កាលពីម្សិលមិញ អង្គការមូលនិធិពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងជំងឺអេដស៍របេង និងជំងឺគ្រុនចាញ់ (Global Fund toFight AIDS, Tuberculosis and Malaria) បានច្រានចោលសេចក្តីរាយការណ៍ ដែលថា ការព្យួរកិច្ចសន្យា ទាំងអស់រវាងខ្លួន និងក្រុមហ៊ុនផ្គត់ផ្គង់មុងធំៗពីរ ដែលត្រូវបានរកឃើញថា បានសូកប៉ាន់មន្ត្រីកម្ពុជានោះ នឹងបណ្តាលឲ្យមានការខ្វះខាតការផ្គត់ផ្គង់ឧបករណ៍ការពារគ្រុនចាញ់ដ៏ខ្លាំងក្លា នៅទូទាំងពិភពលោក ក៏ប៉ុន្តែ អង្គការនេះ បានលើកឡើងថា បញ្ហានេះអាចនាំឲ្យមានបញ្ហាប្រឈមផ្នែកភ័ស្តុភារក្នុងការផ្តល់មុង។
អង្គការមូលនិធិពិភពលោកបានព្យួរកិច្ចសន្យាទាំងអស់នៅទូទាំងពិភពលោក ដែលខ្លួន បានចុះជាមួយក្រុមហ៊ុនផ្គត់ផ្គង់ទាំងនោះពោល គឺក្រុមហ៊ុនស្វីសឈ្មោះ Vestergaard Frandsen និងក្រុមហ៊ុន Sumitomo Chemical Singapore បន្ទាប់ពីមានការសើុបអង្កេតរយៈពេលពីរឆ្នាំកន្លះក្នុងករណីប្រាក់សូកប៉ាន់ ដែលក្រុមហ៊ុន ទាំងនេះបានផ្តល់ឲ្យមន្ត្រីសុខាភិបាលកម្ពុជា ដើម្បីទទួលបានកិច្ចសន្យា ដែលឧបត្ថម្ភ ដោយអង្គការមូលនិធិពិភពលោកទាំងនេះ។
បូកបញ្ចូលគ្នា ក្រុមហ៊ុនទាំងពីរនេះបានផ្គត់ផ្គង់ប្រហែលពាក់កណ្តាល នៃចំនួនមុងសរុប ដែលអង្គការមូលនិធិពិភពលោកបានទិញទូទាំងពិភពលោក កាលពីឆ្នាំមុន។ សារព័ត៌ មាន ឌឹ ញូវយ៉ក ថែមស៍ (The New York Times) បានរាយការណ៍កាលពីថ្ងៃពុធថា ការព្យួរកិច្ច សន្យាទាំងនេះបានបណ្តាលឲ្យមានការព្រួយបារម្ភខ្លាចមានការខ្វះការផ្គត់ផ្គង់មុង២០០លានមុង ដែលនឹងមានតម្រូវការនៅទូទាំងពិភពលោកសម្រាប់ការពារមនុស្សពីជំងឺគ្រុនចាញ់ក្នុងឆ្នាំ២០១៤។ សារព័ត៌មាន ឌឹ ញូវយ៉ក ថែមស៍ បានរាយការណ៍ថា ក្រុមហ៊ុនVestergaard និងក្រុមហ៊ុន Sumitomo គឺជាក្រុមហ៊ុនផលិតមុងធំបំផុតពីរលើពិភពលោក។
លោក សេត ហ្វេសិន (Seth Faison) នាយកផ្នែកទំនាក់ទំនងអង្គការមូលនិធិពិភពលោក បានលើកឡើងថា បញ្ហាខ្វះខាតនឹងត្រូវបានបញ្ចៀស។ លោកបានមានប្រសាសន៍ ថា “ការព្យួរកិច្ចសន្យាទូទាំងពិភពលោក ដែលបានធ្វើឡើងជាមួយក្រុមហ៊ុនផ្គត់ផ្គង់មុងទាំងពីរនេះ នឹងមិនបង្អាក់ដំណើររបស់យើង និងដៃគូរបស់យើងក្នុងការទិញ និងផ្តល់មុងក្នុងចំនួនជាច្រើន ដែលត្រូវការជាចាំបាច់ក្នុងឆ្នាំ២០១៤ទេ”។
លោកមានប្រសាសន៍បន្ថែមថា “យើង កំពុងសហការជាមួយក្រុមហ៊ុនផ្គត់ផ្គង់ជាច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការនេះ។ក្នុងពេលដែលបញ្ហានេះបង្កឲ្យមានបញ្ហាប្រឈម ផ្នែកភ័ស្តុភារ ក្រុមការងារផ្នែកលទ្ធកម្មរបស់យើងមានទំនុកចិត្តយ៉ាងពេញលេញថា យើងអាចឆ្លើយតបទៅនឹងតម្រូវការនេះបាន និងអាចចៀសផុតពីបញ្ហាខ្វះខាត ឬក៏បញ្ហាអស់ស្តុក ក្នុងឆ្នាំ២០១៤បាន” ។ លោក ហ្វេសិន បានលើកឡើងទៀតថា លោកមិនរំពឹងថា នឹងមានផលប៉ះពាល់អវិជ្ជមានទៅលើផ្នែកផ្គត់ផ្គង់មុង ក្នុងប្រទេសកម្ពុជាទេ។
យោងតាមរបាយការណ៍របស់អង្គការមូលនិធិពិភពលោក ក្រុមហ៊ុន ស៊ូមីតូម៉ូ បានផ្គត់ផ្គង់មុងជាង២,៤លានមុខដល់ប្រទេសកម្ពុជា តាមរយៈកិច្ចសន្យាដែលត្រូវបានសម្របសម្រួលដោយមជ្ឈមណ្ដលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ (CNM) ចន្លោះពីឆ្នាំ២០០៦ដល់ឆ្នាំ២០១១។ចំណែកក្រុមហ៊ុន Vestergaard Frandsen បានផ្គត់ផ្គង់មុង១,៨លានផ្សេងទៀត ដល់មជ្ឈមណ្ឌលនេះ។
តាមលទ្ធផលនៃការស៊ើបអង្កេតនៅក្នុងប្រទេសកម្ពុជា អង្គការមូលនិធិពិភពលោកបាន ដាក់ការិយាល័យអង្គការសេវាកម្មគម្រោង នៃអង្គការសហប្រជាជាតិ (U.N. Office for Project Services) ទទួលបន្ទុកការងារទទួល និងការងារចែកចាយជំនួយទាំងអស់របស់ខ្លួនដល់ប្រទេសកម្ពុជាកាលពីដើមឆ្នាំនេះ។
លោក ចាអាប វ៉ាន ហៀដេន (Jaapvan Hierden) នាយកអង្គការសេវាកម្មគម្រោងនេះ ប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា មុងទាំងអស់នៅក្នុងប្រទេសកម្ពុជា ដែលត្រូវអង្គការមូលនិធិពិភពលោកជាអ្នកចំណាយនោះ បច្ចុប្បន្ន ត្រូវបានទិញតាមរយៈដំណើរការលទ្ធកម្មបូកសរុបទាំងសកលលោក ក៏ប៉ុន្តែ លោកមិនច្បាស់ថា ដំណើរការនេះដំណើរការទៅ ដោយរបៀបណាទេ។
ខណៈដែលក្រុមហ៊ុន Vestergaard និងក្រុមហ៊ុន Sumitomo ត្រូវបានគេរាយការណ៍ថា កំពុងតែបំពេញកិច្ចសន្យាបច្ចុប្បន្ននៅទូទាំងសាកលលោក លោក ចាអាប វ៉ាន ហៀដេន បានឲ្យដឹងថា កាតព្វកិច្ចរបស់ក្រុមហ៊ុនទាំងនោះក្នុងប្រទេសកម្ពុជាទំនងជាចប់មែនទែនហើយ។លោកបានមានប្រសាសន៍ថា “ ខ្ញុំច្បាស់ណាស់ថា លែងមានមុងមកពីក្រុមហ៊ុនផ្គត់ផ្គង់ទាំងពីរនេះទៀតហើយ”។
លោក ចាអាប វ៉ាន ហៀដេន បានឲ្យដឹងទៀតថា ក៏មិនមានលិខិតបញ្ជាទិញមិនទាន់ឆ្លើយ តបក្នុងប្រទេសកម្ពុជា តាមរយៈអង្គការ មូលនិធិពិភពលោកដែរ នាពេលឥឡូវនេះ ក៏ប៉ុន្តែលោកបានបន្ថែមថា អង្គការសេវាកម្មគម្រោង នឹងដាក់ពាក្យស្នើសុំមូលនិធិសម្រាប់ ទិញមុងបន្ថែមទៀតនៅចុងឆ្នាំក្រោយ ដើម្បីចែកចាយនៅដើមឆ្នាំ២០១៥។ លោកបានមានប្រសាសន៍ថា “យើងតែងតែគិតកន្លះឆ្នាំមុនពេលវេលាមកដល់”។
លោកបានលើកឡើងបន្តថា លោកមិនដឹងថា តើការផ្លាស់ប្តូរក្រុមហ៊ុនផ្គត់ផ្គង់ទាំងនេះអាចបណ្តាលឲ្យមានការខ្វះមុងនៅក្នុងប្រទេសកម្ពុជា មុនពេលការចែកចាយបន្ទាប់ចាប់ផ្តើមក្នុងឆ្នាំ២០១៥។ លោកបានបង្វែរសំណួរពីតម្រូវការនិងការផ្គត់ផ្គង់មុងនាពេលឆាប់ៗនេះទៅមន្ត្រីនៅមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ ក៏ប៉ុន្តែមន្ត្រីទាំងនោះមិនអាចទំនាក់ទំនងធ្វើសេចក្តីអត្ថាធិប្បាយបានទេ។ យោងតាមរបាយការណ៍អង្គការមូលនិធិពិភពលោកបានឲ្យដឹងទៀតថា ក្រុមហ៊ុន Sumitomo ក៏បានផ្តល់ប្រាក់១.៩៩០ដុល្លារដល់បុគ្គលិកអង្គការសុខភាពពិភពលោក (World Health Organization)ដែលមិនត្រូវបានបញ្ចេញឈ្មោះមួយរូបផងដែរ ដើម្បីយកទៅប្រើប្រាស់ក្នុងការធ្វើដំណើរ និងការស្នាក់នៅក្នុងដំណើរទេសចរណ៍ឯកជនមួយទៅកាន់ប្រទេសសិង្ហបុរីកាលពីឆ្នាំ ២០០៩ ជាថ្នូរនឹងព័ត៌មានផ្ទៃក្នុងទាក់ទងនឹងកិច្ចសន្យាផ្គត់ផ្គង់ មុងនាពេលខាងមុខ។
លោក សូនី គ្រីសនែន អ្នកនាំពាក្យរបស់អង្គការពិភពលោកបានមានប្រសាសន៍ថាទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះ បានបើកប្រតិបត្តិការស៊ើបអង្កេតផ្ទាល់ខ្លួន អំពីការចោទប្រកាន់នេះ បន្ទាប់ពីខ្លួនបានទទួលសេចក្តីព្រាងរបាយការណ៍របស់អង្គការមូលនិធិពិភពលោកដើម្បីប្រយុទ្ធនឹងជំងឺអេដស៍ របេង និងជំងឺគ្រុនចាញ់កាលពីប៉ុន្មានខែមុន។លោក គ្រីសនែន បានឲ្យដឹងបន្ថែមទៀតថា លោកមិនអាចអត្ថាធិប្បាយបន្ថែមទាក់ទងទៅនឹងបច្ចុប្បន្នភាពនៃប្រតិបត្តិការស៊ើបអង្កេតនេះបានទេ ក៏ប៉ុន្តែលោកបានឲ្យដឹងបន្ថែមថា បុគ្គលិកដែលគួរឲ្យសង្ស័យបានចូលនិវត្តទៅហើយ។
ទាក់ទងនឹងមន្ត្រីសុខាភិបាលសាធារណៈដែលត្រូវបានលាតត្រដាងនៅក្នុងរបាយ ការណ៍របស់អង្គការមូលនិធិពិភពលោក បានលាឈប់ពីការងារ ឬក៏ត្រូវបានព្យួរពីការងារនោះ រដ្ឋាភិបាលបានលើកឡើងថា អង្គភាពប្រឆាំងអំពើពុករលួយរបស់ខ្លួនក៏នឹងបើកការស៊ើបអង្កេតផងដែរ។ អង្គភាពប្រឆាំងអំពើពុករលួយបានបដិសេធមិនធ្វើសេចក្តីអត្ថាធិប្បាយទេ៕សុធា
(រាយការណ៍បន្ថែមដោយ គុច ណារ៉េន)