មន្ត្រីម្នាក់បានឲ្យដឹងថា កម្មករកាត់ដេរជាង៦០នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីម្សិលមិញ បន្ទាប់ពីការដួលសន្លប់ពីរថ្ងៃបន្តបន្ទាប់ នៅឯរោងចក្រមួយក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។
លោកស្រី ស៊ុំ កល្យាណ មេឃុំដំណាក់អំពិលបានឲ្យដឹងថា កម្មករនៅឯរោងចក្រ ឃីងហ្វឺស (King First) បានចាប់ផ្តើមដួលសន្លប់នៅម៉ោងប្រហែល៧និង៤០នាទីព្រឹក បន្ទាប់ពីកម្មករខ្លះក្អួតចង្អោ និងចុះរាក។ លោកស្រី កល្យាណ បានមានប្រសាសន៍ថា “អាជ្ញាធរស្រុក និងឃុំមួយក្រុមបានសន្និដ្ឋានថា កម្មករទាំងនេះអាចដួលសន្លប់ដោយសារតែហេតុផល គឺការពុលចំណីអាហារ ទឹកគ្មានអនាម័យ ឬផ្សែងពុលចេញពីការផលិតសម្លៀកបំពាក់”។ លោកស្រីបានបន្ថែមថា លោកស្រីមិនដឹងអំពីចំនួនពិតប្រាកដនៃកម្មករដែលដួលសន្លប់នោះទេ។
លោក ភុន សុផុន ជំនួយការរដ្ឋបាលនៅក្នុងរោងចក្រនេះបានលើកឡើងថា អ្នកគ្រប់គ្រងរោងចក្រកំពុងតែស៊ើបអង្កេតការដួលសន្លប់នេះ ហើយថា កម្មករដែលដួលសន្លប់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល។ លោកបានបន្ថែមថា “យើងមិនហ៊ានធ្វើការសន្មតណាមួយឡើយ ហើយបច្ចុប្បន្ននេះកំពុងតែរង់ចាំការវិភាគរបស់វេជ្ជបណ្ឌិត”។
លោក ពឿង វ៉ាត់ នាយនគរបាលឃុំដំណាក់អំពិល បានឲ្យដឹងថា ការដួលសន្លប់កាលពីម្សិលមិញនេះ បានកើតឡើងបន្ទាប់ពីកម្មករចំនួន៥៤នាក់ដួលសន្លប់កាលពីថ្ងៃពុធ នៅឯរោងចក្រដដែលនេះ ដោយសារតែពុលចំណីអាហារ”។ លោកបានមានប្រសាសន៍ថា “ នៅពេលដែលកម្មករបានឃើញកម្មករធ្វើការជាមួយខ្លួនក្អួតចង្អោ ពួកគេចាប់ផ្តើមឈឺ ដែលបង្ខំឲ្យរោងចក្របិទដំណើរការកាត់ដេរ”៕ប៊ុននី