38 C
Phnom Penh

ប្រធាន​សហជីព​នឹង​ដឹក​នាំ​កម្មករ៥.០០០​នាក់​ហែក្បួន ស្រប​ពេល​​មហាបាតុកម្ម​របស់បក្ស​សង្គ្រោះ​ជាតិ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​សហជីព​កម្មករ​ ដែល​បាន​​ដឹក​នាំ​កូដកម្ម​រយៈ​ពេល​បីខែ​នៅ​រោង​ចក្រ​កាត់​ដេរ​ អេសអិល នៅ​ក្នុង​រាជធានី​ភ្នំពេញ​ បាន​និយាយ​​​​កាលពី​ម្សិលមិញ​ថា លោក​នឹង​ដឹក​នាំ​កម្មករ​ចំនួន​៥.០០០​នាក់​ដង្ហែ​ក្បួន​កាត់​រាជ​ធានី​នៅ​ថ្ងៃ​ទី១០ ខែធ្នូ ​​ពេល​ដែល​គណ​​​​​បក្ស​សង្គ្រោះ​​​ជាតិ ក៏​មាន​គម្រោង​ធ្វើ​មហាបាតុ​កម្ម​លើក​ក្រោយ​របស់​ខ្លួន​ដែរ​។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​​​​ជាតិ បាន​មាន​​ប្រសាសន៍​កាលពី​ថ្ងៃ​អាទិត្យ​ថា គណបក្ស​ប្រឆាំង​មាន​គម្រោង​ធ្វើ​មហា​​​បាតុ​​​កម្ម​នៅ​ទូទាំង​ប្រទេស​នៅ​ដើម​ខែក្រោយ​​​នេះ ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ការ​​​​ប្រើ​​គ្រាប់​កាំភ្លើង​ពិត​ពី​សំណាក់​​​នគរ​បាល​ទៅ​​លើការតវ៉ា​របស់​កម្មករ​រោង​ចក្រ​កាត់​ដេរ​ អេសអិល កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​​​មុន។

លោកស្រី មូរ សុខហួរ សមាជិក​សភា​គណ​​​​​​​បក្ស​សង្គ្រោះ​ជាតិ បានមាន​ប្រសា​សន៍​ថា ទិវា​​​​សិទ្ធិមនុស្ស​អន្តរជាតិ​១០​ធ្នូ ត្រូវ​បាន​ជ្រើស​រើស​ជា​ថ្ងៃ​ធ្វើ​មហា​បាតុ​កម្ម។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហ​ជីព​ប្រជា​​ធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​​​ (ស៊ី​​​ខាវ​​​ឌូ)​បាន​មាន​ប្រសាសន៍​ថា សមាជិក​មក​ពី​សហ​​​ជីព​របស់​លោក​ក៏​នឹង​ចូល​រួម​នៅ​ក្នុង​រាជ​​​ធានី​​​ភ្នំពេញ​នៅ​ទិវា​សិទ្ធិមនុស្ស​ ដើម្បី​ដង្ហែ​ក្បួន​ផង​ដែរ​។ លោក​បានមាន​ប្រសាសន៍​ថា “យើង​មាន​គម្រោង​ដង្ហែក្បួន​ដែល​មាន​កម្មករ​ចូលរួម​៥.០០០​នាក់​។ យើង​នឹង​ជួប​ជុំគ្នា​ ហើយ​ដង្ហែ​ក្បួន​ដូច​ដែល​យើង​បាន​ធ្វើ​រៀង​រាល់​ឆ្នាំ​អ៊ីចឹង”។

លោក​ អាត់ ធន់ បាន​បន្ថែម​ថា ស៊ីខាវឌូ​មិន​​​​​​​ទាន់​សម្រេច​ថា តើ​នឹង​ត្រូវ​ដង្ហែ​ក្បួន​នៅ​តាម​ផ្លូវ​ណា​ ឬ​ថាតើ​ពួកគេ​នឹង​ចូល​រួម​​ជាមួយ​មហា​​​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ ឬ​យ៉ាង​ណាឡើយ​។ លោក​បានមាន​ប្រសាសន៍​ថា “ខ្ញុំ​ត្រូវ​ជួប​ប្រជុំ​គ្នា​ដើម្បី​សម្រេច​ថា តើ​យើង​នឹង​ចាប់​ផ្ដើម​ដង្ហែ​ក្បួន​ពីកន្លែង​ណា នឹង​ត្រូវ​ដើរ​ទៅ​កន្លែង​ណា” ។​​លោក​​បាន​បញ្ជាក់​ថា កាលពី​ឆ្នាំមុន​កម្មករ​បាន​ដង្ហែ​ក្បួន​ចេញ​ពីវត្ត​ភ្នំ​​ឆ្ពោះ​ទៅ​រដ្ឋសភា​។

សហជីព​មួយ​ក្រុម​បាន​មក​ជួប​ជុំ​គ្នាជា​ទ្រង់​​​ទ្រាយ​តូច​ៗ​នៅ​ទិវា​សិទ្ធិមនុស្ស​កាល​ពី​ឆ្នាំមុន ចំណែក​ឯកម្មកររោងចក្រ​កាត់​ដេរ​ប្រហែល​៣.០០០​នាក់​ទៀត បាន​មក​ជួប​ជុំគ្នា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ ទី​ដែល​លោក​ ហ្សង់ ហ្វ្រង់​ស័រ កូតាំង ឯក​អគ្គរដ្ឋទូត​សហ​​​ភាព​​​​អឺរ៉ុប បាន​ថ្លែង​សុន្ទ​រក​ថា​។

លោក​ អាត់ ធន់ បាន​មាន​ប្រសាសន៍​ថា ការ​ដង្ហែ​ក្បួន​របស់ ស៊ីខាវឌូ នឹង​មិន​ផ្ដោត​លើ​ការ​ស៊ើប​អង្កេត​ពីការ​បាញ់​បោះ​ទៅ​លើ​ការ​តវ៉ា​កាលពី​ថ្ងៃអង្គារ​សប្ដាហ៍​មុន​ឡើយ ហើយ​​​​​​​ផ្ទុយ​ទៅវិញ​នឹង​ផ្ដោត​ទៅ​លើ​ការ​ទាម​ទារ​ដែល​អូស​បន្លាយ​ជា​យូរ​មក​ហើយ​របស់​សហជីព​នេះ​។ លោក​ អាត់ ធន់ ​មាន​ប្រសាសន៍​ថា“ ​​​ យើង​​​​​​​​​ចង់​ឲ្យ​និយោជក​ និងរដ្ឋាភិបាល​​​ដំឡើង​ប្រាក់​ខែ​ដល់កម្មករ​កាត់​ដេរ​ឲ្យ​បាន​១៥៤​​ដុល្លារ​ក្នុង​មួយ​ខែ”។

លោក​បន្ថែម​ថា ប្រាក់​ឧបត្ថម្ភ​ថ្លៃ​អាហារ ប្រាក់​អតីត​ភាព​ការ​ងារ​ ការ​បញ្ចប់​កិច្ច​សន្យា​ការ​ងារ​រយៈ​ពេល​ខ្លី​ និង​ការ​រក​ដំណោះ​ស្រាយ​​​​​​​ទូទៅ​ចំពោះ​បញ្ហា​ដែល​​បន្ត​កើត​មាន​នៅ​រោង​​​​​​​​​​ចក្រ​កាត់​ដេរ​អេសអិល​ ក៏ស៊ីខាវ​ឌូ នឹង​ផ្ដោត​នៅ​ក្នុង​ការ​ដើរ​ដង្ហែ​ក្បួន​នោះ​ដែរ​។

លោក​ សម រង្ស៊ី ដែល​បាន​មាន​ប្រសា​​​សន៍​​​​កាលពី​ថ្ងៃ​អាទិត្យថា ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​​​​​​​​​​ជាតិ នឹង​ជួប​ពិភាក្សា​គ្នា​ ហើយ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​លម្អិត​អំពីការ​ធ្វើ​មហាបាតុកម្ម​របស់​ខ្លួនជា​សាធារណៈ​នោះ មិនអាច​ទាក់​ទង​​​​​​​បាន​ទេ​កាលពី​ម្សិលមិញ​។

លោកស្រី ជូឡុង សូម៉ូរ៉ា សមាជិក​​សភា​គណ​​​កប្ស​សង្គ្រោះ​ជាតិ និង​ជា​ភរិយា​របស់​លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា មេដឹកនាំ​គណ​​​​​​បក្ស​ប្រឆាំង​រូប​នេះ​មិន​បាន​អត្ថាធិប្បាយ​បន្ថែម​​​​​​​អំពី​គម្រោង​ធ្វើ​មហាបាតុកម្ម​របស់គណបក្ស​ឡើយ​៕ សារុន​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស