មន្ត្រីការពារព្រំដែនមួយរូបបានឲ្យដឹងកាលពីម្សិលមិញថា មន្ត្រីការពារព្រៃឈើថៃបានសម្លាប់ពលរដ្ឋខ្មែរចំនួនបីនាក់ ដែលត្រូវបានចោទប្រកាន់ថា បានចូលទៅកាប់ឈើដោយខុសច្បាប់ក្នុងទឹកដីថៃនៅក្នុងខេត្តស៊ីសាកេត កាលពីថ្ងៃអង្គារ។
យោងតាមអង្គការសិទ្ធិមនុស្សអាដហុក បានឲ្យដឹងថា ការស្លាប់ចុងក្រោយនេះបានធ្វើឲ្យចំនួនពលរដ្ឋខ្មែរដែលត្រូវបានសម្លាប់អំឡុងពេលឆ្លងកាត់ព្រំដែនទៅកាប់ឈើនៅក្នុងប្រទេសថៃក្នុងឆ្នាំនេះ កើនឡើងដល់៣៣នាក់។
លោក ទូច រ៉ា ប្រធាននគរបាលការពារព្រំដែនជាំស្រងាំនៅក្នុងខេត្តឧត្តរមានជ័យបានលើកឡើងថា នគរបាលការពារព្រំដែនកម្ពុជាទទួលបានសេចក្ដីរាយការណ៍ពីហេតុការណ៍បាញ់សម្លាប់នេះកាលពីព្រឹកម្សិលមិញ ហើយកំពុងតែមានបំណងកំណត់អត្តសញ្ញាណនៃពលរដ្ឋខ្មែរដែលត្រូវគេបាញ់សម្លាប់ទាំងនេះ។
លោក ទូច រ៉ា បានឲ្យដឹងថា អាជ្ញាធរថៃបានលើកឡើងថា ពួកគេបានប្រទះឃើញអ្នកកាប់ឈើទាំងនេះនៅម៉ោង៣ទៀបភ្លឺអំឡុងពេលល្បាតជាប្រចាំ។
លោក ទូច រ៉ា មានប្រសាសន៍ថា “មន្ត្រីការពារព្រៃឈើថៃតែងតែល្បាតនៅក្នុងព្រៃរបស់ខ្លួន គឺមិនដូចមន្ត្រីការពារព្រៃឈើកម្ពុជា ដែលតែងតែឈរជើងនៅតាមផ្លូវ ឬក៏ក្រុងឡើយ”។
មន្ត្រីថៃបានលើកឡើងកាលពីលើកមុនៗថា ទាហានរបស់ខ្លួនគ្រាន់តែបាញ់អ្នកកាប់ឈើកម្ពុជា នៅពេលពួកគេបាញ់មកលើខ្លួនមុនតែប៉ុណ្ណោះ។ យោងតាមលោក កែវ តាន់ អធិការនគរបាលស្រុកត្រពាំងប្រាសាទបានឲ្យដឹងថា នគរបាលឥឡូវនេះកំពុងតែតាមរកសមាជិកគ្រួសារជនរងគ្រោះ ដែលគេជឿជាក់ថា រស់នៅក្នុងស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ ដែលនៅជាប់ព្រំដែនខេត្តស៊ីសាកេត ប្រទេសថៃ។
កាសែតបាងកកប៉ុស្ដិ៍បានរាយការណ៍កាលពីម្សិលមិញថា ឈើគ្រញូងចំនួន១៨ដុំត្រូវបានគេប្រទះឃើញនៅក្បែរព្រំដែន ជាមួយនឹងរណារដៃ និងពូថៅមួយចំនួន។ សេចក្ដីរាយការណ៍នេះមិនបានលើកឡើងថា តើមានកំាភ្លើងណាមួយត្រូវបានរកឃើញ ជាមួយសាកសពឡើយ ប៉ុន្តែសេចក្ដីរាយ ការណ៍នេះបានលើកឡើងថា អ្នកកាប់ឈើកម្ពុជាដែលត្រូវគេបាញ់សម្លាប់នឹងត្រូវបញ្ជូនមកប្រទេសកម្ពុជាវិញបន្ទាប់ពីសាកសពត្រូវបានធ្វើកោសល្យវិច័យរួច។
អត្ថបទមួយរបស់កាសែតបាងកកប៉ុស្ដិ៍បានលើកឡើងថា អាជ្ញាធរថៃបានប៉ាន់ប្រមាណថា ឈើដែលរឹបអូសបានអាចលក់បានក្នុងតម្លៃ១០លានបាត ឬក៏ប្រហែល៣១៥.០០០ដុល្លារ ប្រសិនបើត្រូវបានគេរត់ពន្ធចេញពីប្រទេសថៃនោះ។ កាលពីខែមីនា ឈើគ្រញូងត្រូវបានចាត់ទុកជាប្រភេទឈើការពារនៅក្នុងអនុសញ្ញាអន្តរជាតិស្ដីពីការជួញដូរប្រភេទឈើជិតផុតពូជរបស់អង្គការ Wild Fauna and Flora ។
កាលពីដើមឆ្នាំនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញសារាចរណែនាំមួយឲ្យអាជ្ញាធរខេត្តទប់ស្កាតពលរដ្ឋខ្មែរកុំឲ្យឆ្លងកាត់ព្រំដែនទៅកាប់ឈើគ្រញូងនៅក្នុងទឹកដីថៃ។ យោងតាមតួលេខរបស់រដ្ឋាភិបាលបានឲ្យដឹងថា កាលពីឆ្នាំ២០១២ ពលរដ្ឋខ្មែរចំនួន៤៥នាក់ត្រូវទាហានការពារព្រំដែនថៃបាញ់សម្លាប់អំឡុងឆ្លងកាត់ព្រំដែនទៅកាប់ឈើខុសច្បាប់ក្នុងទឹកដីថៃ។ រីឯតួលេខនៃអ្នកស្លាប់កាលពីឆ្នាំ២០១១ មានចំនួន១៥នាក់នេះបើយោងតាមតួលេខដែលបានមកពីអង្គការសិទ្ធិមនុស្សអាដហុក៕ ស៊ុយឈាង