នគរបាលបាននិយាយថា អ្នកបើកបរតាក់ស៊ីអាយុ៤០ឆ្នាំម្នាក់ បានរងរបួសកាលពីរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ នៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅពេលដែលអ្នកដំណើរជាបុរសម្នាក់បានចាក់គាត់ចំកពីរកាំបិត មុនពេលបើករថយន្តតាក់ស៊ីរបស់គាត់ចេញទៅ។
ជនរងគ្រោះឈ្មោះ ទូច វុធ បានប្រាប់នគរបាលថា គាត់បានដឹកអ្នកដំណើរម្នាក់ដែលមានអាយុប្រហែល៣០ឆ្នាំនៅម៉ោង១និង៤០នាទីរំលងអធ្រាត្រចេញពីផ្សាររាត្រីក្នុងខណ្ឌដូនពេញ ហើយបានដឹកជននោះទៅសង្កាត់ទួលសង្កែ ក្នុងខណ្ឌឫស្សីកែវ ប៉ុន្តែនៅពេលពួកគេទៅដល់គោលដៅ ជនសង្ស័យបានប្ដូរចិត្តវិញ ហើយបានប្រាប់អ្នកបើកបរឲ្យទៅសង្កាត់ព្រែកឯង នៅក្នុងខណ្ឌមានជ័យវិញ។
លោក ស្វាយ តារា នាយរងប៉ុស្តិ៍នគរបាលសង្កាត់ព្រែកឯង មានប្រសាសន៍ថា “នៅពេលពួកគេមកដល់ភូមិទួលតាចាន់ ជនសង្ស័យបានប្រាប់អ្នកបើកបរឲ្យឈប់ ហើយបានដកកូនកាំបិតមួយចាក់គាត់ត្រូវចំកពីរកាំបិតតែម្ដង”។ លោក តារា បានមានប្រសាសន៍ថា ជនរងគ្រោះក៏បានរងរបួសចំដៃស្ដាំដែរនៅពេលដែលគាត់ព្យាយាមការពារខ្លួន ប៉ុន្តែគាត់បានបើកទ្វារថយន្តរត់ចេញទៅលើផ្លូវស្រែកឲ្យគេជួយ ខណៈពេលដែលជនល្មើសបានបើករថយន្តតាក់ស៊ីនោះចេញទៅយ៉ាងលឿន។
អ្នកធ្វើដំណើរឆ្លងកាត់ទីនោះបានទៅជួយជនរងគ្រោះ ហើយអ្នកបើកបរតាក់ស៊ីជាមួយគ្នាបាននាំគាត់ទៅកាន់គ្លីនិកមួយដើម្បីពិនិត្យមើលស្នាមរបួសធ្ងន់របស់គាត់ ហើយបុគ្គលិកគ្លីនិកនោះបានទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យកាល់ម៉ែត។
លោក នៅ តារា នាយប៉ុស្តិ៍សង្កាត់វាលស្បូវបានមានប្រសាសន៍ថា ក្រោយមកមន្ត្រីរបស់លោកបានរកឃើញរថយន្តតាក់ស៊ីនោះត្រូវបានគេទុកចោលនៅចម្ងាយ២០ម៉ែត្រពីផ្លូវជាតិលេខ១ នៅជិតសួនទឹកសន្តិភាពក្នុងសង្កាត់វាលស្បូវ ខណ្ឌមានជ័យ។ នគរបាលគិតថា ជនសង្ស័យមានបំណងសម្លាប់អ្នកបើកបរដើម្បីប្លន់យករថយន្ត ប៉ុន្តែបានប្ដូរចិត្តវិញ បន្ទាប់ពីជនរងគ្រោះបានគេចខ្លួនរួច។
លោក ស្វាយ តារា បានមានប្រសាសន៍ថា “កាំបិតនោះត្រូវបានរកឃើញនៅក្នុងរថយន្តនោះ ហើយគេបានរកឃើញអាវប្រឡាក់ឈាមមួយបោះចោលនៅចម្ងាយប្រហែល៨០ម៉ែត្រពីរថយន្តតាក់ស៊ីនោះ”។ លោកបានបន្ថែមថា នគរបាលមិនទាន់ស្គាល់អត្តសញ្ញាណជនសង្ស័យនៅឡើយទេប៉ុន្តែកំពុងធ្វើការស៊ើបអង្កេត៕គឹមហឿន