38 C
Phnom Penh

គណបក្ស​សង្គ្រោះ​ជាតិ​លើកឡើង​ថា គ្មាន​ការ​ចរចា​ទៀតទេ ​ប្រសិនបើគ្មាន​ការ​ស៊ើប​អង្កេត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ សម រង្ស៊ី និង​លោក កឹ​ម សុខា មេ​ដឹកនាំគណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​កាល​ពីម្សិលមិញថា គណបក្ស​ប្រឆាំង​​នឹង​​លែង​ចរចា​ជុំវិញ​ការ​ជាប់គាំង​ផ្នែក​នយោ​បាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទៀត​ហើយ រហូតដល់​គណបក្ស​គ្រប់​គ្រង​អំណាច​យល់​ព្រម​ឲ្យ​មានការស៊ើប​អង្កេត​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​​តម្លា​ភាព​មួយ​។

សមាជិក​សភាជាប់​ឆ្នោត​ចំនួន​៥៥រូប​របស់គណបក្ស​សង្គ្រោះ​ជាតិបាន​និង​កំពុង​តែ​ធ្វើ​ពហិការ​មិន​ចូល​សភា ចាប់​តាំង​ពី​សភា​នេះ​បាន​កោះ​ប្រជុំ​ជាមួយ​នឹង​តំណាង​រាស្ត្រ​ចំនួន​តែ​៦៨​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុ​ជា​ កាលពីថ្ងៃ​ទី ២៣​ ខែកញ្ញា​ ដោយ​​គណបក្ស​ប្រឆាំង​លើក​ឡើង​អំពី​ភាព​មិន​ប្រក្រតី​កើ​ត​មាន​ជាទូទៅ​អំឡុងការ​បោះឆ្នោត​ជ្រើស​តាំង​ តំណាង​រាស្ត្រ​កាល​ពីថ្ងៃទី​២៨​ខែកក្កដា​។

លោក កឹម សុខា ដែល​ជាអនុ​ប្រធាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​ថា មេដឹកនាំគណបក្ស​ប្រឆាំង​បាន​សម្រេច​ថា ខ្លួន​គ្មាន​ឆន្ទៈ​បន្តការ​ចរចា​ជាមួ​យ​គណបក្ស​ ប្រជាជន​កម្ពុជា​ទេ​ មុន​ពេល​គណបក្ស​នេះ​ចាត់វិធានការ​ជាក់​ស្តែង​ក្នុង​​​​ការ​ស៊ើប​អង្កេត​​​​ការ​បោះឆ្នោត​។ លោក​បាន​លើកឡើង​ថា “ ប្រសិន​បើ​​គណ​បក្សប្រជាជន​កម្ពុជា​នៅ​តែ​មិន​លាត​ត្រដាង​ការ​ពិត​អំពីការ​បោះឆ្នោត​កន្លង​ទៅ នេះ​ទេ​នោះ យើង​មិន​អាច​ចរចា​ជាមួយ​ពួក​គេ​បាន​ឡើយ​” ដោយ​លោក​ពន្យល់​ថា គណ​បក្ស​ប្រជាជន​កម្ពុជា​ មិនគួរ​ឲ្យ​ទុក​ចិត្ត​ឡើយ​​។

លោក​ កឹម សុខា បាន​ថ្លែង​ថា ការ​ប្រើ​អំពើ​​ហិង្សា​របស់​រដ្ឋាភិបាល​ទៅលើ​ការ​តវ៉ា​របស់​កម្មករ​កាត់​ដេរ​​កាល​ពីសប្តាហ៍​មុន​​បាន​រំលោភ​កិច្ច​ព្រម​ព្រៀង​ដែល​ខ្លួន​បាន​ធ្វើ​ឡើង​​ក្នុង​ការ​ចរចា​ជុំ​ចុង​ក្រោយ​នេះ​។ លោក​ កឹម  សុខា  ​បានមាន​​​ប្រសាសន៍​​​​បន្ត​ទៀត​ថា “យើង​មាន​កិច្ច​ព្រម​ព្រៀង​មួយ​​ថា ពួក​គេ​នឹង​ឈប់​ប្រើ​អំពើ​ហិង្សា​ ក៏​ប៉ុន្តែ កាល​​​ពីថ្ងៃ​ទី​១២ ខែវិច្ឆិកា​ ពួក​​គេ​បាន​បាញ់​កម្មករ​ ហើយ​ពួក​គេ​បាន​សម្លាប់​​ស្ត្រី​ស្លូត​ត្រង់​ម្នាក់​ និង​​​​វាយ​ព្រះ​សង្ឃ​”។

ដើម្បី​​សម្រប​សម្រួល​ការ​ចរចាជុំ​ចុង​ក្រោយ ​កាល​ពីថ្ងៃទី​៥​ ខែវិច្ឆិកា លោក សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាត​ិ​​បាន​​លុប​​​ចោល​បញ្ជី​លក្ខខណ្ឌដែល​លោក​​បាន​ធ្វើ​​ សម្រាប់​ការ​ចរចាជាមួយ​គណបក្ស​គ្រប់​គ្រង​អំណាច​។លោក​បាន​បដិសេធ​កាល​ពី​​​ម្សិល​​​មិញ​ថា ជំហរ​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាត​ិ​​ គឺមិន​បង្កើត​លក្ខខណ្ឌលើការ​ចរចាទេ​។

លោក​ សម រង្ស៊ី បាន​​ថ្លែងថា “នេះ​មិន​​មែន​ជា​​លក្ខ​ខណ្ឌ​មួយ​ទេ​ វា​ជា​តម្រូវ​ការ​​ជា​ចាំបាច់​​​​មួយ​។ យើង​មិន​អាច​​បន្ត​ទៅ​មុខ​​ដោយ ​គ្មាន​ការ​បញ្ជាក់ការពិត​​​ជាមុន​ ដើម្បី​ឲ្យ​ឃើញ​ថា តើ​​​ប្រជាជនកម្ពុជា​ពិត​ជា​បោះ​​​ឆ្នោត​ឲ្យ​នរណា​​​”។ លោក សម រង្ស៊ី បាន​ពន្យល់​ថា ការ​ផ្លាស់​ប្តូរជំហរ​នេះ​បាន​កើតឡើង​បន្ទាប់​ពី​ការ​ពិភាក្សា​របស់​គណបក្ស​អំពី​ជំហរ​របស់​គណ​បក្ស​ប្រជាជនកម្ពុជា​​ថា ការ​ចរចា​អាច​កើត​ឡើង​តែ​លើ​មូល​ដ្ឋាន​នៃលទ្ធ​ផល​ការ​បោះ​ឆ្នោត​ផ្លូវ​ការ​ប៉ុណ្ណោះ។
លោក​ ជាម យៀប សមាជិក​សភា និង​ជា​អ្នក​នាំពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​​បាន​​លើកឡើង​ថា ការស៊ើប​អង្កេត​បន្ថែម​ទៀត​ក្នុងការ​បោះឆ្នោត​នោះ​​​​ មិន​​​អាច​​​ធ្វើ​​​បាន​​​​​​​​​ឡើ​​​យ​​​។

លោក​ ជាម យៀប​ បាន​​ថ្លែង​ថា “​គណៈ​កម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​ (គ.ជ.ប.)​ បាន​ដោះស្រាយ​វិវាទ​ជុំវិញ​ភាព​មិន​ប្រក្រតី​នៃការបោះឆ្នោត​ និង​ពាក្យ​បណ្តឹង​ផ្សេង​ទៀត​អំឡុង​ការ​បោះឆ្នោត​រួចរាល់​ហើយ​។ គ្មាន​ច្បាប់សម្រាប់​គណៈកម្មាធិការ​ដោយ​​ឡែក​មួយ​​ដើម្បីស្វែង​រក​យុត្តិធម៌​ទេ​”។ ​លោក​បាន​ថ្លែង​ថា “គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​បើក​ចំហ​ចំពោះ​សំណើណា​មួយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ សម្រាប់ការ​ចរចា​បន្ថែម​ទៀត​”។

លោក សម រង្ស៊ី បាន​លើក​ឡើង​ដោយ​​ឡែក​កាល​ពីម្សិល​មិញថា មេដឹកនាំគណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​​​មិន​​​ទាន់​​​ជួប​ពិភាក្សា​គ្នា​​​អំពី​សេចក្តី​លម្អិត​នៃផែនការ​របស់​គណបក្ស​ធ្វើ​មហាបាតុកម្ម​មួយនៅ​ថ្ងៃទី​១០ ខែ​ធ្នូ​ទេ។ លោក​បាន​ថ្លែងថា ទាំង​លោក​ និ​ងលោក​ កឹម​ សុខា បាន​ធ្វើ​ដំណើរ​​ទូទាំង​ប្រទេស​ទាំង​អស់​គ្នា​​ ហើយ​នៅ​តែ​មាន​បំណង​ធ្វើ​បាតុ​កម្ម​ទូទាំង​ប្រទេស​​។ លោក​ សម រង្ស៊ី បាន​បន្ត​ទៀត​ថា “ មាន​ការ​ទាម​ទារ​យ៉ាង​ច្រើន​សុំ​ឲ្យមាន​​ការ​ធ្វើ​បាតុ​កម្ម​នៅ​ទូទាំង​ប្រទេស​”៕ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស