សមាជិកគណបក្សប្រឆាំងជាន់ខ្ពស់មួយរូបបាននិយាយកាលពីម្សិលមិញថា ផែនការរបស់សាលារាជធានីភ្នំពេញដើម្បីកំណត់ឡើងវិញនូវព្រំប្រទល់រដ្ឋបាលដ៏ធំរបស់រាជធានីនេះ នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍នេះ ដោយការបង្កើតខណ្ឌថ្មីចំនួនប្រាំទៀតនៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅខែឧសភានោះ ទំនងជាការប្រឹងប្រែងដើម្បីបំបែកមណ្ឌលបោះឆ្នោត។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា សាលារាជធានីនឹងបង្កើតខណ្ឌថ្មីប្រាំទៀតនៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយការបំបែក ឬការកំណត់ឡើងវិញនូវព្រំប្រទល់ខណ្ឌទាំងប្រាំបួនដែលមានស្រាប់នៅក្នុងរាជធានី។
លោក សុន ឆ័យ សមាជិកសភាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា ការកំណត់ព្រំប្រទល់ខណ្ឌនៅក្នុងរាជធានីឡើងវិញនៅមុនការបោះឆ្នោតនេះអាចធ្វើឲ្យមានព្រំប្រទល់ខណ្ឌថ្មីនៅទូទាំងសង្កាត់ទាំង៩៦នៅក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យ គណបក្សប្រជាជនកម្ពុជាទទួលបានតួនាទីក្រុមប្រឹក្សាច្រើនជាងតួនាទីដែលខ្លួនមានក្នុងពេលបច្ចុប្បន្ននេះ។
លោក សុន ឆ័យ បានមានប្រសាសន៍ថា “ពួកគេដឹងថា សមាជិកសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅពេលខាងមុខនេះអាស្រ័យលើសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដូច្នេះបញ្ហានេះមិនមែនជារឿងរដ្ឋបាលទេ គេធ្វើដូច្នេះដើម្បីផលប្រយោជន៍នយោបាយតែប៉ុណ្ណោះ គឺដើម្បីទទួលបានសមាជិកបន្ថែមទៀតនៅក្រុមប្រឹក្សាខណ្ឌ”។
សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ចំនួន៨១០រូប ក្នុងរាជធានីភ្នំពេញ នឹងទៅបោះឆ្នោតនៅថ្ងៃទី១៨ ខែឧសភា ដើម្បីជ្រើសរើសសមាជិកក្រុមប្រឹក្សាខណ្ឌ នៅតាមខណ្ឌនីមួយៗរបស់ខ្លួន ព្រមទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញផងដែរ។ គណបក្សប្រជាជនកម្ពុជាទំនងជាបានជ័យជម្នះទាំងស្រុងនៅ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ ដោយគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានតួនាទីសមាជិកក្រុមប្រឹក្សាចំនួន៥៧០ក្នុងចំណោមតួនាទីក្រុមប្រឹក្សារាជធានីទាំង៨១០ បន្ទាប់ពីការបោះឆ្នោតឃុំ សង្កាត់ កាលពីឆ្នាំ ២០១២។
លោក កែម ឡី អ្នកវិភាគនយោបាយបានច្រានចោលការលើកឡើងរបស់រដ្ឋាភិបាលដែលថា ការកំណត់ព្រំប្រទល់ខណ្ឌឡើងវិញនៅ ក្នុងរាជធានីភ្នំពេញ ដែលបន្ថែមខណ្ឌថ្មីចំនួនពីរនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ទៅលើខណ្ឌដែលមានពីមុនចំនួនប្រាំពីរនោះ គឺដើម្បីបង្កើនប្រសិទ្ធភាពរដ្ឋបាល។ លោកបានបន្ថែមថា “ ការរៀបចំនយោបាយ” ថ្មី នេះនឹងធ្វើឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតកាន់តែច្រើន។
លោក កែម ឡី បានមានប្រសាសន៍ថា “ពួកគេនឹងរៀបចំសង្កាត់ដែលគណបក្សប្រជាជនកម្ពុជាឈ្នះ និងសង្កាត់ដែលគណបក្សសង្គ្រោះជាតិឈ្នះ ហើយរៀបចំសង្កាត់តាមខណ្ឌនីមួយដើម្បីឲ្យបោះឆ្នោតគាំទ្រសមាជិកក្រុមប្រឹក្សាខណ្ឌបន្ថែមទៀតសម្រាប់គណបក្សប្រជាជនកម្ពុជា”។
លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកវិមជ្ឈការបានបដិសេធថា ការកំណត់ព្រំប្រទល់ឡើងវិញនេះមិនមែនជាហេតុផលនយោបាយទេ ដោយលោកមានប្រសាសន៍ថា ការធ្វើដូច្នេះ គឺជារឿងធម្មតានៅមុនការបោះឆ្នោត។ លោកបានមានប្រសាសន៍ថា “មុនការបោះឆ្នោតម្តងៗ តាមធម្មតាយើងពិនិត្យមើលព្រំប្រទល់ ហើយប្រសិនបើអាចធ្វើទៅបាន យើងត្រូវកែប្រែព្រំប្រទល់ យើងបង្កើតរដ្ឋបាលថ្មី ដើម្បីធ្វើឲ្យការផ្តល់សេវាកម្មសាធារណៈប្រសើរជាងមុន”។
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បដិសេធមិនធ្វើអត្ថាធិប្បាយអំពីការកំណត់ព្រំប្រទល់ខណ្ឌឡើងវិញនេះទេ លុះណាតែមានការប្រកាសព័ត៌មានលម្អិតជាមុនសិន៕ សារុន
(រាយការណ៍បន្ថែមដោយ ផន បុប្ផា)