអាងថា ក្រុមហ៊ុនបានជួលតំបន់ថ្មីមួយនៅក្នុងដែនជម្រកសត្វព្រៃលំផាត់កាលពីប្រហែលប្រាំខែមុន។
លោកស្រី គឹម អៀង ដែលមិនព្រមបញ្ចេញឈ្មោះ “ថ្នាក់លើ” របស់ខ្លួននិងគ្រាន់តែនិយាយថា ក្រុមហ៊ុននេះជារបស់វៀតណាមនោះ បានលើកឡើងទៀតថា “ខ្ញុំទើបតែទទួលបានដំណឹងពីថ្នាក់លើរបស់ខ្ញុំថា អ្នកភូមិគ្មានសិទ្ធិតវ៉ា [ការកាប់ឈើនៅក្នុងដែនជម្រកសត្វព្រៃ] ទេ ពីព្រោះក្រុមហ៊ុនបានទិញដីនេះពីរដ្ឋាភិបាល ហើយឯកសារមាននៅអាជ្ញាធរស្រាប់”។
ប្រសិនបើក្រុមហ៊ុននេះពិតជាទទួលបានដីសម្បទាន “ក្រៅផ្លូវការ” នៅឆ្នាំនេះមែន មានន័យថា វាល្មើសនឹងសេចក្ដី ប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ២០១២ ដែលបានប្រកាសផ្អាកការផ្ដល់ដីសម្បទានសេដ្ឋកិច្ចថ្មីៗ ដោយសារវាត្រូវបានបន្ទោសចំពោះការកាប់បំផ្លាញព្រៃឈើរបស់កម្ពុជាយ៉ាងរាលដាលនិងការបណ្ដេញប្រជាពលរដ្ឋចេញពីដីធ្លីយ៉ាងច្រើន។
យោងតាមគេហទំព័ររបស់ក្រុមហ៊ុននេះបានឲ្យដឹងថា ដូនពេញ អាហ្គ្រីកូ គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនដូនពេញ (ខេមបូឌា) គ្រុប ដែលពីមុនមានឈ្មោះថា អេហ្សឹត គ្រុប ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៣ ដោយលោក អ៊ីង ប៊ុនហូវ អតីតរដ្ឋលេខាធិការមកពីគណបក្សប្រជាជនកម្ពុជា នៃក្រសួងសាធារណការនិងដឹកជញ្ជូន និងដែលគ្រប់គ្រងដោយលោកស្រី ហេង សុខា ភរិយារបស់លោក។
ទាំងលោក អ៊ឹង ប៊ុនហូវ ទាំងលោកស្រី ហេង សុខា មិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញ ហើយគេក៏មិនដឹងថា តើប្ដីប្រពន្ធទាំងពីរនាក់នេះនៅតែជាម្ចាស់ក្រុមហ៊ុនកាប់ឈើនេះនៅឡើយឬយ៉ាងណានោះទេ។
លោក ឆាយ ធី មន្ត្រីស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សក្នុងស្រុកអាដហុកប្រចាំខេត្តរតនគិរី បានមានប្រសាសន៍ថា ក្រុមហ៊ុនដូនពេញ អាហ្គ្រីកូ បានសហការគ្នាជាមួយក្រុមហ៊ុនហ័ង អាញ់ លំផាត់ ខូលអិលធីឌី ដែលកាន់កាប់ដីសម្បទានសេដ្ឋកិច្ចទំហំ៩.១៧៣ហិកតានៅក្នុងដែនជម្រកសត្វព្រៃនេះដែរ។
ក្រុមហ៊ុនហ័ង អាញ់ លំផាត់ គឺជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនរួមរបស់វៀតណាមឈ្មោះ ហ័ង អាញ់ យ៉ាឡៃ ដែលរបាយការណ៍មួយរបស់អង្គការក្លូបល វីតណេស ចេញកាលពីខែឧសភា បានចោទក្រុមហ៊ុននេះថា បានកាប់ឈើនិងចាប់យកដីធ្លីយ៉ាងរាលដាលនៅក្នុងខេត្តរតនគិរី។
កាលពីខែឧសភា លោក ទ្រី ភាព ជាពាណិជ្ជករ និងជាប្រតិបត្តិករដីសម្បទានដ៏ល្បីឈ្មោះទទួលបានសិទ្ធិផ្ដាច់មុខទិញឈើទាំងអស់ដែលកាប់នៅក្នុងខេត្តរតនគិរី។ អ្នកភូមិ និងបុគ្គលិកអង្គការសិទ្ធិមនុស្សនៅក្នុងខេត្តរតនគិរីបានតវ៉ាកាលពីដើមឆ្នាំនេះថា ការផ្ដាច់មុខរបស់លោក ទ្រី ភាព លើការទិញឈើនៅក្នុងខេត្តនេះ បានធ្វើឲ្យការកាប់ឈើខុសច្បាប់កើនឡើង ពីព្រោះឈើកាប់ដោយខុសច្បាប់នៅក្នុងតំបន់ការពារងាយស្រួលលាងសម្អាតជាងឈើកាប់ដោយស្របច្បាប់។
លោក ឆាយ ធី បានមានប្រសាសន៍ថា លោកបាននិយាយជាមួយអ្នកដើរទូកលើទន្លេស្រែពកកាលពីថ្ងៃអង្គារ ដែលប្រើប្រាស់ទូកម៉ាស៊ីន ដើម្បីដឹកឈើគ្រញូងកាត់ទន្លេនេះ និងដែលបាននិយាយថា ពួកគេធ្វើការឲ្យលោក ទ្រី ភាព។ អ្នកដើរទូកទាំងនោះបានប្រាប់អ្នកលោក ឆាយ ធី ថា បន្ទាប់មកឈើទាំងនោះត្រូវបានលើកដាក់លើរថយន្តធុនធំដឹកឆ្ពោះទៅវៀតណាម។ តំណាងក្រុមហ៊ុន ទ្រី ភាព មិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញ។
លោក ឆាយ ធី បានមានប្រសាសន៍ទៀតថា ឈើដែលអង្គការអាដហុក ថតបាននៅលើទន្លេសុទ្ធតែមានទំហំប៉ុនឈើ ដែលគេប្រទះឃើញនៅក្នុងរោងអារឈើរបស់ក្រុមហ៊ុនដូនពេញ អាហ្គ្រីកូ។
លោក ធន សារ៉ាត់ អ្នកនាំពាក្យរដ្ឋបាលព្រៃឈើបានបញ្ជាក់កាលពីម្សិលមិញថា បម្រាមរបស់លោក ហ៊ុន សែន មិនឲ្យផ្ដល់ដីសម្បទានសេដ្ឋកិច្ចកំពុងតែអនុវត្តនៅឡើយ។ លោកមានប្រសាសន៍ទៀតថា បើទោះបីជាវាលែងមានប្រសិទ្ធភាពក៏ដោយ ក៏រដ្ឋាភិបាលមិនអាចជួលដីរដ្ឋឲ្យទៅក្រុមហ៊ុនឯកជនដោយគ្មានអនុក្រឹត្យចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីបានឡើយ។ លោក ធន សារ៉ាត់ ដែលបានបង្វែរសំណួរបន្ថែមទៀតជុំវិញការកាប់ឈើនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ទៅក្រសួងបរិស្ថានបានមានប្រសាសន៍ថា បើគ្មានឯកសារបែបនោះទេ “ពួកគេមិនអាចអភិវឌ្ឍតំបន់នោះបានឡើយ”។
លោក សៅ សុភ័ក្រ ប្រធានខុទ្ទកាល័យក្រសួងបរិស្ថាន និងជាជំនួយការរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា លោកមិនបានដឹងរឿងដីសម្បទាន “ក្រៅផ្លូវការ” របស់ក្រុមហ៊ុនដូនពេញ អាហ្គ្រីកូ នៅក្នុងដែនជម្រកសត្វព្រៃនេះទេ។ លោកមានប្រសាសន៍ថា “ខ្ញុំមិនដឹងរឿងកាប់ឈើនេះទេ”។ លោក ជូ សុភ័ក្រ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរីបានបដិសេធមិនឆ្លើយបំភ្លឺរឿងក្រុមហ៊ុននេះកាប់ឈើនៅក្នុងដែនជម្រកសត្វព្រៃនេះទេ៕ សុខុម