កាលពីម្សិលមិញ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានការពារខ្លួនពីសេចក្តីរាយការណ៍កាលពីពេលថ្មីៗនេះ ដែលថា ប្រហែល៤៥ភាគរយនៃថវិកាក្នុងសេចក្តីព្រាងច្បាប់ថវិកាចំនួន ៣,៤ពាន់លានដុល្លារ របស់រដ្ឋាភិបាលសម្រាប់ឆ្នាំ២០១៤ នៅតែមិនត្រូវបានបែងចែក។
ក្រសួងនេះបានការពារខ្លួនបែបនេះ ដោយចេញសេចក្តីថ្លែងការណ៍មួយ ដែលមានសេចក្តីពន្យល់ថា ថវិកាទាំងនេះនឹងត្រូវបានប្រើប្រាក់ជាប្រាក់កម្ចី ក្នុងកម្មវិធីឧត្ថម្ភធន និងខ្ទង់ចំណាយសំខាន់ៗផ្សេងៗទៀត។ ទោះជាយ៉ាងណា សេចក្តីពន្យល់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅតែនាំឲ្យមាន ការងឿងឆ្ងល់ដដែល។ សេចក្តីព្រាងថវិកា ដែលមានច្រើន ជាងថវិកាឆ្នាំនេះប្រហែល ៤០០លានដុល្លារនោះ ត្រូវបានអនុម័តកាលពីសប្តាហ៍មុនដោយរដ្ឋសភា ដែលមានតែគណបក្សប្រជាជនកម្ពុជា និងគ្រោងនឹងត្រូវបញ្ជូនទៅព្រឹទ្ធសភាក្នុងថ្ងៃនេះ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍នេះថា“ ប្រព័ន្ធ ផ្សព្វផ្សាយមួយចំនួនបានរាយការណ៍បំផ្លើសព័ត៌មានទាក់ទងនឹងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ២០១៤ជាពិសេសថវិកាមិនបែងចែក ឬក៏ចំណាយផ្សេងៗរបស់ រដ្ឋាភិបាល”។ យោងតាមសេចក្តីថ្លែងការណ៍នេះបានឲ្យដឹងថា មួយចំនួនក្នុងចំណោមថវិកាមិនបែងចែក១,៥៣ពាន់លានដុល្លារ ឬប្រហែល ៥៨លានដុល្លារ នឹងត្រូវបានប្រើប្រាស់សម្រាប់ សងការប្រាក់ លើប្រាក់កម្ចីដែលប្រទេសកម្ពុជាជំពាក់បរទេសកាន់តែច្រើន។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងបន្ថែមទៀត ថា ថវិកា១,៥៣ពាន់លានដុល្លារ ក៏បូកបញ្ចូលថវិកា៨២លានដុល្លារសម្រាប់ទូទាត់សងប្រាក់ ដើម ដែលប្រទេសនេះបានខ្ចីពីបរទេស ៦២,៥ លានដុល្លារសម្រាប់ក្រសួងសាធារណការ និងដឹកជញ្ជូន ៤៨,១លានដុល្លារសម្រាប់កម្មវិធីឧបត្ថមធនផ្នែកថាមពលអគ្គិសនី និង១៥លានដុល្លារ សម្រាប់បេសកកម្មការទូតរបស់ប្រទេសកម្ពុជាផងដែរ។
ក៏ប៉ុន្តែ សេចក្តីថ្លែងការណ៍នេះ មិនបានបញ្ជាក់ច្បាស់ថា តើភាគច្រើននៃថវិកា១ ,៥៣ ពាន់លានដុល្លារ នឹងត្រូវបានចាយវាយដោយរបៀបណាទេ។ ឧទាហរណ៍ ថវិកា៨៦៥លាន ដុល្លារត្រូវបានបែងចែកសម្រាប់ “ ក្រសួង និងស្ថាប័ន” ដែលមិនត្រូវបានបញ្ជាក់ច្បាស់ ហើយថវិកា៣៧,៥លានដុល្លារផ្សេងទៀត ត្រូវបានលៃលកសម្រាប់គម្រោងឧបត្ថម្ភដោយម្ចាស់ជំនួយ ប៉ុន្តែ គម្រោងទាំងនោះមិនត្រូវបានបញ្ចេញឈ្មោះទេ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានលើកឡើងផងដែរថា តួលេខថវិកាពិត ដែលមិនត្រូវបានបែងចែកនោះ មានតែប្រហែលជា១២៩លានដុល្លារប៉ុណ្ណោះ ហើយភាគច្រើននៃថវិកាទាំងនេះ ពោលគឺថវិកា១០៤លានដុល្លារនឹងត្រូវបានប្រើប្រាស់សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។ក្រសួងនេះបានបន្ថែមថា “ ថវិកា២៤,៧លានដុល្លារ នឹងទទួលបានពីប្រាក់កម្ចី សម្រាប់ចំណាយចរន្តក្នុងករណីមានតម្រូវការបន្ទាន់ និងតម្រូវការភ្លាមៗផ្សេងៗទៀត ដូចជា តម្រូវការក្នុងទុក្ខ លំបាកផ្នែកមនុស្ស ធម្មជាតិ និងសង្គម ក៏ដូចជាតម្រូវការផ្នែកអធិបតេយ្យភាពជាតិនិងសន្តិសុខជាតិជាដើម”។
សេចក្តីព្រាងថវិកាសរុប៣,៤ពាន់លានដុល្លារសម្រាប់ឆ្នាំ២០១៤បូករួមទាំងថវិកា៤៨៩លានដុល្លារ សម្រាប់ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ជាហេតុបណ្តាលឲ្យថវិកាសម្រាប់ក្រសួងទាំងពីរកើនឡើង១៧ភាគរយ បើធៀបនឹងថវិកាឆ្នាំនេះ។ សេចក្តីព្រាងថវិកានេះក៏មានខ្លឹមសារអំពាវឲ្យមានការខ្ចីប្រាក់៩២០លានដុល្លារបន្ថែមទៀតពីបរទេសនាឆ្នាំក្រោយផងដែរ។
អង្គការក្រៅរដ្ឋាភិបាល និងគណបក្សប្រឆាំងតែងតែរិះគន់ថវិកាជាតិ ដោយសាររដ្ឋាភិបាលបែងចែងថវិកាទាំងនេះសម្រាប់វិស័យសន្តិសុខ និងការពារជាតិច្រើនពេក ជាជាងចំណាយទៅលើវិស័យសង្គម ដូចជា វិស័យសុខាភិបាល និងវិស័យអប់រំជាដើម និងពឹងផ្អែកខ្លាំងពេកទៅលើកម្ចីបរទេសដែលមានការប្រាក់ខ្ពស់ ជាជាងការប្រមូលពន្ធបន្ថែម និងលុបបំបាត់អំពើពុករលួយ។
លោក យ៉ែម ប៉ុញ្ញារិទ្ធ អ្នកនាំពាក្យគណបក្សប្រឆាំង បានលើកឡើងថា ថវិកានេះមិន គួរបូកបញ្ចូលទាំងចំណាយមិនបែងចែកទេ ហើយការបែងចែកខ្ទង់ចំណាយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅតែមិនច្បាស់លាស់។ លោកបានមានប្រសាសន៍ថា “យើងមិនយល់ច្បាស់ថា តើពួកគេនិយាយអំពីអ្វីទេ ទាក់ទងនឹងថវិកាមិនបែងចែកទាំងនេះ។ យើងមិនយល់ថា មូលហេតុអ្វីបានជាមានថវិកាមិនបែងចែកទេ ពីព្រោះខ្ទង់ចំណាយទាំងអស់ត្រូវតែមានតម្លាភាព និងគណនេយ្យភាព។ ពួកគេគួរតែបញ្ជាក់ឲ្យច្បាស់លាស់ពីខ្ទង់ចំណាយរបស់ពួកគេ”។
លោក ជាម យៀប ដែលជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ក៏ដូចជាមន្ត្រីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមិនអាចទំនាក់ទំនងធ្វើសេចក្តីអត្ថាធិប្បាយបានទេ។ គណបក្សប្រជាជនកម្ពុជា បានអនុម័ត ថវិកានៅក្នុងរដ្ឋសភា កាលពីសប្តាហ៍មុន ដោយមិនមានគណបក្សប្រឆាំង ដោយសារតែគណបក្សសង្គ្រោះជាតិនៅតែមិនព្រមទទួលយកអាសនៈរបស់ខ្លួន ដើម្បីតវ៉ាការបោះឆ្នោតកាលពីខែកក្កដា និងបានចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា ទទួលជ័យជម្នះដោយការលួចបន្លំ។
តំណាងរាស្ត្រ១១រូបរបស់គណបក្សសង្គ្រោះជាតិនៅព្រឹទ្ធសភាដែលមាន៦១អាសនៈ បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយផ្សេងទៀតចេញផ្សាយកាលពីម្សិលមិញថា ខ្លួននឹងធ្វើពហិកាការបោះឆ្នោតដែលគ្រោងនឹងរៀបចំក្នុងថ្ងៃនេះផងដែរ។សមាជិកព្រឹទ្ធ សភា៥០រូបរបស់គណបក្សប្រជាជនកម្ពុជាត្រូវបានរំពឹងថា នឹងអនុម័តថវិកានេះឲ្យបានលឿន៕ សុធា