32 C
Phnom Penh

ដីសម្បទាន​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ គឺ​ជាដី​សម្បទាន​ខុស​ច្បាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​នាំពាក្យ​រដ្ឋាភិបាល​បាន​និយាយ​កាល​ពី​ម្សិលមិញ​ថា ដីសម្បទាន​ក្រៅ​ផ្លូវ​ការ​​មួយ​កន្លែង​ ដែល​ត្រូវ​បាន​ប្រគល់ទៅ​ឲ្យ​ក្រុម​ហ៊ុន​កសិឧស្សាហកម្ម​​មួយ​ដែល​បាន​កាប់​ឈើ​ប្រណីត​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ក្នុង​ខេត្ត​រតនគិរី ​នៅ​ឆ្នាំ​​នេះគឺ​ជា​ការ​បំពាន​បម្រាម​ឆ្នាំ​២០១២​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​ហាម​ឃាត់​មិន​ឲ្យ​ផ្ដល់​ដី​សម្បទាន​សេដ្ឋ​កិច្ច​ថ្មី​។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា ដីសម្ប​ទាន​ថ្មី​របស់​ក្រុម​ហ៊ុន​ដូន​ពេញអាហ្គ្រីកូ (Daun Penh Agrico) បំពាន​បម្រាម​​ដែល​លោក​នាយក​​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​កាលពី​ឆ្នាំ​២០១២​ មិន​ឲ្យ​ផ្ដល់​ដីសម្បទាន​ថ្មី​។ ​មជ្ឈដ្ឋាន​ទូ​ទៅ​​ផ្លាញ​ព្រៃ​​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក​បាន​មាន​ប្រសាសន៍​ថា “ដីសម្ប​ទាន​នេះ​ខុស​​ច្បាប់​។ អ្នក​ជា​ប់​ពាក់​ព័ន្ធ​ត្រូវ​ប្រឈម​មុ​ខ​នឹង​ច្បាប់​”។ លោក​បាន​បន្ថែម​ថា ក្រសួង​បរិស្ថាន​ និង​ក្រសួង​កសិកម្ម​​ ព្រម​ទាំង​អាជ្ញាធរ​ខេត្ត​រតនគិរី ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ផ្ដល់​ដីសម្បទាននេះ​។ កាលពី​ថ្ងៃ​ច័ន្ទ លោក ប៉ាវ ហមផាន អភិ​បាល​ខេត្ត​រតនគិរី បាន​មាន​ប្រសាសន៍​ថា ក្រុម​​​ហ៊ុន​ដូន​ពេញ អាហ្គ្រីកូ ដែល​បាន​ទទួល​ដី​សម្បទាន​ទំហំ​៨.៨២៥​ហិក​តានៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ទំហំ​២៥០.០០០​ហិកតា​នេះ​កាលពី​ឆ្នាំ​២០១១​​​នោះ ក៏​បាន​ទទួល​ដី​សម្បទាន​ក្រៅ​ផ្លូវ​ការ​ទី២ផង​ដែរកាលពី​ដើម​ឆ្នាំ​នេះ នៅ​ក្នុង​តំបន់​ការ​ពារ​នេះ​។

មន្ត្រី​មូល​ដ្ឋាន​ និង​បុគ្គលិក​អង្គការ​សិទ្ធិ​មនុស្ស​បាន​ចោទ​ថា ក្រុម​ហ៊ុន​នេះ​បាន​ជាប់​ពាក់​ព័ន្ធ​​ក្នុង​ការ​កាប់​ឈើ​ជា​លក្ខ​ណៈ​ប្រព័ន្ធ​​ រួម​ទាំង​ឈើ​គ្រញូង​ផង​ដែរ​នៅ​លើ​ដី​​សម្ប​ទាន​​​ដែល​ទើប​ទទួល​បាន​របស់​ខ្លួន​នៅ​ក្នុង​ដែន​ជម្រក​នេះ​។ ​ពួក​គេ​បាន​ចោទ​ថា ឈើ​ដែល​បាន​​កាប់​រួ​ច​ត្រូវ​បាន​អារ​​​​សម្រាប់​​លក់​ និង​នាំ​ចេញ​ នៅ​រោង​ម៉ាស៊ីន​អារ​ឈើ​ដែល​ស្ថិត​នៅ​​ក្នុង​ដីសម្បទាន​ទី​១​របស់​ក្រុម​ហ៊ុន​នេះ។

អ្នក​ស្រី​​ គឹម អ៊ាង តំណាង​ក្រុម​​ហ៊ុនដូន​​ពេញ​អាហ្គ្រីកូ បាន​បញ្ជាក់​ឡើង​វិញ​កាលពី​ម្សិល​​មិញ​ថា អ្នក​ស្រី​មិន​បាន​ដឹង​ថា ស្ថាប័ន​រដ្ឋា​ភិ​បាល​មួយ​ណា​បាន​អនុម័ត​យល់​ព្រម​ប្រគល់​​ដី​សម្បទាន​ថ្មី​​ឲ្យ​​ក្រុម​ហ៊ុន​នេះ​កាលពី​ប្រហែល​ប្រាំ​ខែ​មុន​នោះទេ។ អ្នក​ស្រី គឹម អ៊ាង បាន​និយាយ​ថា មន្ត្រី​១០​រូប​​មក​ពី​ក្រសួង​បរិស្ថាន​ និងមក​ពី​​ខេត្ត​​បា​ន​ចុះ​ទៅ​មើល​រោង​អារ​ឈើ​របស់​ក្រុម​ហ៊ុន​នេះ​កាល​ពី​ខែ​មុន​ ហើយ​បាន​សួរ​អំពី​​ឈើ​ដែល​កំពុង​អារ​ទាំង​នោះ​។​ អ្នកស្រី​បាន​និយាយ​ថា“ អ្នក​គ្រប់​គ្រង​របស​់​ខ្ញុំ​បាន​បង្ហាញ​ឯក​សារ​មួយ​ដល់​មន្ត្រី​ទាំង​នោះ ហើយ​ពួកគេ​​បាន​បោះ​ត្រា​លើ​ឈើ​គ្រប់​​​ដុំ​ដើម្បី​បង្ហាញ​ថា ជា​ឈើ​ស្រប​ច្បាប់​”។ ​ហើយ​អ្នក​ស្រី​បាន​បដិសេធ​ម្ដង​ទៀត​មិន​ប្រាប់​ឈ្មោះ​អ្នក​គ្រប់​គ្រង​របស់​អ្នក​ស្រី​នៅ​ក្រុម​ហ៊ុន​នេះទេ​​។

លោក​ ប៉ាវ ហម​ផាន អភិបាល​ខេត្ត​នេះ​​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា លោក​គឺ​ជា​មន្ត្រី​ម្នាក​់​ក្នុង​ចំណោម​មន្ត្រី​ដែល​បាន​ចុះ​ទៅ​មើល​រោង​ម៉ាស៊ីន​អារ​ឈើ​របស់​ក្រុម​ហ៊ុន​​​ដូន​ពេញ អាហ្គ្រីកូ កាលពី​ខែមុន​នោះ ប៉ុន្តែ​​លោក​​​បដិសេធ​មិន​ឆ្លើយ​សំណួរ​ពាក់​ព័ន្ធ​នឹង​ដីសម្បទាន​នេះ​ទេ។ លោក​​មាន​ប្រសា​សន៍​​​ថា “ ខ្ញុំ​មិន​ចង់​និយាយ​ទេ”។

យោង​តាម​គេហទំព័រ​របស់​ក្រុមហ៊ុន​នេះ​​បង្ហាញថា ក្រុម​ហ៊ុនដូន​ពេញ អាហ្គ្រីកូ ​ជា​​សាខា​​​​​​របស់​ក្រុម​ហ៊ុ​ន​ដូន​ពេញ (កម្ពុជា​) គ្រុប ដែល​គ្រប់​គ្រង​ដោយ​ក្រុម​ហ៊ុន​ អេហ្សិត គ្រុប ដែល​​​ត្រូ​វ​​​បាន​បង្កើត​ឡើ​ង​​ក្នុង​ឆ្នាំ​១៩៩៣​ ដោយ​លោក​ អ៊ឹង ប៊ុនហូវ អតី​ត​រដ្ឋលេខា​ធិការ​​ក្រសួង​​​​សា​ធារណៈ​ការ​ និង​ដឹក​ជញ្ជូន​ មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា។ លោក​ អុឹង ប៊ុនហូវ បាន​បដិ​សេធ​មិន​ធ្វើ​អត្ថាធិប្បាយ ​អំពី​ក្រុម​ហ៊ុន​ដូន​ពេញ អាហ្គ្រីកូ ទេ កាលពី​ម្សិលមិញ។

លោក ធន់ សារ៉ាត់ អ្នក​នាំពាក្យ​រដ្ឋបាល​ព្រៃ​ឈើ​របស់​ក្រសួង​កសិកម្ម ដែល​បាន​ចាត់​ទុក​ដី​សម្បទា​ន​ក្រៅ​ផ្លូវ​​ការ​នេះ​ថា ខុស​ច្បាប់​ដែរ​នោះ បាន​មាន​ប្រសាសន៍​ថា មន្ត្រី​ព្រៃ​ឈើ​នឹង​មិន​ស៊ើប​អង្កេត​​លើ​ការ​កាប់​ឈើ​នេះ​ទេ លុះ​ត្រា​តែ​មាន​ការ​អនុញ្ញាត​ដោយ​ផ្ទាល់​ពី​សាលា​ដំបូង​ខេត្ត​រតនគិរី។ លោក សារ៉ាត់ ​មាន​ប្រសាសន៍​ថា “ ព្រះ​រាជ​​អាជ្ញា​​ធ្វើ​សំណើ​ ទើប​យើង​ស៊ើប​អង្កេត​”។

នៅ​ពេល​ស្នើ​សុំ​ឲ្យ​ធ្វើ​អត្ថាធិប្បាយ​អំពី​ភាព​ស្រប​ច្បាប់​នៃ​ដីសម្បទាន​ថ្មី​របស់​ក្រុម​ហ៊ុន​ដូន​ពេញ អាហ្គ្រីកូ នេះ​ លោក​ សៅ សុភ័ក្រ ​ប្រធាន​ខុទ្ទកាល័យ​ក្រសួង​បរិស្ថាន​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​ដឹង​ទេ”។ រូប​ថត​ដែល​អង្គការ​អាដ​ហុក​ បាន​ថត​អំពី​ឈើ​ និង​រោង​ម៉ាស៊ីនអារ​ឈើ​នោះ កាលពី​សប្ដាហ៍​មុន​ក៏​បាន​បង្ហា​ញពី​មនុស្ស​មួយ​ចំនួន​ដែល​បាន​អះអាង​ថា ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ទ្រី ភាព អាហរ័ណ​ នីហរ័ណ ដែល​បាន​ដឹក​ឈើ​ប្រណីត​ប្រវែង​បី​ម៉ែត្រ ឆ្លង​កាត់​ទន្លេ​ស្រែ​ពក​​​​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់។

លោក ឆាយ ធី អ្នក​ស៊ើប​អង្កេត​របស់​អង្គការ​អាដ​ហុក​ប្រចាំ​ខេត្ត​រតនគិរី បាន​បា៉ន់​ប្រមាណ​កាលពី​ម្សិលមិញ​ថា កម្មករ​​ប្រើ​ប្រាស់​​រថយន្ត​កែច្នៃ​ដឹក​ឈើ​ប្រហែល​៤០​ម៉ែត្រ​គូប​ចេញពី​ដែន​ជម្រក​សត្វ​ព្រៃ​នេះ​ជា​រៀង​រាល​់​ថ្ងៃ​។លោក ឆាយ ធី ​មាន​ប្រសា​សន៍​​​ថា  ឈើ​ភាគ​ច្រើន​ត្រូវ​បាន​ដឹ​ក​ទៅ​វៀត​ណាម​
និង​ផ្សេង​ទៀត​ដឹក​មក​រា​ជ​ធានី​ភ្នំពេញ។

លោក​បាន​បន្ថែម​ថា “អាជ្ញាធរ​គ្មាន​សិទ្ធិ​រា​រាំង​រថយន្ត​ទាំង​នោះ និង​ដក​ហូត​ឈើ​ទាំង​នោះទេ ពីព្រោះ​​ក្រុម​ហ៊ុ​ន​ ទ្រី ភាព មាន​អាជ្ញា​​ប័ណ្ណ​ដឹក​ឈើ​”។
ក្រុមហ៊ុន​ ទ្រី ភាព អាហរ័ណ នីហរ័ណ កាលពី​ខែ​កុម្ភៈ ក៏​បាន​ទទួល​សិទ្ធិ​​ផ្តាច់​មុខ​ផង​ដែរ​​ក្នុង​ការ​ទិញ​ឈើ​ទាំង​អស់​ដែល​ក្រសួង​កសិកម្ម​កាប់​នៅ​ក្នុង​ខេត្ត​រតនគិរី។

លោក ប៉ែន ប៊ុណ្ណារ៍ អ្នក​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៅ​អង្គការ​អាដ​ហុក ដែល​កាល​ពី​សប្ដាហ៍​​មុន​បាន​ទទួល​ពាក្យ​បណ្ដឹង​អំពី​ការ​កាប់​ឈើ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ពី​ជន​ជាតិ​ភាគ​តិ​ចឡាវ​១២៤​គ្រួសារ ដែល​រស់​នៅ​ក្នុង​តំបន់​នេះ​ បាន​មាន​ប្រសាសន៍​ថា ក្រុម​ហ៊ុន​ជា​ច្រើន​ដែល​បាន​កាន់​កាប់​ដីសម្បទាន​មុន​ឆ្នាំ​២០១២​​​នៅ​ក្នុង​ខេត្ត​រតនគិរី កំពុង​កាប់​ឈើ​​​​ក្នុង​ល្បឿន​យ៉ាង​លឿន​ដែល​មិន​ធ្លាប់​មាន​ ហើយ​លក់​ឈើ​ដែល​កាប់​រួច​នោះ​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ ទ្រី ភាព​។

លោក ប៉ែន ប៊ុណ្ណារ៍ បាន​មាន​ប្រសាសន៍​ថា “ជា​រៀង​រាល់​ថ្ងៃ​ មនុស្ស​ទៅ​កាប់​ឈើ​​លក់​ឲ្យ​ក្រុម​ហ៊ុន​ ទ្រី ភាព”។ លោក​បាន​ចាត់​ទុក​សេចក្ដី​សម្រេច​របស់​រដ្ឋា​ភិបាល​ក្នុង​ការ​​ប្រគល់​សិទ្ធិ​​ទិញ​ឈើ​ផ្ដាច់​មុខ​ទៅ​ឲ្យ​​ក្រុម​ហ៊ុន​នេះ​ថា “ គ្រោះ​ថ្នាក់​ណាស់​”។ លោក ប៉ែន ប៊ុណ្ណារ៍ បាន​មាន​ប្រសាសន៍​ថា “មនុស្ស​គ្រប់​គ្នា​​ស្គាល់​គាត់​ [ទ្រី ភាព] ហើយ​​​ពួកគេ​ចូល​ទៅ​ក្នុង​ព្រៃ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ឡើយ​។

ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ គឺ​ជា​កន្លែង​រស់​នៅ​របស់​ថនិក​សត្វ​កម្រ​ ដូច​ជា​ដំរី ខ្លា និង​ខ្លាឃ្មុំ​ជាដើម​។ របាយការណ៍​សិក្សា​មួយ​ចេញ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្ដី​ “ វិទ្យាសាស្ត្រ” កាលពី​ថ្ងៃ​សុក្រ បាន​រក​ឃើញ​ថា កម្ពុជា​មាន​អត្រា​កាប់​បំផ្លាញ​​​ព្រៃ​ឈើ​ខ្ពស់​ជាង​គេ​ទី​៥​នៅ​ក្នុង​ពិភព​លោក​ចន្លោះ​ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០១២ ដោយ​ធ្វើ​ឲ្យ​បាត់​បង់​​គម្រប​ព្រៃ​ឈើ​អស់​ជាង​៧​ភាគរយ​ក្នុង​អំឡុង​ពេល​នោះ​៕​គឹមហឿន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស