29.3 C
Phnom Penh

ស្ដូប​​​រំឭកវិញ្ញាណក្ខន្ធ​​​នៅ​​​មន្ទីរ​​​ស-២១ នឹង​​​ត្រូវ​​​សាងសង់​​​ឡើង​​​​​​វិញ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​អ្នក​​​តស៊ូ​​​មតិ​​​​​​ដើម្បី​​​សិទ្ធិ​​​របស់​​​ជន​​​រង​​​គ្រោះ​​​​​​បាន​​​លើក​​​ឡើង​​​​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ស្ដូប​​​រំឭក​​​វិញ្ញាណក្ខន្ធ​​​ថ្មី​​​មួយ​​​ ដែល​​​គ្រោង​​​ចំណាយ​​​អស់​​​​​​៨០.០០០​​​ដុល្លារ​​​​​​ នឹង​​​ត្រូវ​​​សាង​​​សង់​​​ឡើ​​​ង​​​នៅ​​​អតីត​​​មន្ទីរ​​​​​​ធ្វើ​​​ទារុណកម្ម​​​ស-២១​​​របស់​​​ខ្មែរ​​​ក្រហម ដែល​​​​​​ពេល​​​នេះ​​​​​​គេ​​​ស្គាល់​​​ថា សារ​​​មន្ទីរ​​​ប្រល័យ​​​ពូជ​​​សាសន៍​​​ទួល​​​ស្លែង​​​​​​ជា​​​ផ្នែក​​​នៃ​​​​​​​​​សំណងដែល​​​ត្រូវ​​​បាន​​​ស្នើ​​​ឡើង​​​​​​ដោយ​​​មេធាវី​​​ភាគ​​​ី​​​ដើម​​​បណ្ដឹង​​​រដ្ឋប្ប​​​វេណី​​​នៅ​​​ក្នុង​​​សំណុំ​​​រឿង​​​ទី​​​២​​​របស់​​​សាលា​​​ក្ដី​​​ខ្មែរ​​​ក្រហម​​​។

ខណៈ​​​ពេល​​​ដែល​​​ភាគ​​​ី​​​ដើម​​​បណ្ដឹង​​​រដ្ឋប្ប​​​វេណី​​​​​​គ្មាន​​​សិទ្ធិ​​ទទួល​​​បាន​​​សំណងជា​​​ទឹក​​​ប្រាក់​​​នោះ​​​ ពួក​​​គេ​​​​​​បាន​​​​​​ទាមទារ​​​ឲ្យ​​​មាន​​​សំណងជា​​​និមិត្ត​​​រូប​​​ និង​​​ជា​​​សមូហភាព​​​ ដូចជា​​​ ស្ដូប​​​​​​រំឭក​​​វិញ្ញាណក្ខន្ធ​​​ ការ​​​ឧបត្ថម្ភ​​​គាំទ្រ​​​​​​ផ្នែក​សុខ​​​ភាព​​​​​ផ្លូវ​​​ចិត្ត​​​​​​​​និង​​​ទិវា​​​ចងចាំ​​​​​​ទូទាំង​​​ប្រទេស​​​ជា​​​ដើម​​​។

លោក​​​ ឆាំង យុ ប្រធាន​​​មជ្ឈមណ្ឌល​​​ឯក​​​សារ​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ទីភ្នាក់​​​ងារ​​​អភិវឌ្ឍន៍​​​របស់​​​អាល្លឺម៉ង់ ជា​អ្នកបរិច្ចាគ​​​ប្រាក់​​​សម្រាប់​​​សាងសង់​​​ស្ដូប​​​រំឭក​​​វិញ្ញាណក្ខន្ធ​​​នេះ​​​ ដែល​​​នឹង​​​ត្រូវ​​​​​​សាង​​​សង់​​​នៅ​​​លើ​​​​​​ទីតាំង​​​ស្ដូប​​​ចាស់​​​​​​ ដែល​​​​រង​​​ការ​​​ខូច​​​ខាត​​​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ប្រទេស​​​អាល្លឺម៉ង់​​​ជា​​​អ្នក​​​ផ្ដល់​​​មូលនិធិ​​​ដល់​​​គម្រោង​​​​​​ស្ដារ​​​ស្ដូប​​​នេះឡើង​​​វិញ​​​​​​​​​ ដែល​​​មជ្ឈមណ្ឌល​​​ឯកសារ​​​កម្ពុជា​​​បាន​​​ជំរុញ​​​កន្លង​​​មក​​​​​​​​​។ ស្ដូប​​​នេះត្រូវ​​​បាន​​​អ្នក​​​រស់​​​រាន​​​ពី​​​របប​​​ប្រល័យ​​​ពូជសាសន៍​​​សាង​​​សង់​​​ឡើង​​​នៅ​​​ដើម​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៨០​​​”។ លោក​​​​​​បន្តថា វា​​​ជា​​​​​​ស្ដូប​​​សម្រាប់​​​​​​រំឭក​​​វិញ្ញាណក្ខន្ធ​​​ជន​​​រងគ្រោះ​​​ទាំង​​​អស់​​​​​​ក្នុង​​​របប​​​ខ្មែរ​​​​​​ក្រហម​​​ រួមទាំង​​​​​​បងប្អូន​​​ខ្មែរ​​​អ៊ីស្លាម​​​​​​ផង​​​ដែរ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “វា​​​ជា​​​ស្ដូប​​​មួយ​​​ដែល​​​មាន​​​រចនា​​​បទ​​​របស់​​​ខ្មែរ​​​ ហើយ​​​មិន​​​មែន​​​ជាទម្រង់​​​វិហារ​​​​​​អីុស្លាម​​​​​​វិហារ​​​គ្រិស្ដ ឬ​​​ជា​​​វិហារ​​​ព្រះ​​​ពុទ្ធសាសនា​​​​​​នោះ​​​ទេ​​​”។

លោក​​​ ជុំ ម៉ី ជា​​​​​​អ្នក​​​រស់​​​រាន​​​​​​ម្នាក់​​​ក្នុង​​ចំណោម​​​អ្នក​​​រស់​​​រាន​​​តិច​​​តួច​​​ពី​​​មន្ទីរឃុំ​​​ឃាំង​​​ស-២១​​​បាន​​​និយាយ​​​ថា លោក​​​ទទួល​​​បាន​​​ដំណឹង​​​​​​អំពី​​​គម្រោង​​​​​​សាង​​​សង់​​​ស្ដូប​​​នេះ​​​ឡើង​​​វិញ​​​នៅ​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​មួយ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​រវាង​​​ភាគី​​​ដើម​​​បណ្ដឹង​​​រដ្ឋ​​​ប្បវេណី​​​ មន្ត្រី​​​សាលាក្ដី​​​ និង​​​មន្ត្រី​​​មក​​​ពី​​​ក្រសួង​​​វប្បធម៌​​​និង​​​វិចិត្រ​​​សិល្បៈ​​​។ លោក​​​ ជុំ ម៉ី ដែល​​​​​​​​​ជា​​​ប្រធាន​​​​​​សមាគម​​​ជន​​​រងគ្រោះ​​​ក្នុង​​​របប​​​កម្ពុជា​​​ប្រជា​​​ធិបតេយ្យ​​​​​​ហៅ​​​កាត់​​​ថា សមាគម​​​ក្សេមក្សាន្ត​​​បាន​​​លើក​​​ឡើង​​​ថា “ស្ដូប​​​នេះ​​​នឹង​​​​​​សង់​​​​​​នៅ​​​លើ​​​ទីតាំង​​​​​​ស្ដូប​​​ចាស់​​​ ដែល​​​មាន​​​ទំហំ​១០​​​ម៉ែត្រ​គុណ​​​នឹង​​​១០​​​ម៉ែត្រ ហើយ​​​អាច​​​នឹង​​​ចាប់​​​ផ្ដើម​​​សាង​​​សង់​​​នៅ​​​ដើម​​​ឆ្នាំ​​​២០១៤ បន្ទាប់ពី​​​​​​ថវិកា​​​៨០.០០០ដុល្លារ​​​ត្រូវ​​​បាន​​​បរិច្ចាគ​​​​​ដល់​​​សាលាក្ដី​​​ ហើយ​​​ក្រសួង​​​វប្បធម៌ និង​​​វិចិត្រ​​​​​​សិល្បៈ​​​ជា​​​អ្នកទទួល​​​ខុស​​​ត្រូវ​​​ការ​​​សាង​​​សង់​​​នេះ​​​”។

អ្នក​​​រស់​​​រាន​​​ពី​​​របប​​​ប្រល័យ​​​ពូជសាសន៍​​​ប៉ុល ពត​​​ ស្វាគមន៍​​​ដំណឹង​​​សង់​​​ស្ដូប​​​រំឭក​​​វិញ្ញាណក្ខន្ធ​​​នេះ​​​។ លោក​​​ ណង ចាន់​​​ផល​​​ អាយុ​​​៤៤​​​ឆ្នាំ​​​ ដែល​​​ត្រូវ​​​បាន​​​ឃុំ​​​ឃាំង​​​នៅ​​​​​​មន្ទីរ​​​ស-២១ តាំង​​​ពី​​​នៅ​​​កុមារ​​​ភាព និងដែល​​​​​​ឪពុក​​​ម្ដាយ​​​របស់​​​គាត់​​​ត្រូវ​​​ខ្មែរ​​​ក្រហ​​​ម​​​សម្លាប់​​​ បាន​​​និយាយ​​​ថា “ការ​​​សាង​​​សង់​​​ស្ដូប​​​​​​នៅ​​​ទួល​​​ស្លែង​​​​​​គឺ​​​ជា​​​រឿង​​​ល្អ ពីព្រោះ​​​នេះ​​​ជា​​​អ្វី​​​ដែល​​​ជន​​​រងគ្រោះ​​​ទាំង​​​អស់​​​ចង់​​​បាន​​​”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស