34 C
Phnom Penh

សាលាដំបូង​ខេត្ត​កំពង់​ចាម​ចោទ​ប្រកាន់​​មន្ត្រី​​សង្គមកិច្ច​​ពីបទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​​លើប្រាក់​សោធន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​តុលាការ​ម្នាក់​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា កាល​ពីថ្ងៃ​សៅរ៍​ សាលាដំបូង​ខេត្ត​កំពង់​ចាម​បាន​ចោទ​ប្រកាន់​ប្រធាន​​ការិ​យាល័យ​សង្គម​កិច្ច​ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់​ចាម​​​ ពីបទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ បន្ទាប់​ពី​ការ​ចាប់​ខ្លួន​​ជន​នេះ​ដោយ​​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កាល​ពីថ្ងៃសុក្រ​ ដោយ​សារ​កាត់​យក​ប្រាក់​សោធន​ និង​​ប្រាក់​ឧបត្ថម្ភ​ផ្សេង​ទៀត​ពីគ្រូ​បង្រៀន​ចូល​និវត្ត​។

លោក​ ប្លង់​ សុផល​ ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​​បាន​ថ្លែង​ថា លោក​​ ម៉ាង​ យូ​ស្រេង​ ត្រូ​វបាន​ចោទ​ប្រកាន់​ពីបទ​ពុក​រលួយ​​ក្លែង​បន្លំ​ឯកសារ​រដ្ឋាភិបាល​ និង​ប្រើ​ឯកសារ​ទំាង​នោះសម្រាប់​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​។ លោក​ សុផល​ បាន​ឲ្យ​ដឹង​ថា “ ខ្ញុំបាន​​ចោទ​ ប្រកាន់​គាត់​​លើករណី​ចំនួន​បី​…​ដែល​​ត្រូវ​ដាក់​ទោស​ជាប់​ក្នុង​ពន្ធនាគារ​ច្រើ​នឆ្នាំ​”។ លោក​បន្ថែម​ថា លោក យូស្រេង​ បច្ចុ​ប្បន្ន​នេះកំពុង​ត្រូវ​ឃុំខ្លួន​រង់ចាំ​ការ​កាត់​ទោស​នៅ​ឯពន្ធនាគារ​ខេត្ត​។

កាល​ពីថ្ងៃ​ច័ន្ទ​​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​បង្ហោះសេចក្តីថ្លែងការណ៍​មួយ​នៅ​លើ​គេ​ហទំព័រ​របស់ខ្លួន​ដោយ​ចោទ​ប្រ​កាន់​មន្ត្រី​សង្គម​កិច្ច​ស្រុកស្រី​​សន្ធរ​ ថា មិន​បាន​បើក​ប្រាក់​សោធន​ឲ្យ​​គ្រូ​បង្រៀន​ចូល​និវត្ត​នៅ​ក្នុងស្រុក​នេះ​សម្រាប់ខែ​មីនា​ ឆ្នាំ​ទៅ​ និង​កាត់​យក​ “ ប្រាក់​ឧបត្ថម​្ភ​សម្រាប់​ការ​រស់​នៅ​”  ប្រាំដុល្លារ​ក្នុង​មួយ​ខែ​ពី​គ្រូ​បង្រៀន​សម្រាប់ពេញ​មួយ​ឆ្នាំ២០១០​។​ សេចក្តី​ថ្លែង​ការណ៍​នេះ មិន​បាន​​លើក​​ឡើង​ថា តើ​ប្រាក់​ចំនួ​ន​ប៉ុន្មាន​ដែល​មិន​បាន​​បើក​ឲ្យ​នោះ​ទេ​។

ទាំង​លោក​ ឱម យ៉ិន​ទៀង​ ប្រធាន​​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​លោក កែវ​ រ៉េ​មី អ្នក​នាំពាក្យ​របស់​អង្គភាព​នេះ​មិន​​អាច​ទាក់​ទង​បាន​កាល​ពីម្សិលមិញ​ឡើយ​។ លោក​ ទូច​ ឆាយ ប្រធាន​មន្ទី​រសង្គម​កិច្ច​ខេត្ត​កំពង់​ចាម ឲ្យដឹង​ថា មន្ត្រីថ្នាក់​ខេត្ត​​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​អាស្រូវ​នេះ​ទេ​ ព្រោះ​ពួក​គេ​បានប្រគល់​​មូល​និធិ​ចាំបាច់​នេះ​ទៅ​ឲ្យ​មន្ទីរ​សង្គមកិច្ច​ស្រុក​ស្រី​សន្ធរ​ហើយ​​។

លោក​បាន​ថ្លែង​ថា “ប្រាក់ស​ម្រាប់​គ្រូ​បង្រៀន​ចូល​និវត្ត​ត្រូវ​បាន​បញ្ជូន​ទៅ​ការិយា​ល័យ​សង្គមកិច្ច​ស្រុក​ ក្នុង​ខែមីនា និង​ក្នុង​ឆ្នាំ​២០១០​” ដោយ​លោក​ពន្យល់​ថា អតីត​មន្ត្រី​អប់​រំ​ប្រហែល​១២០​នាក់​​នៅ​ក្នុង​ខេត្ត​កំពង់​ចាម​អាចទទួល​ប្រាក់​សោធន​ប្រចាំខែ​ចាប់​ពី​២៥​ដុល្លារ​ដល់​១៣០​ដុល្លារ​។ លោក​ ទូច​ ឆាយ​ បាន​បន្ថែម​ទៀត​ថា “ប្រាក់​ឧបត្ថម្ភ​ក្នុង​ការ​រស់​នៅ” ចំនួន​ប្រាំ​ដុល្លារ​នេះ​ត្រូវ​បានបោះបង់ចោល​​ទូទាំង​ប្រទេស​ក្នុងឆ្នាំ​២០១១​។

លោក​ រ៉ុង​ ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​កម្ពុជា​បាន​ស្វាគមន៍​ការ​ចាប់​ខ្លួន​លោក យូស្រេង ប៉ុន្តែ លោក​បាន​លើក​ឡើងថា ករណី​នេះមិន​ទាន់​អាចជា​គំរូ​មួយ​ទៀត​​ ដែល​បញ្ជាក់​ពីការ​កំណត់​គោល​ដៅ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​ផ្តោ​តសំខាន់​ទៅលើតែអ្នក​ការិយា​ល័យធិប​តេយ្យ​ថ្នាក់​ក្រោមប៉ុណ្ណោះ​​ ខណៈ​ដែល​មិន​មាន​ការ​អើ​ពើ​ចំ​ពោះ​ការប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដោយ​មន្ត្រី​ជាន់​ខ្ពស់​។

លោក​ រ៉ុង ឈុន បានថ្លែង​ថា “អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​ចាប់​ខ្លួនតែ​មន្ត្រី​តូច​តាច​ប៉ុណ្ណោះ” ដោយ​លោក​គូស​បញ្ជាក់​​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយមិន​ទាន់​​ដាក់​ទោស​អ្នក​ណាម្នាក់​ ​ក្នុង​រឿង​ប្រាក់​រាប់​លាន​ដុល្លារ​​​​ត្រូវ​បាន​លួចបន្លំ​ប្រាក់​ពីថវិការបស់​រដ្ឋាភិបាល​ដោយ​ក្រសួ​ងសង្គម​កិច្ច​ក្នុងឆ្នាំ​២០១១​ទេ​។

ក្នុង​ខែ​កក្កដា ឆ្នាំនោះ លោក​ គាត​ ឈន់ អតីតរដ្ឋ​មន្ត្រី​ក្រសួងសេដ្ឋកិច្ច និង​ ​ហិរញ្ញវត្ថុ​បាន​សរសេ​លិខិត​ជូន​លោក អ៊ិត សំហេង​ អតីត​រដ្ឋ​មន្ត្រី​សង្គម​កិច្ច​​ដោយ​​ជូន​ដំណឹង​ប្រាប់​លោក​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​បាន​រក​ឃើញ​ថា មន្ត្រីសង្គម​កិច្ច​បាន​បន្លំយក​ប្រាក់​ជិត​៥,៥​លាន​ដុល្លារ​តាម​រយៈ​ឯក​សារ​ថវិកា​ក្លែង​បន្លំ​ និង​ប្រាក់​សោធន​ប្រមូល​បាន​​ពី​ឈ្មោះ​អតីត​យុទ្ធជន “ខ្មោច” ។ គ្មាន​នរណា​ម្នាក់​ទទួលខុស​ត្រូវ​ចំពោះ​បទ​ល្មើស​នេះ​ទេ​។

លោក គាត​ ឈន់ ក៏បាន​លើកឡើង​ផង​ដែរ​ថា ព្រោះ​តែ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ត្រួតត្រាអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដោយ​ផ្ទាល់​ លោក​ស្ថិត​ក្នុង​តួនាទីមួយ​ក្នុង​ការ​ជួយ​មន្ត្រី​មួយ​ចំ​នួន​ពីការ​​​ពិនិត្យ​​ពិ​ច័យ​​។ លោក​ ផៃ ស៊ីផាន អ្ន​កនាំពាក្យ​របស់​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រីបាន​វែក​ញែក​កាល​ពីម្សិល​មិញ​ថា ការ​ត្រួតត្រា​​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​ដោយ​លោកនាយក​រដ្ឋ​មន្ត្រី​ គឺជា​រឿង​ល្អមួយ​។ លោក​បានមា​នប្រ​សាសន៍​​ថា “​ លោក​ធ្វើ​ឲ្យ​ប្រាកដ​ថា ពួក​គេ​កំពុង​តែធ្វើ​ការ​ ហើយ​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មិន​ខ្លាច​ “ធ្វើ​ការ​ស៊ើប​អង្កេត​មន្ត្រី​ដែល​មាន​ខ្នង​ក្រាស់​នោះ​ទេ​”៕ ប៊ុននី​

(រាយការណ៍​បន្ថែម​ដោយ Ben Woods)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស