លោក មាស សុថា នឹងមិនចាកចេញពីរោងចក្រអេសអិល ដែរឬទេ។
នៅពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងអ្នកគ្រប់គ្រងនៅរោងចក្រនេះ និងកម្មករ អស់រយៈពេលជាងប្រាំខែមកនេះ លោក មាស សុថា និងតួនាទីរបស់គាត់នៅរោងចក្រ ដែលសម្បូរដោយកូដកម្មនេះបានក្លាយជាចំណុចសំខាន់។

កម្មករអះអាងថា ចាប់តាំងពីលោក សុថា បានចូលកាន់តំណែងបន្តពីប្រធានរដ្ឋបាលរោងចក្រអេសអិលមុន កាលពីខែមិថុនា គាត់មានតួនាទីដ៏សកម្មនៅក្នុងការគ្រប់គ្រងបុគ្គលិក ហើយពួកគេអះអាងថា គាត់ជាអ្នករារាំងការងារសហជីព។ ពួកគេចោទគាត់ថា បានចូលរួមនៅក្នុងការដកមេដឹកនាំសហជីព
របស់ខ្លួនចំនួន១៩នាក់។ ឥឡូវនេះលោក មាស សុថា ត្រូវតែចាកចេញ។
សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខាវឌូ) បានទាមទារឲ្យដកលោក មាស សុថា ចេញពីតួនាទីរបស់គាត់នៅក្នុងការចរចាដើម្បីបញ្ចប់កូដកម្មជាច្រើនខែ ដែលបានក្លាយជាហិង្សាចំនួនពីរដងនេះ។ ប៉ុន្តែលោក សុថា ជាភាគហ៊ុនម្នាក់នៅរោងចក្រនេះ ដែលមានងារជាឧកញ៉ា ហើយ សហការី និងមនុស្សផ្សេងៗទៀតហៅថា ឯកឧត្តមនោះ នឹងមិនចាកចេញទេ។ ជម្លោះនេះប្រហែលជាកើតឡើងដោយសាររឿងប្រាក់ខែ និងពេលឈប់សម្រាកអាហារថ្ងៃត្រង់ ប៉ុន្តែឥឡូវនេះជម្លោះនេះបានក្លាយជាការប្រឆាំងគ្នាយ៉ាងខ្លាំងរវាងភាគីពីរ គឺលោក សុថា និងសហជីព ស៊ីខាវឌូ។
លោក សុថា បាននិយាយពេលសម្ភាសនៅសប្ដាហ៍នេះនៅឯរោងចក្រនេះថា “ប្រសិនបើពួកគេចង់ទិញយកភាគហ៊ុនរបស់ខ្ញុំ ពួកគេអាចធ្វើបាន”។ គាត់បានសួរថា “តើកម្មករទាំងនោះជាថៅកែឬ?” នៅឯរោងចក្រនេះកាលពីថ្ងៃពុធ លោក សុថា ឈរនៅច្រកចូលរោងចក្រនៅពេលដែលកម្មករឈប់សម្រាកសម្រាប់អាហារថ្ងៃត្រង់។ គាត់បានចាប់ទាញសរសៃអំបោះចេញពីអាវកម្មការិនីម្នាក់នៅពេលនាងដើរកាត់នោះ ហើយបានលេងសើចធ្វើជាឆែកកាបូបកម្មករម្នាក់ទៀតខ្លាចក្រែងកម្មករនោះយកអ្វីមួយចេញពីរោងចក្រ។
ទោះបីជាសព្វថ្ងៃនេះ គាត់បានចំណាយពេលភាគច្រើននៅរោងចក្រអេសអិល និយាយជាមួយបុគ្គលិកនៅក្នុងការិយាល័យរបស់គាត់ និងឃ្លាំមើលប្រតិបត្តិការក៏ដោយ ក៏គាត់អះអាងថា គាត់មិនមែនជាអ្នកគ្រប់គ្រងទេ ប៉ុន្តែជាម្ចាស់ភាគហ៊ុនសម្រាប់ដោះស្រាយបញ្ហា។ គាត់បាននិយាយថា “នៅពេលកម្មករមានបញ្ហា ពួកគេទៅរកប្រធានរដ្ឋបាល។ ប្រសិនបើពួកគេមិនអាចដោះស្រាយបញ្ហាបានទេ កម្មករទៅរកថៅកែ។ នៅពេលពួកគេទៅរកថៅកែ ខ្ញុំអប់រំពួកគេអំពីច្បាប់កម្ពុជា”។
ជាបុរសទាបមានពុកមាត់ស្អាត និងមានសក់ស្ដើងសិតរាបទៅក្រោយ លោក សុថា បានបដិសេធមិនប្រាប់អាយុរបស់គាត់ទេ ប៉ុន្តែគាត់ហាក់ដូចជាមានអាយុខ្ទង់៥០ឆ្នាំ។ គាត់បាននិយាយថា រោងចក្រអេសអិល ស្ថិតក្នុងចំណោមការបណ្តាក់ទុករកសីុមួយចំនួនដែលគាត់មានភាគហ៊ុន បន្ទាប់ពីបានបណ្តាក់ទុកលើកដំបូងទៅក្នុងការរកស៊ីលក់ថ្នាំលាបដែលទទួលបានជោគជ័យខ្លាំង ហើយឥឡូវនេះគាត់បានពង្រីកទៅដល់ប្រទេសវៀតណាមហើយ។
រួមទាំងរោងចក្រអេសអិលផង លោក សុថា បាននិយាយថា គាត់មានភាគហ៊ុននៅក្នុងរោងចក្រកាត់ដេរចំនួនបី និងរោងចក្រអ៊ុតសម្លៀកបំពាក់ពីរ។ គាត់ក៏បាននិយាយផងដែរថា គាត់នាំដីខ្សាច់ពីខេត្តកោះកុងទៅប្រទេសសិង្ហបុរី។ រួមជាមួយដៃគូជនជាតិចិនគាត់ក៏មានចម្ការដំឡូងមីក្នុងខេត្តបាត់ដំបង កំពង់ស្ពឺ កំពត និងពោធិ៍សាត់ ដែលទទួលបានផលចំនួន១០០.០០០តោនក្នុងមួយឆ្នាំ។ នៅពេលសួរអំពីតួនាទីរបស់គាត់នៅរោងចក្រនេះ លោក សុថា បាននិយាយថា គាត់គ្មានតួនាទីនៅរោងចក្រនេះទេ។
លោក សុថា បានសួរថា “តើអំណាចអ្វី? តើតួនាទីអ្វីដែលខ្ញុំធ្វើ? តើខ្ញុំមានតួនាទីប្រភេទណា។ តើរោងចក្រអេសអិលឲ្យប្រាក់ខែខ្ញុំប៉ុន្មាន?។ ខ្ញុំមិនដែលទៅបញ្ជាកម្មករឲ្យធ្វើការងារទេ។ កម្មករក៏មិនដែលស្គាល់ខ្ញុំដែរ”។
នៅឯការិយាល័យរបស់គាត់មិនឆ្ងាយប៉ុន្មានពីរោងចក្រអេសអិល លោក អាត់ ធន់ ប្រធានសហជីព ស៊ីខាវឌូ បានត្អូញត្អែរអំពីលោក សុថា ហើយវត្តមានរបស់គាត់នៅរោងចក្រនេះតាំងពីខែកក្កដា បានធ្វើឲ្យរាំងស្ទះដល់ការងាររបស់សហជីពនៅរោងចក្រនេះ។ លោក អាត់ ធន់ បានមានប្រសាសន៍ថា “យើងដឹងថា គាត់គឺជាមនុស្សម្នាក់ដែលធ្វើឲ្យសហជីពរបស់យើងចុះខ្សោយ និងរារាំងមិនឲ្យមានការបង្កើតសហជីព”។
លោក អាត់ ធន់ មានប្រសាសន៍ថា សហជីពស៊ីខាវឌូ ដែលជាសហជីពឯករាជ្យតែមួយគត់នៅកម្ពុជាបានចាប់ផ្ដើមបង្កើតឡើងនៅរោងចក្រនេះកាលពីខែមិថុនាឆ្នាំ២០១២ និងមានសមាជិក៣.៨០០នាក់ក្នុងរយៈពេលមួយឆ្នាំ។ លោកបានបន្ថែមថា នេះគឺជាសហជីពទី១ នៅរោងចក្រអេសអិល ដែលហ៊ានក្រោកឈរប្រឆាំងនឹងអ្នកគ្រប់គ្រង។
លោក អាត់ ធន់ មានប្រសាសន៍ថា “ចន្លោះពីឆ្នាំ១៩៩៨ដល់ឆ្នាំ២០១២ រោងចក្រនេះបានប្រើកិច្ចសន្យារយៈពេលខ្លី ហើយជារឿយៗតម្រូវឲ្យកម្មករធ្វើការរយៈពេល១២ម៉ោងក្នុងមួយថ្ងៃ។ ពួកគេមិនផ្ដល់សិទ្ធិឲ្យសហជីពធ្វើអ្វីឡើយ។ ហេតុដូច្នេះហើយបានជាឥឡូវនេះម្ចាស់រោងចក្រនេះមិនសប្បាយចិត្ត។ពីមុនពួកគេធ្វើមកលើកម្មករដូចសត្វ។ ឥឡូវនេះពួកគេត្រូវធ្វើឲ្យបានត្រឹមត្រូវ។ រឿងនេះហើយដែលធ្វើឲ្យ មាស សុថា ចូលមក។ ពួកគេចង់ឲ្យស្ថានភាពនេះដូចស្ថានភាពកាលពី១០ឆ្នាំមុន”។
លោក អាត់ ធន់ មិនមែនជាមនុស្សម្នាក់ដែលមិនចូលចិត្តលោក សុថា នោះទេ។ អំឡុងពេលធ្វើសម្ភាសកាលពីថ្ងៃច័ន្ទនៅកន្លែងស្នាក់នៅរបស់អ្នកគ្រប់គ្រងជនជាតិចិននៅក្នុងរោងចក្រនេះ លោក ចូសេហ្វ គីឡឹង លី អាយុ៦៤ឆ្នាំ ជាប្រធានរោងចក្រនេះបានមានប្រសាសន៍ថា គាត់មិនបានដឹងថា លោក សុថា ជានរណាទេ មុនពេលគាត់ត្រឡប់មកពីប្រទេសកាណាដា កាលពីខែសីហា ហើយបានឃើញលោក សុថា ស្ថិតនៅក្នុងការិយាល័យរបស់គាត់តែម្ដង។
លោក សុថា បាននិយាយថា គាត់មកធ្វើការនៅក្នុងការិយាល័យរបស់លោក លី “ព្រោះខ្ញុំមិនមានការិយាល័យធ្វើការទេ។ ខ្ញុំបានឃើញកន្លែងទំនេរខ្ញុំក៏យកវាតែម្ដងទៅ” ។ លោកបន្ថែមថា លោក លី មានវ័យចំណាស់ ហើយដឹងថា ខ្ញុំត្រូវអប់រំកម្មករ ដូច្នេះ គាត់បានរកកន្លែងថ្មី”។
លោក លី បាននិយាយថា “លោកគ្មានអំណាចតាំងពីដំបូង” ។ លោកបានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ពេលមានបញ្ហាច្រើននៅរោងចក្រនេះ លោក សុថា មានការចាប់អារម្មណ៍ខ្លាំងក្នុងការគ្រប់គ្រងបុគ្គលិកឲ្យមានសណ្ដាប់ធ្នាប់។ លោក លី បាននិយាយថា “លោក សុថា អប់រំបុគ្គលិក គាត់ដូចជាមនុស្សចាស់ជាងយើង ហើយប្រាប់យើងអ្វីដែលត្រូវនិងអ្វីដែលខុស”។ លោកបានបន្ថែមថា លោក សុថា គ្មានតំណែងផ្លូវការនៅក្នុងឋានានុក្រមគ្រប់គ្រងទេ។
លោក លី បាននិយាយថា លោក សុថា ក៏មានទំនាក់ទំនងជិតស្និទ្ធជាមួយកងរាជអាវុធហត្ថដែលត្រូវបានដាក់ពង្រាយនៅក្នុងរោងចក្រនេះចាប់តាំងពីកម្មករមួយក្រុមមានគ្នាប្រហែលពីរបីរយនាក់បានបំផ្លាញផ្នែកខ្លះនៃរោងចក្រនេះកាលពីថ្ងៃទី២០ ខែកញ្ញា។ លោក លី បាននិយាយថា “លោក សុថា ជិតស្និទ្ធនឹងកងរាជអាវុធហត្ថ។ ពួកគេរាក់ទាក់ជាមួយគាត់ណាស់។ ខ្ញុំបានសួរគាត់ថា តើគាត់ជាឧត្តមសេនីយ៍ឬ។ គាត់គ្រាន់ញញឹម”។
លោក រ៉េម៉ុង វ៉ុង ជាពាណិជ្ជករនៅទីក្រុងហុងកុង ដែលបានបង្កើតរោងចក្រអេសអិល កាលពីឆ្នាំ១៩៩៨ក៏បានបញ្ជាក់ដែរថា លោក សុថា គ្មានតំណែងផ្លូវការនៅក្នុងការគ្រប់គ្រងរោងចក្រនេះទេ។ ពេលសួរអំពីលោក សុថា ពេលសម្ភាសនៅរោងចក្រនេះកាលពីថ្ងៃពុធ លោក វ៉ុង អាយុ៥៧ឆ្នាំ បានស្ទុះចេញទៅក្រៅបន្ទប់ ហើយបានត្រឡប់មកវិញជាមួយក្រដាសមួយសន្លឹក ដែលនៅលើក្រដាសនោះមានរូបភាពពីផ្កាយរណបអំពីខណ្ឌមានជ័យ។
ពេលចង្អុរទៅកាន់ក្រដាសនោះ លោក វ៉ុង បានពន្យល់ថា កាលពីឆ្នាំ២០១០បឹងមួយនៅជិតនោះ ដែលរោងចក្រនេះប្រើដើម្បីយកទឹកមកប្រើប្រាស់នោះ ត្រូវបានចាក់ដីបំពេញ។ ដូច្នេះរោងចក្រនេះមានផែនការមួយ គឺបង្កើតរោងកច្រប្រព្រឹត្តិកម្មទឹកកាកសំណល់នៅលូទឹកស្អុយស្ទឹងមានជ័យ ហើយបញ្ជូនទឹកស្អាតទៅប្រើប្រាស់នៅរោងចក្រនេះ។ លោក វ៉ុង បាននិយាយដោយសំឡេងធ្ងន់ៗថា “លោក សុថា គឺជាអ្នកវិនិយោគទៅលើរោងចក្រប្រព្រឹត្តិកម្មទឹកកាកសំណល់នេះ”។
ដូច្នេះហើយ ហេតុអ្វីបានជាគាត់ជាប់ពាក់ព័ន្ធនឹងអ្នកគ្រប់គ្រងថ្នាក់ក្រោមនៅរោងចក្រនេះទៅវិញ? សហជីព និងសមាជិករបស់ខ្លួនមិនចូលចិត្តការគ្រប់គ្រងបែបនេះសោះ?
លោក វ៉ុង និយាយជាភាសាចិនកាតាំង ដែលត្រូវបានបុគ្គលិករបស់គាត់បកប្រែជាភាសាខ្មែរ ហើយបន្ទាប់មកត្រូវបានបកប្រែជាភាសាអង់គ្លេសថា “តាមពិតលោក មាស សុថា មានភាគហ៊ុនតូចមួយនៅក្នុងរោងចក្រអេសអិល។ ដូច្នេះ ប្រសិនបើរោងចក្រនេះមានបញ្ហា គាត់ត្រូវដោះស្រាយបញ្ហានោះ គឺគ្រាន់តែមកពិនិត្យមើលថា តើមានអ្វីកើតឡើងប៉ុណ្ណោះ”។
លោក សុថា មិនមែនជាមនុស្សថ្មីដែលជាប់ពាក់ព័ន្ធនឹងជម្លោះការងារនោះទេ។ ក្នុងនាមជានាយក និងជាម្ចាស់ភាគហ៊ុនមួយផ្នែកនៅរោងចក្រ Flying Dragon កាលពីដើមឆ្នាំ២០០០ លោក សុថា តែងតែតំណាងឲ្យរោងចក្រនេះពេលនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយ។
កាលពីខែមករា ឆ្នាំ២០០៣ លោក សុថា ប្រជែងគ្នានៅក្នុងប្រព័ន្ធផ្សព្វផ្សាយជាមួយលោក ជា វិជ្ជា ដែលនៅពេលនោះជាប្រធានសហជីពសេរីកម្មករ ហើយត្រូវបានគេធ្វើឃាតមួយឆ្នាំក្រោយមក ចំពេលមានជម្លោះការងារនៅរោងចក្រ Flying Dragon ។ សមាជិកប្រហែល៣០០នាក់ របស់សហជីពលោក ជា វិជ្ជា នៅរោងចក្រ Flying Dragon បានធ្វើកូដកម្មចំពោះការបណ្ដេញមេដឹកនាំសហជីពម្នាក់ និងកម្មករ១១នាក់ចេញពីការងារ។
នៅពេលនោះលោក សុថា បាននិយាយថា កម្មករដែលត្រូវបណ្ដេញចេញទាំង១២នាក់ធ្វើឲ្យកម្មករផ្សេងទៀតមានការភ័យខ្លាច និងធ្វើឲ្យប៉ះពាល់ដល់ផលិតកម្ម។ លោក ជា វិជ្ជា បាននិយាយថា លោក សុថា បានព្យាយាមរារាំងមិនឲ្យលោកបង្កើតសហជីពរបស់លោក៕ គឹមហឿន
(រាយការណ៍បន្ថែមដោយ អូន ភាព ផន បុប្ផា និង Dene Hern-Chen)