27.5 C
Phnom Penh

អង្គភាព​ប្រឆាំងអំពើ​ពុករលួយ​នឹ​ង​ស៊ើបអ​ង្កេត​ករ​ណី​អំពើ​សូកប៉ាន់​ក្នុង​ក្រសួ​ង​សុខា​ភិបាល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យដឹង​កាលពីម្សិលមិញថា ​អង្គភាព​ប្រ​ឆាំង​អំពើ​​ពុក​រលួយ​របស់រដ្ឋាភិបាល​នឹង​បើក​ការ​ស៊ើប​អង្កេត​ភស្តុតាង​ដែល​បញ្ជា​ក់​ថា ​មាន​អំពើ​ពុក​រលួយ​ទ្រង់​ទ្រាយធំ​ ​នៅ​ក្នុ​ង​បណ្តាញ​ក្រសួង​សុខាភិបាល ដែល​ត្រូវ​បាន​លាត​ត្រដាង​​ នៅ​ក្នុង​របាយ​ការណ៍​សវ​​នកម្ម​រយៈ​ពេល​ពីរឆ្នាំ​របស់​អង្គការ​មូលនិ​ធិ​ពិភព​លោក​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេ​ដស៍ របេង ​និងជំងឺ​គ្រុន​ចាញ់ ​​ហើយ​អ្នក​ដែល​ត្រូវបានរក​ឃើញ​ថា ​បាន​ប្រព្រឹត្ត​អំ​ពើ​ខុសឆ្គង​នេះ នឹងត្រូវ​បាន​ផ្តន្ទា​​ទោស​។​

​លោក ជាម យៀប  ​សមាជិក​សភា​ និង​ជា​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា​បា​ន​មានប្រសាសន៍ថា​ “ការ​បើក​ការ​ស៊ើប​អ​ង្កេត​ និង​បញ្ជូន​សំណុំរឿងនេះ​ទៅតុលាកា​រ​គឺជា​រឿងចាំបា​ច់ណាស់​”។ ​លោក​បាន​ឲ្យ​ដឹ​ង​បន្ថែម​ ទៀតថា ​អង្គភាព​ប្រឆាំង​អំពើ​ពុ​ក​រលួយ​ នឹង​ចាត់​វិធានការលើ​ករណី​នេះ​​​ដោយ​យោង​តាម​របក​គំហើញ​ ​នៅ​ក្នុង​របា​យ​ការណ៍​របស់​អង្គការ​មូលនិធិពិភពលោ​ក​ ដែល​ត្រូវ​បាន​ចេញផ្សាយកាលពីថ្ងៃ​សុ​ក្រ​សប្តាហ៍​មុន​។

លោក ជាម យៀប​ ​បាន​មា​ន​ប្រសាស​ន៍​ថា “ទោះបីជា​មន្ត្រី​ដែល​ត្រូ​វបាន​ចោទ​ប្រកាន់ ថា ​បាន​ប្រព្រឹត្ត​អំពើ​ពុ​ក​​រលួយ​កំពុ​ង​ធ្វើ​ការ​ក្នុង​មុខ​តំណែង​ ឬក៏​បា​ន​លាឈប់​ពី​ការ​ងារ​ក៏ដោយ… ពួកគេ​ត្រូវ​តែ​ប្រឈ​ម​នឹង​ការ​ផ្តន្ទា​ទោស​ ពីបទ​ប្រ​ព្រឹ​ត្តអំពើ​ពុក​រ​លួយ”​។ ​របាយ​ការណ៍​នេះ​បាន​បង្ហាញ​បុគ្គល​បី​រូប​ពាក់ព័ន្ធ​ក្នុងអំពើ​ពុក​រលួយនេះ​ រួមទាំង​លោក ដួង ​សុជាតិ ​អតីត​នាយក​មជ្ឈ​ម​ណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​ ​ប៉ារ៉ា​ស៊ើត​សាស្ត្រ ​និង​បាណក​សាស្ត្រ (CNM) នៃ​ក្រសួង​សុខា​ភិបាល​​ ដែល​បាន​ចូល​និវត្ត​​កាលពីឆ្នាំ​២០១១​ និង​នាយករង​របស់​លោក​មួយរូប​ផង​ដែរ​។

បូក​សរុប​រួម​គ្នា​ម​ន្ត្រីទាំង​ពីរ​រូបនេះ ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ បាន​ទទួល​ប្រាក់​សូកប៉ាន់​ចំនួន​​៤១០.០០០​ដុល្លារនិង​អំណោយ​គិត​ជា​ប្រាក់​ប្រ​ហែល​២០.០០០​ដុល្លារ​ ពី​ក្រុម​ហ៊ុនដែល​សង្ឃឹម​ថា ​នឹង​ទទួល​បាន​កិច្ច​សន្យា​ដែល​មា​ន​ចំនួន​ទឹក​ប្រាក់​ដ៏ច្រើនសម្រាប់​ផ្គត់ផ្គង់​មុ​ង​។ បុរស​មួយរូប​ ដែល​​គេ​ស្គាល់​ថា ជា​មន្ត្រី​លទ្ធកម្ម​ជាន់ខ្ពស់​នៅ​ក្នុង​ម​ជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹងជំងឺ​អេដស៍ សើ​ស្បែក​ ​និង​កាម​រោគ​ (NCHADS) ​ក៏​ត្រូវ​បា​ន​ចោ​ទ​​ប្រកាន់​ថា ​បាន​សម្រប​សម្រួល​ដំ​ណើរ​ការ​ដេញ​ថ្លៃ​នោះ​ផង​ដែរ​។

​កាលពីថ្ងៃ​អាទិត្យ លោក ទៀ ផល្លា​​ នាយក​​រងមជ្ឈ​មណ្ឌលជាតិ​ប្រយុទ្ធនឹងជំងឺ​អេដស៍ សើ​ស្បែក​ ​និង​កាម​រោគ ​បាន​ចា​ត់​ទុក​ថា របក​គំហើញ​របស់​អង្គការ​មូលនិធិ​ពិភព​លោក “ជា​រឿង​មិនសូវ​ធំដុំ” ខណៈដែ​ល​ក្រសួង​សុខាភិបាល​បានចេញសេចក្តីថ្លែ​ង​ការ​ណ៍​មួយ ដើម្បីច្រានចោល​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ករណី​អំពើពុករលួយ​ក្នុ​ង​ទី​ភ្នាក់​ងារ​រង​របស់ខ្លួន​។​

​មន្ត្រី​អង្គភាព​ប្រឆាំងអំពើ​ពុករលួយ​មិន​អាច​ទំនាក់​ទំនង​ធ្វើ​សេចក្តីអត្ថា​ធិប្បាយ​​បាន​ទេ​ កាលពីម្សិល​មិញ ក៏ប៉ុន្តែ ​អង្គការ​ត​ម្លាភាព​អន្តរ​ជាតិ ​(Transp​arency ​International) បាន​លើក​ឡើង​ថា ​ភាគ​ីពាក់ព័ន្ធទាំង​អស់​ រួម​ទាំង​ក្រសួង​សុខាភិបាល​ផងដែរ​នោះ ​គួរតែ​ទទួល​ខុសត្រូវ​។

លោក ព្រាប កុល ​នាយកប្រតិបត្តិ​អ​ង្គ​ការ​តម្លាភាព​អន្តរ​ជាតិ​នៅប្រទេស​កម្ពុជា​ បាន​មានប្រសាសន៍ថា “ករណី​នេះអាច​កើត​ឡើង​​ បាន​តែជាលក្ខណៈប្រព័ន្ធ​ប៉ុ​ណ្ណោះ វា​មិន​អាច​​កើតឡើង​ដោយសារតែ​បុគ្គ​ល​ម្នាក់​ ឬក៏​ស្ថាប័ន​តែ​មួយ​បានទេ​។ ច្បាស់ណាស់​ថា ​ក្រសួង​[សុខាភិបាល]ត្រូវ​ទទួល​ខុសត្រូវ​ក្នុង​ការ​ត្រួតពិនិត្យ​មូល​និធិ​ទាំងនេះ និងអ្វី​ដែល​មន្ទីរពាក់ព័ន្ធ​កំពុង​ធ្វើ​ និង​មិនមែន​គ្រាន់​តែ​ផ្តល់​ប្រាក់​ឲ្យ​មន្ទីរ​ទាំង​អស់​នោះ ហើយ​ឈប់​ធ្វើ​អ្វីបន្តទៀត​ទេ​”។​

លោក ស៊ិន សុំមុនី ​នាយក​ប្រតិបត្តិ​អ​ង្គការ ​​មេឌីកាំ (Me​dicam)​​​ ដែល​ជា​បណ្តា​ញ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្វើ​ការ​ក្នុងវិស័​យ​សុខាភិ​បាល​ ​​និង​ដែលត្រូវបាន​របាយ​កា​រណ៍​របស់​អង្គការ​ មូល​និធិ​ពិភព​លោក ​ប​ង្ហាញថា ​បាន​គិតប្រាក់​ថ្លៃ​មុខតំណែង​បុគ្គ​លិ​កតែ​មួយ​ចំពោះ​អង្គការ​ម្ចាស់ជំនួយ​បី​ និង​គិត​ប្រាក់អង្គការ​មូលនិធិ​ពិភពលោក​ ថ្លៃមុខ​តំណែង​មួយ​ដែល​មិន​ត្រូវ​ បាន​គ្រប់គ្រង​នោះ បាន​អះ​អាង​កាលពីម្សិល​មិញ​ថា ការ​​ចោទប្រកាន់​អង្គការ​របស់​លោក​ថា ​បាន​ប្រព្រឹត្តខុស​ឆ្គងនោះ ​គឺជារឿង​ផ្អែ​ក​លើ “ ការ​យល់ច្រឡំ”។

​ដោយសារតែ​ការ​ទទួល​បាន​សេចក្តីអ​នុ​ញ្ញាត​ផ្លាស់​ប្តូរ​មូល​និធិ​ត្រូវ​ចំណាយ​ពេល​យូរ​ពេក​នោះ ​លោក​ សំមុនី ​បាន​លើក​ឡើ​ង​ថា ​លោក​បាន​សម្រេចចិត្ត​បង្កើត​តំណែ​ង​មួយ ​និង​គិត​ប្រាក់​មួយ​ផ្នែកនៃ​ប្រាក់​ខែ​ស​ម្រាប់​មុខ​តំណែងនោះ ពី​អង្គការ​មូលនិធិ​ពិ​ភព​លោក ​និង​មួយផ្នែក​ទៀត​ពី​អង្គការ​ អូ​ស​អេដ(AusAid)  ជា​ទីភ្នាក់ងារ​ផ្តល់ជំនួ​យ​អូស្ត្រាលី​។ ​លោក​បាន​មានប្រសាសន៍​ថា “យើង​គួរតែ​បាន​ប្រាប់ពួកគេ [អង្គការ​មូល​និធិ​ពិភព​លោក​]។ នោះគឺជា​កំហុស​រ​បស់​យើង​”។ ទោះជា​យ៉ាង​ណា​ លោក​អះអាងថា របៀប​ដោះ​ស្រាយ​ស្ថានការ​ណ៍​របស់​លោក​មិន​បង្ក​ឲ្យ​​មានបញ្ហា​ទេ​ ពី​ព្រោះ​មិនមានការ​បាត់បង់​មូលនិធិទេ​។

​ទោះបីជា​របាយ​ការណ៍​របស់អង្គការ​មូល​និធិ​ពិភព​លោកបាន​បង្ហាញថា ​អង្គកា​រ​នេះ​ត្រូវ​បាន​គេ​គិត​ប្រាក់​១៤.៤០០​ដុល្លា​រ​ ថ្លៃ​តំណែង​ទីប្រឹក្សា​ផ្នែកតស៊ូមតិ​ កាលពី​ឆ្នាំ​២០០៩​​ក៏ដោយ ​ក៏លោក ​សំមុនី ​បាន​អះ​អាង​ថា លោក​មិន​បាន​ស្នើ ឬក៏​ទទួល​បា​ន​មូល​និធិទាំងនេះទេ​។ ​អង្គការ​មូលនិធិ​ពិភពលោក​ បាន​ចំ​ណាយ​ប្រាក់​ចំនួន​ប្រហែល​៣៣​លានដុល្លារ​ក្នុង​មួយឆ្នាំៗ​នៅ​ក្នុង​ប្រទេស​កម្ពុជាតាំងពី​ឆ្នាំ​  ២០​០៣​មក។ ក្រសួង​សុខាភិបាល​បានគ្រប់​គ្រ​ង​មូល​និធិ​ទាំងនេះ​ដោយផ្ទាល់​រហូតដល់​ឆ្នាំ​២០០៩ ​ហើយ​​ក្រោយ​មក​មជ្ឈមណ្ឌ​ល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក ​សាស្ត្រ ​និង​មជ្ឈម​ណ្ឌ​ល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើស្បែក ​និ​ង​កាម​រោគ​បាន​ក្លាយជា​អ្នក​ទទួល​មូលនិធិ​ទាំង​នេះ​សំខាន់​ជាង​គេ​៕ សុធា​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស