ក្រុមហ៊ុនសម្លៀកបំពាក់ខូវប៊យ ដ៏ធំមួយរបស់សហរដ្ឋអាមេរិកគឺក្រុមហ៊ុន ឡេវី ស្ត្រស (Levi Strauss) នៅតែបដិសេធក្នុងសប្តាហ៍នេះថា ផលិតផលរបស់ខ្លួនមិនមានទំនាក់ទំនង ជាមួយរោងចក្រកាត់ដេរសម្លៀកបំពាក់ អេសអិល (SL Garment Fac tory) ដែលសម្បូរទៅដោយវិវាទទេ ទោះបីជាមានរូបថតបង្ហាញថា មានខោខូវប៊យម៉ាក ឡេវី ត្រូវបានដាក់បង្គរនៅក្នុងរោងចក្រ ក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញនេះក៏ដោយ។

រោងចក្ររបស់ជនជាតិសិង្ហបុរី ដែលក៏ផលិតសម្លៀកបំពាក់ សម្រាប់ផ្គត់ផ្គង់ឲ្យក្រុមហ៊ុនលក់សម្លៀកបំពាក់រាយសហរដ្ឋអាមេរិកដ៏ធំមួយឈ្មោះ ហ្គេប (Gap) និងក្រុមហ៊ុនលក់រាយស៊ុយអែតដ៏ធំមួយទៀតឈ្មោះ អេជអេនអឹម (H&M) ផងដែរនោះ កំពុងរងការតវ៉ាតាំងពីដើមខែសីហា។ កាលពីសប្តាហ៍មុន ស្ត្រីម្នាក់ត្រូវបានបាញ់ស្លាប់ ដោយសារការផ្ទុះអាវុធរបស់ក្រុមនគរបាល ហើយប្រជាជនមួយចំនួនទៀតរងរបួស អំឡុងសកម្មភាពប៉ះទង្គិចគ្នារវាងអាជ្ញាធរ និងក្រុមអ្នកតវ៉ានៅរោងចក្រ អេសអិល។
កាលពីចុងខែកញ្ញា តំណាងក្រុមហ៊ុន ឡេវី ស្ត្រស បានប្រកាសថា រោងចក្រ អេសអិល លែងផលិតខោខូវប៊យ សម្រាប់ផ្គត់ផ្គង់ឲ្យខ្លួនហើយ ក៏ប៉ុន្តែ មិនមានការបញ្ជាក់ច្បាស់អំពីមូលហេតុជាក់លាក់ដែលបណ្តាលឲ្យមានការផ្តាច់ទំនាក់ទំនងជាមួយរោងចក្រកាត់ដេរសម្លៀកបំពាក់នេះទេ។ ក៏ប៉ុន្តែ ការចូលទៅក្នុងរោងចក្រ អេសអិល កាលពីថ្ងៃសុក្រសប្តាហ៍មុន បានបង្ហាញថា កម្មករនៅតែកំពុងធ្វើការលើគំនរខោខូវប៊យជើងវែង ដែលមានស្លាកបញ្ជាក់ម៉ាក ឡេវី ពណ៌ក្រហម និងស ដេរជាប់លើហោប៉ៅ ខាងក្រោយ និងនៅខាងក្នុងចង្កេះខោមើលឃើញយ៉ាងច្បាស់។
លោក ចូសិប ឃី លឿង (Joseph Kee Leung) នាយករោងចក្រ អេសអិលបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ទោះបីជាមានសេចក្តី អះអាងជាសាធារណៈរបស់ក្រុមហ៊ុន ឡេវី ស្ត្រស ថា ខ្លួនលែងមានទំនាក់ទំនងជាមួយរោងចក្ររបស់លោកក៏ដោយ ក្រុមហ៊ុននេះមិនបានបញ្ឈប់ការទទួលការផ្គត់ផ្គង់ពីរោងចក្រ អេសអិលទេ។ លោក លី មានប្រសាសន៍ ថា “យើងនៅតែផលិតសម្លៀកបំពាក់របស់ក្រុមហ៊ុនឡេវី ស្ត្រស ដដែល។ យើងមិនដែលឈប់ផលិតសម្លៀកបំពាក់ ឡេវី ស្ត្រស ទេ”។
លោក លី បានមានប្រសាសន៍បន្តទៀតថា “តាមការពិត ក្រុមហ៊ុនធំៗទាំងអស់ កំពុងតែគាំទ្រយើង…។ ក្រុមហ៊ុន [ឡេវី] មិនដែលឈប់ទេ។ គេដឹងថា [កូដកម្ម] មិនមែនជាកំហុសរបស់យើងទេ”។ ទោះបីជាទទួលបានរូបថត ដែលបង្ហាញពីគំនរខោខូវប៊យរបស់ក្រុមហ៊ុន ឡេវី នៅរោងចក្រ អេសអិល ក៏ដោយ អ្នកស្រី ក្លារ៉ា សូ (Clara So) នាយិកាកិច្ចការក្រុមហ៊ុន នៅក្រុមហ៊ុន ឡេវី ស្ត្រស ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានអះអាងកាលពីម្សិលមិញថា រោងចក្រ អេសអិល លែងផលិតសម្លៀកបំពាក់ សម្រាប់ ផ្គត់ផ្គង់ឲ្យក្រុមហ៊ុនរបស់អ្នកស្រីហើយ។
អ្នកស្រី សូ បានលើកឡើងនៅក្នុងអ៊ីម៉េលថា “ចម្លើយតបដែលបានផ្តល់ឲ្យកាលពីពេល ថ្មីៗនេះ គឺជាសេចក្តីបញ្ជាក់ពីការពិត។ វាជាសេចក្តីបញ្ជាក់ការពិតថា ក្រុមហ៊ុន ឡេវី ស្ត្រស អេន ខូ លែងទទួលការផ្គត់ផ្គង់ពីរោងចក្រ អេសអិល ហើយ”។ អ្នកស្រីបានឲ្យដឹងបន្ថែមទៀតថា “ផលិតកម្មរបស់ក្រុមហ៊ុន ឡេវី ស្ត្រស អេន ខូ ដែលកាលពីមុនជាការងាររបស់រោងចក្រ អេសអិល ត្រូវបានផ្លាស់ប្តូរទៅឲ្យអ្នកផ្គត់ផ្គង់ផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា”។
លោក នួន ពិសិដ្ឋ អាយុ៣២ឆ្នាំ ជាកម្មកររោងចក្រ អេសអិល បានឲ្យដឹងថា ផលិតផលរបស់ក្រុមហ៊ុន ឡេវី ស្ត្រស នៅរោងចក្រ អេសអិល ត្រូវបានបញ្ជូនមករោងចក្រនេះ ដោយរោងចក្រមួយផ្សេងទៀត គឺរោងចក្រ ជីឌីអិម អ៊ីនធើប៉្រាយ ខូ អិលធីឌី (GDM Enterprise Co Ltd)។លោក ពិសិដ្ឋ បានមានប្រសាសន៍ ថា “ខោខូវប៊យ ឡេវី ដែលយើងបានឃើញនៅក្នុងរោងចក្រនេះ ត្រូវបាននាំមក ដោយរោងចក្រ ជីឌីអិម សម្រាប់បោកគក់”។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ដែលជាស្ថាប័នសំខាន់ក្នុងការតវ៉ាប្រឆាំងនឹងរោងចក្រ អេសអិល បានលើកឡើងថា សេចក្តីបដិសេធមិនបាននាំឲ្យរោងចក្រនេះរួចពីការទទួលខុសត្រូវចំពោះស្ថានភាពនៅរោងចក្រកាត់ដេរនេះទេ។ លោកមានប្រសាសន៍ថា“ ក្រុម ហ៊ុន ឡេវី ក៏មានការទទួលខុសត្រូវចំពោះសង្គមផង ដែរ ហើយយើងនៅតែជំរុញឲ្យអតិថិជនយកចិត្តទុកដាក់ចំពោះករណីនេះ។ ដូច្នេះ ទោះបីជាក្រុមហ៊ុន ឡេវី កំពុងតែទទួល ឬក៏មិនទទួលការ ផ្គត់ផ្គង់ក៏ដោយ ក៏ពួកគេគួរតែឆ្លើយតបទៅនឹងកម្មកររបស់ពួកគេដែរ”៕សុធា