រដ្ឋាភិបាលនឹងចាប់ផ្តើមដាក់ពង្រាយនិស្សិតស្ម័គ្រចិត្តឡើងវិញ ដើម្បីវាស់វែង និងកំណត់ព្រំដីនៅទូទាំងប្រទេស ជាផ្នែកនៃគម្រោងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវបានផ្អាកមួយរយៈមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីក្នុងខែកក្កដា។
កម្មវិធីនេះត្រូវបានប្រកាសដោយលោកនាយករដ្ឋមន្ត្រី កាលពីក្នុងខែមិថុនាឆ្នាំទៅ និងមានបំណងផ្តល់ប័ណ្ណកម្មសិទ្ធិដីឯកជនដល់គ្រួសារប្រជាពលរដ្ឋក្រីក្រ។ សេចក្តីប្រកាសមួយបង្ហោះលើគេហទំព័ររបស់គណបក្សប្រជាជនកម្ពុជាដែលគ្រប់គ្រងអំណាចកាលពីថ្ងៃសៅរ៍ មានខ្លឹមសារថា “យុវជនស្ម័គ្រចិត្តរបស់ [លោក ហ៊ុនសែន] នឹងវាស់វែងដី៥០.០០០ហិកតាជាផ្នែកនៃដំណាក់កាលទី២” នៃគម្រោងនេះ។
សេចក្តីប្រកាសនេះបន្ថែមថា អំឡុងដំណាក់កាលដំបូង និស្សិតស្ម័គ្រចិត្តវាស់វែងបានដី៦៦០.០០០ក្បាល ហើយបានចេញប័ណ្ណកម្មសិទ្ធិថ្មីចំនួន៣៨០.០០០។ នៅពេលកម្មវិធីនេះ ត្រូវបានប្រកាស គោលបំណងរបស់វា គឺវាស់វែងដី៧០០.០០០ក្បាលដែលគ្របដណ្តប់ដីសរុប១,៨លានហិកតា។ សេចក្តីប្រកាសនេះមិនបានកំណត់កាលបរិច្ឆេទចាប់ផ្តើមកម្មវិធីនេះឡើងវិញទេ ដោយគ្រាន់តែបញ្ជាក់ នឹងបន្តកម្មវិធី “បន្ទាប់ពីរដូវភ្លៀង”។
លោក ឡោ ដាវុធ អគ្គនាយកនៃអគ្គនាយក ដ្ឋានសូរិយោដីរបស់ក្រសួងនគរូបនីយកម្ម និងសំណង់ បានឲ្យដឹងកាលពីម្សិលមិញថា “យើងមិនទាន់បានកំណត់កាលបរិច្ឆេទនៅឡើយទេ ក៏ប៉ុន្តែ យើងនឹងចាប់ផ្តើមបញ្ជូន[និស្សិតស្ម័គ្រចិត្ត]ឆាប់ៗនេះ”។ លោក ដាវុធ បានបន្ថែមថា “យើងកំពុងតែទាក់ទងយុវជនស្ម័គ្រចិត្តដើម្បីឲ្យដឹងអំពីពេលវេលាដែលពួកគេនឹងអនុវត្តគម្រោងនេះ”។ លោកបានបដិសេធមិននិយាយថា តើនិស្សិតប៉ុន្មាននាក់នឹងត្រូវជ្រើសរើសនោះទេ។
ដើម្បីជៀសវាងពីការមើលទៅឃើញថាមានការជួយបេក្ខជនឈរឈ្មោះបោះឆ្នោត មុនយុទ្ធនាការផ្លូវការរយៈពេលមួយខែដែលបញ្ចប់មុនថ្ងៃបោះឆ្នោតថ្ងៃទី ២៨ខែកក្កដា លោក ហ៊ុន សែន បានបញ្ជាឲ្យនិស្សិតស្ម័គ្រចិត្តត្រឡប់មកកាន់លំនៅដ្ឋានវិញយ៉ាងយូរនៅថ្ងៃទី២០ ខែមិថុនា ដោយសន្យាប្រាប់ពួកគេថា ពេលគណបក្សរបស់លោកឈ្នះឆ្នោតពួកគេនឹងត្រឡប់មកធ្វើការវិញ។
ក្នុងចន្លោះរយៈពេលពីពេលចាប់ផ្តើមកម្មវិធីក្នុងឆ្នាំ២០១២ រហូតដល់ពេលផ្អាកបណ្តោះអាសន្ន និស្សិតស្ម័គ្រចិត្តរាប់ពាន់នាក់ត្រូវបានក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជូននិស្សិតស្ម័គ្រចិត្តទៅវាស់វែងដីឲ្យប្រជាពលរដ្ឋជាងកន្លះលានគ្រួសារ ដែលរស់នៅក្នុង២៤ខេត្ត-ក្រុង។ ប៉ុន្តែ កម្មវិធីនេះត្រូវបានរិះគន់ជាទូទៅដោយបុគ្គលិកសិទ្ធិមនុស្សដែលអះអាងថា កម្មវិធីនេះត្រូវបានប្រើដោយម្ចាស់ដីមានទ្រព្យសម្បត្តិ ដើម្បីទទួលបានកម្មសិទ្ធិដីជាផ្លូវការ ដែលពួកគេលួចពីអ្នកភូមិក្រីក្រ និងមិនអើពើចំពោះកម្មសិទ្ធិដីសហគមរបស់ជនជាតិដើមភាគតិចជាច្រើននៅក្នុងប្រទេស។
លោក ឡេត គី (Latt Ky) ប្រធានផ្នែកសិទ្ធិធនធានដី និងធម្មជាតិរបស់អង្គការសិទ្ធិមនុស្សអាដហុក បានលើកឡើងកាលពីម្សិលមិញថា លោកសង្ឃឹមថា ពេលនេះ កម្មវិធីនេះនឹងដំណើរការបានប្រសើរក្នុងការការពារសិទ្ធិប្រជាជនក្រីក្រ។ លោក ឡេត គី ថ្លែងថា កម្មវិធីនេះមិនគួរត្រូវបានប្រើប្រាស់“ ដើម្បីផ្តល់សិទ្ធិស្របច្បាប់[ចំពោះដីដែលត្រូវបានអ្នកមានទ្រព្យធន និងអ្នកមានអំណាចចាប់យក] ទេ”៕ប៊ុននី