ព័ត៌មានជាតិ

និស្សិត​ស្ម័គ្រ​ចិត្ត​របស់​លោក​ ហ៊ុន សែន នឹង​បន្ត​អនុវត្តកម្ម​វិធីកម្មសិទ្ធិ​ដី​ធ្លី​ទូទាំ​ង​ប្រទេ​ស

By

November 21, 2013

រដ្ឋាភិបាល​នឹង​ចាប់ផ្តើម​ដាក់​ពង្រាយ​និស្សិត​ស្ម័គ្រចិត្តឡើង​វិញ ​​​ដើម្បីវាស់​វែង​ និង​កំណត់​ព្រំដី​នៅ​ទូទាំង​ប្រទេស​ ជា​ផ្នែក​នៃ​គម្រោង​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែលត្រូវ​បាន​ផ្អាក​មួយ​រយៈ​មុន​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​កាល​ពីក្នុង​ខែកក្កដា។

កម្មវិធី​នេះត្រូវ​បាន​ប្រកាស​ដោយ​លោក​​នាយក​រដ្ឋមន្ត្រី កាល​ពីក្នុ​ង​ខែមិថុនា​ឆ្នាំទៅ និង​មាន​បំណង​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដី​ឯកជន​ដល់​គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ។ សេចក្តី​ប្រកាសមួយ​​បង្ហោះ​លើ​គេ​ហ​ទំព័រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​គ្រប់​គ្រង​អំណាច​កាល​ពីថ្ងៃ​សៅរ៍ មាន​ខ្លឹម​សារ​ថា “យុវជន​ស្ម័គ្រ​ចិត្ត​របស់​ [​លោក​ ហ៊ុន​សែន] នឹង​វាស់​វែង​ដី​៥០.០០០ហិកតា​ជា​ផ្នែក​នៃ​ដំណាក់​កាល​ទី២” នៃគម្រោង​នេះ​។

​សេចក្តី​ប្រកាសនេះ​បន្ថែម​ថា អំឡុង​ដំណាក់​កាល​ដំបូង​ និស្សិ​តស្ម័គ្រ​ចិត្ត​វាស់​វែង​បាន​ដី​៦៦០.០០០​ក្បាល​ ហើយ​បាន​ចេញ​ប័ណ្ណ​កម្ម​សិទ្ធិ​​ថ្មី​ចំនួន​៣៨០.០០០។ នៅពេល​កម្ម​វិធីនេះ ​ត្រូវ​បាន​ប្រកាស​ គោល​បំណង​របស់​វា ​គឺ​វាស់​វែង​ដី​៧០០.០០០ក្បាល​ដែល​​គ្រប​ដណ្តប​់​ដី​សរុប១,៨​លាន​ហិកតា​។ សេចក្តី​ប្រកាស​នេះ​មិន​បានកំ​ណត់​​កាល​បរិច្ឆេទចាប់ផ្តើម​កម្មវិធី​នេះឡើងវិញទេ ​ដោយ​គ្រាន់​តែ​បញ្ជាក់ នឹង​បន្ត​កម្មវិធី​ “បន្ទាប់​ពី​រដូវ​ភ្លៀង​”។

លោក ឡោ ដាវុធ​ អគ្គនាយក​នៃ​អគ្គ​នាយក​ ដ្ឋាន​​សូរិយោដីរបស់​ក្រសួង​នគរូបនីយកម្ម​ និងសំណង់​ បាន​ឲ្យ​ដឹងកាល​ពីម្សិលមិញ​ថា “យើង​មិន​ទាន់​បាន​កំណត់​កាល​បរិច្ឆេទនៅ​ឡើយ​ទេ ក៏ប៉ុន្តែ យើង​នឹង​ចាប់​ផ្តើម​​បញ្ជូន​[និស្សិត​ស្ម័គ្រចិត្ត​]​ឆាប់​ៗនេះ​”។ លោក​ ដាវុធ​ បាន​បន្ថែម​ថា “យើង​កំពុង​តែ​ទាក់​ទង​យុវជន​ស្ម័គ្រ​ចិត្ត​ដើម្បី​ឲ្យ​ដឹង​អំពី​ពេលវេលា​​ដែល​ពួក​គេ​នឹង​អនុវត្ត​គម្រោង​នេះ​”។ លោក​បាន​បដិសេធ​មិន​និយាយ​ថា តើនិស្សិ​ត​ប៉ុន្មាននាក់​​នឹង​ត្រូវ​ជ្រើស​រើស​នោះ​ទេ​​។

ដើម្បី​ជៀស​វាង​ពីការមើលទៅ​ឃើញ​ថាមា​នកា​រ​​​ជួ​យ​បេក្ខជន​ឈរឈ្មោះបោះ​ឆ្នោត​ មុន​យុទ្ធ​នាការ​ផ្លូវការ​រយៈពេល​មួយ​ខែ​ដែលបញ្ចប់មុនថ្ងៃ​បោះ​ឆ្នោត​ថ្ងៃទី ២៨​ខែ​កក្កដា លោក​ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​និស្សិត​​ស្ម័គ្រចិត្តត្រឡប់​មក​កាន់​លំនៅ​ដ្ឋាន​វិញ​យ៉ាងយូរ​នៅថ្ងៃទី​២០​ ខែមិថុនា ដោយ​សន្យា​​ប្រាប់​ពួក​គេថា ពេល​គណបក្ស​របស់​លោក​ឈ្នះឆ្នោត​ពួក​គេ​នឹង​​ត្រឡប់​មកធ្វើការវិញ​។

ក្នុង​ចន្លោះរយៈ​ពេលពីពេល​ចាប់​ផ្តើម​កម្មវិធី​ក្នុង​​ឆ្នាំ​២០១២​​ រហូត​ដល់ពេល​ផ្អាក​បណ្តោះ​អាសន្ន​ និស្សិត​ស្ម័គ្រចិត្ត​រាប់​ពាន់​នាក់​ត្រូវ​បាន​​ក្រសួង​ដែន​ដី​ នគរូប​នីយ​កម្ម និង​សំណង់​ បានបញ្ជូន​និស្សិត​ស្ម័គ្រ​ចិត្ត​​ទៅ​វាស់​វែង​ដី​ឲ្យ​ប្រជាពល​រដ្ឋ​ជាង​កន្លះ​លាន​​​គ្រួសារ​ ដែល​រស់​នៅ​ក្នុង​២៤ខេត្ត​-ក្រុង។ ប៉ុន្តែ កម្មវិធី​នេះ​ត្រូវ​បាន​រិះ​គន់​ជា​ទូ​ទៅ​ដោយ​បុគ្គលិក​សិទ្ធិ​មនុស្ស​ដែល​អះអាង​ថា កម្ម​វិធី​នេះ​ត្រូវ​បាន​ប្រើ​​ដោយ​ម្ចាស់​ដី​មាន​​ទ្រព្យ​សម្បត្តិ​​ ដើម្បី​ទទួល​បានកម្មសិទ្ធិ​ដី​ជាផ្លូវ​ការ ​ដែល​ពួក​គេ​លួច​ពី​អ្នក​ភូមិ​ក្រី​ក្រ​ និង​មិ​ន​អើ​ពើ​ចំពោះ​កម្មសិទ្ធិ​ដី​សហគម​របស់​​ជន​ជាតិ​ដើមភាគតិច​ជាច្រើន​នៅ​ក្នុង​ប្រទេស​។​

លោក​ ឡេត គី (Latt Ky) ប្រធាន​​​ផ្នែក​សិទ្ធិ​ធន​ធាន​ដី និង​ធម្មជាតិ​​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ បាន​លើក​ឡើង​កាល​ពីម្សិល​មិញថា លោក​សង្ឃឹម​ថា ពេល​នេះ​ កម្មវិធី​នេះ​នឹងដំណើរការបាន​ប្រសើរ​ក្នុង​ការ​ការ​ពារ​សិទ្ធិ​ប្រជាជន​ក្រីក្រ។  លោក​ ឡេត គី ​ថ្លែង​ថា កម្មវិធីនេះ​មិ​នគួរ​ត្រូវ​បាន​ប្រើ​​ប្រាស់“ ​ដើម្បី​ផ្តល់​សិទ្ធិ​ស្រប​ច្បាប់[ចំពោះ​ដី​ដែល​ត្រូវ​បាន​អ្នក​មាន​ទ្រព្យធន និង​អ្នក​មាន​អំណាចចាប់​យក​​]​ ​​ទេ​”៕ប៊ុននី​