យុវជន ហឿន ចាន់ ចងចាំយ៉ាងច្បាស់នូវហេតុការណ៍មន្ត្រីនគរបាលម្នាក់បាញ់ប្រហារមកលើខ្លួនក្នុងទីដ៏កៀកកាលពីថ្ងៃទី១២ ខែវិច្ឆិកា នៅវត្តស្ទឹងមានជ័យ ដែលបានកែប្រែជីវិតរបស់គេជារៀងរហូត។

គ្រាប់កាំភ្លើងដែលកាំរស្មីអ៊ិចបង្ហាញឲ្យឃើញបៀមជាប់នៅក្នុងពោះរបស់យុវជនរូបនេះ បានប៉ះពាល់ដល់ខួរឆ្អឹងខ្នងជាហេតុធ្វើឲ្យរូបគេពិការត្រឹមចង្កេះចុះក្រោម។ ក្រុមគ្រូពេទ្យបានប្រាប់រូបគេថា គេនឹងមិនអាចដើរបានទៀតឡើយ។ និស្សិតសាកលវិទ្យាល័យវ័យ២៦ឆ្នាំរូបនេះបាននិយាយពីលើគ្រែក្នុងបន្ទប់តូចមួយនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញថា“ខ្ញុំបានត្រូវគ្រាបហើយបន្ទាប់មកខ្ញុំក៏លែងមានអារម្មណ៍ដឹងជើងខ្លួនឯង។ ខ្ញុំត្រូវប្រើដៃដើម្បីរុញខ្លួនរបស់ខ្ញុំងើបឡើង”។
ហឿន ចាន់ បានត្រូវគ្រាប់ក្រោយការប៉ះទង្គិចគ្នារវាងនគរបាលនិងអ្នកគប់ដុំថ្មដែលបានផ្ទុះឡើងអំឡុងបាតុកម្មមួយធ្វើឡើងដោយកម្មកររោងចក្រកាត់ដេរអេសអិលក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្បាលពោះខាងឆ្វេងរបស់គេត្រូវរំបង់ក្រោយពីទទួលការវះកាត់យកគ្រាប់ចេញ។
បងស្រីរបស់ ហឿន ចាន់ បានលាត់ភួយឡើង ដើម្បីបង្ហាញថា រូបគេត្រូវស្លៀកកន្ទបមនុស្សធំ ពីព្រោះរូបគេមិនអាចគ្រប់គ្រងពោះវៀន និងប្លោកនោមរបស់ខ្លួនបានទៀតហើយ។ ជើងទាំងពីររបស់គេកម្រើកលែងបាន ហើយម្រាមជើងមួយដែលលានចេញតាមភួយបានបាត់បង់ឈាមឡើងស្លេកស្លាំង។ ពាក្យថា ឆ្អឹងខ្នងបានក្លាយជាពាក្យគួរឲ្យភ័យខ្លាចសម្រាប់សមាជិកក្រុមគ្រួសាររបស់យុវជន ហឿន ចាន់។ ពួកគេកាន់ហ្វីលកាំរស្មីអ៊ិចថតឆ្លុះឆ្អឹងកងចង្កេះ ឬផ្នែកខាងក្រោមនៃចង្កេះរបស់គេ។ ចំណុចពណ៌សតូចមួយនៅលើហ្វីលពណ៌ខ្មៅនោះគឺជាគ្រាប់កំាភ្លើង។
ជីវិតរស់នៅរបស់យុវជន ហឿន ចាន់ ដែលរួមមានទាំងការសិក្សា និងការងារជាអ្នកទីផ្សារផងនោះ បានប្រែប្រួលទាំងស្រុង ហើយរូបគេបានពណ៌នាពីស្ថានភាពទាំងនេះថា ជាជោគវាសនាមួយដែលធ្ងន់ធ្ងរជាងការស្លាប់ទៅទៀត។ យុវជនរូបនេះបាននិយាយបន្ថែមទៀតថា “ប្រសិនបើខ្ញុំអាចដើរវិញបាន ខ្ញុំដូចជាកើតម្ដងទៀតអ៊ីចឹង។ ខ្ញុំគ្រាន់តែចង់មានឱកាសដើរវិញបានប៉ុណ្ណោះ។ ខ្ញុំចង់ឲ្យមន្ទីរពេទ្យបន្តថែទាំខ្ញុំ។ ប៉ុន្តែបើខ្ញុំនៅតែដេកនៅទីនេះ [នៅពេលអនាគត] នោះជីវិតរបស់ខ្ញុំដូចជាស្លាប់អ៊ីចឹង”។
ហឿន ចាន់ និយាយថា រូបគេបានចាកចេញពីផ្ទះរបស់ខ្លួនដែលស្ថិតនៅក្រោយវត្តស្ទឹងមានជ័យក្នុងថ្ងៃកម្មកររោងចក្រកាត់ដេរធ្វើបាតុកម្ម ប៉ុន្តែរូបគេបានត្រឡប់ទៅផ្ទះវិញ ដើម្បីយកឯកសារមួយចំនួនដែលគេភ្លេចនៅទីនោះ។ ពេលត្រឡប់មកវិញជាមួយប្អូនប្រុសរបស់ខ្លួនរូបគេបានឈប់នៅក្នុងវត្ត ដើម្បីមើលទិដ្ឋភាពចលាចលនោះ។
មន្ត្រីនគរបាលប្រាំមួយនាក់បានជាប់នៅក្នុងបន្ទប់មួយនៅក្នុងវត្តស្ទឹងមានជ័យ។ មនុស្សមួយក្រុម ដែលពោរពេញដោយកំហឹងរត់ច្រាលចុះច្រាលឡើងនៅខាងក្រៅ។ នៅទីបំផុត ពេលដែលមន្ត្រីនគរបាលទាំងនេះត្រូវបានបុគ្គលិកអង្គការសិទ្ធិមនុស្សជួយរំដោះចេញមកក្រៅវិញ ពេលនោះនគរបាលម្នាក់ក្នុងចំណោមនគរបាលទាំងប្រាំមួយនាក់នោះបានដកកំាភ្លើងរបស់ខ្លួនបាញ់ទៅលើយុវជន ហឿន ចាន់ ដោយគ្មានហេតុផល។ យុវជន ហឿន ចាន់ និយាយថា “ខ្ញុំចំណាំមុខប៉ូលិសនោះមិនបានទេ ពីព្រោះម្នាក់នោះស្ថិតនៅចំកណ្ដាលចំណោមប៉ូលិសទាំងប្រាំមួយនាក់”។
នគរបាលបានច្រានចោលមិនទទួលខុសត្រូវចំពោះការស្លាប់របស់អ្នកលក់បាយតាមចិញ្ចើមផ្លូវម្នាក់ឈ្មោះ អេង សុខុម អាយុ៤៩ឆ្នាំ ដែលត្រូវគ្រាប់កាំភ្លើងរបស់នគរបាលនៅខាងក្រៅវត្តស្ទឹងមានជ័យក្នុងថ្ងៃតែមួយនោះទេ ហើយក៏មិនទទួលខុសត្រូវចំពោះការបាញ់ប្រហារជនរងគ្រោះផ្សេងៗទៀតដូចជាយុវជន ហឿន ចាន់ នេះដែរ។ ការស៊ើបអង្កេតមួយរបស់នគរបាលលើការប្រើប្រាស់គ្រាប់ពិត ដោយមន្ត្រីរបស់ខ្លួនអំឡុងពេលប៉ះទង្គិចគ្នានោះ មិនទទួលបានលទ្ធផលអ្វីទាំងអស់រហូតមកទល់ពេលនេះ ហើយបណ្ដាអង្គការសិទ្ធិមនុស្សមិនគិតថា ការស៊ើបអង្កេតនឹងទទួលបានផលឡើយ។
អ្នកស្រី ហឿន សាខន អាយុ៥១ឆ្នាំដែលត្រូវជាម្ដាយរបស់ ហឿន ចាន់ អមជាមួយនឹងកូនប្រុសម្នាក់ទៀតរបស់គាត់ឈ្មោះ ហឿន ជឿន អាយុ២១ឆ្នាំ និងកូនស្រី ឈ្មោះ ហឿន ចាន់ថា អាយុ២៨ឆ្នាំ និងក្មួយស្រី ឈ្មោះ អៀម សុភ័ណ្ឌ បាននិយាយនៅក្បែរគ្រែរបស់កូនទាំងខ្សឹកខ្សួលថា “ខ្ញុំព្រួយបារម្ភពីអនាគតរបស់ពួកគេ”។
អ្នកស្រីបាននិយាយទៀតថា “គ្មានប៉ូលិសណាម្នាក់មកនិយាយជាមួយពួកយើងទេ។ ពួកយើងឈឺចាប់ណាស់ ពីព្រោះកូនប្រុសរបស់ខ្ញុំជិតបញ្ចប់សាកលវិទ្យាល័យទៅហើយ ប៉ុន្តែអាជ្ញាធរបែរជាបាញ់ [ប្រជាពលរដ្ឋ] មិនរើសមុខទៅវិញ”។ អ្នកកាសែតខេមបូឌា ដេលី ពីរនាក់ និងក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សបានមើលឃើញនគរបាលបង្ក្រាបកុបកម្មបាញ់ទៅលើមនុស្សមិនរើសមុខ អំឡុងពេលប៉ះទង្គិចគ្នាកាលពីសប្ដាហ៍មុន។
ខណៈពេលដែលនគរបាល និងមន្ត្រីរដ្ឋាភិបាលនិយាយថា ពេលនេះកំពុងមានការស៊ើបអង្កេតនោះ ជនរងគ្រោះនៃការបាញ់ប្រហារពីសំណាក់នគរបាលបាននិយាយថា គ្មានស្ថាប័នស៊ើបអង្កេតណាមួយមកសាកសួរ ឬសម្ភាសពួកគាត់ឡើយ។
អៀម សុភ័ណ្ឌ ដែលត្រូវជាបងប្អូនជីដូនមួយរបស់ ហឿន ចាន់ បាននិយាយទៀតថា “យើងដឹងថា នៅក្នុងប្រទេសរបស់យើង យើងអាចព្យាយាមរកយុត្តិធម៌បាន ប៉ុន្តែវានឹងមិនបានផលឡើយ។ នៅពេលគាត់ជាសះស្បើយឡើងវិញ យើងនឹងគិតរឿង [ដាក់ពាក្យបណ្ដឹងទៅតុលាការ]”។ ពេលនេះរឿងដែលសំខាន់គឺថា តើ ហឿន ចាន់ អាចជាសះស្បើយវិញដែរទេ។ វេជ្ជបណ្ឌិតបានប្រាប់ពួកគេថា អាចនឹងត្រូវ ការពេលវេលាយូរទម្រាំជនរងគ្រោះធូស្បើយពីរបួស។
ហឿន ចាន់ថា ដែលត្រូវជាបងស្រីរបស់ ហឿន ចាន់ បាននិយាយថា ពេលនេះគ្រួសារក្រីក្ររបស់គាត់នឹងត្រូវសម្រេចថា តើអ្នកណាម្នាក់មានពេលវេលាគ្រប់គ្រាន់មើលថែទាំ ហឿន ចាន់ នៅពេលរូបគេចេញពីមន្ទីរពេទ្យវិញ។ ជនរងគ្រោះម្នាក់ទៀតក្នុងហេតុការណ៍ប៉ះទង្គិចគ្នានៅក្នុងខណ្ឌមានជ័យនេះ ក៏ត្រូវការពេលវេលាយូរដែរទម្រាំជាសះស្បើយពីរបួសវិញ។ លោក ចាន់ វីរៈ អាយុ៣៣ឆ្នាំជាសន្ដិសុខក្រុមហ៊ុនឯកជនបាននិយាយតាមទូរស័ព្ទពីលើគ្រែររបស់ខ្លួនក្នុងមន្ទីរពេទ្យកាល់ម៉ែត កាលពីម្សិលមិញថា របួសរបស់គាត់ទម្រាំនឹងជាសះស្បើយត្រូវការពេលវេលាយ៉ាងហោចណាស់៦ខែ។
គាត់បាននិយាយថា ខណៈពេលគាត់កំពុងធ្វើដំណើរឆ្ពោះទៅសាលាបឋមសិក្សាស្ទឹងមានជ័យ គាត់ក៏ត្រូវគ្រាប់នៅពេលនោះ។ “ខ្ញុំមិនដឹងខ្លួនថា ខ្ញុំត្រូវគ្រាប់ទេ ខ្ញុំគ្រាន់តែឮសំឡេងមួយបុកចូលក្នុងរាងកាយរបស់ខ្ញុំ ហើយពេលនោះមនុស្សម្នាក់ដែលឈរក្បែរខ្ញុំបានប្រាប់ខ្ញុំថា ខ្ញុំត្រូវគ្រាប់”។ ដំបូងឡើយលោក ចាន់ វីរៈ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសមៈ ប៉ុន្តែក្រោយមកត្រូវបានបញ្ជូនបន្តទៅមន្ទីរពេទ្យកាល់ម៉ែត។ គាត់និយាយថា “គ្រូពេទ្យប្រាប់ខ្ញុំថា ទម្រាំខ្ញុំជាសះស្បើយពីមុខរបួសត្រូវការប្រាំមួយខែ”។
គាត់បាននិយាយថា គ្មានមន្ត្រីរដ្ឋាភិបាល ឬអ្នកស៊ើបអង្កេតលើហេតុការណ៍បាញ់ប្រហារណាម្នាក់មកសួរសុខទុក្ខគាត់ឡើយ។ “ពួកគេមិនខ្វល់នឹងខ្ញុំទេ”។
កម្មកររោងចក្រអេសអិលម្នាក់ឈ្មោះ ទី សុផានិត បានត្រូវគ្រាប់ត្រង់ជើង និងដៃ។ គាត់បាននិយាយតាមទូរស័ព្ទកាលពីម្សិលមិញ ពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតថា “គ្រូពេទ្យប្រាប់ខ្ញុំថា ជើងរបស់ខ្ញុំរងរបួសធ្ងន់ ដូច្នេះខ្ញុំត្រូវសម្រាកក្នុងមន្ទីរពេទ្យយូរ ខ្ញុំមិនដឹងថា ពេលណាខ្ញុំអាចចេញពីមន្ទីរពេទ្យបានទេ។
លោក ទី សុផានិត ក៏បាននិយាយផងដែរថា នគរបាលមិនបានគិតនិងយកចម្លើយរបស់គាត់ ឬសាកសួរគាត់អំពីហេតុការណ៍នៃការបាញ់ប្រហារគាត់នោះទេ។
បន្ថែមពីលើក្ដីព្រួយបារម្ភអំពីរាងកាយរបស់ជនរងគ្រោះ គឺការចំណាយលើការបន្តព្យាបាល។ ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកស្រី ហ្វ្រានសេស្កា អែលឌ្រីច ជនជាតិនូវែលសេឡង់ ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងរាជធានីភ្នំពេញបានលើកឡើងតាមអ៊ីម៉េលកាលពីម្សិលមិញថា អ្នកស្រីកំពុងស្ថិតក្នុងដំណើរការបង្កើតមូលនិធិមួយ ដែលមជ្ឈដ្ឋានទូទៅអាចបរិច្ចាគបាន ដើម្បីជួយដល់ជនរងគ្រោះដោយសារការបាញ់ប្រហារ។
ពេលទាក់ទងកាលពីម្សិលមិញសួរនាំរឿងនគរបាលបាញ់ប្រហារជនសីុវិលនៅក្នុងខណ្ឌមានជ័យ ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបង្វែរសំណួរទៅឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិ និងលោក ជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញ ដែលមិនអាចទាក់ទងសុំការបំភ្លឺបាន។
និយាយពីយុវជន ហឿន ចាន់ ដែលកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យវិញ ពេលនេះរូបគេមិនអាចធ្វើអ្វីបានឡើយក្រៅតែពីរង់ចាំ។ ពេលសាកសួរថា តើរូបគេមានអារម្មណ៍យ៉ាងណាចាប់តាំងពីរងរបួសមកនោះ យុវជន ហឿន ចាន់ បានឆ្លើយយ៉ាងសាមញ្ញថា “សោកស្ដាយ”៕ សុខុម