26 C
Phnom Penh

នគរបាល​​​​​​មិន​​​ទាន់​​​អនុវត្ត​​​ច្បាប់​​​ចរាចរណ៍​​​ឡើង​​​វិញ​​​នៅ​​​ឡើយ ​​​បន្ទាប់​​​ពី​​​ផ្អាករយៈពេល​​​​​​​បួន​​​ខែ​​​មក​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​​​​រដ្ឋាភិបាល​​​​​​និង​​​មន្ត្រី​​របស់​​​អង្គ​​​ការ​​​​សហ​​​ប្រជា​​​ជាតិ​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា នគរបាល​​​ចរាចរ​​​នៅ​​​ទូទាំង​​​ប្រទេស​​​​​​នៅ​​​មិន​​​ទាន់​​​អនុវត្ត​​​ច្បាប់ចរាចរ​​​ណ៍​​​ឡើង​​​វិញ​​​នៅ​​​ឡើយ​​​ទេ​​​ បន្ទាប់​​​ពី​​​​​​ការ​​​ផ្អាក​​​​​​មួយ​​​​​​ដែល​​​គេ​​​គិត​​​ថា ​​​គឺ​​​ត្រូវ​​​ផ្អាក​​​​​​​​​តែ​​​ប៉ុន្មាន​​​សប្ដាហ៍​​​ប៉ុណ្ណោះមុន​​​ការ​​​បោះឆ្នោត​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៨ ខែ​​​កក្កដា​​​។

លោក​​​ ព្រាប​​​ ចាន់​​​វិបុល ប្រធាន​​​នាយក​​​ដ្ឋាន​​​​​​ដឹកជញ្ជូន​​​ផ្លូវ​​​គោក​​​នៃ​​​ក្រសួង​​​​​​សាធា​​​រណ​​​ការ​​​​​​​​​និង​​​ដឹក​​​ជញ្ជូន​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពីម្សិលមិញ​​​ថា “ថ្នាក់​​​លើ​​​បាន​​​ចេញ​​​បទ​​​បញ្ជា​​​ឲ្យ​​​​​​ [នគរបាល​​​] បញ្ឈប់​​​​​​ការ​​​អនុវត្ត​​​ច្បាប់​​​ចរា​​​ចរណ៍​​​មួយ​​​រយៈ​​​ពេល​​​​​​​​​ខ្លី​​​​​​ ដោយ​​​សារ​​​តែ​​​ការ​​​បោះឆ្នោត​​​។ ការ​​​អនុវត្ត​​​ច្បាប់​​​ចរាចរណ៍​​​នេះ​​​ត្រូវ​​​បាន​​​ផ្អាក​​​ចាប់​​​តាំង​​​ពី​​​​​​ខែ​​​កក្កដា​​​ រហូត​​​មក​​​ដល់​​​ពេល​​​ឥឡូវ​​​ ប៉ុន្តែ​​​​​​វា​​​នឹង​​​ត្រូវ​​​ចាប់​​​ផ្ដើម​​​​​​ឡើង​​​វិញ​​​ក្នុង​​​ពេល​​​ឆាប់​​​ៗ​​​តាម​​​ដែល​​​អាច​​​ធ្វើ​​​ទៅ​​​បាន​​​”។

មន្ត្រី​​​នគរបាល​​​ចរាចរ​​​ប្រហែល​​​១០​​​នាក់​​​ដែល​​​ឈរ​​​ជើង​​​នៅ​​​តាម​​​បណ្ដោយ​​​មហា​​​វិថី​​​នរោត្តម​​​ និង​​​មហាវិថី​​​សីហនុ​​​បាន​​​បញ្ជាក់​​​​​​ថា ខ្លួន​​​​​​បាន​​​ទទួល​​​បទ​​​បញ្ជា​​​មុន​​​ការ​​​បោះឆ្នោត​​​​​​មិន​​​ឲ្យ​​​អនុវត្ត​​​ច្បាប់​​​ ឬ​​​ក៏​​​​​​ផាក​​​ពិន័យ​​​ឡើយ​​​ ហើយ​​​​​​ចាប់​​​តាំង​​​ពី​​​នោះ​​​មក​​​​​​ ថ្នាក់លើ​​​របស់​​​ខ្លួន​​​មិន​​​ទាន់​​​ប្រាប់​​​ឲ្យ​​​ពួក​​​គេ​​​​​​ចាប់​​​ផ្ដើម​​​អនុវត្ត​​​ច្បាប់​​​ឡើង​​​វិញ​​​នៅ​​​ឡើយ​​​ទេ​​​។ ប៉ុន្តែ​​​​​​​​​នៅ​​​តែ​​​​​​ប្រចាំ​​​ការ​​​​​​តាម​​​​​​ធម្មតា​​​នៅ​​​ត្រង់​​​ចំណុច​​​ផ្លូវ​​​ប្រសព្វ​​​។

មន្ត្រី​​​នគរបាល​​​ចរាចរ​​​ម្នាក់​​​ ដែល​​​បដិសេធ​​​មិន​​​បញ្ចេញ​​​ឈ្មោះ​​​​​​​​​ដោយ​​​សារ​​​​​​​​​គេ​​​​​​មិនអនុញ្ញាត​​​​​​ឲ្យ​​​និយាយ​​​ជាមួយ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​បាន​​​និយាយ​​​ថា “ថ្នាក់​​​លើ​​​របស់​​​យើង​​​បាន​​​ចេញ​​​បទ​​​បញ្ជា​​​ឲ្យ​​​យើង​​​ឈប់​​​​​​ផាក​​​ពិន័យ​​​អ្នក​​​បើក​​​បរ​​​ចាប់​​​តាំង​​​ពី​​​ខែ​​​មិថុនា​​​មក​​​ម៉្លេះ​​​។

យើង​​​មិន​​​ដឹង​​​ពី​​​មូល​​​ហេតុ​​​ ឬ​​​ក៏​​​ពេល​​​ណា​​​បទ​​​បញ្ជា​​​នេះ​​​ត្រូវ​​​បញ្ចប់​​​នោះ​​​ទេ​​​។ ខ្ញុំ​​​គិត​​​ថា ការ​​​ផ្អាក​​​នេះ​​​នឹង​​​បង្ក​​​ឲ្យ​​​មាន​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​កើត​​​ឡើង​​​ច្រើន​​​ ពីព្រោះ​​​ប្រជា​​​ពល​​​រដ្ឋ​​​​​​មិន​​​គោរព​​​ច្បាប់​​​ចរាចរណ៍​​​”។ កាល​​​ពី​​​ដើម​​​ខែ​​​កក្កដា លោក​​​ ហេង​​​ ចាន់​​​ធារី​​​ នាយការិយាល័យ​​​នគរបាល​​​ចរាចរ​​​​​​​​​រាជ​​​ធានី​​​ភ្នំពេញកាល​​​ពី​​​ពេល​​​នោះ​​​​​​​​​បាន​​​មាន​​​ប្រសា​​​​​​សន៍​​​ថា មន្ត្រី​​​ចរាចរ​​​មិន​​​ផាក​​​ពិន័យ​​​​​​អ្នក​​​បើក​​​បរណា​​​ ដែល​​​​​​រំលោភ​​​ច្បាប់​​​ចរា​​​ចរណ៍​​​ឡើយ​​​ ពីព្រោះ​​​យុទ្ធនាការ​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​​​​ត្រូវ​​​បាន​​​​​​ផ្ដល់​​​អាទិភាព​​​អំឡុង​​​ពេល​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​​។ ប៉ុន្តែ​​​នៅ​​​ពេល​​​នោះ​​​គេ​​​គិត​​​ថា រយៈ​​​ពេល​​​​​​នៃ​​​ការ​​​មិន​​​ផាក​​​ពិន័យ​​​​​​ នឹង​​​មាន​​​រយៈ​​​ពេល​​​ត្រឹម​​​តែ​​​បីបួន​​​សប្ដាហ៍​​​ប៉ុណ្ណោះ​​​។

លោក​​​ ចាន់​​​ធារី​​​ ដែល​​​ឥឡូវ​​​ជា​​​នាយ​​​រង​​​ការិ​​​យាល័យ​​​នគរបាល​​​ចរាចរណ៍​​​រាជធានី​​​ ទទួល​​​បន្ទុក​​​​​​ផ្នែក​​​រៀប​​​ចំ​​​​​​សណ្ដាប់​​​ធ្នាប់​​​សាធារណៈ​​​​​​បាន​​​បដិ​​​សេធ​​​​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ថា តើ​​​ហេតុ​​​អ្វី​​​បាន​​​ជា​​​ការ​​​ផ្អាក​​​នេះ​​​មាន​​​រយៈ​​​ពេល​​​រហូត​​​ដល់​​​ទៅ​​​ជាង​​​បួន​​​ខែ​​​ឡើយ​​​ ដោយ​​​បង្វែរ​​​សំណួរ​​​នេះ​​​ទៅ​​​លោក​​​ ចេវ ហាក់ នាយការិយា​​​ល័យ​​​នគរបាល​​​ចរាចរ​​​ថ្មី​​​វិញ​​​។ លោក​​​ ហាក់ ក៏​​​បាន​​​បដិ​​​សេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ដែរ​​​។

លោក​ សៅ សុវណ្ណ​​​រតនៈ​​​ មន្ត្រី​​​ទទួល​​​​​​បន្ទុក​​​​​​​​​ផ្នែក​​​សុវត្ថិភាព​​​ផ្លូវ​​​ថ្នល់​​​និង​​​ទប់​​​ស្កាត់​​​​​​ការ​​​​​​រង​​​របួស​​​នៅ​​​អង្គការ​​​សុខភាព​​​ពិភព​​​លោក ​​​បាន​​​លើក​​​ឡើ​​​ងថា រដ្ឋាភិបាល​​​​​​បាន​​​លើក​​​ហេតុ​​​ផល​​​​​​ថា ភាព​​​ជាប់​​​គាំង​​​ផ្នែក​​​នយោបាយ​​​ក្រោយ​​​ការ​​​បោះឆ្នោត​​​នឹង​​​ជំនន់​​​ទឹក​​​ភ្លៀង​​​ជា​​​មូល​​​ហេតុ​​​នាំ​​​ឲ្យ​​​​​​មាន​​​ការ​​​ពន្យារពេល។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “អំឡុង​​​ការ​​​បោះឆ្នោ​​​ត​​​​​​មន្ត្រី​​​នគរបាល​​​​​​ចរាចរ​​​​​​ទំនង​​​​​​ជា​​​ត្រូវ​​​បាន​​​ប្រាប់​​​មិន​​​ឲ្យ​​​អនុវត្ត​​​​​​ច្បាប់​​​ចរាចរណ៍​​​ឡើយ​​​។

ហើយ​​​​​​បន្ទាប់ពី​​​ការ​​​បោះឆ្នោត​​​​​​រួច​​​ ដោយ​​​សារ​​​តែ​​​​​​អស្ថិរភាព​​​ផ្នែក​​​នយោបាយ​​​ និង​​​ការ​​​ធ្វើ​​​បាតុ​​​កម្ម​​​ ទើប​​​​​​រដ្ឋាភិបាល​​​បន្ត​​​ប្រាប់​​​​​​មន្ត្រី​​​នគរបាល​​​​​​ចរាចរ​​​ឲ្យ​​​បន្ត​​​ការ​​​ផ្អាក​​​នេះ​​។ ទឹក​​​ជំនន់​​​ក៏​​​ជា​​​​​​មូល​​​ហេតុ​​​​​​មួយ​​​ដែរ​​​ ជាពិសេស​​​នៅ​​​តាម​​​បណ្ដា​​​ខេត្ត​​​នានា​​​ ហេតុ​​​ដូច្នេះ​​​ហើយ​​​ទើ​​​ប​​​មន្ត្រី​​​នគរ​​​បាល​​​ចរាចរ​​​ផ្ដោត​​​លើ​​​​​​ការ​​​រក្សា​​​សន្ដិសុខ​​​ និង​​​​​សុវត្ថិភាព​​​វិញ​​​។ នេះ​​​ក៏​​​ជា​​​មូល​​​ហេតុ​​​​​​ ដែល​​​ធ្វើ​​​ឲ្យ​​​ពួក​​​គេ​​​មិន​​​អាច​​​​​​អនុវត្ត​​​ច្បាប់​​​ចរាចរណ៍​​​ឡើង​​​វិញ​​​ដែរ​​​”។

លោក​​​ សុវណ្ណ រតនៈ បាន​​​លើក​​​ឡើង​​​​​​ថា ការ​​​អនុវត្ត​​​ច្បាប់​​​ចរាចរណ៍​​​នឹង​​​​​ចាប់​​​ផ្ដើម​​​ឡើង​​​វិញ​​​ “ក្នុង​​​ពេល​​​ឆាប់​​​ៗ” ហើយ​​​នគរ​​​បាល​​​ចរាចរ​​​ក៏​​​បាន​​​ជួប​​​ប្រជុំ​​​គ្នា​​​ពិភាក្សា​​​ស្ដី​​​ពី​​​យុទ្ធ​​​សាស្ត្រ​​​អនុវត្ត​​​ច្បាប់​​​ឡើង​​​វិញ​​​​​​រួច​​​ហើយ​​​ដែរ​​​។ លោក​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “នគរបាល​​​នឹង​​​ធ្វើ​​​ការ​​​ចាប់​​​ពី​​​ម៉ោង​​​៨ ព្រឹក​​​ដល់​​​ម៉ោង​​​៦​​​ល្ងាច​​​ និង​​​ចាប់​​​ផ្ដើម​​​អនុវត្ត​​​ច្បាប់​​​ចរាចរណ៍​​​​​​ឡើងវិញ​​​ចំពោះ​​​អ្នក​​​ដែល​​​រំលោភ​​​ច្បាប់​​​។ បន្ទាប់មក​​​ចាប់​​​ពី​​​ម៉ោង​​​៦ ល្ងាច​​​ ដល់​​​ម៉ោង​​​៨​​​យប់​​​នឹង​​​មាន​​​ការ​​​អនុវត្តច្បាប់​​​ចរាចរណ៍​​​លើ​​​ការ​​​ពាក់​​​មួក​​​សុវត្ថិភាព ហើយ​​​ពី​​​ម៉ោង​​​៨ ដល់ម៉ោង​​​១០​​​យប់​​​នឹង​​​​​​មាន​​​ការ​​​អនុវត្ត​​​ច្បាប់​​​លើ​​​អ្នក​​​ដែល​​​​​​ផឹក​​​ស្រា​​​ស្រវឹង​​​ហើយ​​​បើក​​​បរ​​​”។

លោក​​​ អៀ ចរិយា អ្នក​​​គ្រប់​​​គ្រង​​​កម្មវិធី​​​​​​សុវត្ថិភាព​​​ផ្លូវ​​​ថ្នល់​​​នៅ​​​អង្គការ​​​ជន​​​ពិការ​​​​​​អន្តរ​​​ជាតិ​​​​​​បែលហ្សិក បាន​​​​​​លើក​​​ឡើ​​​ង​​​ថា កង្វះ​​​ការ​​​អនុវត្ត​​​ច្បាប់​​​ចរាចរណ៍​​​នឹង​​​ធ្វើ​​​ឲ្យ​​​អ្នក​​​បើក​​​បរ​​​ងាក​​​​​​ទៅ​​​រក​​​ទម្លាប់​​​ចាស់​​​ឡើង​​​វិញ​​​​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា នេះ​​​គឺ​​​ជា​​​ផល​​​ប៉ះពាល់​​​មួយ​​​ដ៏​​​ធំ​​​ ពីព្រោះ​​​នៅ​​​ពេល​​​​​​គ្មាន​​​ការ​​​អនុវត្ត​​​ច្បាប់​​​​​​ ប្រជាពល​​​រដ្ឋ​​​​​​នឹង​​​ងាក​​​ទៅ​​​​​​រក​​​​​​ទម្លាប់​​​ចាស់ឡើង​​​វិញ​​​ដូចជា​​​ ស្រវឹង​​​ ហើយ​​​បើក​​​បរ និង​​​​​​មិន​​​ពាក់មួក​​​សុវត្ថិ​​​ភាព​​​ជាដើម​​​។ វា​​​ផ្ដល់​​​ឱកាស​​​​​​ឲ្យ​​​ប្រជាពលរដ្ឋ​​​រំលោភ​​​ច្បាប​​​់​​​និង​​​​​​បង្ក​​​ឲ្យ​​​មាន​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​”៕ ស៊ុយឈាង

(រាយការណ៍​​​បន្ថែម​​​ដោយ​​​ Ben Woods និង​​​ ហ៊ុល រស្មី)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស