អ្នកកាន់ទុក្ខប្រហែល២០០នាក់បានជួបជុំគ្នានៅឯស្តូបរំឭកវិញ្ញាណក្ខន្ធរបស់អ្នកស្លាប់ដោយសារផ្អើលរត់ជាន់គ្នានៅកោះពេជ្រក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ នៅក្នុងពិធីមួយរៀបចំដោយគណបក្សសង្គ្រោះជាតិដើម្បីរំឭកវិញ្ញណក្ខន្ធមនុស្សចំនួន៣៥៣នាក់ ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍ផ្អើល រត់ជាន់គ្នាមួយនៅលើស្ពានពេជ្រ អំឡុងពិធីបុណ្យអុំទូក ដែលបានកន្លងផុតរយៈពេលបីឆ្នាំ ហើយ គិតត្រឹមថ្ងៃនេះ។

សាលារាជធានីភ្នំពេញនឹងប្រារព្ធពិធីរំឭកវិញ្ញណក្ខន្ធរបស់ខ្លួនផ្ទាល់នៅថ្ងៃនេះ។ គ្មាននរណាម្នាក់ទទួលខុសត្រូវចំពោះបរាជ័យក្នុងការគ្រប់គ្រងក្រុមមនុស្សកាលពីពេលនោះឡើយ ហើយពិធីបុណ្យអុំទូកក៏ត្រូវបានលុបចោលតាំងពីពេលនោះមក។អ្នកស្រី សួន អែ អាយុ៤៨ឆ្នាំ មានកូនស្រីអាយុ២៤ឆ្នាំឈ្មោះ ស៊ុំ ចាន់ធឿន ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍ផ្អើលរត់ជាន់គ្នានោះ បានធ្វើដំណើរពីខេត្តតាកែវ ដើម្បីចូលរួមពិធីរំឭកដល់ការស្លាប់របស់កូនស្រីអ្នកស្រី។
អ្នកស្រីបានមានប្រសាសន៍ទាំងទឹកភ្នែកថា “ពេលនេះខ្ញុំត្រូវមើលថែកូនពីរនាក់របស់នាង ម្នាក់ជាកូនប្រុសអាយុ៧ឆ្នាំ និងម្នាក់ទៀតជាកូនស្រីអាយុ៤ឆ្នាំ។ ខ្ញុំយំរយៈពេលបីឆ្នាំហើយ”។ អ្នកស្រី សួន អែ ឲ្យដឹងថា អ្នកស្រីទទួលប្រាក់ចំនួន១៤.៦០០ដុល្លារពីរដ្ឋាភិបាល ដែលនេះជាប្រាក់សំណងសម្រាប់ការស្លាប់របស់កូនស្រីអ្នកស្រី ក៏ប៉ុន្តែ ប្រាក់ទាំងនោះមិនបានរំលត់ការឈឺចាប់របស់អ្នកស្រីបានឡើយ។
លោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលបានចូលរួមពិធីនោះដែរបានថ្លែងថា “ការខ្វះការស៊ើបអង្កេតឯករាជ្យ មានន័យថា ជីវិតរបស់ប្រជាជនទាំងនោះបានបាត់បង់ដោយឥតន័យ ហើយបញ្ហានេះជាការប្រមាថដល់ព្រលឹងអ្នកស្លាប់ និងដល់ការឈឺចាប់របស់គ្រួសារដែលរស់នៅ ក្នុងសង្គមគ្មានយុត្តិធម៌”៕ ប៊ុននី