27 C
Phnom Penh

មន្ត្រី​​​កង​​​រាជអាវុធ​​​ហត្ថ​​​ម្នាក់​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​​​​ពី​​​បទ​​​​​​យក​​​កាំភ្លើង​​​ខ្លី​​​វាយ​​​ពល​​​រដ្ឋ​​​ស៊ីវិល​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​​​និង​​​មន្ត្រី​​​តុលាការ​​​បាន​​​ឲ្យ​​​ដឹង​​​កាលពី​​​ម្សិលមិញ​​​ថា ​​​មន្ត្រី​​​កង​​​រាជអាវុធ​​​ហត្ថ​​​មួយ​​​រូប​​​​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​កាល​​​ពី​​​ម្សិល​​​មិញពី​​​បទ​​​យក​​​កាំ​​​ភ្លើង​​​ខ្លី​​​វាយ​​​បុរស​​​អាយុ​​​៥៩​​​ឆ្នាំ​​​ម្នាក់​​​​​​​​​អំឡុងពេល​​​​​​​​​ខឹង​​​នឹង​​​បុរ​​​ស​​​រូប​​​នេះ​​​​​​នៅ​​​តាម​​​ផ្លូវ​​​ជាតិ​​​លេខ​​​៤ក្នុង​​​ស្រុក​​​អង្គស្នួល​​​​ ខេត្ត​​​កណ្ដាល​​​។

លោក វង្ស ប៊ុន​​​វិសុត​​​ ព្រះ​​​រាជអាជ្ញារង​​​​​​អម​​​សាលា​​​ដំបូង​​​ខេត្ត​​​កណ្ដាល​​​បាន​​​មាន​​​ប្រសា​​​សន៍​​​ថា “មន្ត្រី​​​កង​​​រាជអាវុធ​​​ហត្ថ​​​​​​រូប​​​នេះ​​​​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​បង្ក​​​របួស​​​ស្នាម​​​​​​ដោយ​​​ចេតនា​​​។ ឥឡូវ​​​នេះ​​​មន្ត្រី​​​កង​​​រាជអាវុធ​​​ហត្ថ​​​រូប​​​នេះ​​​ត្រូវ​​​បាន​​​បញ្ជូន​​​​​​ទៅ​​​កាន់​​​​​​ចៅ​​​ក្រម​​​ស៊ើប​​​សួរ​​​ដើម្បី​​​សាកសួរ​​​បន្ថែមហើយ​​​​​​”។

វរសេនីយ៍​​​ត្រី​​​ ព្រឹម​​​ សោភ័ណ្ឌ​​​ អាយុ​​​៤០​​​ឆ្នាំ​​​​​​ជា​​​​​​នាយ​​​ការិយាល័យ​​​​​​ស្រាវជ្រាវ​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​នៃបញ្ជាការ​​​ដ្ឋាន​​​​​​​​កង​​​រាជ​​​​​​ហត្ថ​​​​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​បាន​​​វាយដំ​​​ទៅ​​​​​​លើ​​​លោក​​​ នៅ សុវណ្ណ អាយុ​​​៥៩​​​ឆ្នាំ​​​កាលពី​​​ថ្ងៃ​​​ពុធ​​​ បន្ទាប់​​​ពី​​​គាត់​​​​​​បាន​​​ជិះកង់​​​​​​ឆ្លង​​​កាត់​​​ផ្លូវ​​​​​​ ហើយ​​​កាត​​​់​​​ពី​​​មុខ​​​រថយន្ត​​​ ម៉ាក​​​លុចស៊ិស​​របស់​​​វរសេនី​​​យ៍​​​ត្រី​​​ សោ​​​ភ័ណ្ឌ ដោយ​​​ធ្វើ​​​ឲ្យ​​​​​​លោក​​​ត្រូវ​​​​​​ចាប់​​​ហ្វ្រាំង​​​​​​ភ្លាម​​​ៗ​​​។

លោក​​​ ប៉ាច​​​ ផល្លា​​​ អធិការ​​រង​​​​​​នគរបា​​​ល​​​ស្រុក​​​​​​​​​អង្គស្នួល​​​​​​​មាន​​​ប្រសាសន៍​​​ថា “លោក​​​ សោ​​​ភ័ណ្ឌ​​​  បាន​​​​​​បញ្ឈប់​​​រថយន្ត​​​របស់​​​ខ្លួន​​​ ហើយ​​​​​​ចេញ​​​មក​​​ក្រៅ​​​បន្ទាប់​​​មក​​​ដើរ​​​សំដៅ​​​ទៅ​​​រក​​​បុរស​​​ជិះ​​​កង់​​​ ហើយ​​​បាន​​​យក​​​កាំភ្លើង​​​ខ្លី​​​វាយ​​​គាត់​​​ ព្រម​​​​​​ទាំង​​​ធាក់​​​គាត់​​​​​​ផង​​​ដែរ​​​”។​​ លោក​​​ ផល្លា បាន​​​បន្ថែម​​​ថា “ជន​​​រងគ្រោះ​​​បាន​​​រង​​​របួស​​​ដោយមាន​​​ស្នាម​​​ជាំ​​​នៅ​​​​​​ចង្កា ​​​ខាង​​​ឆ្វេង​​​ និង​​​ក ពីព្រោះ​​​ជន​​​សង្ស័យ​​​បាន​​​ប្រើ​​​កំាភ្លើង​​​ខ្លី​​​វាយ​​​គាត់​​​”។

លោក​​​ សុវណ្ណ បាន​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​​​​ភ្លាមៗ​​​ ហើយ​​​វរសេនីយ៍​​​ត្រី សោភ័ណ្ឌ ត្រូវ​​​បាន​​​ចាប់​​​​​​ខ្លួន​​​ប្រហែល​​​មួយ​​​ម៉ោង​​​ក្រោយ​​​។ លោក​​​ លឹម សុគន្ធា ចៅក្រម​​​ស៊ើប​​​សួរ​​​​​​បាន​​​លើក​​​ឡើង​​​ថា វរសេនីយ៍​​​ត្រី​​​ សោភ័ណ្ឌ ត្រូវ​​​បាន​​​ឃុំខ្លួន​​​នៅ​​​ស្នង​​​ការ​​​ដ្ឋាន​​​នគរបាល​​​ខេត្ត​​​។ លោក ផល្លា បាន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​គឺ​​​ជា​​​កំហុស​​​​​​របស់​​​លោក​​​ សោភ័ណ្ឌ ដែល​​​បាន​​​បង្ក​​​​​​របួស​​​ស្នាម​​​ និង​​​​​​ប្រើ​​​កាំភ្លើង​​​​​​គំរាម​​​​​​ជន​​​រង​​​គ្រោះ​​​​​ ប៉ុន្តែ​​​ហេតុ​​​ការណ៍​​​នេះ​​​​​​មិន​​​បាន​​​​​​ធ្វើ​​​ឲ្យ​​​នរណា​​​ម្នាក់​​​រងបួស​​ធ្ងន់​​​ឡើយ​​​”។

លោក​​​ អំ សំអាត​​​ អ្នកគ្រប់គ្រង​​​បច្ចេក​​​ទេស​​​នៅ​​​អង្គការ​​​សិទ្ធិមនុស្ស​​​លីកាដូ​​​​​​បាន​​​​​​លើក​​​ឡើង​​​ថា នេះ​​​គឺ​​​ជា​​​ករណី​​​មួយ​​​ក្នុង​​​ចំណោម​​​ករណី​​​ជាច្រើន​​​ ដែល​​​សមាជិក​​​​​​កង​​​កម្លាំង​​​ប្រដាប់​​​អាវុធ​​​ប្រើ​​​សិទ្ធិ​​​អំណាច​​​របស់​​​ខ្លួន​​​​​​រំលោភ​​​បំពាន​​​​​​លើ​​​​​​ពល​​​រដ្ឋ​​​ស៊ីវិល​​​។ លោក​​​ សំអាត បាន​​​និយាយ​​​ថា “តុលាការ​​​គួរតែ​​​ដាក់ទោស​​​មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​រូប​​​នេះ​​​ ពីព្រោះ​​​គាត់​​​ គឺ​​​ជា​​​មន្ត្រី​​​​​​អនុវត្ត​​​​​​ន៍​ច្បាប់ ប៉ុន្តែ​​​បែរ​​​ជា​​​ប្រព្រឹត្តអំពើ​​​ហិង្សា​​​ទៅ​​​វិញ​​​។ គាត់​​​គឺ​​​ជា​​​មន្ត្រី​​​កង​​​រាជអាវុធហត្ថ​​​ ប៉ុន្តែ​​​គាត់​​​បាន​​​វាយ​​​​ដំ​​​ទៅ​​​លើ​​​ពល​​​រដ្ឋ​​​ស៊ីវិល​​​”៕ ស៊ុយ​​​ឈាង​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស