38 C
Phnom Penh

អ្នក​​​ភូមិ​​​ទទួល​​​បាន​​​ប័ណ្ណ​​​កម្ម​​​សិទ្ធិ​​​ដីសម្រាប់​​​វត្ត បន្ទាប់ពី​​​បាន​​​ដុត​​​​​​អេស្កាវ៉ាទ័រ​​​ដែលបំផ្លាញ​​​ឈាបនដ្ឋាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជម្លោះ​​​ដី​​​ធ្លី​​​រវាង​​​ក្រុម​​​ហ៊ុន​​​អភិវឌ្ឍន៍​​​មួយ​​​ ​​​ជា​​​មួយ​​​នឹង​​​​​​ប្រជា​​​ពល​​​រដ្ឋ​​​នៅ​​​ខណ្ឌ​​​ឫស្សី​​​កែវ រាជ​​​ធានី​​​ភ្នំ​​​ពេញបាន​​​​​​​​​ផ្ទុះ​​​ឡើង​​​កាលពី​​​យប់​​​ថ្ងៃ​​​សុក្រ ដោយ​​​អ្នក​​​ភូមិ​​​បាន​​​ដុត​​​អេស្កាវ៉ាទ័រ​​​មួយ​​​គ្រឿង​​​​​​ដែល​​​ពួក​​​គេ​​​និយាយ​​​ថា បុគ្គលិក​​​ក្រុម​​​ហ៊ុន​​​បាន​​​ប្រើ​​​ប្រាស់​​​ដើម្បី​​​កម្ទេច​​​ឈាបនដ្ឋាន​​​មួយ​​​ស្ថិត​​​នៅ​​​លើ​​​ដី​​​មាន​​​ជម្លោះ​​​នោះ។

អ្នក​​​ភូមិ​​​និយាយ​​​ថា ពួក​​​គេ​​​បាន​​​​​ទៅ​​​​​​ដល់​​​កន្លែង​​​នោះ​​​ ដែល​​​ស្ថិត​​​នៅ​​​មុខ​​​វត្ត​​​ខ្ទរ​​​ក្នុង​​​សង្កាត់​​​ព្រែ​​ក​​​លៀប នៅ​​​មុន​​​ពេល​​​ពាក់​​​កណ្តាល​​​យប់​​​​​​​​​ដើម្បី​​​ស្វែង​​​រក​​​​​បុរស​​​ពីរ​​​នាក់​​​ដែល​​​ជា​​​អ្នក​​​ប្រើ​​​ប្រាស់​​​អេស្កាវ៉ាទ័រ​​​មួយ​​​គ្រឿង​​​ដើម្បី​​​បំផ្លាញ​​​ឈាបនដ្ឋាន​​​​​​​​​នៅ​​​លើ​​​ដី​​​​​​ដែល​​​រដ្ឋា​​​ភិបាល​​​បាន​​​ផ្ទេរ​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ពី​​​វត្ត​​​នេះ​​​ទៅ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​អភិវឌ្ឍន៍​​​មួយ។

ក្រុម​​​អ្នក​​​ភូមិ​​​មាន​​​កំហឹង​​​មួយ​​​ក្រុម​​​ដែល​​​មាន​​​គ្នា​​​​​​ប្រហែល​​​រាប់​​​រយ​​​នាក់ បាន​​​ដេញ​​​បុរស​​​ទាំង​​​ពីរ​​​នាក់​​​នោះ​​​ចេញ​​​ពី​​​កន្លែង​​​នោះ ហើយ​​​បាន​​​យក​​​សាំង​​​ស្រោច​​​លើ​​​អេស្កាវ៉ាទ័រ​​​នោះ​​​ដុត​​​​ជាមួយម៉ាស៊ីន​​​បូម​​​ទឹក និង​​​ទុយោ​​​បូម​​​ទឹក​​​ពណ៌​​​ខៀវ​​​ពី​​​រគំនរ​​​ធំៗ។

អ្នក​​​ភូមិ​​​អាយុ​​​២៨​​​ឆ្នាំ​​​ម្នាក់​​​ឈ្មោះ លី និមល​​​ បាន​​​និយាយ​​​ថា “យើង​​​បាន​​​ឮថា ពួក​​​គេ​​​ចូល​​​​​​មក​​​​កម្ទេច​​​ឈាបនដ្ឋាន​​​នោះ ដូច្នេះ យើង​​​ប្រញាប់​​​ប្រញាល់​​​ទៅ​​​មើល​​​​​​ក្រែង​​​មាន​​​រឿង​​​អី​​​​កើត​​​ឡើង​​​។ យើង​​​មាន​​​គ្នា​​​ប្រហែល​​​១.០០០​​​នាក់​​​​​​ស្រែក​​​​​​ឲ្យ​​​​​បុរ​​​ស​​​ទាំង​​​ពីរ​​​​​​នោះ​​​​​”។ គាត់​​​បាន​​​បន្ថែម​​​ថា “ប្រសិន​​​បើ​​​ពួក​​​គេ​​​មិន​​​រត់​​​ចេញ​​​ទាន់​​​ពេល​​​ទេ​​​ ប្រជា​​​ពល​​​រដ្ឋ​​​ប្រហែល​​​ជា​​​សម្លាប់​​​ពួក​​​គេ​​​។ មាន​​​នគរ​​​បាល​​​ប្រហែល​​​៣០​​​នាក់​​​ដែល​​​មិន​​​ហ៊ាន​​​ប្រឈម​​​មុខ​​​នឹង​​​ប្រជា​​​ជន​​​ទាំង​​​នោះ​​​ដែរ”។

លោក ឡុង បូតា សមាជិក​​​សភា​​​ជាប់​​​ឆ្នោត​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ដែល​​​រស់​​​នៅ​​​ក្នុង​​​សង្កាត់​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​ទៅ​​​ដល់​​​វត្ត​​​នោះ​​​នៅ​​​ម៉ោង​​​ប្រហែល​​​១១ និង​​​​​​៣០​​​នាទី​​​យប់ បន្ទាប់​​​ពី​​​បាន​​​ឮពាក្យ​​​ចចាម​​​អារ៉ាម​​​​​​ថា ក្រុម​​​ហ៊ុន​​ អេង​​​កាំង អភិវឌ្ឍន៍​​ ទៅ​​​​​​បំផ្លាញ​​​ឈាប​​​នដ្ឋាន​​​នេះ​​​នៅ​​​ពេល​​​យប់​​​។ លោក​​​​​​មាន​​​ប្រសាសន៍​​​ថា បន្ទាប់​​​ពី​​​អ្នក​​​ភូមិ​​​បាន​​​បណ្តេញ​​​បុរស​​​ទាំងពីរ​​​នាក់​​​នោះ​​​ចេញ​​​និង​​​បាន​​​ដុត​​​អេស្កាវ៉ាទ័រនោះហើយ មនុស្ស​​​ភាគ​​​​ច្រើន​​​បាននៅ​​​​​​ឃ្លាំ​​​មើល​​​ពេញ​​​មួយ​​​យប់​​​នៅ​​​​​​តាម​​​ផ្លូវ​​​ចន្លោះ​​​ពី​​​ឈាប​​​នដ្ឋាននេះ និង​​​វត្ត​​​នោះ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “មនុស្ស​​​ភាគ​​​ច្រើន​​​បាន​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​ និង​​​មាន​​​គ្នា​​​ប្រហែល​​​១.០០០​​​នាក់ ហើយ​​​ពួក​​​គេ​​​បាន​​​សម្រេច​​​បិទ​​​ផ្លូវ​​​ជាតិ​​​លេខ​​​៦A ដើម្បី​​​ជា​​​ការ​​​តវ៉ា”។ អ្នក​​​ភូមិ​​​បាន​​​បើក​​​ផ្លូវ​​​ជាតិ​​​នោះ​​​វិញ​​​នៅ​​​ម៉ោង​​​៨ព្រឹក​​​ថ្ងៃ​​​សៅរ៍ ប៉ុន្តែ អេស្កាវ៉ាទ័រ និង​​​ទុយោបាន​​​ឆេះ​​​ហុយ​​​ផ្សែង​​​ខ្មៅ​​​ឡើង​​​លើ​​​រហូត​​​ដល់​​​ម៉ោង​​​២​​​រសៀល​​​ម្សិល​​​មិញ ទើប​​​មាន​​​​​​រថ​​​យន្ត​​​ពន្លត់​​​អគ្គិភ័យ​​​ទៅ​​​ដល់​​​ទីនោះ​ ប៉ុន្តែ​​​​​យឺត​​​ពេល​​​ទៅ​​​ហើយ​​​។

លោក សម រង្ស៊ី មេដឹក​​​នាំ​​​គណ​​​បក្ស​​​ប្រឆាំង​​​​បាន​​​ទៅ​​​ដល់​​​កន្លែង​​​នោះ​​​នៅ​​​ម៉ោង​​​ប្រហែល​​​១០​​​ព្រឹក​​​ម្សិល​​​មិញ និង​​​​​​បាន​​​ទៅ​​​មើល​​​កន្លែង​​​ដែល​​​អេស្កាវ៉ាទ័រ​​​នោះ​​​កំពុង​​​ឆេះ ហើយ​​​​​​បាន​​​ប្រកាស​​​ពី ការ​​​គាំទ្រ​​​របស់​​​លោក​​​ចំពោះ​​​ការ​​​តវ៉ា​​​នោះ និង​​​មាន​​​ការ​​​ស្រែក​​​អប​​​អរ​​​សាទរ​​​ខ្លាំង​​​ៗ​​​ពី​​​ប្រជា​​​ពលរ​​​ដ្ឋ​​​។ លោក សម រង្ស៊ី បាន​​​ស្រែក​​​ថា “ ខ្ញុំ​​​សូម​​​ប្រកាស​​​ថា គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​គាំ​​​ទ្រ​​​ការ​​​តវ៉ា​​​របស់​​​​​​បងប្អូន​​​​​​ ហើយ​​​យើង​​​ទាម​​​ទារ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​នេះ និង​​​អាជ្ញាធរ​​​បញ្ឈប់​​​ជា​​​បន្ទាន់​​​នូវ​​​ការ​​​លួច​​​ដី​​​របស់​​​វត្ត​​​ ហើយ​​​ត្រូវ​​​ប្រគល់​​​ដី​​​នោះ​​​ទៅ​​​ឲ្យ​​​ព្រះ​​​សង្ឃ​​​ និង​​​ប្រជា​​​ជន​​​វិញ​​”។

១០នាទី​​​ ក្រោយពី​​​ការ​​​ចាក​​​ចេញ​​​របស់​​​ លោក សម រង្ស៊ី លោក ប៉ា សុជាតិវង្ស អភិ​​​បាល​​​រាជ​​​ធានី​​​ភ្នំពេញ និង​​​លោក ឃ្លាំង ហួត អភិ​​​បាល​​​​​​ខណ្ឌ​​​ឫស្សី​​​កែវ បាន​​​ទៅ​​​ដល់​​​កន្លែង​​​នោះ​​​ និង​​​បាន​​​ប្រកាស​​​ថា សេចក្តី​​​សម្រេច​​​កាល​​​ពី​​​ខែ​​​មេសា ឆ្នាំ​​​២០១២ ដើម្បី​​​ប្រគល់​​​ដី​​​នោះ​​​ទៅ​​​ឲ្យ​​​ក្រុម​​​ហ៊ុន អេងកាំង អភិវឌ្ឍន៍​​​ ត្រូវ​​​បាន​​​កែ​​​ប្រែ​​​តាម​​​ការ​​​ណែនាំ​​​ដោយ​​​ផ្ទាល់​​​ពី​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន។

លិខិត​​​មួយ​​​មក​​​ពី​​​ទី​​​ស្តីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​ចុះ​​​ហត្ថ​​​លេខា​​​ដោយ​​​លោក ប្រាក់ សុខុន ដែល​​​​នៅ​​​ពេល​​​នោះ​​​ជា​​​រដ្ឋ​​​លេខា​​​ធិការ​​​ និង​​​បាន​​​បញ្ជូន​​​ទៅ​​​ក្រសួង​​​ធម្មការ​​​ និង​​​សាសនា កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៥ ខែមេសា ឆ្នាំ​​​២០១២ បាន​​​ប្រកាស​​​ពី​​​ការ​​​ផ្ទេរ​​​ដី​​​នេះ។ អ្នក​​​ភូមិ​​​ និង ព្រះតេជគុណ ទិន សារុំ ព្រះ​​​ចៅ​​​អធិការ​​​វត្ត​​​ខ្ទរ បាន​​​បញ្ជាក់​​​ថា សេចក្តី​​​សម្រេច​​​នេះ​​​គ្មាន​​​សុពល​​​ភាព​​​ទេ ព្រោះ​​​វា​​​មិន​​​​​​មាន​​​ការ​​​យល់​​​ព្រម​​​ពី​​​វត្ត​​​ឡើយ។

លិខិត​​​មួយ​​​​​​ចេញ​​​កាលពី​​​ម្សិល​​​មិញ​​​ និង​​​ចុះ​​​ហត្ថ​​​លេខា​​​ដោយ​​​ ឃឹម រស់ស៊ីដា រដ្ឋ​​​លេខា​​​ធិការ​​​ទី​​​ស្តីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​ ដែល​​​អភិបាល​​​ទាំងពីរ​​​បាន​​​បញ្ជូន​​​ទៅ​​​ឲ្យ​​​អ្នក​​​ភូមិ​​​ បន្ទាប់​​​ពី​​​ពួ​​​ក​​​គាត់​​​បាន​​​ទៅ​​​ដល់​​​កន្លែង​​​​​​នោះ​​​​​​ ​​​លើក​​​ឡើង​​​ថា សេចក្តី​​​សម្រេច​​​កាល​​​ពី​​​​​មុន​​​​​​ដើម្បី​​​​​​ផ្ទេរ​​​កម្ម​​​សិទ្ធិ​​​ដី​​​នេះ​​​ ត្រូវ​​​បាន​​​ទុក​​​ជា​​​មោឃៈ​​​។ លិខិត​​​នោះ​​​លើក​​​ឡើង​​​ថា “រដ្ឋា​​​ភិបាល​​​បាន​​​ទុក​​​ជា​​​មោឃៈ​​​នូវ​​​សេចក្តី​​​ជូន​​​ដំណឹង​​​របស់​​​ទី​​​ស្តីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​លេខ​​​៤៤៥ ចុះ​​​ថ្ងៃ​​​ទី​​​២៥ ខែ​​​មេសា ឆ្នាំ​​​២០១២ ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ផ្លាស់​​​ប្តូរ​​​ឈាបនដ្ឋាន​​​នេះ​​​ទៅ​​​កាន់​​​ទីតាំង​​​ថ្មី និង​​​ដែល​​​បាន​​​អនុញ្ញាតឲ្យ​​​ក្រុម​​​ហ៊ុន អេងកាំង​​​អភិវឌ្ឍន៍​​​កាន់​​​កាប់​​​ទីតាំង​​​នោះ”។

យោង​​​តាម​​​អ្នក​​​ភូមិ​​​ឲ្យ​​​ដឹងថា​​​ លោក ប៉ា សុជាតិ​​​វង្ស​​​ បាន​​​ផ្តល់​​​ជម្រើស​​​ឲ្យ​​​ពួ​​​ក​​​គេ​​​ថា តើ​​​ត្រូវ​​​វាស់​​​វែង​​​ដី​​​នេះ​​​​​​ប្រគល់​​​ទៅ​​​ឲ្យ​​​វត្ត​​​វិញ ជាមួយ​​​នឹង​​​ប័ណ្ណ​​​កម្ម​​​សិទ្ធិ​​​ ឬត្រូវ​​​ទុក​​​ដី​​​នេះ​​​​​​ជា​​​ដី​​​រដ្ឋ​​​សម្រាប់​​​ការ​​​អភិ​​​វឌ្ឍ​​​នៅ​​​ពេល​​​អនាគត។

លោក ប្រាក់ ចាន់ណា ប្រធាន​​​ក្រុម​​​ប្រឹក្សា​​​ខណ្ឌ​​​ឫស្សី​​​កែវបាន​​​ទៅ​​​ដល់​​​វត្ត​​​នោះ មុន​​​ពេល​​​ម៉ោង​​​៤​​​ល្ងាច​​​ម្សិល​​​មិញ ដើម្បី​​​ពិភាក្សា​​​អំពី​​​បញ្ហា​​​នេះ​​​ជា​​​មួយ​​​អ្នក​​​ភូមិ​​​ នៅ​​​ទល់​​​មុខ​​​​​​អេស្កា​​​វ៉ាទ័រ​​​ដែល​​​កំពុង​​​ឆេះ​​​នោះ​​​។ មាន​​​ការ​​​ស្រែក​​​អប​​​អរ​​​សាទរ​​​ពេល​​​ដែល​​ លោក ចាន់ណា និយាយ​​​ថា ប្រជា​​​ពល​​​រដ្ឋ​​​ភាគ​​​​​​ច្រើន​​​ចង់​​​បាន​​​ប័ណ្ណ​​​កម្ម​​​សិទ្ធិ​​​ដី​​​សម្រាប់​​​វត្ត​​​។

លោក ចាន់ណា បាន​​​និយាយ​​​ថា “ បន្ទាប់​​​ពី​​​វាស់​​​វែង​​​ដី​​​នេះ​​​រួច​​​ ដី​​​នេះ​​​នឹង​​​ត្រូវ​​​ប្រគល់​​​ទៅ​​​ឲ្យ​​​វត្ត​​​។ ថ្ងៃ​​​នេះ ឬ​​​ថ្ងៃ​​​ស្អែក ​​​អាជ្ញាធរ​​​​​​នឹង​​​វាស់​​​វែង​​​ដី​​​នេះ​​​ដើម្បី​​​ធ្វើ​​​ប័ណ្ណ​​​កម្ម​​​សិទ្ធិ​​”។ លោក​​​បាន​​​បន្ថែម​​​ថា ការ​​​ទាម​​​ទារ​​​ជា​​​ច្រើន​​​ទៀត​​​របស់​​​អ្នក​​​ភូមិ​​​មួយ​​​ចំនួន​​​នឹង​​​ត្រូវ​​​ពិភាក្សា​​​​នៅ​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ថ្ងៃ​​​ខាង​​​មុខ​​​នេះ​​​។

លោក អង្គ លីអេង ប្រធាន​​​ក្រុម​​​ហ៊ុន អេង​​​កាំង​​​ អភិវឌ្ឍន៍ បាន​​​និយាយ​​​ថា លោក​​​បដិសេធ​​​ថា ​​ដី​​​នេះ​​​មិន​​​មែន​​​ជា​​​ដី​​​របស់​​​វត្ត​​​ទេ​​​ ប៉ុន្តែ​​​បាន​​​និយាយ​​​ថា ក្រុម​​​ហ៊ុន​​​មិន​​​ជំទាស់​​​នឹង​​​សេចក្តី​​​សម្រេច​​​របស់​​​ទីស្តី​​​ការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​ដើម្បី​​​យក​​​ដី​​​នេះ​​​វិញ​​​ទេ​​​។

លោក លីអេង បាន​​​និយាយ​​​ថា “ដី​​​នោះ ធ្លាប់​​​ជា​​​ដី​​​របស់​​​ក្រសួង​​​កសិកម្ម​​​ ហើយ​​​ព្រះ​​​សង្ឃ​​​គ្រាន់​​​តែ​​​ខ្ចី​​ដី​​​នេះ​​​សម្រាប់​​​​​សាង​​​សង់​​​ឈាបន​​​ដ្ឋាន​​​ប៉ុណ្ណោះ​​”។ លោក​​​បាន​​​បន្ថែម​​​ថា ទោះ​​​ជា​​​យ៉ាង​​​ណា​​​ ក្រុម​​​ហ៊ុន​​​របស់​​​លោក​​​បាន​​​ព្រម​​​ព្រៀង​​​សាង​​​សង់​​​ឈាប​​​ន​​​ដ្ឋាន​​​មួយ​​​ទៀត​​​នៅ​​​ក្បែរ​​​នោះ នៅ​​​ពេល​​​ដែល​​​ខ្លួន​​​បាន​​​ទទួល​​​ដី​​​នេះ​​​ កាលពី​​​ឆ្នាំ​​​២០១២។

លោក​​​បាន​​​និយាយ​​​ថា “ពួក​​​គេ​​​បាន​​​ដុត​​​អេស្កាវ៉ាទ័រ និង​​​ម៉ាស៊ីន​​​បូម​​​ទឹក​​​របស់​​​យើង​​​​​​ ដែល​​​ធ្វើ​​​ឲ្យយើង​​​ខាត​​​បង់​​​អស់​​​៨០.០០០​​​ដុល្លារ​​​។ យើង​​​បាន​​​​​​​​​ចំណាយ​យ៉ាង​​​ច្រើន​​​នៅ​​​ក្នុង​​​ការ​​​សាង​​​សង់​​​ឈាបនដ្ឋាន​​​ថ្មី ប៉ុន្តែ​​​នេះ​​​ជា​​​ទម្លាប់​​​របស់​​​ពួក​​​គេ​​​ក្នុង​​​ការ​​​ដុត​​​ទ្រព្យ​​​សម្បត្តិ​​​ឯកជន​​​ ដោយ​​​គ្មាន​​​ការ​​​ពិគ្រោះជាមួយ​​​អាជ្ញា​ធរ​​​ ​ដើម្បី​​​ស្វែង​​​រក​​​ដំណោះ​​​ស្រាយ”។

អ្នកស្រី តេង ផល្លី អាយុ​​​៥៩​​​ឆ្នាំ ដែល​​​មាន​​​តួនាទី​​​ជា​​​អ្នក​​​ដឹក​​​នាំ​​​អ្នក​​​ភូមិ​​​ដែ​​​ល​​​មិន​​​សូវ​​​ចុះ​​​សម្រុង​​​​​​គ្នា​​​ទាំងនេះ​​​បាន​​​និយាយ​​​ថា ការ​​​អនុវត្ត​​​​​​បែប​​​​​​យោធា​​​កាលពី​​​ចុង​​​សប្តាហ៍​​​នេះ គឺ​​​ជា​​​ជោគ​​​​ជ័យ​​​។អ្នក​​​ស្រី​​​ ផល្លី បាន​​​និយាយ​​​ថា “ យើង​​​បាន​​​​ដោះ​​​ស្រាយ​​​តាម​​​នីតិ​​​វិធី​​​​​​ពីរ​​​ឆ្នាំ​​​មក​​​ហើយ​​។ ប្រសិ​​​ន​​​បើ​​​យើង​​​មិន​​​ធ្វើ​​​ដូច្នេះ​​​ទេ​​​ អាជ្ញាធរ​​​​​​មិន​​​រក​​​ដំណោះ​​​ស្រាយ​​​ឲ្យ​​​យើង​​​ទេ”៕ គឹមហឿន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស