32 C
Phnom Penh

ការ​បាត់​បង់គម្រ​ប​​ព្រៃ​ឈើ​នៅកម្ពុជា​វាជា​លទ្ធ​ផល​អា​ក្រក់​ដល់​ពិ​ភព​លោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​របាយការណ៍​​សិក្សា​ថ្មីមួយ​អំពី​​ការ​​​ប្រែប្រួលគម្រ​ប​ព្រៃ​ឈើ​នៅ​លើ​ពិភព​លោក​ ​ដែល​ផ្ទុយ​គ្នា​យ៉ាង​ខ្លាំង​ពីតួ​លេខ​របស់​រដ្ឋាភិបាល​ ដែលបាន​បង្ហាញ​ថា ប្រទេស​កម្ពុជា​បាន​បាត់​បង់​គម្រប​ព្រៃ​ឈើ​របស់​ខ្លួន​ជាង​៧ភាគ​រយ​​ក្នុ​ងរយៈ​ពេល​១២​ឆ្នាំ​មក​នេះ គឺ​មាន​អត្រាលឿន​ជាង​គេ​បំផុត​ទី​៥ នៅ​ក្នុ​ង​ពិភព​លោក​។

ពណ៌​ក្រហម​ក្នុង​ផែន​ទី​នេះ​គឺ​ជា​​តំបន់​កាប់​ព្រៃ​ឈើ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ចន្លោះ​ពី​ឆ្នាំ​២០០០​ដល់​ឆ្នាំ​២០១២។ U​niversity of Maryland
ពណ៌​ក្រហម​ក្នុង​ផែន​ទី​នេះ​គឺ​ជា​​តំបន់​កាប់​ព្រៃ​ឈើ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ចន្លោះ​ពី​ឆ្នាំ​២០០០​ដល់​ឆ្នាំ​២០១២។ U​niversity of Maryland

​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ នៅ​ក្នុ​ង​ទស្សនា​វដ្ដីវិទ្យាសាស្ត្រ​ ​និង​​ដឹក​នាំ​ធ្វើ​​ដោយ​អ្នក​ស្រាវ​ជ្រាវ​នៅ​សាកល​វិទ្យាល័យ​ម៉ារីឡែន របាយ​ការណ៍​​សិក្សានេះ​ផ្អែក​លើ​ទិន្នន័យ​ផ្កាយ​រណ​ប​​របស់​អាមេរិក ដើម្បី​តាម​ដាន​ការ​ផ្លាស់​ប្ដូរ​គម្រប​ព្រៃ​ឈើនៅ​ទូទាំង​ពិភព​លោក​ចន្លោះ​ពី​ឆ្នាំ​២០០០​ដល់ឆ្នាំ​២០១២។ យោង​តាម​របាយការណ៍​សិក្សា​នេះ​​បង្ហាញ​​​ថា ប្រទេស​កម្ពុជា​បាន​បាត់​បង់​ព្រៃ​ឈើ​ចំនួន​ជិត​១២.៦០០​គីឡូម៉ែត្រក្រឡា នៅ​ក្នុង​រយៈ​ពេល​១២​ឆ្នាំមក​នេះ ហើយ​ទទួល​បាន​ព្រៃ​ថ្មីមក​វិញ​តែ​១.១០០​គីឡូម៉ែត្រ​ក្រឡា​ប៉ុណ្ណោះ គឺ​បាត់​បង់​អស់​៧,១​ភាគ​រយ​នៃ​ព្រៃ​ឈើ​ទាំង​អស់​។

នៅទូទាំង​ពិភព​លោក ​មា​នតែ​ប្រទេស​ម៉ាឡេស៊ី​ ប្រទេស​ប៉ារ៉ាហ្គាយ ប្រទេស​ឥណ្ឌូ​ណេស៊ី និង​ប្រទេស​ក្វាតេម៉ាឡា ប៉ុណ្ណោះ​មាន​អត្រា​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខ្ពស់​ជាង​គេ​ក្នុង​រយៈ​ពេល​ដូច​គ្នា​នេះ។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​នេះ​និយាយ​ថា នេះ​គឺ​ជាការ​សិក្សា​លើ​ក​ដំបូង​របស់​ខ្លួន​ដើម្បី​​ដាក់​បញ្ចូល​វិធាន​​​ការ​​ដែល​ស្រប​គ្នា​​នៃ​គម្រប​ព្រៃ​ឈើ​នៅ​ទូទាំង​ពិភពលោក​ជាមួយ​នឹង​​ព័ត៌​មាន​​ច្បាស់​លាស់​បែប​នេះ​។

លោក ម៉ាត់​ស៊ូ ហែនសេន សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យាល័យ​ម៉ារីឡេន ដែល​បាន​ដឹក​នាំ​ក្រុម​ស្រាវ​ជ្រាវ​នេះ​បាន​សរសេរ​តាម​អ៊ីម៉េល​កាលពីម្សិលមិញ​ថា “យើង​បង្ហាញ​ទិន្នន័យ​ទាំង​នេះធ្វើ​ជា​មធ្យោបាយ​ដើម្បី​ទទួល​បាន​ព័ត៌មាន​កាន់​តែ​ច្បាស់​អំពី​ព្រៃ​ឈើ​ដែល​បច្ចុប្បន្ននេះមិន​សូវ​មាន​តម្លា​ភាព​”។ លោក​បាន​បន្ថែម​ថា “ ខ្ញុំសង្ឃឹម​ថា ទិន្នន័យ​នេះ​អាច​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​សេចក្ដី​សម្រេច​កាន់​តែ​ច្បាស់​លាស់​អំពីការ​ប្រើ​ប្រាស់​ព្រៃ​ឈើ​កម្ពុជា​”។

ទោះ​បីជា​ទិន្នន័យ​របស់​រដ្ឋាភិបាល​នៅ​ពេល​ថ្មីៗ​នេះ​ស្ដីពី​គម្រប​ព្រៃ​ឈើ​នៅ​កម្ពុជា​មាន​មិន​គ្រប់​គ្រាន់​ក៏ដោយ​ ក៏ការ​សិក្សា​ថ្មីនេះ​បាន​បង្ហាញ​ពី​​ទិដ្ឋ​ភាព​ផ្សេង​នៃ​ប្រទេស​កម្ពុជា​​បើ​ប្រៀប​ធៀប​ទៅនឹង​ព័ត៌មា​ន​ដែល​មាន​នា​ពេល​បច្ចុប្បន្ន​។ នៅ​ក្នុង​របាយការណ៍​ឆ្នាំ២០១០​របស់​ខ្លួន​មាន​ចំណង​ជើងថា “ក្របខណ្ឌយុទ្ធសាស្ត្រ”​ រដ្ឋបាល​ព្រៃ​ឈើ​របស់​រដ្ឋាភិបាល​បាន​លើក​ឡើង​ថា កម្ពុជា​បាន​បាត់​បង់​ព្រៃ​ឈើ​របស់​ខ្លួន​តែ​០,៥​ភាគ​រយ​ប៉ុណ្ណោះ​ចន្លោះ​ពី​ឆ្នាំ​២០០២​ដល់​ឆ្នាំ​២០០៦​។ ​ក្រោយ​មក បន្ទាប់ ពី​​រដ្ឋា​ភិបាល​​បាន​ប៉ាន់​ស្មាន​ពី​គម្រប​ព្រៃ​ឈើ​របស់់​ខ្លួន​ម្ដង​ទៀត​នៅ​ឆ្នាំ​ដដែល​នោះ រដ្ឋា​ភិបាល​បាន​បង្កើន​តួលេខ​នោះ​ និង​បាន​លើក​ឡើង​ថា កម្ពុជា​បាន​បាត់​បង់​ព្រៃ​ឈើ​របស់​ខ្លួន​​២ភាគរយចាប់​តាំង​ពី​មាន​ការ​វាយ​តម្លៃ​ចុង​ក្រោយ​របស់​ខ្លួន​​ក្នុង​ឆ្នាំ​២០០៥ និង​២០០៦​។

លោក ធន់ សារ៉ាត់ អ្នក​នាំពាក្យ​រ​ដ្ឋ​បាល​ព្រៃ​ឈើ​បាន​និយាយ​ថា លោក​មិន​បាន​ដឹង​ថា តួលេខ​ផ្លូវ​ការ​ចុង​ក្រោយ​ស្ដីអំពី​គម្រប​ព្រៃ​ឈើ​មាន​ប៉ុន្មាន​នោះទេ ហើយ​លោក​មិន​​​និយាយអំពី​​តួលេខ​នៅ​ក្នុង​របាយការណ៍​​​សិក្សា​ថ្មីនេះ​ទេ ពីព្រោះ​លោក​មិន​ទាន់​បាន​ឃើញ​របាយ​ការ​ណ៍​ថ្មីនេះ​។ លោក សារ៉ាត់ បាន​និយាយ​ថា រដ្ឋបាល​ព្រៃ​ឈើ​កំពុង​ធ្វើ​ការ​វាយ​តម្លៃ​ម្ដង​ទៀត​ ប៉ុន្តែ​លោក​មិន​ដឹង​ថា  ​តួលេខ​ថ្មីរួច​រាល់​នៅ​ពេល​ណាទេ។លោក​​បាន​និយាយ​អំពី​ទិន្នន័យ​នេះ​ថា“ ឥឡូវ​នេះ​តួលេខ​នេះមិន​ទាន់​​បាន​បញ្ជាក់​ច្បាស់​​​​នៅ​ឡើយ​ទេ។

លោក​ សារ៉ាត់ ក៏​បាន​និយាយ​ផង​ដែរ​ថា ព្រៃ​ឈើ​របស់​កម្ពុជា​ត្រូវ​ប្រកួត​ប្រជែង​​ដើម្បី​រស់​​នឹង​តម្រូវ​ការ​ពង្រីក​​ផលិត​កម្ម​ដំណាំ​។លោក​​និយាយ​ថា “ក្រសួង​កសិកម្ម​​មាន​ភារកិច្ច​បង្កើន​ដំណាំ​ ហើយ​​មាន​ធន​ធាន​ដី​តិច​តួច​”។ លោក សារ៉ាត់ ​បន្ថែ​ម​ថា រដ្ឋាភិបាល​នៅ​​​​តែ​ចង់​ឲ្យ​មាន​គម្រប​ព្រៃ​ឈើ​៦០​ភាគ​រយ​នៅ​​ទូទាំង​ប្រទេស​ត្រឹម​ឆ្នាំ​២០១៥។​ កាល​​​ពី​ឆ្នា​ំ​២០១០​ការ​ប៉ាន់​ប្រមាណ​ជាផ្លូវ​ការ​អំពី​គម្រប​​​ព្រៃ​ឈើ​មាន​​ចំនួន​៥៧​ភាគ​រយ។ ការ​ស្រាវ​ជ្រាវ​របស់​សាកល​វិទ្យាល័យ​ម៉ារី​ឡែន មិន​​​​បាន​ប៉ាន់​ប្រមាណ​អំពី​គម្រប​ព្រៃ​ឈើ​ទេ ។

អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​ និង​អង្គការ​បរិស្ថាន​ដូច​ជា អង្គការ​ក្លូបល​វីតណេស បាន​ជំទាស់​ជាយូរ​មក​ហើយ​ចំពោះការ​អះអាង​របស់​រដ្ឋាភិបាល​អំពីភាព​សម្បូរ​និង​ការ​កើន​ឡើងនៃ​​​ព្រៃ​ឈើ​ ដោយ​សារ​​មាន​ភ័ស្តុតាង​យ៉ាង​ច្បាស់​បង្ហាញ​ពីការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដ៏រាល​ដាល​ទាំង​ខុស​​ច្បាស់​ ឬ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​​ពី​ច្បាប់ និង​បទ​ប្បញ្ញត្តិដែល​មាន​ភាព​ចន្លោះ​ប្រហោង​ច្រើន​​ក្នុង​ការ​គ្រប់គ្រង​ដីសម្បទាន​សេដ្ឋកិច្ច។

លោក​ ម៉ាស៊ូ ប៉េឡឺរិន អ្នក​ពិគ្រោះ​យោ​បល់​​​អំពី​បញ្ហា​​ប្រើ​ប្រាស់​ដីធ្លី​នៅ​អង្គការ​លីកាដូ បាន​និយាយ​ថា របាយការណ៍​សិក្សា​ថ្មី​របស់​សាកល​វិទ្យាល័យ ម៉ារីឡែន នេះ បាន​ប​ង្ហាញ​ភ័ស្តុតាង​រឹង​មាំ​មួយ​ចំនួន​អំពីការ​បាត់​បង់​ព្រៃ​ឈើ​នៅ​កម្ពុជា​។ លោក​បាននិយាយ​ថា “ក្រៅ​ពី​ផែន​ទី​ទាំង​នេះ មិន​មាន​វិធី​ល្អ​​ដើម្បី​បង្ហាញពី​បញ្ហា​ដែល​ព្រៃ​ឈើ​របស់​​កម្ពុជា​បាន​ជួប​ប្រទះ​​ ​និង​កំពុង​ជួប​ប្រទះនោះទេ។ វាមាន​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​​​ណាស់​” ។លោក​បាន​និយាយ​ថា  “រដ្ឋាភិបាល​​បាន​​លើក​ឡើង​​ពី​ហេតុ​ផល​​ជា​ច្រើន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ” ​ក្នុងការ​កាប់​​ព្រៃ​ឈើ​។“​ការ​កាប់​ព្រៃ​ឈើ​​នេះ​បង្ហាញពី​ហេតុ​​ផល​ផ្សេង​ទៅវិញ​”។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំថ្មីៗ​នេះ ដីរាប់​ម៉ឺន​ហិកតា​ដែល​ទុក​សម្រាប់​ធ្វើ​ជា​ដីសម្បទាន​សេដ្ឋកិច្ច​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​កសិ​ពាណិជ្ជកម្ម​នៅ​ខាង​ក្នុង​ព្រៃ​ និង​ដែន​​ជម្រក​សត្វ​ព្រៃរបស់​រដ្ឋ​​ ​​ដែលគួរ​តែ​​មានការ​​ការ​ពារ​ពីច្បាប់​។ មន្ត្រី​តែង​តែ​គេច​វេះ​​ពី​ច្បាប់​​ ដោយ​ការ​​អះអាងថា ​ព្រៃ​ឈើ​នៅ​ក្នុង​​​ដី​​សម្បទាន​ គឺ​ជា​ព្រៃ​រេច​រឹល​គ្មាន​តម្លៃ​។ អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​នានា​ និង​អង្គការ​ផ្នែក​បរិស្ថាន​​​លើក​ឡើង​ថា ព្រៃ​ឈើ​ជា​ច្រើន​ក្នុង​ចំណោម​​ព្រៃ​ឈើ​ទាំង​នេះ​មិន​មែន​​ជា​ព្រៃ​រេច​រឹលនោះ​ទេ​ ហើយ​​​របាយការណ៍​សិក្សា​ថ្មីនេះ​​ហាក់​ដូច​ជា​​ស្រប​គ្នា​នឹង​ការអះអាង​នេះ​។

អ្នក​ស្រាវ​ជ្រាវ​នៅ​សាកល​វិទ្យាល័យ​ម៉ារី​ឡែន បែង​ចែក​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​នីមួយៗ​ជាបួន​ក្រុម​ផ្អែក​តាម​កម្រាស់​នៃ​ព្រៃ​ឈើ​ទាំង​នោះ។ យោង​តាម​ក្រុម​អ្នក​ស្រាវ​ជ្រាវ​នេះ​ឲ្យ​ដឹង​ថា នៅ​ក្នុង​​​ប្រទេ​ស​កម្ពុជា​​ ព្រៃ​ឈើ​ទំហំ​១២.៦០០​គីឡូ​ម៉ែត្រ​ក្រឡា​នេះ បាន​បាត់​បង់​ក្នុង​រយៈ​ពេល​១២​ឆ្នាំ​ចុង​ក្រោយនេះ​​ ដែល​ភាគ​ច្រើន​​​ក្នុង​ចំណោម​នេះ​គឺ​ជិត​៨.៩០០​គីឡូ​ម៉ែត្រ​​ក្រឡា ត្រូវ​បាន​បាត់​បង​់​នៅ​ក្នុង​តំបន់​ព្រៃ​ក្រាស់​បំផុត​។

លោក ប៉េឡឺរិន បាននិយាយ​ថា ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ផែន​ទី​ថ្មីនេះ​មិន​ខុស​ប៉ុន្មាន​​ពី​​តំបន់​ដែល​រដ្ឋាភិបាល​​​ទុក​ធ្វើ​ជា​ដីសម្បទាន​សេដ្ឋកិច្ច​​ទេ។  លោក​បាន​បញ្ជាក់​​អំពី​ភាគ​កណ្ដាល​ និង​ភាគ​ខាង​ជើង​ខេត្ត​ក្រចេះ​ថា តំបន់​ដែល​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ទ្រង់​ទ្រាយ​ធំជា​ច្រើន​​​ [នៅ​ក្នុង​ផែន​ទីនេះ​] គឺ​ជា​តំបន់​ល្អ​សម្រាប់​ដី​សម្បទាន​សេដ្ឋកិច្ច​”។

ផែនទីនេះ​ក៏​បាន​បង្ហាញ​ពីការ​កាប់​បំផ្លាញ​​​ព្រៃ​ឈើ​ធ្ងន់​ធ្ងរ​បំផុត​​នៅ​ភា​គកណ្ដាល​ និង​ភាគ​ខាង​កើត​ខេត្ត​កំពង់​ចាម ខេត្ត​កំពង់​ធំ និង​ខេត្ត​ស្ទឹង​ត្រែង​ផង​ដែរ​។ លើ​ស​ពី​នេះ​ទៀត​នោះ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើនេះ​ហាក់​ដូច​ជា​បាន​កើន​ឡើង​ខ្លាំង​ក្នុង​រយៈ​ពេល​១២​ឆ្នាំ​នេះ ដែល​ភាគ​ច្រើ​ន​កើតឡើង​នៅ​ក្នុង​រយៈ​ពេល​ពីរ​បី​ឆ្នាំចុង​ក្រោយ​នេះ​​។

នៅ​ទូទាំង​ពិ​ភព​លោក​ ការ​សិក្សា​ថ្មីនេះ​​បាន​​​​រក​ឃើញ​ការ​បាត់​បង់​គម្រប​ព្រៃ​ឈើ​​សរុប​​ក្នុង​រយៈ​ពេល​១២​ឆ្នាំ​មកនេះ មាន​ចំនួន​១,៥​លាន​គីឡូម៉ែត្រក្រឡា គឺ​​ជិត​ស្មើ​នឹង​ទំហំ​​ផ្ទៃ​ដី​នៃ​ប្រទេស​ម៉ុង​ហ្គោលី​។ ក្រុម​អ្នក​ស្រាវ​ជ្រា​វ​នេះ​មា​ន​គម្រោង​ធ្វើ​បច្ចប្បន្ន​ភាព​ផែន​ទីនេះ​ជា​រៀង​រាល់ឆ្នាំ​៕គឹមហឿន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស