28 C
Phnom Penh

អាជ្ញាធរ​យក​បទ​បញ្ជា​ធំជាង​ច្បាប់​ ​ដើម្បី​ការ​​ពារ​អំណាច​របស់​រដ្ឋា​ភិបាល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចាប់ពី​មន្ត្រី​នគរ​បាល​ដល់អ្នក​នាំពាក្យ​រដ្ឋា​ភិបាល​ មាន​ការបង្ហាញ​សារ​មួយ​យ៉ាង​ច្បាស់​កាល​ពី​សប្ដាហ៍​មុន​​ថា ការ​បាញ់​ស្លាប់​អ្នក​ស្រី អេង សុខុម ជាអ្នក​លក់​បាយ ​អាយុ​៤៩​ឆ្នាំ​​ និង​ការ​បាញ់​ឲ្យ​រង​របួស​មនុស្ស​ប្រាំបួន​នាក់​ទៀត​ អំឡុង​ពេល​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​នៅ​ក្នុង​ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ គឺ​ជា​​ភារកិច្ច​​ការ​ពារ​រដ្ឋ​។

នគរ​បាល​បាន​បដិសេធ​មិនទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាញ់​ស្លាប់​អ្នក​លក់​បាយ​​នៅ​តាម​ផ្លូវ​រូប​នេះទេ។ ប៉ុន្តែ​ការ​ស្លាប់​ និង​​ការ​រង​របួស​ដែល​បង្ក​ឡើង​ដោយ​គ្រាប់​កាំភ្លើង​របស់​​នគរ​បាល​អំឡុង​ពេល​មាន​ការ​តវ៉ា​ដោយ​ហិង្សា​របស់​កម្មករ​រោង​ចក្រ​កាត់​ដេរ​នេះ​ បាន​​ធ្វើ​ឲ្យមាន​ចម្ងល់​អំពី​ការ​​​​ស្លាប់​មនុស្ស​ដែល​បង្ក​ឡើង​ដោយ​​រដ្ឋ​​ និង​មាន​ចម្ងល់​ថា តើ​នរណា​ជា​អ្នក​ទទួល​​​ខុស​ត្រូវ​ចំពោះ​ការស្លាប់​របស់​ជន​ស៊ីវិល​ស្លូត​ត្រង់​។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ ​មាន​ប្រសាសន៍​កាលពី​សប្ដាហ៍​មុន​អំពី​មនុស្ស​ដែល​នគរ​បាល​បាន​បាញ់​នៅ​ខណ្ឌ​មានជ័យ​ថា “ប្រសិន​បើ​ពួក​គេ​​ប្រើ​អំពើ​ហិង្សាមក​លើ​អាជ្ញាធរ​​វា​​​ជាការ​ប្រឆាំង​​​​នឹង​អំណាច​រដ្ឋ​”។ លោក​បាន​មាន​ប្រសាសន៍​ថា “នៅ​ពេល​យើង​ឃើញ​ជន​ឆ្លៀត​ឱកាស​​ព្យាយាម​បំផ្លាញ​ទ្រព្យ​សម្បត្តិ​រដ្ឋ​ រដ្ឋមាន​សិទ្ធិការ​ពារ​អាយុ​ជីវិត​​​​នៃ​អំណាច​របស់​ខ្លួន​”។

រួម​ជាមួយ​នឹង​សព​អ្នក​ស្រី អេង សុខុម និង​ជន​រង​គ្រោះ​ម្នាក់ទៀត​ក្នុង​ចំណោម​ជន​រង​គ្រោះ​ដោយ​សារ​ការ​ប៉ះទង្គិច​គ្នា​កាលពី​សប្ដាហ៍​មុន​​ ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​នេះ គឺ​និស្សិតម្នាក់​​ឈ្មោះ ហឿន ចាន់ អាយុ​២៦​ឆ្នាំ ដែល​ត្រូវ​បានបាញ់​​ចំ​ឆ្អឹង​​ខ្នង​​ដោយ​គ្មាន​ហេតុ​ផល​ច្បាស់​លាស់​ពី​មន្ត្រី​នគរ​បាល​មាន​កំហឹង។

លោក​ មឿន តុលា ប្រធាន​កម្មវិធី​ការ​ងារ​នៅ​មជ្ឈមណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហគមន៍ បាន​មាន​ប្រសាសន៍​ថា “នេះ​គឺ​ជា​អ្វី​ដែល​គណ​បក្ស​កាន់​អំណា​ច​តែង​តែ​ធ្វើ​ដើម្បីការ​ពារ​អំណាច​របស់​ខ្លួន​”។ មន្ត្រី​នគរ​បាល​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ទប់​ទល់​នឹង​ការ​តវ៉ា​មិន​ហា៊ន​ប្រឆាំង​​បទ​បញ្ជា​ឲ្យបាញ់​ទៅ​លើ​បាតុករ​ទេ ពីព្រោះ​បទ​បញ្ជា​របស់​ពួកគេ​គឺ​ដើម្បី​ការ​ពារ​អំណាច​រដ្ឋ​។ លោក​មាន​ប្រសាសន៍​ថា “ពួកគេ​បង្ហាញ​ថា ពួកគេ​នឹង​បាញ់​ ហើយ​ប្រាប់​អ្នក​តវ៉ា​មិន​ឲ្យ​​​ហែ​ក្បួន​​ បើ​មិន​ដូច្នោះ​ទេ ពួកគេ​ត្រូវ​ប្រឈម​​​​​នឹង​ផល​វិបាក​ដូច​គ្នា​នេះ​”។

លោកស្រី វ៉ាន ហ៊ី លី តំណាង​ឧត្តម​ស្នង​ការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា លោកស្រី​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​ថា តើ​មាន​បទ​បញ្ជា​ដោយ​ផ្ទាល់​​ឲ្យ​មន្ត្រី​នគរ​បាល​ថ្នាក់​ក្រោម​​បាញ់​​អ្នក​តវ៉ា​ដែល​គ្មាន​អាវុធ​ដោយ​ចេតនា​ ឬ​យ៉ាង​​​​​ណា​នោះ​ទេ។ ប៉ុន្តែ​លោក​ស្រី លី បាន​មាន​ប្រសាសន៍​ថា ការ​មិន​ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់​ចត់​លើ​ការ​​ស្លាប់​​អ្នកស្រី អេង សុខុម​ អាច​នាំ​ឲ្យ​មាន​ការ​សន្និដ្ឋាន​ថា ការ​បាញ់ស្លាប់​អ្នក​ស្រី និង​មនុស្ស​ផ្សេង​ៗ​ទៀត​គឺ​ជាការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋ​។​​ លោកស្រី​ លី បាន​មាន​ប្រសាសន៍​ថា “ការ​មិន​ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់​ចត់​លើ​បទ​ល្មើស​នានា​ និង​ការ​មិន​ដាក់​ទោស​ទណ្ឌ​អ្នក​មាន​កំហុស ​តែង​តែ​ធ្វើ​ឲ្យ​មាន​ការ​គិត​ថា ​​សារ​បែប​នេះ​គឺ​ជា​ការ​ត្រឹម​ត្រូវ​​។ នេះ​គឺ​ជា​គ្រោះ​​ថ្នាក់​នៃ​និទណ្ឌភាព​” ។​

អ្នក​នាំពាក្យ​ឧត្តម​ស្នង​ការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ នៅទីក្រុង​ហ្សឺណែវ កាលពី​សប្ដាហ៍​​មុន​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់​ ដើម្បី​ស្វែង​រក​អ្នក​ទទួល​​​ខុស​ត្រូវ​ចំពោះ​ការ​​ប្រើ​កម្លាំង​ដែល​បណ្ដាល​ឲ្យ​​មាន​មនុស្ស​ស្លាប់​ពី​សំណាក់​កង​កម្លាំង​ប្រដាប់​អាវុធ​កម្ពុជា​ នៅ​ក្នុង​ខណ្ឌ​មាន​ជ័យ​។

លោក កែម ឡី អ្នក​វិភាគ​នយោបាយ​បាន​មាន​ប្រសាសន៍ថា ប្រសិន​បើ​មិន​មាន​ការ​ស៊ើប​​​អង្កេត​ច្បាស់​លាស់​លើ​ការ​​បាញ់​ស្លាប់​អ្នក​ស្រី អេង សុខុម ពីសំណាក់​នគរ​បាល​នេះ​ទេ នេះ​មិន​មែន​ជា​លើក​ដំបូង​ទេ ដែល​គេ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បទ​ល្មើស​បែប​នេះ​។​ លោក​បាន​មាន​ប្រសាសន៍​ថា “វា​បាន​កើត​​​ឡើង​ជា​ច្រើន​ដង​នៅ​ក្នុង​អតីត​កាល​ គឺ​នៅ​ឆ្នាំ​១៩៩៧ ឆ្នាំ១៩៩៨ និង​ឆ្នាំ​២០០០​ និង​​មាន​​​ជា​ច្រើន​ដង​ទៀត​រហូត​មក​ទល់​ពេល​នេះ​ ដោយ​មនុស្ស​ជា​ច្រើន​ត្រូវ​បាន​កង​កម្លាំង​ប្រដាប់​អាវុធ​បាញ់ ហើយ​រដ្ឋា​ភិបាល​កម្ពុជា តែ​ង​តែ​ច្រាន​ចោល​មិន​ទទួល​ខុស​ត្រូវ​”។​

លោក កែម ឡី បាន​បញ្ជាក់​ចំៗ អំពី​ឈ្មោះ​ ម៉ៅ សុខ​ចាន់ អាយុ​២៩​ឆ្នាំ ដែល​ត្រូវ​បាន​បាញ់​ស្លាប់​​​នៅ​ជិត​ស្ពាន​មុនីវង្ស​ នៅ​យប់​ទី​១នៃ​ការ​ធ្វើ​មហាបាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ខែកញ្ញា ដោយ​​កង​កម្លាំង​ប្រដាប់​​​អាវុធ​របស់​រដ្ឋាភិបាល​ដែល​បាន​បាញ់​កាំភ្លើង​​​ទៅ​លើ​ក្រុម​យុវជន​​គប់​ដុំថ្ម ដែល​មាន​កំហឹង​​ដោយ​សារការ​បិទផ្លូវ​។

មេធាវី​កាណាដា​មួយ​ក្រុម​​បាន​និយាយ​កាលពី​សប្ដាហ៍មុន​ថា ការ​បាញ់​ស្លាប់​អ្នកស្រី អេង សុខុម កាលពី​សប្ដាហ៍មុន​ គឺ​ស្រដៀង​​​​​​​​គ្នា​នឹង​ការ​បាញ់​ស្លាប់​ ម៉ៅ សុខ​ចាន់ ដែល​ជា​អ្នក​ឈរ​មើល​នគរ​បាល​តប​ត​ជាមួយ​ក្រុម​មនុស្ស​គប់​ដុំថ្ម​ដូចគ្នា​នេះ​​ដែរ​។​

លោក កែម ឡី បាន​មាន​ប្រសាសន៍​ថា ការ​​​ប្រើ​ប្រាស​់​កម្លាំង​​ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់​ពី​សំណាក់​នគរ​បាល​បែប​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់ ​មិន​ត្រឹម​តែ​តាម​រយៈ​ការ​ឆ្លើយ​តប​ដោយ​​​​ធូររលុងរបស់​រដ្ឋាភិបាល​​​ចំពោះ​ការ​ស្លាប់​របស់​​​អ្នក​ស្រី អេង សុខុម ប៉ុណ្ណោះទេ ​ប៉ុន្តែ​ក៏​បង្ហាញ​ថា ការ​ប្រើ​កម្លាំង​បែប​នេះ​​ផ្ទុយ​ពី​​ដំណោះ​​ស្រាយ​ដោយ​សន្តិ​វិធី​របស់​ខ្លួន​ចំពោះ​ការ​ជួប​ជុំ​គ្នា​ធំៗ​​ផ្សេង​ទៀ​ត​កាល​ពី​​ពេល​កន្លង​មក​​ដែរ​។

លោក​បានមាន​ប្រសាសន៍​ថា ការ​ដើរ​ក្បួន​​​នៅ​ក្នុង​រាជធានីភ្នំពេញ​​រយៈ​ពេល​បីថ្ងៃ​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ខែ​មុន​​ ដែល​ពេល​នោះ​នគរ​បាល​បាន​ដក​ខ្លួន​ចេញ​​និ​ង​មាន​​​ការ​គោរព​តាម​បទ​បញ្ជា​ដោយ​ផ្ទាល់​របស់​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​​នោះ​​បាន​បង្ហាញ​ពី​កម្រិត​នៃ​ការ​ត្រួត​ត្រា​របស់​​រដ្ឋា​ភិបាល​ទៅ​លើ​កង​កម្លាំង​ប្រដាប់​អាវុធ​។ លោក កែម ឡី បាន​មាន​ប្រសាសន៍​ថា “ អ្វី​ៗ​​គ្រប់​យ៉ាង​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ត្រា​ដ៏តឹង​រ៉ឹង​​​ពី​រដ្ឋាភិបាល​ ដូចជា នគរ​បាល​ កង​រាជ​អាវុធ​ហត្ថ​ និង​គោល​ដៅ​ដែល​ពួកគេ​ត្រូវ​បំពេញ​ការ​ងារ​​ [នៅ​ក្នុង​ការ​ដោះ​ស្រាយ​​ជា​មួយ​អ្នក​តវ៉ា] ។ នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋា​ភិបាល​”។

លោកបាន​បន្ថែម​ថា ប្រសិនបើ​រដ្ឋាភិបាល​​​នៅ​តែ​បដិសេធ​ថា ការ​បាញ់​ស្លាប់​មនុស្ស​នៅ​កន្លែង​តវ៉ា​ក្នុង​ខណ្ឌ​មាន​ជ័យ​នេះ មិន​មែន​ជា​ការ​ទទួ​ល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​នោះ រដ្ឋា​ភិបាល​គួរ​តែ​ធ្វើការ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់​លាស់​​ដើម្បី​យក​អ្នក​ទទួល​ខុស​ត្រូវ​មក​​ផ្ដន្ទា​ទោស​តាម​ច្បាប់។​ លោក កែម ឡី មាន​ប្រសាសន៍​ថា “ រដ្ឋា​ភិបាល​​ត្រូវ​តែ​​នាំ​ខ្លួន​នគរ​បាល​ដែល​ទទួល​ខុស​ត្រូវ​ឡើង​តុលាការ​ ប្រសិន​បើ​ពួកគេ​ចង់​បដិសេធ​មិនទទួល​ខុស​ត្រូវ​ចំពោះ​រឿង​នេះ បើ​មិន​ដូច្នោះ​ទេ រដ្ឋាភិបាល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​នេះ”។

​មាត្រា​៥១ នៃ​ច្បាប់​ស្ដីពី​​សហលក្ខ​ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិលចែង​ថា ក្នុង​ករណី​ដែល​មន្ត្រី​រាជ​ការ​ណាម្នាក់​ប្រព្រឹត្ត​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ ហើយ​ត្រូវ​បាន​ព្រះ​រាជ​អាជ្ញា​​សម្រេច​​​ធ្វើការ​ចោទ​ប្រកាន់​ ព្រះ​រាជ​អាជ្ញា​ត្រូវ​ជូន​ដំណឹង​អំពីការ​ចោទ​ប្រកាន់​នោះ​ទៅ​ប្រធាន​ស្ថាប័ន​សាមី។

លោក ហ៊ី ព្រូ ស្ន​ង​ការ​រង​នគរ​បាល​រាជ​ធានី ដែល​កំពុង​ដឹកនាំ​ការ​ស៊ើប​អង្កេត​លើ​ការ​បាញ់​ស្លាប់​អ្នក​ស្រី អេង សុខុម ​បដិ​សេធ​​​មិន​ធ្វើ​អត្ថាធ​ិប្បាយ​អំពីការ​វិវឌ្ឍ​នៃ​ការ​ស៊ើប​អង្កេត​របស់​លោក​ទេកាលពី​ម្សិលមិញ​​។

លោក សុន ឆ័យ ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​មាន​ប្រសាសន៍​ថា គោល​បំណង​របស់​នគរ​បាល​ក្នុង​ការ​បាញ់​ជន​ស៊ីវិល​ដើម្បី​​គ្រប់​គ្រង​ស្ថាន​ភាព គឺ​​កើត​ចេញ​​​​ពី​វប្បធម៌​នយោបាយ​ ដែល​មាន​តាំងពី​​សម័យ​កុម្មុយ​នីស្ត​របស់​ប្រទេស​នេះ​។ លោក​បាន​មាន​ប្រសាសន៍​ថា នគរ​បាល​យល់​យ៉ាង​ច្បាស់​ថា តួនាទី​របស់​ពួកគេ​នៅ​ក្នុង​ការ​ការ​ពារ​អំណាច​រដ្ឋ​ធ្វើ​ឲ្យ​មាន​កង្វល់​ផ្សេងៗ​ទៀត។

ដោយ​​​​ចាត់​ទុក​នគរ​បាល​ថា ជា​អ្នក​​នាំ​មុខ​​គេ​​ក្នុង​ការ​ថែរក្សា​អំណាច​រដ្ឋ​​នោះ លោក​បាន​​​មាន​ប្រសាសន៍​ថា “រដ្ឋាភិបាល​​​នេះ​​​កើត​​ចេញ​ពី​អតីត​បក្ស​កុម្មុយនីស្ត​នៃ​ប្រទេស​នេះ​ ហើយ​​​ប្រទេស​​នេះ​នៅ​តែ​ជា​ប្រព័ន្ធ​​មាន​តែ​មួយ​បក្ស​​​​ដដែល​ ព្រោះ​​នៅ​ក្នុង​ប្រព័ន្ធ​​នេះ​​អ្វីៗ​ត្រូវ​តែ​ស្ថិត​នៅ​ក្រោម​ស្ថាប័ន​តែ​មួយ”។​ លោក​មាន​ប្រសាសន៍​ថា “ពួកគេ​ប្រព្រឹត្ត​​មក​លើ​ប្រជា​ជន​តាម​អំពើ​ចិត្ត​។ មិន​មាន​សេវា​​​សាធារណៈ​​ក្នុង​ប្រទេស​នេះ​ទេ មាន​​​តែ​មន្ត្រី​គណបក្ស​ប៉ុណ្ណោះ​នៅ​ទី​នេះ​ដើម្បី​ត្រួត​ត្រា​ប្រជា​ជន​ ហើយ​ពួកគេ​គិត​ថា ពួកគេ​មាន​សិទ្ធិ​សម្លាប់​ប្រជា​ជន​”។

លោក សៃម៉ុន ស្ព្រីង​ហ្គើ សាស្ត្រា​ចារ្យ​នៅ​​​សាកល​វិទ្យាល័យ វីធើរៀ នៅ​ក្នុង​ប្រទេស​កាណា​ដា ដែល​បាន​សិក្សា​អំពីការ​វិវឌ្ឍ​ផ្នែក​នយោបាយ​​នៃ​ប្រទេស​កម្ពុជា​ ក្នុង​រយៈ​ពេល​១០​ឆ្នាំ​មក​នេះ បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​មានការ​គំរាម​កំហែង​ដល់​អំណាច​ និង​ការ​ត្រួត​ត្រា​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ អំពើ​ហិង្សា​​គឺ​ជា​យន្តការ​សម្រាប់​ការ​ពារ​។

លោក ស្ព្រីង​ហ្គើ បាន​មាន​ប្រសាសន៍​ថា “មន្ត្រី​នេះ​ [អ្នក​បាញ់​សម្លាប់​ អេង សុខុម​] មិន​មែន​ជា​អ្នក​ប្រើ​អំពើ​ហិង្សា​នេះ​ពិត​​ប្រាកដ​​​ទេ គាត់​គ្រាន់​តែ​ជា​តួអង្គ​​ធម្មតា​នៅ​ក្នុង​រឿង​ដ៏វែង​​មួយ​ ដែល​​យក​អំពើ​ហិង្សា​ធ្វើ​​​ជា​​តម្លៃ​នៃការ​ធ្វើ​ពាណិជ្ជកម្ម​។ អំពើ​ហិង្សា​ជា​ធម្មតា​មាន​ន័យ​ស្មើ​នឹង​ពាណិជ្ជ​កម្ម​ ហើយ​ឥឡូវ​នេះ​គួរ​ឲ្យ​សោក​ស្ដាយ​ណាស់​​​​ដែល​ពាណិជ្ជកម្ម​នៅ​កម្ពុជា​​ដំណើរការល្អ”។

លោក សុក សំអឿន មេធាវីជំនួយ​ផ្នែក​ច្បាប់​ដ៏ឆ្នើម​មួយ​រូប​ដែល​បាន​គ្រប់​គ្រងសា​លា​បណ្ដុះ​បណ្ដាល​នគរ​បាល​​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​នៅ​ក្នុង​ជំរំជន​ភៀស​ខ្លួន​​តាម​បណ្ដោយ​ព្រំដែន​ថៃ​កាលពី​ទសវត្សរ៍​ឆ្នាំ​១៩៨០​ បាន​មាន​ប្រសាសន៍ថា នគរ​បាល​កម្ពុជា​បំពេញ​ការ​ងារ​​ដូច​ជា​កង​​កម្លាំង​យោធា ​​​ហើយ​គោល​បំណង​របស់​​យោធា គឺ​សម្លាប់​ និង​ការ​ពារ​រដ្ឋ​។

លោក សុក​ សំអឿន បាន​មាន​ប្រសាសន៍​ថា “នគរ​បាល​កម្ពុជា​មិន​បាន​ទទួល​ការ​បណ្ដុះ​​បណ្ដាល​គ្រប់គ្រាន់ទេ ហើយ​ការ​បណ្ដុះ​បណ្ដាល​ដែល​ពួកគេ​ទទួល​បាន​គឺ​ថត​ចម្លង​ចេញពី​​ទាហាន​ និង​កង​រាជ​អាវុធ​ហត្ថ”​។ លោក​បាន​ពន្យល់​ថា ការ​បណ្ដុះ​បណ្ដាល​របស់​យោធា​យក​​តម្លៃ​នៃ​វិន័យ​ និង​ឋានន្តរ​សក្ដិ​ធំជាង​អ្វីៗ​ទាំង​អស់​។ ​“ ពេល​ចូល​វគ្គ​បណ្ដុះ​បណ្ដាល ទាហាន​​ត្រូវ​បាន​បង្រៀន​ឲ្យ​ចេះ​ស្ដាប់​​បញ្ជា​។ ​ពួក​គេ​​មិន​ធ្វើ​ឲ្យ​ច្បាប់​​មាន​តុល្យ​ភាព​​ជាមួយ​​បទ​បញ្ជា​ទេ”។​គឹមហឿន​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស