31 C
Phnom Penh

ព្រឹទ្ធសភា​​​បោះឆ្នោត​​​អនុម័ត​​​សេចក្ដី​​​ព្រាង​​​ថវិកាដែល​​​មាន​​​ចំនួន​​​៣,៤​​​ពាន់​​​លាន​​​ដុល្លារ​​​សម្រាប់​​​ឆ្នាំ​​​២០១៤​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​ម្សិលមិញ​​​ ព្រឹទ្ធ​​​សភា ដែល​​​ស្ថិត​​​ក្រោម​​​ឥទ្ធិពល​​​របស់​​​​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​​​​បាន​អនុម័ត​​​ជា​​​ឯកច្ឆ័ន​​​លើ​​​សេចក្ដី​​​ព្រាង​​​ថវិកា​​​សម្រាប់​​​ឆ្នាំ​​​២០១៤ ដែល​​​មាន​​​ទឹក​​​ប្រាក់​​​​​​សរុប​​​៣,៤ពាន់​​​លាន​​​ដុល្លារ​​​ ទោះ​​​បី​​​ជា​​​មាន​​​ការ​​​​​​ធ្វើ​​​ពហិការ​​​​​​ដោយ​​​​​​សមាជិកព្រឹទ្ធសភា​​​​​​​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​​​​ក៏​​​ដោយ​​​ ហើយ​​​​​​​​​ថវិកា​​​​​​ចំនួន​​​១,៥៣​​​ពាន់​​​លាន​​​ដុល្លារ​​​ក្នុង​​​ចំណោម​​​​​​ថវិកា​​​ទាំង​​​អស់​​​សម្រាប់​​​ឆ្នាំ​​​២០១៤​​​ត្រូវ​​​បាន​​​ទុក​​​សម្រាប់​​​​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន​​​ ចំណាយ​​​នៅ​​​ពេល​​​លោក​​​ត្រូវ​​​ការ​​​​​​ជា​​​ចំា​​​បាច់​​​។

គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​បាន​​​ធ្វើ​​​ពហិការ​​​​​​​​​សម័យ​​​ប្រជុំ​​​ដែល​​​មាន​​​រយៈ​​​ពេល​​​៤ម៉ោង​​​​​​​​​​​​ ដើម្បី​​​តវ៉ា​​​ចំពោះ​​​លទ្ធផល​​​​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​កាលពី​​​ខែ​​​កក្កដា ដែល​​​ខ្លួន​​​បាន​​​ចោទ​​​ប្រកាន់​​​​​​​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ថា បាន​​​​​​លួចបន្លំ​​​សន្លឹក​​​ឆ្នោត​​​​​​នោះ​​​​​​។ តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​​​​  ដោយ​​​មាន​​​តែ​​​អាសនៈ​​​ចំនួន​​​១១ ក្នុង​​​ចំណោម​​​អាសនៈ​​​៦១​​​នៅ​​​ក្នុង​​​ព្រឹទ្ធ​​​សភា​​​ ​​​គណ​​​បក្សសង្គ្រោះ​​​ជាតិ​​​មិន​​​អាច​​​ធ្វើ​​​អ្វី​​​បាន​​​ឡើយ​​​ ដើម្បី​​​រាងរាំង​​​ការ​​​អនុម័ត​​​លើ​​​សេចក្ដី​​​ព្រាង​​​ថវិកា​​​នេះ​​​។

ព្រឹទ្ធ​​​សភា​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​ដែល​​​​​​ចេញ​​​​​​បន្ទាប់​​​ពី​​​សម័យ​​​ប្រជុំ​​​ថា “សម័យ​​​ប្រជុំ​​​ព្រឹទ្ធ​​​សភា​​​បាន​​​ត្រួត​​​ពិនិត្យ​​​ឡើង​​​វិញ ហើយ​​​បាន​​​​​​ឯក​​​ភាព​​​ជា​​​ឯក​​​ច្ឆ័ន​​​លើ​​​សេចក្ដី​​​ព្រាង​​​ច្បាប់​​​ទាំង​​​មូល​​​ ដោយ​​​គ្មាន​​​ការ​​​ផ្លាស់​​​ប្ដូរ​​​ និង​​​​​​ដោយ​​​មាន​​​សំឡេង​​​គាំទ្រ​​​​​​៤០​​​សំឡេង​​​”។

លោក​​​ អ៊ុំ​​​​​​ សារិទ្ធ​​​ អគ្គលេខាធិកា​​​ព្រឹទ្ធសភា​​​​​​​​​មក​​​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​​​​បាន​​​លើក​​​ឡើង​​​ថា សមាជិក​​​​​​សភា​​​ចំនួន​​​ប្រាំបី​​​រូប​​​​​​​​​មក​​​ពី​​​គណបក្ស​​​របស់​​​លោក​​​​​​រួម​​​ទាំង​​​​​​លោក​​​ ជា ស៊ីម ប្រធាន​​​ព្រឹទ្ធសភា និង​​​សមាជិក​​​មួយរូប​​​ទៀត​​​ដែល​​​ត្រូវ​​​បាន​​​ចាត់​​​តាំង​​​មក​​​ពី​​​ព្រះ​​​បរម​​​រាជវាំង​​​​​​បាន​​​អវត្តមាន​​​​​​នៅ​​​ក្នុង​​​សម័យ​​​ប្រជុំ​​​នេះ​​​។

រដ្ឋ​​​សភា​​​ដែល​​​ទំនង​​​ជា​​​ស្ថិត​​​ក្រោម​​​ឥទ្ធិ​​​ពល​​​របស់​​​​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ និង​​​​​​កំពុង​​​តែ​​​ប្រឈម​​​​​​នឹង​​​​​​​​​ការ​​​ធ្វើ​​​ពហិការ​​​ដោយ​​​គណបក្ស​​​ប្រឆាំង ​​​​​​បាន​​​អនុម័ត​​​ជា​​​ឯកច្ឆ័ន​​​លើ​​​សេចក្ដី​​​ព្រាង​​​ថវិកា​​​នេះ​​​កាលពី​​​សប្ដាហ៍​​​មុន​​​។

លោក​​​ ជាម​​​ យៀប ​​​ អ្នក​​​នាំពាក្យ​​​មក​​​ពី​​​គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​​​​ និង​​​ជា​​​ប្រធាន​​​​​​គណៈ​​​កម្មការ​​​ហិរញ្ញវត្ថុ​​​នៅ​​​រដ្ឋ​​​សភា​​​ដែរ​​​នោះ​​​​​​បាន​​​លើក​​​ឡើង​​​ថា សេចក្ដី​​​ព្រាង​​​នេះ​​​​​​នឹង​​​ត្រូវ​​​បញ្ជូន​​​ត្រឡប់​​​ទៅ​​​ឲ្យ​​​លោក​​​ ហេង​​​ សំរិន​​​ ប្រធាន​​​រដ្ឋ​​​សភា​​​​​​វិញ​​​។ លោក​​​ ហេង​​​ សំរិន នឹង​​​សរសេរ​​​លិខិត​​​​​​មួយ​​​ច្បាប់​​​ថ្វាយ​​​​​​​​​ព្រះ​​​មហា​​​ក្សត្រ​​​ នរោ​​​ត្តម​​​ សីហមុនី ដើម្បី​​​ឡាយ​​​ព្រះហស្ដ​​​លេខា​​​​​លើ​​​​​​សេចក្ដី​​​ព្រាង​​​នេះ​​​​​​ ឲ្យ​​​ចូល​​​ជា​​​ធរមាន​​​។

មុ​​​ន​​​ការ​​​បោះឆ្នោត​​​អនុម័ត​​​កាល​​​ពី​​​​​​ម្សិល​​​មិញ​​​ ក្រសួង​​​សេដ្ឋកិច្ច​​​​​​ និង​​​​​​ហិរញ្ញវត្ថុ​​​បាន​​​ចេញ​​​សេចក្ដី​​​ថ្លែងការណ៍​​​មួយ​​​​​​ ដើម្បី​​​បញ្ជាក់​​​​​​ឲ្យ​​​​​​ដឹង​​​ថា តើ​​​ថវិកា​​​ចំនួន​​​​​​១,៥៣​​​ពាន់​​​លាន​​​ដុល្លារ​​​នេះ​​​​​​ នឹងត្រូវ​​​ចំណាយ​​​ដោយ​​​របៀប​​​ណា​​​។ តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា សេចក្ដី​​​ថ្លែងការណ៍​​​នេះ​​​ក៏​​​បាន​​​​​​​​​ផ្ដល់​​​ព័ត៌មាន​​​​​​លម្អិត​​​​​​ខ្លះ​​​ៗ​​​ដែរ​​​ ដោយ​​​លើក​​​ឡើង​​​ថា ថវិកា​​​ចំនួន​​​ពាក់​​​កណ្ដាល​​​​​​នៃ​​​ថវិកា​​​ចំនួន​​​១,៥៣​​​ពាន់​​​លាន​​​ដុល្លារ​​​នេះ​​​ពោល​​​គឺ​​​ចំនួន​​​៨៦៥​​​លាន​​​ដុល្លារ​​​ នឹង​​​​​​ត្រូវ​​​ចំណាយ​​​លើ​​​ស្ថាប័ន​​​និង​​​ក្រសួង​​​នានា​​​ ដោយ​​​​​គ្មាន​​​​​​ការ​​​កំណត់​​​ច្បាស់​​​លាស់​​​។

លោក​​​ ជាម យៀប បាន​​​លើកឡើង​​​កាល​​​ពីម្សិលមិញ​​​​​​ថា លោក​​​នាយក​​​រដ្ឋមន្ត្រី​​​​​​នឹង​​​​​​បញ្ជាក់​​​​​​​​​ជា​​​ចុង​​​ក្រោយ​​​ពាក់​​​ព័ន្ធ​​​នឹង​​​​​​ថា តើ​​​ថវិកា​​​ទាំង​​​នេះ​​​ ដែល​​​មាន​​​ប្រហែល​​​៤៥​​​ភាគ​​​រយ​​​​​​នៃ​​​ថវិកា​​​សរុប​​​​​​នឹង​​​ត្រូវ​​​ចំណាយ​​​ដោយ​​​របៀប​​​ណា​​​។ លោ​​​ក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​​​​ទាន់​​​ដឹង​​​នៅ​​​ឡើយ​​​ទេ​​​​​​ថា ថវិកា​​​ទាំង​​​នេះ​​​ត្រូវ​​​ចំណាយ​​​​​​ទៅ​​​លើ​​​អ្វី​​​ទៀត​​​នោះ​​​ ពីព្រោះ​​​​​ថវិកា​​​នេះ​​​ជា​​​ថវិកា​​​បម្រុង​​​ ដែល​​​លោក​​​​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​មាន​​​យុត្តាធិការ​​​ចំណាយ​​​។ ថវិកា​​​ទាំង​​​នេះ​​​​​​នឹង​​​ត្រូវ​​​ចំណាយ​​​​​​អំឡុង​​​ពេល​​​​​​​​​​​​មាន​​​គ្រោះ​​​​​​ធម្មជាតិ​​​ ឬ​​​ក៏​​​សង្គ្រាម​​​ និង​​​​​​ចំណាយ​​​លើ​​​​​​ក្រសួង​​​នានា​​​ ដែល​​​ត្រូវ​​​ការ​​​ថវិកា​​​នេះ​​​”។

គណបក្ស​​​ប្រឆាំង​​​បាន​​​រិះគន់​​​រដ្ឋាភិបាល​​​​​​​​​ដោយ​​​សារ​​​​​​មិន​​​បាន​​​ផ្ដល់​​​ព័ត៌មាន​​​លម្អិត​​​​​​ឲ្យ​​​បាន​​​ច្រើន​​​ជាង​​​នេះ​​​​​​ពាក់​​​ព័ន្ធ​​​នឹង​​​ថា តើ​​​ថវិកា​​​ទាំង​​​នេះ​​​​​​នឹង​​​ត្រូវ​​​ចំណាយ​​​ដោយ​​​របៀប​​​ណា​​​នោះ។ សមាជិក​​​សភា​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ដែល​​​បាន​​​​​​ធ្វើ​​​ពហិការ​​​មិន​​​ចូល​​​រួម​​​សម័យ​​​​​​ប្រជុំ​​​ព្រឹទ្ធសភា​​​កាល​​​ពីម្សិលមិញ​​​​​​មិន​​​អាច​​​សុំ​​​ការ​​​ធ្វើ​​​​​​​​​អត្ថាធិប្បាយ​​​បាន​​​ឡើយ​​​។

លោក យន្ត​​​​​​ ថារ៉ូ សមាជិក​​​សភា​​​ជាប់​​​ឆ្នោត​​​​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​បាន​​​​​​​​​ចាត់​​​ទុក​​​​​​ការ​​​បោះឆ្នោត​​​​​​អនុម័ត​​​របស់​​​ព្រឹទ្ធ​​​សភា​​​កាល​​​ពី​​​ម្សិលមិញ​​​ថា គ្មាន​​​លិទ្ធិប្រជាធិបតេយ្យ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “អ្វី​​​ដែល​​​​​​ពួក​​​គេ​​​​​​បាន​​​ធ្វើ​​​​​​ គឺ​​​មិន​​​​​​អនុលោម​​​ទៅ​​​​​​តាម​​​លទ្ធិ​​​ប្រជា​​​ធិបតេយ្យ​​​ឡើយ​​​ ពីព្រោះមាន​​​តែ​​​សមាជិក​​​ព្រឹទ្ធ​​​សភា​​​​​​មក​​​ពី​​​​​​គណបក្ស​​​ប្រជាជន​​​​​​កម្ពុជា​​​ប៉ុណ្ណោះ​​​ ដែល​​​បោះឆ្នោត​​​អនុម័ត​​​លើ​​​​​​សេចក្ដី​​​ព្រាង​​​​​​ថវិកា​​​នេះ​​។ វា​​​គឺ​​​ជា​​​ទម្លាប់​​​អាក្រក់​​​ពីព្រោះ​​​ការ​​​ចំណាយ​​​​​​នឹង​​​ស្ថិត​​​ក្រោម​​​ការ​​​គ្រប់​​​គ្រង​​​​​​របស់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​”។

ព្រឹទ្ធសភា​​​កាល​​​ពីម្សិលមិញ​​​ ក៏​​​បាន​​​បោះ​​​ឆ្នោត​​​អនុម័ត​​​លើ​​​សេចក្ដី​​​ព្រាង​​​មួយ​​​ដែល​​​បែង​​​ចែក​​​​​​ក្រសួង​​​​​​រ៉ែ​​​និង​​​ថាម​​​ពល​​​ទៅ​​​ជា​​​ក្រសួង​​​​​​ឧស្សាហកម្ម​​​ និ​​​ង​​​សិប្បកម្ម​​ ​​​​និង​​​ក្រសួង​​​រ៉ែ​​​និង​​​​​​ថាម​​​ពល​​​ ហើយ​​​ក៏​​​បាន​​​បោះឆ្នោត​​​​​​អនុ​​​ម័ត​​​លើ​​​សេចក្ដី​​​ព្រាង​​​មួយ​​​ទៀត​​​ ដើម្បី​​​​​​បង្កើត​​​ក្រសួង​​​មុខងារ​​​សាធារណៈ​​​ផង​​​ដែរ​​៕ ស៊ុយ​​​ឈាង​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស