មន្ត្រីតុលាការមួយរូបបានលើកឡើងថា កាលពីម្សិលមិញ សាលាដំបូងខេត្តសៀមរាបបានចោទប្រកាន់បុរសជនជាតិបារំាងវ័យ៣៥ឆ្នាំម្នាក់ពីបទប្រព្រឹត្តអំពើអនាចារជាមួយកុមារ និងពីបទរក្សាទុកវីដេអូអាសអាភាសកុមារ។
លោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាបបានមានប្រសាសន៍ថា “ព្រះរាជអាជ្ញាបានចោទប្រកាន់ [ជនសង្ស័យ] ពីរករណីគឺបទប្រព្រឹត្តអំពើអនាចារ និងបទរក្សាទុកវីដេអូអាសអាភាស។ លោកបានបន្តថា ជនសង្ស័យបានសារភាពថា បានប្រព្រឹត្តបទល្មើស។
បុរសជនជាតិបារំាង ដែលអង្គការសកម្មភាពដើម្បីកុមារ ជាអង្គការក្រៅរដ្ឋាភិបាលប្រឆាំងជនរួមភេទជាមួយកុមារ បញ្ជាក់អត្តសញ្ញាណថាមានឈ្មោះ ហ្សង់ លុក ប៊ូ (Jean Luc Boue) ខាងលើនេះ បានឲ្យប្រាក់កុមារីអាយុ៨ឆ្នាំម្នាក់នៅក្នុងខេត្តសៀមរាប ដើម្បីរួមភេទជាមួយនាង។ លោកស្រី ដួង ថាវរីនាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សខេត្តសៀមរាបបានមានប្រសាសន៍ថា នគរបាលបានចាប់ខ្លួនបុរសរូបនេះកាលពីព្រឹកម្សិលមិញនៅក្នុងឃុំស្វាយដង្គំ បន្ទាប់ពីទទួលបានដំណឹងពីអង្គការសកម្មភាពដើម្បីកុមារ។ “ជននេះបានឲ្យប្រាក់ទៅកុមារីរងគ្រោះចំនួនប្រាំដុល្លារសម្រាប់ការធ្វើសកម្មភាពនោះ”។
លោកស្រីបានបន្តថា ជនសង្ស័យបានជួបក្មេងស្រីរងគ្រោះ ខណៈពេលបុរសរូបនេះធ្វើដំណើរចេញពីផ្ទះឆ្ពោះទៅកសិដ្ឋានរបស់ខ្លួន។ “ជននេះបានប្រព្រឹត្តបទល្មើសនៅក្នុងកំពតព្រៃមួយ”។ លោកស្រីបានមានប្រសាសន៍បន្ថែមទៀតថា នគរបាលបានរកឃើញរូបភាពវីដេអូអាសអាភាសកុមារនៅក្នុងមា៉ាសីុនថត និងកុំព្យូទ័ររបស់ជនសង្ស័យ៕ សុខុម