30 C
Phnom Penh

ការ​ឆ្លង​មេរោគ​ហ៊ីវ​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​ថ្នាំញៀន​ដែល​ចាក់​តាម​សរសៃ​មាន​ការ​កើន​ឡើង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​របាយការណ៍​របស់ UNAIDS ដែល​ចេញ​កាលពី​ម្សិលមិញ បាន​ឲ្យ​ដឹង​ថា ខណៈប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​កោត​សរ​សើរ​​ថា ជា​ប្រទេស​មួយក្នុង​តំបន់​​ដែល​ទទួល​បាន​ជោគ​ជ័យ​នៅ​ក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ​​អេដស៍​​នោះ ការ​ឆ្លង​ជំងឺ​នេះ​ក្នុង​ចំណោម​បុរស​រួម​ភេទ​ជាមួយ​បុរស​ ស្ត្រី​បម្រើ​​ផ្លូវ​ភេទ និង​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​ចាក់​តាម​សរសៃ​នៅ​តែ​ជា​ក្តី​ព្រួយ​បារម្ភ​។

ការ​ឆ្លង​មេរោគ​អេដស៍​បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​រយៈពេល​​មួយ​ទសវត្សរ៍​កន្លង​មក​នេះ ដោយ​មាន​មនុស្ស​ចំនួន​១.៤០០​នាក់​បាន​ឆ្លង​មេរោគ​នេះ​កាលពី​ឆ្នាំ​២០១២ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០០១ដែល​មាន​អ្នក​ឆ្លង​ចំនួន​៦.០០០នាក់​។ របាយការណ៍​របស់​ UNAIDS បាន​រក​ឃើញ​ថា ​មនុស្ស​សរុប​ចំនួន​​​៧៦.០០០នាក់​ បច្ចុប្បន្ន​​​នេះ​​​​កំពុងតែ​​​ផ្ទុក​​​​មេរោគ​ហីុវ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ក្នុង​ចំណោម​អ្នក​ឆ្លងមេរោគ​ហ៊ីវ​ប្រហែល​៥៤.០០០នាក់​ដែល​ត្រូវ​បាន​​​ថ្នាំ​​ពន្យា​រជីវិត​​ មាន​អ្នក​ឆ្លង​ជាង​៤៤.០០០នាក់​ទទួល​បាន​ថ្នាំ​នេះ​ នេះ​បើ​យោង​តាម​របាយការណ៍​​ផ្តោត​លើ​ទិន្នន័យ​ ដែល​ប្រមូល​បាន​តាម​វិធី​សាស្ត្រ​របស់​អង្គការ​សហប្រជាជាតិ​ដោយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ និង​ទទួល​បាន​ការ​យល់​ស្រប​ពី​ UNAIDS។

លោក​ស្រី ម៉ារីអូឌីឡេ អេម៉ុន (Marie-Odile Emond) អ្នក​សម្រប​សម្រួលរបស់​​​UNAIDS ​ប្រចាំ​ប្រទេសកម្ពុជា​​​​ បានមាន​ប្រសាសន៍​ថា “ករណី​​​​ឆ្លង​ថ្មី​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​ធ្លាក់​ចុះ ហើយ​ប្រទេស​កម្ពុជា​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ខ្លាំង​ក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្លង​មេ​​​រោគ​អេដស៍​”។ ទោះ​បី​ជា​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​នេះ​ក្តី លោកស្រី​​ អេម៉ុន លើក​ឡើង​ថា ការ​ឆ្លង​មេរោគ​អេដស៍​ក្នុង​ចំណោម​បុរស​រួម​ភេទ​ជាមួយ​បុរស​ អ្នក​ប្រើ​ប្រាស់​ថ្នាំ​​ញៀន​ចាក់​តាម​សរ​សៃ​ ​​និង​ស្ត្រី​បម្រើ​​ផ្លូវ​ភេទ​នៅ​តែ​ជា​​ក្តី​ព្រួយ​បារម្ភ​។

អត្រា​ឆ្លង​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ចាក់​តាម​សរសៃ​មាន​កម្រិត​ខ្ពស់​បំផុត ពោល​គឺ​មាន​២៥ភាគរយ​។ លោកស្រី​ អេម៉ុន បាន​មាន​ប្រសាសន៍​ថា “ យើង​បាន​រក​ឃើញ​ថា ​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​ចាក់​តាម​សរសៃ​មាន​អត្រា​ឆ្លង​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​ចំណោម​អ្នកឆ្លង​ជំងឺ​អេដស៍​ផ្សេងៗ​ ពោល​គឺ​មាន​ចំនួន​២៥ភាគរយ​។ អត្រានេះ​គឺ​ជា​អត្រា​គួរ​ឲ្យ​ព្រួយ​បារម្ភ”។

យោង​តាម​របាយការណ៍​របស់​ UNAIDS បានឲ្យ​ដឹង​បន្ត​ថា អ្នក​ឆ្លង​ជំងឺ​អេដស៍​ដែល​ជា​ស្ត្រី​បម្រើ​ផ្លូវ​ភេទ​មាន​ចំនួន​៤ភាគរយ​ និង​ក្រុម​បុរស​រួម​ភេទ​ជាមួយ​បុរស​មាន​ចំនួន​២.១ភាគរយ​។ របាយការណ៍​នេះ​​​ក៏​បាន​រក​ឃើញ​ដែរថា ៣៤ភាគរយ​នៃ​បុរស​រួម​ភេទ​ជា​មួយ​​បុរស​នឹង​២៤ភាគរយ​នៃ​ស្ត្រី​បម្រើ​ផ្លូវ​ភេទ​មិន​បាន​ប្រើ​ស្រោម​អនាម័យ​ឡើយ​ អំឡុង​​​ពេល​រួម​ភេទ​លើក​ចុង​ក្រោយ​។

របាយការណ៍​បាន​ពន្យល់​ថា ការ​រើស​អើង​​នៅ​ក្នុង​សង្គម​ចំពោះ​អ្នក​ឆ្លង​ជំងឺ​អេដស៍បាន​ធ្វើឲ្យ​​អ្នក​ឆ្លង​ជំងឺ​នេះ​ភាគ​ច្រើន​មិន​ហ៊ាន​បើក​ចំហ​ឡើយ​ ដោយ​លើក​ឡើង​ថា មនុស្ស​ចំនួន​៦០ភាគ​រយ​ដែល​​មាន​ផ្ទុក​មេរោគ​អេដស៍​ បាន​និយាយ​ថា ខ្លួន​មាន​ការ​ខ្មាសអ្នក​​​ដទៃ​​​ រីឯ​អ្នក​ផ្ទុកមេរោគ​អេដស៍​ចំនួន​១៦​ភាគរយ​ផ្សេង​ទៀត​បាន​និយាយ​ថា ខ្លួន​ចង់​សម្លាប់​ខ្លួន​កាលពី​មួយ​ឆ្នាំមុន​។

UNAIDS ក៏​បាន​រៀប​រាប់​ដែល​ថា ច្បាប់​នៅ​​ក្នុង​ប្រទេស​កម្ពុជា​មួយ​ចំនួន​ គឺ​ជា “ឧបសគ្គ​ ដល់​​ការ​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ​ហ៊ីវ”។   ឧទា​ហរណ៍​ដូច​ជា​បទ​ឧក្រិដ្ឋ​នៃ​ការ​ប្រើ​ប្រាស់​ថ្នាំ​ញៀន​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ដែល​ចាក់​តា​ម​សរសៃ​ជា​ច្រើន​មិនហ៊ាន​​​ស្វែង​​​​រក​ជំនួយ​នោះ​ឡើយ។ លោក​ស្រី​ អេម៉ុន បាន​មាន​ប្រសាសន៍​ថា “ អ្នក​ប្រើ​ប្រាស់​ថ្នាំញៀន​ជាច្រើន​ដែល​ផ្ទុក​មេរោគ​ហ៊ីវ មាន​ការ​លាក់បាំង​ច្រើន​ ហើយ​ពួកគេ​មិន​ហ៊ាន​ទៅ​ទទួល​សេវា​ព្យាបាល​ឡើយ ព្រោះ​ពួកគេ​ខ្លាច​នគរ​បាល​ចាប់​ខ្លួន​”។លោក​ស្រី​បាន​បន្ថែម​ថា អាជ្ញាធរ​ជារឿយ​ៗ​​មិន​បាន​ដឹង​ឡើយថា ​ អ្នក​ផ្ទុក​មេរោគ​ហ៊ីវ​ត្រូវ​ការ​ការ​ព្យា​បាល​ជា​​​ប្រចាំ​ សូម្បី​តែ​អំឡុង​ពេល​ជាប់​ពន្ធ​នាគារ​ក៏ដោយ។

ច្បាប់​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​​ ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​ចុះ​បង្ក្រាប​ និង​ការ​បិទ​ផ្ទះ​បន​​ក៏​បាន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ស្ត្រី​បម្រើ​ផ្លូវ​ភេទ​ផង​ដែរ​ ដោយ​បង្ខំ​ឲ្យ​ពួកគេ​ក្លាយ​ជា​ស្ត្រី​បម្រើ​ផ្លូវ​ភេទ​រក​ភ្ញៀវ​តាម​ផ្លូវ​។ លោកស្រី​  អេម៉ុន បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​​ថា “ស្ត្រីរក​ស៊ី​ផ្លូវ​ភេទ​​មាន​កា​រ​លាក់​បាំង​ច្រើន​​​នៅ​ពេល​ឥឡូវ ហើយ​មាន​ចំនួន​​​​កើន​ឡើង​នៅ​​​តាមផ្លូវ​ ដែល​ជាហេតុ​ធ្វើ​ឲ្យ​មាន​ការ​លំបាកយ៉ាង​​​ខ្លាំង​ក្នុង​កា​រ​ជួប​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ទាំង​នេះ​ដើម្បី​​​អប់​រំពួកគេ​អំពី​មេរោគ​អេដស៍ និង​សារៈ​​​សំខាន់​នៃការ​ប្រើ​ប្រាស់​ស្រោ​ម​អនា​ម័យ​”៕ ស៊ុយឈាង

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស