អង្គការសិទ្ធិមនុស្ស និងក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា អ្នកភូមិ៥៣គ្រួសារ នៅក្នុងស្រុកគូលែន ខេត្តព្រះវិហារ កាលពីថ្ងៃអាទិត្យ បានធ្វើការតវ៉ានៅខាងក្រៅទីស្នាក់ការក្រុមហ៊ុនម៉ាឡេស៊ី មួយ ដែលបានគំរាមរានដីស្រែចម្ការរបស់អ្នកភូមិ ដើម្បីយកធ្វើចម្ការកៅស៊ូ។
អ្នកភូមិជាច្រើនគ្រួសារដែលរស់នៅក្នុងភូមិស្រយង់ខាងជើង ឃុំស្រយង់ បានជួបជុំគ្នានៅទីស្នាក់ការក្រុមហ៊ុនម៉ាឡេស៊ី FP ដោយអះអាងថា តំណាងក្រុមហ៊ុនបានប្រាប់ពួកគាត់កាលពីសប្ដាហ៍មុនឲ្យឈប់ធ្វើស្រែចម្ការរបស់ខ្លួនទៀត ព្រោះដីនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន។
លោក ឡោ ចាន់ អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តនេះបានមានប្រសាសន៍ថា“ អ្នកភូមិបានធ្វើការតវ៉ាដោយសារពួកគាត់បារម្ភពីការបាត់បង់ដីស្រែ និងដីចម្ការរបស់ខ្លួន ពីព្រោះក្រុមហ៊ុននេះបានគំរាម និងហាមឃាត់អ្នកភូមិមិនឲ្យធ្វើស្រែចម្ការ និងដាំដំណាំផ្សេងៗឡើយ”។
លោក ជុំ ពុយ អភិបាលស្រុកគូលែនបានមានប្រសាសន៍ថា កាលពីឆ្នាំមុនរដ្ឋាភិបាលបានផ្ដល់សម្បទានដីសេដ្ឋកិច្ចទំហំ៨.២០០ហិកតា ទៅឲ្យក្រុមហ៊ុនម៉ាឡេស៊ី FP នេះដើម្បីវិនិយោគកសិឧស្សាហកម្ម ប៉ុន្តែលោកបានបន្ថែមថា មានអ្នកភូមិតែ១២គ្រួសារប៉ុណ្ណោះបានដាក់ពាក្យបណ្ដឹងប្ដឹងក្រុមហ៊ុននេះ ពីព្រោះអ្នកភូមិ៤១គ្រួសារទៀត បានកាន់កាប់ដីនេះដោយខុសច្បាប់។
លោកបានមានប្រសាសន៍ថា “យើងបានដោះស្រាយវិវាទដីធ្លីជូនអ្នកភូមិ១២គ្រួសាររួចហើយ ប៉ុន្តែយើងមិនទទួលខុសត្រូវចំពោះអ្នកភូមិ៤១គ្រួសារទៀតឡើយ ពីព្រោះពួកគាត់ទើបតែបានមកកាន់កាប់ដីនេះកាលពីពេលថ្មីៗប៉ុណ្ណោះ”។ លោកបានបន្ថែមទៀតថា “ ក្រុមហ៊ុននេះបានរានដីទំហំជាង២០០ហិកតា…ហើយបន្ទាប់មកអ្នកភូមិទាំងនោះបានមកសង់ខ្ទមរបស់ខ្លួននៅលើដីដែលរានរួចនេះ។ យើងមិនរកដំណោះស្រាយជូនពួកគាត់ទេ ពីព្រោះពួកគាត់បានសង់ខ្ទមទាំងនេះដោយខុសច្បាប់”។
ប៉ុន្តែលោក ប៉ែន ឡាំ ជាមេឃុំនេះបានមានប្រសាសន៍ថា អ្នកភូមិភាគច្រើនបានកាន់កាប់ដីនេះគឺបានមករស់នៅទីនេះចាប់តាំងពីឆ្នាំ២០០២មកម៉្លេះ។
លោកបានមានប្រសាសន៍ថា “ ខ្ញុំគិតថា អ្នកភូមិភាគច្រើនបានរស់នៅទីនេះដោយស្របច្បាប់ ប៉ុន្តែមានអ្នកភូមិតែពីរបីគ្រួសារប៉ុណ្ណោះទើបតែបានមករស់នៅទីនេះកាលពីឆ្នាំ២០១២ និងនៅឆ្នាំនេះផងដែរ”។
លោក កុយ ពៅ ជាគ្រួសារមួយក្នុងចំណោមអ្នកភូមិទាំង៥៣គ្រួសារ ដែលបានធ្វើការតវ៉ាកាលពីថ្ងៃអាទិត្យនោះ បាននិយាយកាលពីម្សិលមិញថា គាត់បានកាន់កាប់ដីមួយក្បាលទំហំ១០០ម៉ែត្រ គុណនឹង៥០០ម៉ែត្រ នៅក្នុងតំបន់សម្បទាននេះចាប់តាំងពីឆ្នាំ២០០២មកម៉្លេះ។ លោកមានប្រសាសន៍ថា “យើងមិនអនុញ្ញាតឲ្យក្រុមហ៊ុននេះរានដីស្រែចម្ការនេះឡើយ បើមិនដូច្នោះទេ យើងនឹងធ្វើបាតុ កម្មតវ៉ាប្រឆាំងនឹងការរានដីនេះ”។
កាលពីថ្ងៃទី៣០ ខែកញ្ញា លោក កុយ ពៅ និងអ្នកភូមិមួយចំនួនទៀតដែលរងផលប៉ះពាល់ដូចគ្នានេះ បានធ្វើដំណើរមករាជធានីភ្នំពេញ ហើយបានដាក់ពាក្យបណ្ដឹងជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហេង សំរិន ប្រធានរដ្ឋសភា ដោយស្នើសុំឲ្យលោកទាំងពីរជួយដោះស្រាយវិវាទដីធ្លីនេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែតុលា លោក ហេង សំរិន បានសរសេរលិខិតមួយច្បាប់ផ្ញើជូនមន្ត្រីខេត្ត និងស្រុកដោយបញ្ជាឲ្យពួកគេស្វែងរកដំណោះស្រាយចំពោះវិវាទដីធ្លីនេះ៕ សារុន